Grand News Asia Close

ចំណេះដឹងទូទៅ៖ ការសិក្សានិងបកស្រាយអំពីឈ្មោះ «កោះកេរ» (ភាគ៣)

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 843
ចំណេះដឹងទូទៅ៖ ការសិក្សានិងបកស្រាយអំពីឈ្មោះ «កោះកេរ» (ភាគ៣) ចំណេះដឹងទូទៅ៖ ការសិក្សានិងបកស្រាយអំពីឈ្មោះ «កោះកេរ» (ភាគ៣)

(ភ្នំពេញ)៖ នៅក្នុងអត្ថបទភាគទី២នេះ គឺយើងខ្ញុំចង់បង្ហាញការសិក្សាជាច្រើនពាក់ព័ន្ធនឹងតំបន់កោះកេរតាមរយៈសិលាចារឹក ឯកសាររបស់អ្នកស្រាវជ្រាវបារាំង ខ្មែរជាដើម ពិសេសការសិក្សាអំពីឈ្មោះតំបន់ ឬនាមស្ថាន។ ពិតណាស់ តំបន់ប្រាសាទកោះកេរ ធ្លាប់មានឈ្មោះដើមជាភាសាខ្មែរបុរាណហៅថា «ឆោកគគ៌្យរ» ដែលជាទីប្រជុំជនមួយរបស់អាណាចក្រខ្មែរ ប៉ុន្តែនៅពេលព្រះបាទជយវម៌្មទី៤ (ជ័យវរ្ម័នទី៤) តាំងរាជធានីនៅតំបន់នេះ ព្រះអង្គក៏បានប្រសិទ្ធនាមថ្មីដល់រាជធានីនេះថា «លិង្គបុរៈ»។

* ឈ្មោះនៅសម័យបុរាណ

ចំពោះប្រភពនៃឈ្មោះរាជធានីនេះមានប្រភពសិលាចារឹក ប្រភពឯកសារ ការអះអាង ក៏ដូចជាការសរសេរខុសៗគ្នាជាច្រើន។ អ្នកស្រាវជ្រាវជាច្រើនយល់ថា ពាក្យ «កោះកេរ» ក្លាយមកពីឈ្មោះជាភាសាខ្មែរបុរាណ «ឆោកគគ៌្យរ» ដោយពួកគេអះអាងចេញពីសិលាចារឹកជាច្រើននាសម័យអង្គរ ចាប់ពីរជ្ជកាលព្រះបាទជយវម៌្មទី៤ (៩២៨-៩៤១) រហូតដល់រជ្ជកាលព្រះបាទជយវម៌្មទី៧​ (១១៨១-១២១៨)។ គេបានជួបប្រទះសិលាចារឹកជាច្រើនដែលមានបញ្ជាក់ពីស្ថាននាម «ឆោកគគ៌្យរ»។ ពាក្យថា «ឆោក» មានន័យថា បឹង ត្រពាំង ស្រះ ដែលច្រើនហៅសំដៅទីប្រជុំជននាសម័យអង្គរ (សតវត្សទី៩-១៣), ចំណែកពាក្យ «ចោក» មានន័យដូចគ្នាដែរ ប៉ុន្តែច្រើនតែប្រើនៅមុនសម័យអង្គរ (សតវត្សទី៦-៨)។ រីឯពាក្យ «គគ៌្យរ» មានន័យថា គគីរ (ដើមគគីរ)។ សរុបមកស្ថាននាម «ឆោកគគ៌្យរ» មានន័យថា ស្រះគគីរ ឬបឹងគគីរ។ (ប្រភពសៀវភៅ «ស្ថាននាមវិទ្យាខ្មែរ» របស់លោកសាស្ត្រាចារ្យ ឡុង សៀម)

គេរកឃើញស្ថាននាមដែលផ្សំជាមួយពាក្យចោក ឬឆោកប្រហែល៣០ ហើយពិសេសនោះគឺឃើញមានស្ថាននាម «ឆោកគគ៌្យរ» នៅលើសិលាចារឹកចំនួន៥ផ្ទាំង រួមមាន៖
១. សិលាចារឹកភ្នំជីសូរ្យ K.31 (ខេត្តតាកែវ) ចុះកាលបរិច្ឆេទឆ្នាំ១០១៩ ក្នុងរជ្ជកាលព្រះបាទសូយ៌្យវម៌្មទី១ (១០០២-១០៥០)។
២. សិលាចារឹកស្តុកកក់ធំ K.235 (ខេត្តស្រះកែវ) ចុះកាលបរិច្ឆេទឆ្នាំ១០៥២ ក្នុងរជ្ជកាលព្រះបាទឧទយាទិត្យវម៌្មទី២ (១០៥០-១០៦៦)។
៣. សិលាចារឹកប្រាសាទចារ K.257 (ខេត្តសៀមរាប) ចុះកាលបរិច្ឆេទឆ្នាំ៩៩៤ ក្នុងរជ្ជកាលព្រះបាទជយវម៌្មទី៥ (៩៦៨-១០០១)។
៤. សិលាចារឹកប្រាសាទបាយ័ន្ត K.293 (ខេត្តសៀមរាប) ចុះកាលបរិច្ឆេទសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទជយវម៌្មទី៧ (១១៨១-១២១៨)។
៥. សិលាចារឹកប្រាសាទបាគង K.882 (ខេត្តសៀមរាប)។

ម្យ៉ាងទៀតក៏មានសិលាចារឹកមួយចំនួនទៀតដែលបញ្ជាក់អំពីស្ថាននាម «លិង្គបុរៈ» ដូចជា៖
១. សិលាចារឹកប្រាសាទអូររំដួល K.659 ចុះកាលបរិច្ឆេទឆ្នាំ៩៦៨ ចុងរជ្ជកាលព្រះបាទរាជេន្ទ្រវម៌្មទី២ (៩៤៤-៩៦៨) និងដើមរជ្ជកាលព្រះបាទជយវម៌្មទី៥ (៩៦៨-១០០១)។
២. សិលាចារឹកប្រាសាទចារ K.257 (ខេត្តសៀមរាប) ចុះកាលបរិច្ឆេទឆ្នាំ៩៩៤ ក្នុងរជ្ជកាលព្រះបាទជយវម៌្មទី៥ (៩៦៨-១០០១)។
៣. សិលាចារឹកប្រាសាទរលុះ K.219 ចុះកាលបរិច្ឆេទឆ្នាំ១០៥០ ក្នុងរជ្ជកាលព្រះបាទសូយ៌្យវម៌្មទី១ (១០០២-១០៥០)។
៤. សិលាចារឹកសម័យកណ្ដាលនៅប្រាសាទអង្គរវត្ត K.296 សតវត្សទី១៦។
៥. សិលាចារឹកប្រាសាទអ្នកបួស K.341N (ខេត្តព្រះវិហារ)។
៦. សិលាចារឹកប្រាសាទព្រៃជុំ K.780 (ខេត្តកំពង់ចាម)។
៧. សិលាចារឹកប្រាសាទបន្ទាយស្រី K.574 សតវត្សទី១០។

តាមរយៈសិលាចារឹកទាំងនេះ យើងឃើញថាមានទីក្រុងបុរាណ «លិង្គបុរៈ» ដោយពាក្យ «លិង្គ» ជាភាសាបាលីសំស្ក្រឹតប្រែថា ភេទ, អង្គជាតិរបស់បុរស, គ្រឿងសម្គាល់លក្ខណៈ, ប៉ុន្តែខ្មែរបុរាណច្រើនតែសំដៅដល់ព្រះសិវៈ ឬព្រះឥសូរ ឬព្រះឥស្វរៈ ដែលជាមហាអាទិទេពបង្កើតលោក ព្រោះលិង្គព្រះឥសូរតំណាងឱ្យការបង្កើតលោក ផ្សំនឹងពាក្យ «បុរៈ» ជាភាសាបាលីសំស្ក្រឹតប្រែថា ក្រុង, រដ្ឋមណ្ឌល។ សរុបមកពាក្យ «លិង្គបុរៈ» មានន័យថា ទីក្រុងលិង្គ ប៉ុន្តែគួរតែសំដៅថា «ទីក្រុងរបស់ព្រះឥសូរ»។ (ប្រភពសៀវភៅ «ដែនដីព្រះមហាក្សត្រជយវម៌្មទី៤» របស់និស្សិត ប្រាក់ សុវណ្ណរ៉ា)

បើតាមសៀវភៅ «ប្រាសាទកោះកេរ ព្រះបាទជយវម៌្មទី៤» គេអាចសន្និដ្ឋានបានថា ពាក្យខ្មែរបុរាណ «ឆោកគគ៌្យរ» គឺជាស្ថាននាមមុនពេលព្រះបាទជយវម៌្មទី៤ប្រកាសជារាជធានីរបស់ព្រះអង្គ។ ក្នុងពេលក្លាយជារាជធានី ទីនោះក៏ត្រូវបានប្រសិទ្ធនាមថា «លិង្គបុរៈ»។

* ឈ្មោះនាសម័យទំនើប

ខណៈដែលប្រទេសកម្ពុជាធ្លាក់ក្រោមអាណាព្យាបាល និងអាណានិគមនិយមបារាំង ក៏មានអ្នកស្រាវជ្រាវជនជាតិបារាំងចូលទៅដល់តំបន់កោះកេរនេះជាបន្តបន្ទាប់ ក្នុងនោះមានជាងគំនូរជនជាតិបារាំងម្នាក់ គឺលោក ល្វី ដឺឡាព័រ (Louis De Laporte) បានធ្វើដំណើរទៅដល់តំបន់ប្រាសាទកោះកេរដំបូងគេបង្អស់នៅឆ្នាំ១៨៧៣។ សៀវភៅ «ប្រាសាទកោះកេរ ព្រះបាទជយវម៌្មទី៤» បានសរសេរថា លោក ល្វី ដឺឡាព័រ បានធ្វើដំណើរទៅដល់តំបន់ប្រាសាទកោះកេរដំបូងគេបង្អស់នៅឆ្នាំ១៨៧៣។ លោក ល្វី ដឺឡាព័រ បានហៅទីនោះថា បន្ទាយកកែវ (Banteay Ka-Keo) ដែលមានន័យថា បន្ទាយនៃកោះរតនវត្ថុមានតម្លៃ។ លោកបានសិក្សាស្រាវជ្រាវនៅតំបន់នេះអស់ពេលជាច្រើនឆ្នាំ។ ក្រោយមក លោកក៏បានសរសេរជាសៀវភៅមួយក្បាល «សៀវភៅ Voyage au Cambodge- Architectures Khmers» បកប្រែជាខេមរភាសាថា «ការធ្វើដំណើរនៅកម្ពុជា- ស្ថាបត្យកម្មខ្មែរ» ដែលបានបោះពុម្ភផ្សាយនៅគ្រិស្ដសករាជ១៨៨០។

នៅអំលុងឆ្នាំ១៨៨២ ក៏មានអ្នកប្រាជ្ញខាងភាសាវិទ្យាជនជាតិបារាំងម្នាក់ទៀត គឺលោក អេជែន អៃម៉ូនីញ៉េ (Etienne Aymonier) ក៏បានចូលទៅសិក្សាស្រាវជ្រាវ និងបកប្រែអក្សរលើសិលាចារឹកនៅតាមប្រាសាទនីមួយៗនៃតំបន់កោះកេរនេះ រហូតសរសេរបានជាសៀវភៅថ្មីមួយក្បាលទៀតមានចំណងជើងថា «Le Cambodge» បកប្រែជាខេមរភាសាថា «ប្រទេសកម្ពុជា» ដែលបានបោះពុម្ភផ្សាយនៅឆ្នាំ១៩០០។ នៅក្នុងសៀវភៅនោះ លោកសរសេរថា រាជធានីនៅតំបន់កោះកេរនេះ ដើមឡើយមានឈ្មោះថា «ជោគគគីរ» ឬ «គោកគគីរ»។

ក្រៅពីនេះ ក៏នៅមានអ្នកស្រាវជ្រាវជាច្រើនទៀត ដែលមានទាំងជនជាតអឺរ៉ុប និងជនជាតិខ្មែរដែរ។ តួយ៉ាងលោក ហ្សាក់ ឌុយម៉ារសាយ (Jacques Dumarçay) ជាអ្នកជំនាញខាងសិល្បៈខ្មែរ ព្រមទាំងលោក ប៊ែរណាត ហ្វីលីពគ្រួសស្លីយ៉េ (Bernard Philippe Groslier) ជាបុរាណវិទូជនជាតិបារាំងយល់ឃើញថា ពាក្យ កោះកេរ ពិតជាកើតចេញពីពាក្យ ឆោកគគីរ ប្រាកដមែន។ ចំណែកប្រវត្តិវិទូ ម៉ាយឃើ វិកឃើរី (Michael Vickery) ជនជាតិអាមេរិកបានបកស្រាយថា កោះកេរ មានន័យថា កោះនៃកិត្តិយស ឬកោះកេរ្តិ៍ឈ្មោះ។

យោងតាមការសិក្សា និងការបកស្រាយខាងលើ ពាក្យ «កោះកេរ» ដែលប្រជាជនជំនាន់ក្រោយៗហៅសំដៅលើអតីតរាជធានីលិង្គបុរៈ ឬឆោកគគ៌្យរនោះ គឺក្លាយមកពីពាក្យ «ឆោកគគីរ» ដែលប្រែចេញពីពាក្យ «ឆោកគគ៌្យរ» នេះឯង៕

អត្ថបទទាក់ទង