(Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦
(Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦
សំណួរទី ១៖ តើតួនាទីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មានសារៈសំខាន់យ៉ាងដូចម្តេចក្នុងការធានាការអនុវត្តបទឈប់បាញ់ រវាងកម្ពុជា-ថៃ?
ចម្លើយ៖ តួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)មានសារៈសំខាន់ណាស់ ក្នុងការកត់ត្រារាល់ហេតុការណ៍ និងស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែន ជាពិសេសស្ថានភាពជនភៀសសឹកកម្ពុជា។ ក្នុងនាមជាសាក្សីផ្ទាល់ភ្នែក ការចុះពិនិត្យ និងរបាយការណ៍របស់ក្រុម AOT ពិតជាមានតម្លៃក្នុងការផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់ ព្រមទាំងបង្ហាញពីភាពចាំបាច់ក្នុងការចាប់ផ្តើមការងារវាស់វែង និងខណ្ឌសីមាព្រំដែនតាមយន្តការ JBC ឱ្យបានឆាប់បំផុត ដូចមានចែងក្នុងសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនពិតប្រាកដ និងបង្កលក្ខណៈអំណោយផលដែលអាចឱ្យជនភៀសសឹកកម្ពុជាអាចវិលត្រឡប់ទៅលំនៅឋានវិញដោយគ្មានការរារាំង ព្រមទាំងមានសុវត្ថិភាព និងកិត្តិយស។
សំណួរទី ២៖ តើអ្វីទៅជាជំហររបស់កម្ពុជាចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ?
ចម្លើយ៖ ជំហររបស់កម្ពុជាគឺការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយផ្អែកលើកិច្ចព្រមព្រៀង និងឯកសារព្រំដែនដែលមានស្រាប់ រួមមានអនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris)។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា ក៏នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត៕





