(Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦
(Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦
សំណួរទី១៖ តើរាជរដ្ឋាភិបាលកម្ពុជាបានបន្តធ្វើសកម្មភាពការទូតយ៉ាងដូចម្តេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ?
ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជាបានបន្តធ្វើសកម្មភាពការទូតយ៉ាងសកម្ម តាមរយៈជំនួបជាមួយតំណាងប្រទេសជាមិត្ត និងការចូលរួមក្នុងកិច្ចប្រជុំតំបន់ និងអន្តរជាតិ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ។
ជាក់ស្តែង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសទទួលជួបជាមួយឯកអគ្គរាជទូតជប៉ុនថ្មី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនដៃគូសន្ទនា អំពីស្ថានការណ៍ព្រំដែន និងជំហររបស់កម្ពុជាក្នុងការគោរពអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។
ទន្ទឹមនឹងនេះ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី១១ នៅទីក្រុងប៉េកាំង លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការតំបន់ និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការជឿទុកចិត្តទៅវិញទៅមក។ ដោយឡែក ក្នុងជំនួបទ្វេភាគីរវាងប្រមុខការទូតកម្ពុជា-ចិន ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់ និងអន្តរជាតិ ក៏ដូចជាការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃផងដែរ។
សំណួរទី២៖ ទន្ទឹមនឹងការខិតខំប្រឹងប្រែងតាមផ្លូវការទូត តើរាជរដ្ឋាភិបាលកម្ពុជាបានសម្របសម្រួលឱ្យមានការផ្ទៀងផ្ទាត់ស្ថានការណ៍ជាក់ស្តែងនៅតាមព្រំដែនតាមរយៈក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) យ៉ាងដូចម្តេចខ្លះ?
ចម្លើយ៖ បន្ថែមពីលើការជម្រាបជូនដៃគូអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្របសម្រួលយ៉ាងសកម្ម និងជាបន្តបន្ទាប់ដើម្បីឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន ក៏ដូចជាការអនុវត្តវិធានការនានាក្រោយបទឈប់បាញ់ ស្របតាមសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សំដៅដល់ការជំរុញការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
ជាក់ស្តែង នៅខេត្តពោធិ៍សាត់ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុម AOT-KH បានចុះពិនិត្យស្ពានស្ទឹងមេទឹក ដែលជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនដែលរងការខូចខាតដោយយន្តហោះចម្បាំងរបស់កងទ័ពអាកាសរបស់ថៃ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ ក្រុមអ្នកសង្កេតការណ៍ក៏បានចុះទៅតំបន់ច១ ដើម្បីពិនិត្យការរំកិលប៉ុស្តិ៍សង្កេតការណ៍ និងការបន្តជីកលេណដ្ឋានរបស់យោធាថៃ ព្រមទាំងចុះទៅតំបន់ច្រកជ័យជំនះ ដែលយោធាថៃបានវាយប្រហារ ដាក់ពង្រាយទូរកុងតឺន័រ បន្លាលួស សាងសង់ផ្លូវ លេណដ្ឋាន និងបង្គោលទង់ជាតិថ្មី ដើម្បីកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ផងដែរ។
សំណួរទី៣៖ តើកម្ពុជាប្រកាន់ជំហរបែបណាក្នុងការការពារខ្សែព្រំដែនអន្តរជាតិ?
ចម្លើយ៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយផ្អែកលើច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) អនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធដែលភាគីទាំងពីរបានឯកភាពគ្នា។ កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនដែលកើតចេញពីការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងនោះឡើយ។ ដូច្នេះ សកម្មភាពរបស់យោធាថៃ ដូចជាការដាក់រទូរកុងតឺន័រ ការរាយបន្លាលួស ការជីកលេណដ្ឋាន ការសាងសង់ផ្លូវ និងការដាក់បង្គោលទង់ជាតិ មិនអាចក្លាយជាមូលដ្ឋានស្របច្បាប់សម្រាប់កែប្រែខ្សែព្រំដែនអន្តរជាតិបាននោះទេ៕





