Grand News Asia Close

សម្រង់ប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត, អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ចំនួន ៥ ខ្នង សរុប ៥៥ បន្ទប់ នៅវិទ្យាល័យទ្រៀល, តាំងគោក, ខេត្តកំពង់ធំ

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 9:28 am ទំព័រវីដេអូ សម្រង់ប្រសាសន៍ 1026


សុន្ទរកថា​លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ថ្លែងក្នុង​ពិធី​សម្ពោធ​​ដាក់​​ឱ្យ​​ប្រើ​ប្រាស់​​ជាផ្លូវ​ការ​អគារ​សិក្សា​ថ្មី​ចំនួន ៥ខ្នង សរុប ៥៥បន្ទប់ ​វិទ្យា​ល័យ​ទ្រៀល នៅស្រុកតាំងគោក ខេត្តកំពង់ធំ
សុន្ទរកថា​លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ថ្លែងក្នុង​ពិធី​សម្ពោធ​​ដាក់​​ឱ្យ​​ប្រើ​ប្រាស់​​ជាផ្លូវ​ការ​អគារ​សិក្សា​ថ្មី​ចំនួន ៥ខ្នង សរុប ៥៥បន្ទប់ ​វិទ្យា​ល័យ​ទ្រៀល នៅស្រុកតាំងគោក ខេត្តកំពង់ធំ


CMF:

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;
គណៈធិបតី ភ្ញៀវកិត្តិយស, លោកគ្រូ អ្នកគ្រូ, ក្មួយៗសិស្សានុសិស្ស,
លោកយាយ លោកតា អ៊ំពូមីង និង បងប្អូនប្រជាពលរដ្ឋ ជាទីមេត្រី !

ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការអគារសិក្សា ៥ ខ្នង សរុប ៥៥ បន្ទប់រៀន នៅខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សមាគមឧកញ៉ាកម្ពុជា ក្រោមគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ» នាពេលនេះ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

(១) ជាលើកទី១ ដែលបានមក “តាំងគោក” ខេត្តកំពង់ធំ

អរគុណចំពោះការស្វាគមន៍ដ៏កក់ក្ដៅ។ ព្រឹកមិញនេះ ចូលមកបានជួបជាមួយលោកអ៊ំពូមីង បងប្អូនអ្នកតាំងគោក​។ អរគុណ(ចំពោះការថើប)មួយខ្សឺតព្រឹកមិញ។ (មានអារម្មណ៍ថា)ឡើងកម្លាំង។ ឱ្យតែជួបគ្រប់កន្លែងហ្នឹង តែងតែសួរ ប៉ុន្តែព្រឹកមិញមានអ៊ំម្នាក់ថានៅក្មេងនៅឡើយ។ វាចៃដន្យថាថ្ងៃនេះកុំឱ្យពាក់អាវប្រផេះ មើលទៅ(ត្រូវនឹង)សក់ស។ ដល់តែទាញមក អាវពណ៌នេះស្រដៀងប្រផេះដែរ។ ក្មួយៗ បានងើបមើលពីចម្ងាយ …ថ្ងៃមុន ទៅចែក(ពូជស្រូវ)នៅបាត់ដំបង អ៊ំៗក៏ថាក្មេងណាស់។ ស្រាប់តែ​ប្អូនស្រីម្នាក់បានមកសុំថតជាមួយ “លោកតា”។ ចប់បណ្ដោយ។ ក្មួយៗ ពិសេសជាសិស្សៗ ហៅអីហៅចុះកុំឱ្យតែហៅ“តា” ត្រឹមអ៊ំបានហើយ។ បើរាប់ខ្មែរ អាយុចូល ៥០ឆ្នាំទៅហើយ … កាលអាយុ ៣០ជាង គេថាចាស់មិនអី ព្រោះនៅក្មេង។ តែពេលនេះដល់ពាក់​កណ្ដាលសតវត្សហើយ។ និយាយលេងទេ។ ទោះជាយ៉ាងណាក៏ដោយ យើងឃើញថា(ការជួបជុំថ្ងៃនេះគឺដើម្បីអបអរសមិទ្ធផលនៃ)ការអភិវឌ្ឍ។ ជាលើកទី១ (ដែលខ្ញុំ)បានមក តាំងគោក។ ខ្ញុំធ្វើដំណើរកាត់តាមផ្លូវនេះច្រើនដង កាត់កន្លែងច្រើន ប៉ុន្តែជាលើកទី១ ដែលបានចូលមកវិទ្យាល័យ មកសម្ពោធ និងបានឃើញសមិទ្ធផលទាំងឡាយ។

[ចប់សេចក្ដីអធិប្បាយ១]

ក្រោមគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ», សមាគមឧកញ៉ាកម្ពុជា បានកៀរគរធនធាន សរុបជិត ១,២ លានដុល្លារអាមេរិក, ក្នុងនោះ ជាថវិកាសរុបជាង ១ លានដុល្លារអាមេរិក និង ជា​សម្ភារៈបរិក្ខារដែលគិតជាទឹកប្រាក់សរុបជិត ១៥ ម៉ឺនដុល្លារអាមេរិក ដើម្បីជួយកសាងអគារសិក្សា, ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ, ព្រមទាំង ឧបត្ថម្ភជាសម្ភារៈសិក្សា, សម្លៀកបំពាក់ និង មធ្យោបាយធ្វើដំណើរ ដល់លោកគ្រូ អ្នកគ្រូ, និងសិស្សានុសិស្ស នៅសាលារៀនចំនួន ១០ ក្នុងខេត្តកំពង់ធំ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

(២) ផលបានពីសាលារៀនគឺធនធានមនុស្ស និងជាមូលដ្ឋានសំរាប់មួយជីវិត

អម្បាញ់មិញ ក្រោយពីកាត់ខ្សែបូ ក៏បានឃើញ(និងស្តាប់ការ)ឧទ្ទេសនាមផ្ទាល់(អំពី)គុណភាពនៃអគារ។ ខ្ញុំសូមធ្វើការ(កោត)សរសើរ។ នេះជាស្តង់ដាថ្មីដែលសាលាប្រើសុទ្ធតែ(ថ្ម)ម៉ាបជាផលិតផល(ផលិត)ក្នុងប្រ​ទេស​របស់យើង។ ម៉ាបក្រចេះនិងម៉ាប(ពីតំបន់)ផ្សេងៗ ដែលយើងយកមកធ្វើនេះមានគុណភាពខ្ពស់។ (ដែលយើង)យកចិត្តទុកដាក់ក្នុងការកសាង(អោយបានរឹងមាំនេះ) ព្រោះយើងមិនមែនកសាងសាលារៀនសំរាប់តែមួយថ្ងៃ ឬមួយឆ្នាំទេ។ សាលារៀនជាហេដ្ឋារចនាសម្ព័ន្ធ(សំខាន់នៃវិស័យសិក្សាធិការ ដូចនេះ)ត្រូវធានាសុវត្ថិភាព ផាសុកភាព និងឈររយៈពេលវែង។ អ្វីដែល(ជាផល)សាលាផ្តល់ឱ្យគឺកាន់តែវែង កាន់តែសំខាន់ជាងទៀតគឺធនធានមនុស្ស។ (ដែលបាន)រៀននៅទីនេះ (ទោះជា)អនុវិទ្យាល័យក្ដី ឬវិទ្យាល័យក្ដី (សិស្សនឹងបានជា)ធនធានមនុស្សនេះ ដែលនឹងក្លាយជាទ្រព្យរបស់ជាតិនៅទូទាំងប្រទេស។ ក្មួយៗ រៀន(សូត្ររហូត)ចប់ពីនេះ (ប្រើពេល)១៧ ឬ១៨ឆ្នាំ។ ថារៀន ៦ឆ្នាំទៅចុះ ពីថ្នាក់ទី៧ ដល់ទី១២ ក៏នៅទីនេះ ប៉ុន្តែផលដែលក្មួយ​ៗ យកបានពីទីនេះគឺជាមូលដ្ឋានសម្រាប់មួយជីវិត។ ខ្ញុំថា យើងម្នាក់ៗ ប្រហែលជា(អាយុបាន)យ៉ាងច្រើន(ត្រឹម) ១៥០ឆ្នាំតែប៉ុណ្ណឹង។ អញ្ចឹង បើចេញពីសាលាទៅត្រឹម ១៨ឆ្នាំ (យើងនឹងប្រើពេល) ១៣៥ឆ្នាំទៀត(ឯនោះ ដោយឈរលើ)មូលដ្ឋានពីទីនេះដែរ … នេះគឺជាផលនៃការវិនិយោគលើវិស័យអប់រំ។

[ចប់សេចក្ដីអធិប្បាយ២]

សមាគមឧកញ៉ាកម្ពុជា ចាត់ទុកការចូលរួមក្នុងសកម្មភាពសប្បុរសធម៌ និង សង្គមកិច្ច ជាការងារអាទិភាពមួយរបស់ខ្លួន ដោយបានចូលរួម និង គាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ព​ស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា។

ចាប់ពីការប្រកាសបង្កើតជាផ្លូវការ, សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និង សង្គមជាតិ, ទាំងក្នុងវិស័យ អាណាចក្រ និង ពុទ្ធចក្រ, ដូចជា ការកសាងអគារសិក្សា, មន្ទីរពេទ្យ, វត្តអារាម, សារៈមន្ទីរ, ការឧបត្ថម្ភជាសម្លៀកបំពាក់, សម្ភារៈសិក្សា, គ្រឿងឧបភោគ បរិភោគ ដល់សិស្សានុសិស្ស និង កុមារកំព្រា ជាដើម។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]

(៣) មិនត្រឹមតែសិស្សនិងអគារទេ លោក/អ្នកគ្រូជាគោលដៅគ​ន្លឹះនៃសាលារៀន

នៅ(វិទ្យាល័យទ្រៀល, តាំងគោក, ខេត្តកំពង់ធំ)ថ្ងៃនេះ យើងឃើញសមិទ្ធផល(អគារសិក្សា) ៥(ខ្នង)។ ជាងមួយសប្តាហ៍មុននេះ ខ្ញុំបានទទួលលិខិតមួយពីអ្នកឧកញ៉ា វិញ ហួរ ជាសមាជិកសមាគមឧកញ៉ា ហើយក៏ជាតំណាងឱ្យសមាគមឧស្សាហកម្មស៊ីម៉ង់ត៍។ គាត់បានដាក់សំណើមកខ្ញុំ។ ជាសំណើប្លែក។ ធ្លាប់តែមានអ្នកស្នើសុំ​អគារ តែគាត់បានស្នើសុំផ្តល់អគារ។ ខ្ញុំសួរ “ពូ! អ្នកទទួល(អគារ)ហ្នឹង បានដឹងឬនៅ?”។ “អត់ទាន់ដឹងផង” គាត់និយាយ។ អញ្ចឹង ជាការ surprise។ ឥឡូវ ប្រហែលជាបានដឹងអស់ហើយ គឺសមាគមស៊ីម៉ង់ត៍នឹងបន្ថែមជូនអគារ(ស្នាក់នៅសម្រាប់)លោកគ្រូអ្នកគ្រូនៅវិទ្យាល័យទ្រៀលនេះដើម្បីជួយដោះស្រាយការលំបាក ដោយការជួយ(សាងសង់)នេះ ប្រើប្រាស់ថវិកា ១០ម៉ឺនដុល្លារ។ អញ្ចឹង (ដោយតាម)ធម្មតាសាលាជាអ្នកស្នើសុំ ខ្ញុំក៏បានណែនាំទៅឯកឧត្តមអភិបាលខេត្តអោយ(រៀបចំ)ស្នើ ដោយមានស៊ីញ៉េខេត្តឡើងមក។ ខ្ញុំស៊ីញ៉េឯកភាព ជូន​ទៅអ្នកស្ម័គ្រចិត្តសាងសង់។ លើកនេះ អ្នកស្ម័គ្រចិត្តសាងសង់ផ្តើមគំនិតមុន ដោយទាំងខេត្តទាំងសាលា មិនបានដឹង។ ប្លែកដែរ។ តែសំខាន់ បានផល។ សូមអរគុណ។ នេះគឺជា(កាដោះស្រាយតាមបែប)បុរេសកម្ម​។ មិនត្រឹមតែផ្តល់ការ(ជូននូវអគារស្នាក់នៅសំរាប់គ្រូទេ) ចូលមកមើលទៀតថាមានខ្វះអី ការលំបាករបស់គ្រូៗ ត្បិតសាលារៀន មិនត្រឹមតែសិស្សនិងអគារទេ តែលោកគ្រូអ្នកគ្រូជាគោលដៅគ​ន្លឹះ។ ការបង្កលក្ខណៈ ការផ្តល់លទ្ធភាព និងការជួយបង្កលក្ខណៈងាយស្រួលសំរាប់ការស្នាក់នៅ សំរាប់លោក/អ្នកគ្រូ ជាពិសេសអ្នកនៅឆ្ងាយ អ្នកមកពីខេត្តផ្សេង ដែលត្រូវមកបំពេញភារកិច្ចនៅទីនេះជាការចាំបាច់។

[ចប់សេចក្ដីអធិប្បាយ៣]

ខ្ញុំសូមកោតសរសើរ និង ថ្លែងអំណរគុណចំពោះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា, ក៏ដូចជា ថ្នាក់ដឹកនាំ និង សមាជិក សមាជិកាសមាគម ដែលបាន និង កំពុងខិតខំចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ, ទាំងក្នុងវិស័យអាណាចក្រ និង ពុទ្ធចក្រ, ជាពិសេស ការផ្តួចផ្តើមបង្កើត និង រួមគ្នាអនុវត្តគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ» រហូតសម្រេចបាននូវសមិទ្ធផល ដែលយើងកំពុងអបអរសាទរនាថ្ងៃនេះ។

ខ្ញុំក៏សូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារ, ព្រមទាំង ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និង លោកគ្រូ អ្នកគ្រូ ដែលបានប្រឹងប្រែងបំពេញការងារ ប្រកបដោយស្មារតីបុរេសកម្ម និង ទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យឡើងវិញនូវកម្មវិធីអប់រំជាតិ, រៀបចំយន្តការចុះជួយគាំទ្រ, ព្រមទាំងបានដាក់ចេញ និង អនុវត្តនូវយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសាលារៀន ជាពិសេសការប្រមូលផ្តុំធនធានសម្រាប់គាំទ្រដល់ការអនុវត្តកម្មវិធីអប់រំជាតិ, ធ្វើឱ្យសាលារៀនក្នុងខេត្តកំពង់ធំចំនួន២ បានជាប់ជាសាលា ស្តង់ដាគំរូ និង ទទួលបានជ័យលាភីលេខ៥ និង លេខ៨ ក្នុងការវាយតម្លៃ ទទួលស្គាល់ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំប្រចាំឆ្នាំ២០២៦។

រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍវិស័យអប់រំជាអាទិភាពចម្បង ក្នុងយុទ្ធសាស្រ្តអភិវឌ្ឍជាតិរយៈពេលវែង តាមរយៈការពង្រីកលទ្ធភាពទទួលបានការអប់រំ, ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន, ការពង្រឹងសមត្ថភាពគ្រូបង្រៀន, ការលើកកម្ពស់គុណភាពនៃការបង្រៀន និង ការរៀន និងការជំរុញការសិក្សាពេញមួយជីវិត។

កន្លងមក, រាជរដ្ឋាភិបាលបានសិក្សាដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធីផែនការសកម្មភាព វិធានការចាំបាច់នានា ព្រមទាំង ក្របខណ្ឌគណនេយ្យភាពសមិទ្ធកម្ម ដើម្បីពង្រឹងគុណភាព និង ប្រសិទ្ធភាព នៃការអប់រំនៅតាមសាលារៀនរដ្ឋ, ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់មធ្យមសិក្សា តាមរយៈ ការពង្រឹងអភិបាលកិច្ចសាលារៀន, កែលម្អកម្មវិធីសិក្សា និង វិធីសាស្រ្តបង្រៀន, រៀបចំកម្មវិធីសិក្សា និង សកម្មភាពក្រៅម៉ោងសិក្សា, ការលើកកម្ពស់សុខភាពសិស្សានុសិស្ស តាមរយៈ ការផ្តល់អាហារូបត្ថម្ភដល់កុមារ និង ការត្រួតពិនិត្យគុណភាពចំណីអាហារ នៅតាមសាលារៀន, ការជំរុញការចូលរួមរបស់មាតាបិតា អាណាព្យាបាល និង សហគមន៍ ក្នុងសកម្មភាពអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរវាងរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ»។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]

(៤) កំពង់ធំជាខេត្តមួយក្នុងចំណោមខេត្តអាទិភាព១០ ដែលបានអនុវត្តកម្មវិធីផ្តល់អាហាររូបត្ថម្ភតាមសាលា

ចំពោះការផ្តល់អាហារូបត្ថម្ភតាមសាលា កំពង់ធំជាខេត្តអាទិភាពមួយក្នុងចំណោមខេត្តអាទិភាពទាំង១០ ដែលយើងបានអនុវត្ត។ កម្មវិធីនេះចាប់ផ្តើមនៅក្នុងឆ្នាំ១៩៩៩។ កាលនោះ អង្គការអាហារពិភពលោក (World Food Program) ក៏បានសហការជាមួយរាជរដ្ឋាភិបាលចាប់ផ្តើម(ការផ្តល់អាហារូបត្ថម្ភដល់កុមារនៅ) ៦៤សាលាទូទាំងប្រទេស ដោយគិតគូរអំពីសហគមន៍ដែលមានការលំបាក សហគមន៍ក្រីក្រ ព្រោះការហូបចុកគ្រប់គ្រាន់ជាកត្តាមួយសំខាន់ក្នុងការជួយដល់សុខភាពសិស្ស រួមទាំងសុខភាពខួរក្បាលក្នុងការរៀនសូត្រ។

(៥) កម្មវិធីផ្តល់អាហាររូបត្ថម្ភ កើនដល់ ១១១៤សាលា មានសិស្សទទួលផល ៣០ម៉ឺននាក់ នៅឆ្នាំ២០២៦

មកដល់ឆ្នាំ ២០២៦នេះ យើងមាន ១១១៤សាលា។ កើនពី ៦៤សាលា មក ១១១៤សាលា ហើយមានសិស្ស ៣០ម៉ឺននាក់ដែលបានទទួលផល។ យើងដាក់ចេញកម្មវិធីទិញកសិផលពីក្នុងសហគមន៍តែម្តង។ តាមវិធីនេះ យើងចំណេញបានពីរ។ ចំណេញមួយ គឺបានចំណាយថវិកាទៅក្នុងសេដ្ឋកិច្ចដែលជួយដល់កសិករ ជាអ្នកលក់ បន្លែលក់សាច់នៅក្នុងសហគមន៍ហ្នឹង។ លុយដែលយើងយកទៅទិញ(ទំនិញទាំងនោះ)មក ក៏វិលនៅក្នុងហ្នឹង​ព្រោះទិញហើយ កសិករដែលលក់ហើយយកប្រាក់ទៅធ្វើអីផ្សេងទៀត។ អញ្ចឹង លុយវិលក្នុងសេដ្ឋកិច្ច ឯផលដែលបានគឺសម្រាប់សិស្ស។ ពិតណាស់ យើងមិនទាន់មានលទ្ធភាពគ្រប់គ្រងគ្រប់បឋមសិក្សាជាង ៧ពាន់(សាលា) ប៉ុន្តែយើង(ក៏កំពុងតែ)ពិនិត្យមើលលទ្ធភាពក្នុងការពង្រីក។

(៦) ស្បៀងអាហារពិភពលោកឧបត្ថម្ភ ២៨០សាលា រដ្ឋចេញថវិកាសំរាប់ជាង ៨០០សាលា

នៅជំហានទី១ យើងពង្រីកការទទួលខុសត្រូវ។ ឥឡូវនេះ យើងមានជាង ២៨០សាលា ដែល World Food Program ចេញ ហើយ ៨០០ជាងសាលាគឺរដ្ឋយើងចេញថវិកា។ ក្នុងពីរឆ្នាំទៀត World Food Program នឹងកាត់ថវិកា លែងជួយជាង ២០០សាលានោះទៀតហើយ ដោយគេត្រូវបង្វែរទៅធ្វើអីផ្សេង។ តើរាជរដ្ឋាភិបាល​ នឹងត្រូវធ្វើដូចម្តេច? តើត្រូវបោះបង់ចោល កាត់បន្ថយឬ? មិនធ្វើដូចនោះទេ។ យើងនឹងទទួលខុសត្រូវលើ សាលា ២០០ជាងនោះ ដើម្បីធានាឱ្យសាលាទាំងមួយពាន់ជាងនេះដំណើរការ។ យើងកំពុងសិក្សាអំពីការពង្រីកលទ្ធភាពបន្ថែមទៀត។

(៧) អាយុ ៥-៦ឆ្នាំដល់ ១០ឆ្នាំជាង ក្មេងត្រូវការអាហារូបត្ថម្ភជាមូលដ្ឋានគ្រឹះសុខភាពនិងឱកាសរៀនសូត្រ …

នេះគឺជាការវិនិយោគក្នុងវិស័យអប់រំ។ មិនមែនធ្វើតែអគារ មិនមែនធ្វើតែការបណ្តុះបណ្តាល និងបង្កើនសមត្ថភាព​គ្រូ បំពាក់សម្ភារ ឧបករណ៍ទេ តែក៏គិតគូរជាពិសេស(អំពីអាហារូបត្ថម្ភសិស្ស)នៅថ្នាក់បឋមសិក្សា ដែលជាថ្នាក់សំខាន់។ ក្មួយៗ ពីអាយុ ៥-៦ឆ្នាំឡើងមកដល់ ១០ឆ្នាំជាង រៀនពីថ្នាក់ទី១ ដល់ទី៦នេះ គឺពេញ(ត្រូវការការគាំទ្រអាហារូបត្ថម្ភ)ហើយ (ត្បិត)ជាមូលដ្ឋានគ្រឹះទាំងសុខភាពទាំងឱកាសរៀនសូត្រ … ក្នុងចំ​ណោម ១១១៤សាលានោះ ខេត្តកំពង់ធំបានទទួល ២១៩សាលា នៅ ៧ស្រុក។ តាំងគោក ដូចជាមិនទាន់មានទេ ប៉ុន្តែ មានស្រុកផ្សេងៗ ទៀតបាន។ យើងនឹងពិនិត្យមើលលទ្ធភាពពង្រីក(កម្មវិធីអាហារូបត្ថម្ភសិស្សនេះ) ទៅថ្ងៃមុខ តាមសាលានានា ជាពិសេសក្នុងសហគមន៍ដែលមានការលំបាក/ក្រីក្រ។

[ចប់សេចក្ដីអធិប្បាយ៤]

ទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា គឺការកសាងសាលារៀន ឱ្យក្លាយជាអង្គភាពផ្តល់សេវាសាធារណៈនៅជិតប្រជាពលរដ្ឋ និង បំពេញភារកិច្ចផ្តល់វិជ្ជាសម្បទាបំណិនសម្បទា និង ចរិយាសម្បទា ដល់កូនខ្មែរគ្រប់រូប ប្រកបដោយ តម្លាភាព គណនេយ្យភាព និង ការទទួលខុសត្រូវខ្ពស់។ ការណ៍នេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ, ជាពិសេស ការចូលរួមរបស់វិស័យឯកជន និង សប្បុរសជន ដែលជាកម្លាំងគាំទ្របន្ថែមដ៏សំខាន់ចំពោះការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ស្របតាមទិសស្លោក «ទាំងអស់គ្នាដើម្បីការអប់រំ» ដែលមានន័យថា ការអប់រំដែលមានគុណភាព និង ប្រសិទ្ធភាព ត្រូវតែមានការចូលរួមពីគ្រប់ភាគី គឺ សិស្ស, គ្រូបង្រៀន, សាលារៀន, មាតាបិតា អាណាព្យាបាល, អាជ្ញាធរមូលដ្ឋាន, សហគមន៍, ដៃគូអភិវឌ្ឍ, សមាគម, វិស័យឯកជន និង សប្បុរសជន ដែលជាកម្លាំងគាំទ្របន្ថែមដ៏សំខាន់ចំពោះការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ស្របតាមទិសស្លោក «ទាំងអស់គ្នាដើម្បីការងារអប់រំ» ដែលមានន័យថា ការអប់រំដែលមានគុណភាព ប្រសិទ្ធភាព ត្រូវតែមានការចូលរួមពីគ្រប់ភាគី គឺសិស្ស គ្រូបង្រៀន សាលារៀន មាតាបិតា អាណាព្យាបាល អាជ្ញាធរមូលដ្ឋាន សហគមន៍ ដៃគូអភិវឌ្ឍន៍ សមាគម វិស័យឯកជន និងសប្បុរសជន។

ការសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ចំនួន ៥ខ្នង ស្មើនឹង ៥៥បន្ទប់ ថ្ងៃនេះ គឺជាភស្តុតាងជាក់ស្ដែងនៃសារៈ​សំខាន់នៃការសហការរវាងរាជរដ្ឋាភិបាល វិស័យឯកជន សប្បុរសជន ក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការសិក្សារបស់កម្ពុជានិងយុវជននៅកម្ពុជានិយាយជារួម និងខេត្តកំពង់ធំនិយាយដោយឡែក។ ទោះ​ជា​យ៉ាងណា ការចូលរួមរបស់សប្បុរសជន ការបំពេញបន្ថែម មិនមែនជាការជំនួសតួនាទីរដ្ឋក្នុងការធានាផ្តល់សេ​វា​អប់រំសាធារណៈ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌នោះឡើយ។

វិភាគទានរបស់សមាគមឧកញ៉ាកម្ពុជា និងសប្បុរសជន បានចូលរួមចំណែកដល់ការបង្កើតហេដ្ឋារចនាសម្ព័ន្ធសិក្សា ដែលមានតម្លៃជាសារវន្ត ប៉ុន្តែសមិទ្ធផលនេះនឹងមានតម្លៃកាន់តែខ្ពស់ នៅពេលដែលអគារទាំងនេះត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព គ្រូបង្រៀនបានល្អ សិស្សរៀនចេះពិតប្រាកដ ហើយកុមារគ្រប់រូបទទួលបានឱកាសកសាងអនាគតរបស់ខ្លួន។ ក្នុងន័យនេះ យើងត្រូវបន្តរួមគ្នាតភ្ជាប់ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន និងសហគមន៍ ដោយត្រូវផ្សារភ្ជាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ទៅនឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពអប់រំនិងសមធម៌សង្គម ពីព្រោះ«ការវិនិយោគលើការអប់រំ ជាការវិនិយោគទៅលើអនាគតកុមារ គ្រួ​សារ និងប្រទេសជាតិទាំងមូល»។

[ផ្ដើមសេចក្ដីអធិប្បាយ៥]

(៨) ឧបសគ្គធំមួយចំពោះការអប់រំ សម្រាប់ប្រជាពលរដ្ឋកម្ពុជា គឺការខ្វះសាលារៀន

យើងឃើញហើយថា ឧបសគ្គធំមួយចំពោះការអប់រំសម្រាប់ប្រជាពលរដ្ឋកម្ពុជាគឺការខ្វះសាលារៀន។ មិនត្រឹមតែខ្វះថ្នាក់រៀនទេ ប៉ុន្តែខ្វះទាំងទីតាំងសាលារៀន … បើសិនជា ឯកឧត្តម លោកជំទាវ លោក លោកស្រី អ៊ំ ពូ មីង បងប្អូន បានតាមស្តាប់ប្រវត្តិសម្តេចតេជោ ពិសេសរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” នោះប្រ​ហែលជាអាចដឹង។ ពីមុនសង្គ្រាម ដើម្បីបន្តការសិក្សា កុមារមួយចំនួនបានទៅបួសរៀន ក្មេងប្រុសៗខ្លះត្រូវចាកចេញពីស្រុក។ នេះជាបទពិសោធរបស់ឪពុកខ្ញុំ គឺសម្តេចតេជោ។ ដោយឡែក មីងៗរបស់ខ្ញុំជាស្ត្រីអត់បានរៀនតែម្តង។ កុំថាបាក់ឌូប្លិ៍នៅទីនេះមានស្រីៗ ច្រើនជាង(បុរស) តែអត់សាលានៅក្បែរហើយ មិនងាយទេ។ ប្រុសៗ ទៅនៅវត្ត មានបងប្អូននៅភ្នំពេញ ក៏ចេះតែទៅនៅបាន … តែបើអ្នកអត់(សាច់ញាតិ) ម្ដាយមិនឱ្យ(កូន)ស្រីៗ ទៅឆ្ងាយទេ។ អញ្ចឹង ការអប់រំ(ទាំងអស់គ្នា)មិនទៅរួចទេ ទោះបីជាចង់យ៉ាងណាក៏ដោយ។ ឯការដែលប្រុសៗ ទៅបួសនៅវត្តដើម្បីបានរៀន ក៏បានត្រឹមតែកម្រិតណាមួយប៉ុណ្ណោះ។

(៩) ក្រោយបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ អភិវឌ្ឍវិស័យអប់រំដោយពង្រាយសាលាទូទាំងប្រទេស

នេះគឺជាមូលហេតុមួយ ដែល(ជំរុញ)សម្តេចតេជោ ឱ្យគិតនិងដាក់ចេញជាគោលនយោបាយអប់រំ សំដៅ «កុំឱ្យក្មេងៗ ជំនាន់ក្រោយ មានការលំបាកដូចជំនាន់គាត់»។ ហេតុនេះហើយ ក្រោយសង្គ្រាមពីដើមឆ្នាំ១៩៩០ មក ជាពិសេសក្រោយបញ្ចប់សង្គ្រាម(តាមរយៈ)នយោបាយឈ្នះ-ឈ្នះ សម្តេចតេជោ បានដាក់ចេញគោលនយោ​បាយអភិវឌ្ឍវិស័យអប់រំ ដោយផ្ដោតលើការពង្រាយសាលានៅទូទាំងប្រទេស។ គឺដោយសារគោលនយោ​បាយហ្នឹងហើយ ទើបយើងមាន(ការអភិវឌ្ឍវិស័យអប់រំនៅ)ថ្ងៃនេះ មានសាលា(នៅទីនេះ)។ បើយើងនិយាយអំពីឃុំ/សង្កាត់ ១៦៥២ នេះ យើងមានយ៉ាងហោចបឋមសិក្សាមួយក្នុងមួយឃុំ-សង្កាត់។ ឃុំ-សង្កាត់ខ្លះមានច្រើនជាងមួយ ព្រោះយើងមានឃុំ-សង្កាត់តែ ១៦៥២ ប៉ុន្តែយើងមានសាលាបឋមសិក្សា ៧ ០០០ជាង។ ថាយើងកសាងបានអនុវិទ្យាល័យ ៩៥%ទៅចុះ និយាយលេខមូល នៅទូទាំងប្រទេស។ ក្នុង ១៦៥២ ឃុំ-សង្កាត់នេះ ឃុំ-សង្កាត់ខ្លះមានអនុវិទ្យាល័យច្រើនជាងមួយ។

(១០) ដោយសារចំនួនមនុស្សកើនកាន់តែច្រើន បន្តជំរុញពង្រីកបន្ថែមអគារសិក្សា/វិទ្យាល័យជាអាទិភាព

បានសួរឯកឧត្តម ហង់ជួន ណារ៉ុន តើអនុវិទ្យាល័យដែលនៅខ្វះ ហេតុដូចម៉េចបានជាមិនធ្វើ ឬគ្រោងពង្រីក? … ឥឡូវយើងមាន ១០៦ឃុំ-សង្កាត់ ទូទាំងប្រទេស ដែលនៅមិនទាន់មានអនុវិទ្យាល័យ។ តាមរបាយការណ៍ កន្លែងខ្លះមិនត្រូវការ(សាលាកម្រិតអនុវិទ្យាល័យទេ)។ ឧ. ៤៦ សង្កាត់នៅភ្នំពេញ អត់ត្រូវការអនុវិទ្យាល័យទេ ព្រោះវាមានសាលាផ្សេងៗ ហើយ។ គ្រប់ស្រុក-ក្រុងមានវិទ្យាល័យ។ ឥឡូវ ចំនួនមនុស្សកើនកាន់តែច្រើន។ ប្រជាជនខ្មែរកើតកូនច្រើន។ ពីមុនយើងជំរុញឱ្យពង្រាយ(សាលា/អគារសិក្សា)នៅគ្រប់កន្លែង តែឥឡូវមួយកន្លែងៗ (ចំនួនសិស្សច្រើន)អត់(មាន)ថ្នាក់រៀនគ្រប់។ ឯទីតាំងកន្លែងខ្លះក៏ឆ្ងាយពេក។ ខ្ញុំបានជួបសិស្សមួយចំនួននៅភ្នំគូលែន។ សិស្សចប់អនុវិទ្យាល័យនៅជិតភូមិ តែដល់វិទ្យាល័យគាត់បោះបង់ ព្រោះអ្នកខ្លះត្រូវជិះ ២០គីឡូ។ ខ្លះត្រូវទៅជួលផ្ទះនៅកន្លែងនោះ។ អ្នកខ្លះអត់លុយ អត់មានលទ្ធភាពជួល។ យោងហេតុផលទាំងនេះហើយ បានជាយើងជំរុញរុញបន្តពង្រីកបន្ថែម(វិទ្យាល័យ)ជាអាទិភាព។

(១១) សាលារៀនឯកជនរីកច្រើននៅទីប្រជុំជន ជួយឱ្យរដ្ឋអាចផ្ដោតការយកចិត្តទុកដាក់ទៅទីជនបទ

លទ្ធភាពទទួលបានការរៀនសូត្រដោយមានសាលារៀនគឺជាគោលការណ៍។ ឥឡូវនេះ យើងមានការចូលរួមពីវិស័យ​ឯកជន។ សាលារៀនឯកជនក៏រីកច្រើន ជាពិសេសនៅទីប្រជុំជន។ អញ្ចឹង យើងអាចផ្ដោតអារម្មណ៍ទៅទីជនបទ។ ក្រោយចប់សង្គ្រាម កន្លែងថ្មីនៅក្នុងប្រទេសរីកហូរហែ។ កន្លែងខ្លះ យើងបង្កើតភូមិថ្មីជូនតែម្ដងដូច(ជាភូមិ)ជនភៀសសឹក កន្លែងខ្លះគម្រោង LASED ភូមិអតីតយុទ្ធជន។ យើងបង្កើតគម្រោងថ្មីៗ។ ប្រជាជនអត់ផ្ទះនៅ យើងផ្តល់ដីជូន ផ្តល់ផ្ទះជូន យើងបង្កើតសាលារៀនជូន។ ទៅជំរំជនភៀសសឹកថ្ងៃមុននៅឧត្តរមានជ័យ នៅស្រះកែវ ឃើញសុទ្ធតែក្មេងតូចៗ ជាច្រើន។ អ្នកទាំងហ្នឹងត្រូវការរៀនសូត្រ។ បានន័យថា (មានការបង្កើត)ភូមិថ្មីៗ ទៅដល់ហ្នឹង។ យើងមិនអាចឱ្យគាត់ទៅរៀនសូត្រចម្ងាយរាប់គីឡូម៉ែត្រ(ពីលំនៅដ្ឋានទេ)។ ត្រូវបង្កើតសាលាថ្មីបន្ថែម។

(១២) កំណើនថ្នាក់រៀនមានល្បឿនយឺតជាងកំណើនប្រជាជន និងការពង្រីកភូមិសាស្ត្រ

យើងបន្តជំរុញការកសាង និងបង្កើតសមិទ្ធផល(សំរាប់)លទ្ធភាព(ទទួលបានការសិក្សា)។ កន្លែងខ្លះក៏មានស្រាប់ កន្លែងខ្លះក៏មានការប្រឈម ដោយសារខ្វះថ្នាក់រៀន ឬខ្វះគ្រូ។ ថ្នាក់ខ្លះ មានដល់ ៨០នាក់ក្នុងមួយថ្នាក់។ រៀនអត់កើតទេ។ រៀនចេះតែកើតប៉ុន្តែគុណភាពធ្លាក់។ កន្លែងខ្លះអាចលើសហ្នឹងផង។ កន្លែងខ្លះរោងដោលមួយមានជាង ១០០នាក់។ ក្នុងច្រើនអាណត្តិមកនេះ សម្តេចតេជោ បានកសាងសាលារាប់ពាន់ខ្នងទូទាំងប្រទេស។ ក្រសួងអប់រំដាក់ចេញគោលការណ៍ធ្វើការជាមួយដៃគូដែរ។ (សាងសង់)រាប់ពាន់ខ្នង ប៉ុន្តែល្បឿននៃការកើនថ្នាក់រៀននៅយឺតជាងល្បឿននៃកំណើននៃប្រជាជនរួមទាំងការពង្រីកភូមិសាស្ត្រ។ ដោយហេតុនេះ ជាគោលដៅ យើងត្រូវបន្តរៀបចំទីតាំង រៀបចំថ្នាក់រៀន និងបណ្តុះបណ្តាលគ្រូបន្ថែម។ នេះគឺជាគោលដៅក្នុងការកសាង និងអភិវឌ្ឍវិស័យអប់រំ នៅលើដី(/ជាក់ស្តែង)តែម្តង។ មិនមែនថាត្រូវកសាង ត្រូវពង្រីកតែនៅលើក្រដាសទេ តែធ្វើជាប្រចាំ ធ្វើហេដ្ឋារចនាសម្ព័ន្ធ ពង្រីកពង្រឹងគុណភាព(គ្រូនិងការសិក្សា)។

(១៣) សាលារៀន/អគារសិក្សាជាផ្នែកមួយក្នុងការផ្ដល់សេវាសិក្សាធិការ ឯកត្តាគ្រឹះ គឺគ្រូនិងសិស្ស

អាចនិយាយថានៅសាលាតាំងគោក បើលោក/អ្នកគ្រូបាន(បង្រៀននៅ)ទីនេះតាំងពីឆ្នាំ ១៩៧៩មកប្រ​ហែល​ជាបានឃើញការប្រែប្រួលច្រើន។ អម្បាញ់មិញ សូម្បីតែរូប ៥សាលានៅទីនោះ យើងឃើញថាពីមុនជាអគារឈើ ដែលក្រោយមកត្រូវបានរុះរើ ធ្វើជាអគារថ្មមួយជាន់ តែមិនទាន់ទំនើប។ មកដល់ពេលនេះ ប្រើសុទ្ធតែ Marble ក្ដារខៀនអញ្ចេះទេ។ ដល់ដំណាក់កាលមួយ វាចាស់ ចាប់ផ្ដើមទ្រុឌទ្រោម យើងក៏ចាប់ផ្ដើមធ្វើថ្មី ដែលមានស្តង់ដាខ្ពស់។ នេះគឺជាការអភិវឌ្ឍ។ កន្លែងនៅដដែល ការបណ្ដុះបណ្ដាលនៅដដែល ប៉ុន្តែអ្វីដែលប្រែប្រួល គឺលទ្ធភាពនៅក្នុងការបំពាក់ និងការកសាងបន្ថែម។ សាលារៀន និងអគារសិក្សាជាចំណុចមួយជាផ្នែកមួយក្នុងការផ្ដល់(សេវាសិក្សាធិការ)។ ឯកត្តាគ្រឹះ គឺគ្រូនិងសិស្ស។ ពីរហ្នឹង។ បើមានពីរនេះ រៀនក្រោមដើមឈើក៏ទៅរួច។ តែបើអត់ពីរនេះដែលដើរ ដែលមានគុណភាព ដែលមានឆន្ទៈ មានវិន័យ មានទស្សនៈរួមក្នុងការអប់រំ (ទោះ)មានអគារ ១០ជាន់ក៏អត់មានមនុស្សរៀនដែរ។ មានអគារ ១០ជាន់តែមួយឆ្នាំគឺបាក់បែក ព្រោះអត់មានការថែទាំ អត់មានការប្រើប្រាស់។

(១៤) ពី “អ្នកចេះបង្រៀនអ្នកមិនចេះ អ្នកចេះច្រើនបង្រៀនអ្នកចេះតិច” មកគ្រូបឋមសិក្សាមានបរិញ្ញាបត្រ

អញ្ចឹង កត្តាគន្លឹះនៅនឹងគ្រូនិងសិស្ស។ តើយើងត្រូវធ្វើម៉េច? ត្រូវមានការចូលរួមពីឪពុកម្តាយ ពីសហគមន៍ ដើម្បីជំរុញគ្រូនិងសិស្ស ជាកត្តាគន្លឹះសំខាន់។ គុណភាពគ្រូគឺកិច្ចការសំខាន់។ ក្រសួងអប់រំបានអនុវត្តគោលការណ៍ច្រើនហើយ។ គោលដៅទៅថ្ងៃក្រោយ គ្រូបឋមសិក្សា គឺ(ជាគ្រូដែលមានការសិក្សា)១២+៤ គឺត្រូវមានបរិញ្ញាបត្រ។ កាលមុន ចេញពីរបប ប៉ុល ពត យើងអត់មានគ្រូ។ យើង(អនុវត្តវិធីសាស្ត្រ) “អ្នកចេះ បង្រៀនអ្នកអត់ចេះ អ្នកចេះច្រើន បង្រៀនអ្នកចេះតិច” ដើម្បីយកពេលកសាងគុណភាព។ ក្រោយមក មានគ្រូបឋមសិក្សាមានការបណ្តុះបណ្តាល ១២+២។ តាំង​ពី ៧+៣, ៤+៣, ត្រឹមថ្នាក់ទី១០ ស្អីក៏យើងអាចបង្រៀន។ ឥឡូវ ទាល់តែ(មាន)បរិញ្ញាបត្រ។ គុណវុឌ្ឍិគ្រូគឺគុណ​ភាព។ ម៉ែឪនៅផ្ទះ ពឹងលើគ្រូឱ្យបង្រៀនកូន។ គ្រូត្រូវមានសមត្ថភាព។ ឱកាសនេះ យើងកសាងបានធនធានមនុស្សដែលអាចរៀនចប់បរិញ្ញាបត្រ រៀនចប់បាក់ឌូប្លិ៍ ប្រឡងចូលគ្រូ រៀន(គរុកោសល្យ) ៤ឆ្នាំ បំ​ពេញការអប់​រំបន្ថែម ដើម្បីក្លាយទៅជាគ្រូ។

(១៥) រាជរដ្ឋាភិបាលទម្លាក់ថវិកាជូនវិស័យអប់រំ បង្កើន​ការចូលរួម បង្កើននវានុវត្តន៍ ពង្រឹងគ្រូគ្រប់ថ្នាក់

ខ្ញុំធ្លាប់បានជជែកជាមួយអ្នកស្រាវជ្រាវមួយចំនួន។ ខ្ញុំថា តើក្នុង ១ម៉ឺនសាលាហ្នឹង បូកជាមួយសាកលវិទ្យាល័យ មួយណាសំខាន់? អ្នកខ្លះថាឧត្តមសិក្សា។ ត្រូវហើយឧត្តមសិក្សាសំខាន់ សម្រាប់ចាប់យកបច្ចេកវិទ្យាទំនើប។ អ្នកខ្លះថាវិទ្យាល័យសំខាន់ ព្រោះ(ជាការសិក្សាកម្រិត)មុនបំបែកទៅសាកលវិទ្យាល័យ។ អ្នកខ្លះថាអនុវិទ្យាល័យ។ អ្នកខ្លះថាបឋមសិក្សា អ្នកខ្លះថាមត្តេយ្យ។ សម្រាប់ខ្ញុំៗ ថាសំខាន់គ្រប់ថ្នាក់ហ្នឹង អត់អាចចោលកម្រិតណាមួយទេ បើនិយាយពីកសាងធនធានមនុស្ស គ្រាន់តែការអភិវឌ្ឍខុសគ្នា។ រាជរដ្ឋាភិបាលទម្លាក់ថវិកាអប់រំ បង្កើន​ការចូលរួម បង្កើននវានុវត្តន៍ ពង្រឹងគ្រូគ្រប់ថ្នាក់។ ប៉ុន្តែ យើងត្រូវពង្រឹងសសរស្ដម្ភបន្ថែម ទៅលើអ្វីដែលអាចធ្វើបាន ពង្រឹងកន្លែងណាបាន។ (ការសិក្សា)១២ ឆ្នាំ? រៀនពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់ទី១២ រឹងមាំប៉ុណ្ណឹង … ថាពីជំនាន់សង្គមរាស្ត្រនិយម ពីជំនាន់មុនសង្គ្រាម ត្រឹមតែថ្នាក់ទី១២ ឬចប់ថ្នាក់ទី ១២ សឹងតែធ្វើការបាន … អ្វីដែលសំខាន់ មិនមែនអត្រា(នៃការប្រឡង)ជាប់ទេ តែការសិក្សា ១២ឆ្នាំនេះ ចេញទៅមានសមត្ថភាពគ្រប់(គ្រាន់អាចធ្វើការបាន)។ ឥឡូវ យើង(កំពុងសំរេចគោលដៅនេះ)ដូចគ្នា។

(១៦) ចង់ឱ្យយុវជនកម្ពុជារៀនបានចប់ ១២ឆ្នាំ និងពង្រឹងការរៀន ១២ឆ្នាំនេះឱ្យបានច្រើន

ការពង្រឹងការអប់រំ ១២ឆ្នាំនេះសំខាន់ … បើតាំងពីក្មេង ចូលបឋមរហូតទៅដល់អនុវិទ្យាល័យ អត្រានៃការដាក់ពាក្យនិងរៀនចប់របស់សិស្សមិនគ្រប់ តើអាចនិយាយដល់ឧត្តមសិក្សាយ៉ាងម៉េច? បើសិនជាសាលាអត់មានគ្រប់ សិស្សយើង ១០០នាក់ អាចរៀនត្រឹមចប់វិទ្យាល័យបានតែ ៦០នាក់ អញ្ចឹង ៤០នាក់ទៀត (មិនមានឱកាសបន្តរៀនសូត្រ)ចប់ហើយ។ ឧទាហរណ៍ មកបាន ៧៥%អនុវិទ្យាល័យ អញ្ចឹង ២៥%បានត្រឹមតែបឋមសិក្សា។ ២៥% នៃប្រជាជន ២០ម៉ឺននាក់(ត្រូវជា)ប៉ុន្មាន ក្នុងមួយឆ្នាំ? ហើយ ២០ម៉ឺននាក់ ត្រូវរស់មួយជីវិតជាមួយកម្រិតវប្បធម៌ថ្នាក់ទី៦។ យើងជួយយ៉ាងម៉េច? ពិតណាស់ មានលទ្ធភាពរៀនអីបន្ថែម បំពេញការងារអីបន្ថែម តែយើងចង់ឱ្យមានសមត្ថភាពរៀនបាន ១២ឆ្នាំ ហើយពង្រឹងការរៀន ១២ឆ្នាំនេះឱ្យបានច្រើន។

(១៧) ដោយ​បរិមាណនិងគុណភាពសិក្សា អាស្រ័យលើពេលវេលានិងចំនួនឆ្នាំនៃការសិក្សា ចំនួនឆ្នាំសិក្សាត្រូវបានបង្កើនពីត្រឹម ១០ឆ្នាំ មក ១២ឆ្នាំ

នេះគឺគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់តាំងពីឆ្នាំ ១៩៧៩មក … ពីដើម យើងមានត្រឹមថ្នាក់ទី ១០។ កាលខ្ញុំរៀនបាក់ឌូប្លិ៍ យើងមានត្រឹមថ្នាក់ទី ១០ទេ។ ថ្នាក់ទី ១០ហ្នឹងចប់បាក់ឌូប្លិ៍ហើយ។ ឆ្នាំ១៩៩០ ខ្ញុំចូលវិទ្យាល័យ។ ពេលនោះ (ប្រព័ន្ធសិក្សាបាន)ដំឡើងដល់១១ ឬ១២ឆ្នាំ ពីត្រឹម ១០ឆ្នាំពីមុនមក។ (ដោយ​សារថា)បរិមាណនិងគុណភាព វាអាស្រ័យទៅលើពេលវេលានិងចំនួនឆ្នាំនៃការរៀន ទើបបានជាយើងជំរុញ។ ប៉ុន្តែកុំភ័យអត់បន្ថែម ១៣ឆ្នាំសម្រាប់វិទ្យាល័យទេ គឺត្រឹមតែ ១២ឆ្នាំចប់ហើយ។ ឮពូថា រៀនកាន់តែយូរកាន់តែឆ្អិននៅវិទ្យាល័យ (តិចបារម្ភថា)បន្ថែមដល់ ១៣ឆ្នាំ។ មិនបាច់ទេ។ ១២ឆ្នាំ(គ្រប់គ្រាន់ហើយ)។ កាលជំនាន់ពូរៀន មានដូចឆ្នាំទី១៣អញ្ចឹង គេហៅថ្នាក់ត្រៀម មុននឹងចូលមហាវិទ្យាល័យ។ ឥឡូវអត់ទេ ចេញទៅអាចរៀនបន្តបាន ធ្វើម៉េចឲ្យតែឆ្អិន(ក្នុងការសិក្សា)១២ឆ្នាំ។

(១៨) ការរៀនសូត្រ ត្រូវគិត​គូរអំពីការពង្រាយសាលារៀន និងពង្រឹងម៉ោងសិក្សា

ការកសាង/បង្កើនហេដ្ឋារចនាសម្ព័ន្ធ(បម្រើឱ្យការសិក្សាជាអាទិភាព)មួយ ការបណ្តុះបណ្តាលគ្រូ និងយើងបន្ថែមការរៀបចំសិស្សចូលរៀន។ ការរៀបចំសិស្ស បង្កើនសមត្ថភាព បង្កើនវិន័យ បង្កើនអារម្មណ៍ … អ្នកស្រ​បាលខ្ញុំ រៀននៅទសវត្សឆ្នាំ១៩៨០ មានតែសៀវភៅចម្លងពីក្តារខៀនរបស់លោក/អ្នកគ្រូ។ នៅខេត្ត មិនស្រួលអត់(មាន)បណ្ណាល័យផង។ នៅភ្នំពេញ សៀវភៅរៀនមួយហ្នឹងមានតែ ៥ក្បាលទេ ឯសិស្សមាន ៣០០នាក់។ អត់មានអ្នកណាខ្ចីបានទេ មានតែកត់/ចម្លង មានតែទន្ទេញឱ្យចាំ។ ឥឡូវ ក្មួយៗមានសៀវភៅច្រើន មានទាំងសៀវ​ភៅឌីជីថលទៀត។ ពេលខ្លះជម្រើសច្រើនពេកវាក៏លំបាកដែរ។ ​ខ្ញុំនិយាយលេងសើចបន្តិចចុះ។ ប្អូនៗ ខ្លះ អាយុ៣០ជាង ៤០អីហើយអត់ទាន់យកប្រពន្ធ។ ខ្ញុំថាអត់យកប្រពន្ធមានតែពីរទេ។ ទី១ រកមិនទាន់បាន។ គូព្រេងមិនទាន់ដល់។ ទី២ មានជម្រើសច្រើនពេក។ ស្រឡាញ់មួយអាណិតមួយ មិនដឹងយកមួយណា។ បើពីដើម អត់ជម្រើស ឪពុក ម្ដាយភ្ជាប់ពាក្យការឲ្យតែម្តង។ អត់ចាំបាច់តវ៉ា។ និយាយលេង តែក៏មានរឿងហ្នឹងដែរ។ ជម្រើសនៃការរៀនត្រូវភ្ជាប់ជាមួយឆន្ទៈ សម្រួចការយល់ដឹងអំពីតម្លៃនៃការសិក្សា។ អំពីការខិតខំរៀនសូត្រ ត្រូវគិត​គូរអំពីការពង្រាយសាលារៀន និងពង្រឹងម៉ោងសិក្សា។

(១៩) “រៀន/បង្រៀនបូកថែមពីរម៉ោងវេនរសៀល ដោយមិនចំណាយច្រើន មិនបំពាក់ឧបករណ៍ទំនើបច្រើន ដើម្បីបង្កើនសមត្ថភាព …”

(សំរាប់ទីកន្លែងដែលមាន)សាលារៀន មានគ្រូ យើងថែមម៉ោងសិក្សា។ យើងបានសាកល្បងធ្វើ និងឃើញថាសាលាដែលរៀន ៦ម៉ោង ពីរវេន កម្រិត(សមត្ថភាពដែល)អាចទទួលបាន ខ្ពស់ជាងសិស្សដែលរៀន ៤ម៉ោង។ ឯកឧត្តម ហង់ជួន ណារ៉ុន បានប្រាប់ថានៅទូទាំងប្រទេស យើងមានតែ ២០០សាលារៀនទេដែលមានលទ្ធភាពរៀន ៤ម៉ោង ឬការសិក្សាដោយបូកថែមពីរ(ម៉ោងនៅពេលរសៀល)។ យើងបានសាកល្បង(ការរៀន/បង្រៀន)បូកថែមពីរ(ម៉ោងនៅវេនរសៀល)នេះ  ក្នុងសាលារូបមន្ត សាលាគំរូសាកមើល (ដើម្បីបញ្ជាក់)ថាតើរូបមន្តណា(ដែលសមស្រប)ដើម្បីបង្កើនសមត្ថភាព មិនត្រូវការចំណាយច្រើន មិនត្រូវការបំពាក់ឧបករណ៍ទំនើបអីច្រើន តែប្រើអ្វីដែលមានស្រាប់ ដោយថែមតែការរៀបចំពេលវេលាទៅ ហើយសិស្សអាចចូលរៀន (ជាការជួយឱ្យ)កើន(ការស្រូបចំណេះដឹង)បាន។

(២០) ឪពុកម្ដាយទី១ និងឪពុកម្ដាយទី២ មិនចង់ឃើញកូន/សិស្សរៀនខ្សោយទេ

ជាបថម សិស្សដែលធ្លាប់តែព្រឹកឡើងចេញពីផ្ទះ ថ្ងៃត្រង់បាយហើយដើរបង្ហោះកង់បាត់ពេលល្ងាច ដែលហ្នឹងជា(ករណី)សាលាមួយដែលខ្ញុំទៅជួបនៅកំពង់ស្ពឺ។ ម្តាយថា ឱ្យតែថ្ងៃឡើងកូនគាត់បង្ហោះកង់តាមផ្លូវ ហើយផ្លូវ៤៤ គេទើបធ្វើហើយល្អទៀត។ គាត់ខ្លាចឡានមកបុក។ ម្តាយអារម្មណ៍អត់នឹងនរ។ កូនហ្នឹងវាបង្ហោះកង់ជាមួយពួកម៉ាក អត់រៀនអត់អីទេ។ ពេលដាក់កម្មវិធីថែម ២ម៉ោង មិនបាច់ម៉ែដេញទេ កូនបានកែប្រែខ្លួនឯង។ ទៅដល់ផ្ទះ ហូបបាយហើយម៉ោង១ ងូតទឹកអង្គុយចាំម៉ែឲ្យជូនមករៀន។ ឈប់បង្ហោះកង់ ប្ដូរមកចូលសាលា។ មុននឹងរៀនកម្មវិធីបន្ថែមម៉ោង កូនប្តូរ(ទ​ម្លាប់)នេះ គាត់មានបងប្រុសជាគ្រូ។ ចង់ឱ្យជួយបង្រៀនបន្ថែម។ បងជាគ្រូថាពិបាកបង្រៀន ព្រោះក្មួយហ្នឹងអារម្មណ៍អត់រៀន វារវល់តែបង្ហោះកង់។ យូរៗ គាត់លែងចង់បង្រៀន។ដល់ថែម ២ម៉ោង វាចូលរៀន ប្តូរផ្នត់គំនិត។ ល្ងាចឡើង អ៊ំក៏ជួយបង្រៀនថែមទៀត។ នេះជាកត្តាសិស្ស។ លោកគ្រូអ្នកគ្រូក៏ចូលរួមក្នុងហ្នឹង។ សហគមន៍ក៏ចាប់ផ្តើមចូលរួមជួយបន្ថែមលើ(ហ្នឹង)។ គ្មានឪពុកម្ដាយណា(ដែលមិនចង់អោយកូនល្អនោះទេ)។ មិនថាឪពុកម្ដាយទី១ ដែលជាអ្នកបង្កើត ឬឪពុកម្ដាយទី២ ដែលជាគ្រូ (សុទ្ធតែមិនចង់)ឃើញកូន/សិស្សខ្លួនឯងរៀនខ្សោយនោះទេ។

(២១) ការបន្ថែមម៉ោងសិក្សា ជួយឱ្យគ្រូមានពេលពន្យល់មេរៀនបានច្រើនដល់សិស្ស

គ្មានឪពុកម្ដាយណាដែលសរសើរកូនដែលទៅរៀនជិះសុទ្ធតែ Scoopy ប្រើសុទ្ធតែ iPhone 18 តែធ្លាក់រៀនឌូប្លិឆ្នាំនោះទេ ហើយក៏គ្មានគ្រូណាសប្បាយចិត្ត ដែលឃើញសាលាខ្លួនមានសុទ្ធតែសិស្សជាអ្នកមានលទ្ធភាព ប៉ុន្តែមកប្រឡងបាក់ឌូប្លិ៍ម្តងៗ ធ្លាក់កន្លះសាលា ទេ។ នេះជាអ្វីដែលទាំងឪពុកម្តាយទាំងគ្រូ សុទ្ធតែគាំទ្រដើម្បីរុញការអប់រំកូនសិស្សឲ្យកើន។ យើងច្នៃប្រឌិតលទ្ធភាព ក្នុងនោះការបង្រៀនបន្ថែមម៉ោងគឺជាកត្តាមួយដែលយើងថាពីមុនបន្ថែមឆ្នាំ។ ខ្ញុំរៀន មធ្យមសិក្សា បាក់ឌូប្លិ៍មានត្រឹមតែ ១០ឆ្នាំ។ រដ្ឋាភិបាលសម្រេចថែមឲ្យរៀនដល់ ១២ឆ្នាំ ព្រោះយល់អំពីសារៈសំ​ខាន់នៅក្នុងការថែម(រយៈពេលសិក្សា)។ ពេលថែមម៉ោងឲ្យរៀន លោកគ្រូអាចមានពេលពន្យល់បានច្រើន … ជួនកាលមេរៀនដែលត្រូវបង្រៀន ៨ម៉ោង ឲ្យគាត់បង្រៀន ៤ម៉ោង។ គាត់ពិបាកសង្ខេប មិនដឹងយកមួយណា។ ដល់ថែមពីរម៉ោងឲ្យ គាត់បាន ៦ម៉ោង គាត់អាចថែមម៉ោងស្រួល។ ជួនកាល ម៉ោងបន្ថែមដែលសាកល្បងនោះ គឺម៉ោងសម្រាប់ជួយលម្អិតបន្ថែមជំនួសឲ្យការរៀនគួរគឺសិស្សចូលមករៀន។ កន្លែងខ្លះគេឲ្យ(ម៉ោងបន្ថែមនេះ)សម្រាប់បំពេញ ពេលគ្រូបង្រៀនពីព្រឹកអត់សូវច្បាស់ ល្ងាចមកសួរបន្ថែម។

(២២) “ល្បឿនរបស់ក្រុមស្មើនឹងល្បឿននៃអ្នកយឺតជាងគេបំផុត”

គន្លឹះរបស់ខ្ញុំ មិនមែនតែរឿងថែមម៉ោងយករូបភាពទេ។ ត្រូវវាយតម្លៃឱ្យខ្ញុំ។ មធ្យមភាគសិស្សសាលាហ្នឹង ទាំងអ្នករៀនខ្សោយជាងគេបំផុត តើកើនឬអត់។ ចង់មើលអ្នកខ្សោយជាងគេ។ ក្បួនទាហានគេថា “ល្បឿនរបស់ក្រុមស្មើនឹងល្បឿននៃអ្នកយឺតជាងគេបំផុត” (A squad is only as fast as its slowest member) ព្រោះគេមិនឲ្យដាច់គ្នាលើសពី ៣ម៉ែត្រទេ។ ហ៊ានតែលើសពី ៣ម៉ែត្រគឺមួយក្រុមហ្នឹងត្រូវធ្លាក់តែម្តង។ អញ្ចឹង ធ្វើម៉េចក៏ដោយ លីក៏ដោយស្ពាយក៏ដោយ ដើម្បីឱ្យបានលឿនត្រូវជួយគ្នា។ (ក្នុងការ)រៀនក៏ដូចគ្នា។ មើលពិន្ទុសិស្សដែលខ្សោយជាងគេបំផុត តើកើនឬអត់។ ហ្នឹងដែលជាជោគជ័យ។ សិស្សពូកែ គាត់ខំប្រឹង ឲ្យឱកាសបន្ថែម គាត់រៀនកាន់តែពូកែ ប៉ុន្តែសិស្សដែលខ្សោយ (តើគាត់ខ្សោយ)ដោយសារអី។

(២៣) “ឥរិយាបថគោរពគ្នា ការទទួលខុសត្រូវ ការថែមម៉ោងសិក្សា ធ្វើកម្មវិធីឲ្យស្រប ជាគោលការណ៍ ជាគោលគំនិត និងជាទិសដៅ”

សម្លឹងមើលទៅសាលា ១០០ជាង ក្នុងគណៈកម្មាធិការដែលរៀបចំសាកល្បង … មិននិយាយរឿងឥរិយាបថ ដែលថាពីមុនងើបឡើងមិនដឹងស្អីជាស្អី មករៀនផងមិនសិតសក់ផង ឥឡូវមុននឹងចូលដេក កូនៗថ្នាក់បឋមហ្នឹងរៀបកាតាបរៀបអីឲ្យហើយ។ ព្រឹកឡើងបត់ភួយបត់អីខ្លួនឯងធ្វើឱ្យម៉ែភ្ញាក់ផ្អើលដែរ។ មកដល់សាលា លោក/អ្នក​គ្រូ ដែលកាលមុនអៀនក្នុងការសំពះជម្រាបសួរគ្នា ឥឡូវការជម្រាបសួរគ្នាក្លាយទៅជាការធម្មតា។ ការបង្ហាញឥរិយាបថគោរពគ្នា ការទទួលខុសត្រូវ ការអប់រំថែមម៉ោង ថែមកម្មវិធីឲ្យស្រប ជាគោលការណ៍ ជាគោលគំនិត ជាទិសដៅរបស់យើងទៅថ្ងៃក្រោយ។ យើងនឹងពង្រីកជាជំហានៗ … ធ្វើម៉េចឱ្យការសិក្សា ១២ឆ្នាំនេះមានលទ្ធភាពរៀនបាន ៦ម៉ោង។ យើងមិនអាចពង្រីកម្តង ១ម៉ឺនសាលា ទាំងអនុវិទ្យាល័យទាំងវិទ្យាល័យ ទាំងបឋមសិក្សាទេ។

(២៤) កំណត់ចក្ខុវិស័យថា សាលារៀន ៦ម៉ោង នឹងកើនពី ៦%បច្ចុប្បន្ន ទៅគ្របដណ្តប់ទូទាំងប្រទេស

យើងខិតខំដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ដោះស្រាយចំនួនគ្រូ  បំប៉នរៀបចំឲ្យបានត្រូវ។  យើងត្រូវកំ​ណត់​ថានេះជាចក្ខុវិស័យ។ មិនខុសពីនៅឆ្នាំ ១៩៩៨-២០០០ ដែលសម្តេចតេជោ ដាក់គោលនយោបាយពង្រាយសាលាបឋមសិក្សា និងអនុវិទ្យាល័យឲ្យបានគ្រប់ឃុំនោះទេ។ យើងដាក់ចក្ខុវិស័យនេះកាលពី ២០ឆ្នាំមុន។ ឥឡូវយើងមានលើសពីចំនួនហ្នឹង។ សំខាន់កំណត់ចក្ខុវិស័យពីពេលនេះទៅខាងមុខ សាលាដែលអាចរៀន៦ម៉ោង ត្រូវមានលទ្ធភាពកើនពី ៦ភាគរយនេះ ទៅដល់ការគ្របដណ្តប់ទូទាំងប្រទេស។ នេះជាកិច្ចការដែលត្រូវតែធ្វើ។ ក្រសួងអប់រំ បូកជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវគិតគូររៀបចំដើម្បីយើងកែសម្រួលគុណភាពសាលា។ ក្នុងការអប់រំ យើងត្រូវគិតគូរអំពីគុណភាពសាលា ដែលវាផ្អែកទៅលើអ្វីគុណភាពគ្រូ គុណភាពសិស្ស ទាំងពីរហ្នឹងបូកចូលគ្នា យើងថាបាន ៨០ភាគរយ រីឯ ២០ភាគរយទៀតគឺគុណភាពហេដ្ឋារចនាសម្ព័ន្ធ(បម្រើឱ្យការសិក្សា)។ ការរៀបចំដើម្បីឲ្យយើងមានលទ្ធភាពគឺច្នៃប្រឌិតក្នុងដំណាក់កាលដែលចាំបាច់។

(២៥) “ចាប់ពីឆ្នាំ ១៩៧៩មក ពេលមានលទ្ធភាព សង់សាលាថ្ម … សាលានៅឆ្ងាយដាច់ស្រយាល ក៏សង់ក្នុងស្តង់ដារហេដ្ឋារចនាសម្ព័ន្ធមួយមិនអន់ទេ …”

សាលានៅទីនេះ មិនមែនទើបបើកនៅពេលដែលយើងធ្វើអគារថ្មទេ។ មែនទេ? បើកតាំងពីក្រោយឆ្នាំ ១៩៧៩មក។ ខ្ញុំអត់ច្បាស់អំពីប្រវត្តិទេ។ មិនដឹងសល់អីខ្លះទេ។ សាលាខ្លះ អត់មានសល់អីទេ។ សាលាខ្លះរៀបចំឈើឡើងវិញ។ ចាប់ពីឆ្នាំ ១៩៧៩មក ពេលដែលយើងមានលទ្ធភាព យើងបង្កើតជាថ្ម។ នៅសាលាដែលពង្រាយទៅឆ្ងាយ នៅជនបទដាច់ស្រយាល កន្លែងខ្លះយើងធ្វើក្នុងកម្រិតស្តង់ដាជាហេដ្ឋារចនាសម្ព័ន្ធមួយមិនអន់ទេ ប៉ុន្តែប្រើថវិកាក្នុងកម្រិតណាមួយ។ សាលានៅជាយក្រុងយើងប្រើកម្រិតមួយ សាលានៅក្រុងកម្រិតខ្ពស់។ ហ្នឹងយើងនិយាយក្នុងក្របខ័ណ្ឌសាលារដ្ឋទេ។ ឯសាលាឯកជន ជាពិសេសសមាគមឧកញ៉ា ខ្ញុំលើកទឹកចិត្តឲ្យសង់កន្លែងណាក៏ស្តង់ដាតែមួយ។ នេះគឺជាការច្នៃប្រឌិត។

(២៦) “ខ្វះគ្រូ ១ម៉ឺននាក់នៅទូទាំងប្រទេស តែក្នុង ១ឆ្នាំ បណ្តុះបណ្ដាលបានតែ ៣ពាន់នាក់ …”

លោក/អ្នកគ្រូក៏ដូចគ្នា។ ខ្ញុំបានសួរ។ ឯកឧត្តម ហង់ជួន ណារ៉ុន ប្រាប់ថាយើងខ្វះប្រហែល ១ម៉ឺននាក់ នៅទូទាំងប្រទេស។ ក្នុង ១ឆ្នាំ យើងបណ្តុះបណ្ដាលបានតែ ៣ពាន់នាក់ទេ។ ហើយក្នុង ១ម៉ឺននាក់ហ្នឹង ក៏មានអ្នកចូលនិវត្តន៍ អ្នកបោះបង់ អ្នកអីទៀត។ ដូច្នេះ បើយើងប្រើរូបមន្តដដែល យើងបណ្តុះបណ្តាលគ្រូ ១ឆ្នាំ ១ម៉ឺននាក់វានឹងពិបាក គិតទាំងពីគុណភាពផងស្អីផង។ យើងបំពេញបន្ថែម(ចំនួនគ្រូដែលត្រូវការ) តែយើងប្រើរូបមន្តផ្សេងទៀត។ កន្លងទៅ យើងសាកល្បងប្រើប្រាស់លោក/អ្នកគ្រូកិច្ចសន្យា ប្រើនិយាមមួយចំនួនក្នុងការរើស។ ឥឡូវយើងក៏នៅមានដែរ។ កិច្ចសន្យាផ្អែកលើការងារ។ តែកម្រិតនិយាមបូកជាមួយនឹងអត្ថប្រយោជន៍សម្រាប់លោក/អ្នកគ្រូឲ្យបានខ្ពស់។ យើងសាកល្បង(រូបមន្ត)ហ្នឹងទៀត។ គ្មានត្រូវខ្លាចក្នុងការសាកល្បងទេ។ ការ​នៅនឹងថ្កល់អត់ដើរហ្នឹងហើយ ដែលដួលក្នុងសម័យនេះ។

(២៧) “ក្រសួងអប់រំ យុវជននិងកីឡា សិក្សាសាងសង់សាលា តម្លៃចន្លោះពី៥ ទៅ៦ម៉ឺនដុល្លារ/ខ្នង …”

ពីមុនគេថា បើមិនខូចកុំជួសជុលវា។ ទុកឲ្យវាអញ្ចឹងទៅ។ បើវាធ្លាប់ដើរមក ១០ឆ្នាំហើយ ទុកឲ្យវានៅ ១០ឆ្នាំទៀតទៅ។ សំរាប់ឥឡូវមិនបានទេ។ ខុសពីប្រាសាទខុសពីកន្លែងអភិរក្ស។ សូម្បីផ្ទះអភិរក្សក្នុងប្រទេសនិមួយៗ​ ដូចនៅក្នុងភ្នំពេញហ្នឹង ខាងក្រៅគេឲ្យអភិរក្ស តែខាងក្នុងគេឲ្យអភិវឌ្ឍន៍។ ទៅមើលសណ្ឋាគារ  Le Royal នៅខាងក្រៅអត់ឲ្យធ្វើអីទេ តែនៅខាងក្នុងគេបំពាក់អ៊ីនធឺណិត គេបំពាក់អី។ បើមិនអញ្ចឹងអត់មានភ្ញៀវណា(មកស្នាក់ទេ) បើ(នៅប្រើ)កង្ហារដូចឆ្នាំ១៩៧០។ យើងត្រូវសិក្សារកវិធីដោះស្រាយ។ មិនអាចបន្ថយគុណភាពទេ។ គុណភាពមានន័យថាមិនបន្ថយសំណង់ មានន័យថាមិនបន្ថយឈើទៅប្រើអីវិញទេ ឬមួយក៏ធ្វើ ប៉ុន្តែយើងមានដដែល គ្រាន់តែជួនកាលយើងអត់សូវបានប្រណីតភាពដូច … ថ្ងៃមុនខ្ញុំទៅសាលានៅ(ភូមិ)ជនភៀសសឹក។ ខ្ញុំឲ្យរៀបចំ។ ក្រសួងអប់រំ យុវជន និងកីឡា សិក្សាថ្មីសាលាមួយខ្នង។ យើងអាចធ្វើ(សាលាមួយខ្នង)បាន (ក្នុងតម្លៃ)ចន្លោះពី៥ ទៅ៦ម៉ឺន(ដុល្លារ)។ ធ្វើពីឥដ្ឋ មានរចនាសម្ព័ន្ធសំណង់ដូចគ្នា ហើយស្តង់ដានៅខាងក្រោមខុសគ្នាត្រង់អី? បើសាលាយើងធម្មតា ពី ១០ទៅ ១៣ម៉ឺនក្នុងមួយអគារ។

(២៨) បង្កើនចំនួនសាលានៅជនបទឱ្យមានគុណភាពសមរម្យ តែផ្អាកការចំណាយលើប្រណិតភាព

អញ្ចឹង បើយើងយកស្តង់ដានេះទៅធ្វើ ខុសគ្នាទី១ ឧ. សាលាស្តង់ដា ១០ម៉ឺនដែលយើងធ្វើ។ ឯកឧត្តម ខេង សុមេធ និងក្រសួងអប់រំធ្វើចាក់ប្លង់សេពីខាងក្នុង។ យើងចាក់ប្លង់សេពីខាងក្នុងដើម្បីកុំឲ្យវាក្តៅ។  ប៉ុន្តែ (គំរូស្ថាបត្យកម្ម)សាលាថ្មីនេះ យើងអត់ចាក់ប្លង់សេទេ។ យើងដាក់ស័ង្កសីដែលមានអាំងសូឡង់ មានអេប៉ុងនៅខាងក្នុង មានស្នោនៅខាងក្នុងដើម្បីស្រូបកម្ដៅ។ នៅក្រៅប្រទេស គេប្រើសង្កសីហ្នឹងដែរ ដោយវាកាត់បន្ថយកម្ដៅ។ (ខុសគ្នា)ទី២ សាលានៅក្នុងក្រុង យើងរៀបក្បឿង។ សាលាជាយក្រុងក្បឿង។ តែសាលាជនបទឆ្ងាយ យើងរៀបស័ង្កសីប្រភេទហ្នឹង។ វាចំណេញឆ្អឹង។ បើយើងរៀបក្បឿង តម្លៃក្បឿង និងតម្លៃស័ង្កសីហ្នឹងដូចគ្នា គិតជាការ៉េប៉ុន្តែចំណេញឆ្អឹង។ បើរៀបក្បឿង ត្រូវដាក់ឆ្អឹងដែក ដែលអស់ថ្លៃច្រើន។ រៀបស័ង្កសីស្រាល។ ភ្លៀងអីមកអត់ឮទេ។ យើងគប្បីពង្រីកការច្នៃប្រឌិតបែបនេះឱ្យបានច្រើន។ អញ្ចឹងខ្ញុំសូមប្រកាសម្ដងទៀត សូមឪពុកម្ដាយ មា​តា​បិតាសិស្សមានការយោគយល់ … ថ្ងៃក្រោយ យើងប្រហែលជាមានសាលាតាមស្តង់ដាមួយចំនួន ជាពិសេសសាលាជនបទ ដែលត្រូវពង្រីកឱ្យបានសមរម្យ មានគុណភាពសមរម្យ តែប្រណីតភាពក្បឿងអីនោះប្រហែលជាយើងអាចថយសិន។

(២៩) សាលាក្នុងក្រុង និងជាយក្រុងទីប្រជុំជន រក្សាស្តង់ដាដដែល, សាលាឆ្ងាយប្រើស្តង់ដាថ្មី ដើម្បីសង់បានច្រើន

សាលានៅក្នុងក្រុងរក្សាស្តង់ដាដដែល។ សាលានៅជាយក្រុងដែលថាទីប្រជុំជននៅរក្សាដដែល។ កន្លែងឆ្ងាយ (យើងត្រូវប្រើស្តង់ដាថ្មីសិន)។ បើសិនជាយើងធ្វើមួយអគារ ប្រណីតអស់ ១០ទៅ ១៣ម៉ឺន ហើយយើងធ្វើសា​លាស្តង់ដាថ្មីនោះ អស់តែ ៥ទៅ ៦ម៉ឺន អញ្ចឹងយើងអាចពង្រាយ ២អគារស្មើនឹង ៤អគារ ពិសេសនៅភូមិថ្មីៗ ដូចជាភូមិជនភៀសសឹកអីហ្នឹង … ហ្នឹងយើងខិតខំដាក់ចេញគោលនយោបាយទាក់ទងទៅនឹងការពង្រាយសា​លា​ទៅពេលខាងមុខ។ ​ខ្ញុំសូមស្វាគមន៍និងអំពាវនាវឱ្យមានការចូលរួមពីសប្បុរសជន ពីសហគមន៍ផ្សេងៗ ដែលនៅកន្លែងខ្លះមានសហគមន៍ និង/ឬសប្បុ​រស​ជននៅនឹងកន្លែងជួយតែម្ដង។ ដូចនៅសាលាព្រៃឈរ ដែលត្រូវទៅសម្ពោធ(ថ្ងៃមុខ) គឺសប្បុរសជនជាអតីតសិស្សនៅសាលាហ្នឹង ជាអ្នកព្រៃឈរ ឥឡូវ​មានជីវភាពខ្ពស់ដូចឧកញ៉ា លាង ឃុន ឧក​ញ៉ា លាង ម៉េង ទៅជួយនៅហ្នឹងដែរ។ អគារកន្លែងខ្លះក៏មានចូលរួមក្នុងការកសាងដោយឯកឧត្តម កើត រិទ្ធ។ អញ្ចឹង រួមគ្នានៅក្នុងការពង្រីក(ហេដ្ឋារចនាសម្ព័ន្ធបម្រើអោយការសិក្សា)ទាំងអស់នេះ។ យើងត្រូវច្នៃប្រឌិតថវិ​កាជាតិរបស់យើង … ពិតណាស់ អង្គការដៃគូជួយយើងខ្លះ តែយើងខិតខំច្នៃប្រឌិតដើម្បីម្ចាស់ការខ្លួនឯង។ ​

(៣០) “ដើម្បីពង្រឹងវិទ្យាសាស្ត្រថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យបាន ទាល់តែមូលដ្ឋានគ្រឹះគណិតវិទ្យាពីថ្នាក់បឋមសិក្សារឹងមាំ …”

អំពីការពង្រាយសាលា តាមដែលខ្ញុំចុះទៅ(ពិនិត្យនៅ)ជនបទ កន្លែងខ្លះមានបញ្ហា។ ការដែលថា(មួយថ្នាក់ៗ)មានសិស្សច្រើន ក៏ដោយសាររឿង ២ហ្នឹង គឺឬមួយខ្វះថ្នាក់រៀននិង/ឬមួយខ្វះគ្រូ ដែលធ្វើឱ្យត្រូវបង្ខំចិត្តរៀនក្នុងមួយថ្នាក់ៗ ក្នុងចំនួនច្រើន។ ថ្នាក់ខ្លះ មានសិស្ស ៨០នាក់ ថ្នាក់ខ្លះ មានលើសពីហ្នឹងទៅទៀត។ ជាការដោះស្រាយបញ្ហា ក្រសួងអប់រំបានយកចិត្តទុកដាក់ផ្តោតលើការពង្រឹងក្នុងផ្នែកវិទ្យាសាស្ត្រ ជាពិសេសអនុ​វិទ្យាល័យ និងវិទ្យាល័យ។ តែដើម្បីឱ្យអនុវិទ្យាល័យ និងវិទ្យាល័យ អាចពង្រឹងវិទ្យាសាស្ត្របានខ្លាំង ទាល់តែមូលដ្ឋានគ្រឹះគណិតវិទ្យានៅថ្នាក់បឋមសិក្សារឹងមាំ។ បើអត់គ្រឹះរឹងមាំហើយ យើងពិបាកហើយ។ ឱ្យរៀនឡើងវិញ អត់មានពេលរៀនឡើងមកវិញទេ។ វាតគ្នាជាសង្វាក់តាំងពីតូចទៅ។ អញ្ចឹង ក្រសួងអប់រំ ត្រូវបន្តធ្វើការខិតខំរៀបចំគម្រោងកម្មវិធីសិក្សាថ្មី ដែល ឯកឧត្តម ហង់ជួន ណារ៉ុន បានកែសម្រួល ពី(កម្មវិធីសិក្សាក្នុង)អា​ណត្តិមុនៗ ក្នុងនោះបណ្តារដ្ឋមន្ត្រីមុនៗ មានឯកឧត្តម អ៊ឹម សិទ្ធី ជាដើម ក៏បានកែសម្រួលមកជាប្រចាំ។

(៣១) “ក្នុងស្ថានភាពពិភពលោកកំ​ពុងប្រែប្រួលលឿន ត្រូវធ្វើនវានុវត្តន៍ជាប្រចាំ ទើបអាចរីកចម្រើន …”

មានតែការធ្វើនវានុវត្តន៍ជាប្រចាំទេ ទើបយើងអាចរីកចម្រើន ជាពិសេសនវានុវត្តន៍ក្នុងស្ថានភាពនៃពិភពលោក កំ​ពុងប្រែប្រួលលឿន។ អញ្ចឹង ការផ្ដោតលើការពង្រឹងមូលដ្ឋានគ្រឹះនេះ ថ្ងៃមុន ខ្ញុំថា ថែម ២ម៉ោង និងផ្ដោតទៅលើអក្សរសាស្ត្រខ្មែរនិងគណិត។ ឃើញមានខំមិ្មនជាច្រើនថា ភាសាអង់គ្លេសក៏សំខាន់ ត្រូវតែរៀនឱ្យច្រើន រូប គីមី ក៏រៀនឱ្យច្រើន និយាយរួមសឹងតែគ្រប់មុខទាំងអស់ ត្រូវថែមឱ្យច្រើន នៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ។ ប៉ុន្តែនេះយើងនិយាយពីកម្រិតបឋមសិក្សា។ យើងមាន(ម៉ោងថែម)តែ ២ម៉ោង។ ភាសាបរទេសសំខាន់។ ប៉ុន្តែរវាងភាសាបរទេសជាមួយភាសាខ្មែរ ខ្ញុំគិតថាឱ្យអាទិភាពទៅភាសាខ្មែរ យ៉ាងហោចអោយបាន ៦ឆ្នាំមុន ឱ្យបានច្រើនដើម្បីមានមូលដ្ឋាន។ យើងរៀនភាសាបរទេសបន្ទាប់បន្សំ។ ទោះបីជាទៅថ្ងៃក្រោយរៀនជាអ្នកបកប្រែ ខ្ញុំរៀនចប់ថ្នាក់ទី១២ អត់ចេះភា​សាអង់គ្លេសទេ។ កាលនោះមុនទៅរៀនថ្នាក់ទី ១២ហ្នឹង រៀនបានបន្តិច។

(៣២) មុខវិជ្ជាអ្វីក៏សំខាន់ ប៉ុន្តែនៅថ្នាក់បឋមសិក្សា ត្រូវសិក្សាគណិត​វិទ្យា និងអក្សរសាស្ត្រខ្មែរឱ្យបានច្រើន

ខ្ញុំចាំជាងគេគឺជិះយន្តហោះទៅអាមេរិកដំបូង។ កម្មង់ម្ហូបអត់ចេញ។ គេសួរថាអ្នកឯងចង់បានម្ហូបនេះឬទេ។ គេមិនសួរអ្នកឯងចង់បានមួយនេះទេ គេសួរ Don’t you want water? គេសួរថា អ្នកឯងអត់ចង់បានទឹកទេឬ? ខ្ញុំងក់ក្បាល។ មួយយប់នោះ អត់មានទឹកផឹក។ បើគេសួរ Do you want water? យើងងក់ក្បាល ហ្នឹងគេយកទឹកឱ្យ។ ដល់គេសួរយើងជា អវិជ្ជមាន គេថាអ្នកឯងអត់ចង់ផឹកទឹកទេឬ? យើងងក់ក្បាល បានន័យថាយើងអត់ចង់ផឹកទឹកហើយ។ តែយើងមានឱកាសរៀន … ខ្ញុំថា ស្អីក៏សំខាន់ដែរ ប៉ុន្តែត្រូវគិតឱ្យច្បាស់ពីស្នូល ជាពិសេសថ្នាក់បឋមសិក្សា គឺគណិត​វិទ្យា និងអក្សរសាស្ត្រខ្មែរឱ្យបានច្រើន។ អាចបូកបញ្ចូលភាសាខ្លះ ប៉ុន្តែ(យើងថែមបានតែ ២)ម៉ោង  … ចាំដល់ថ្នាក់អនុវិទ្យាល័យ យើងថែមទៅ។ ហ្នឹងយើងមានឱកាស។ ភាសា និងឌីជីថល មិនមែនមិនសំខាន់ទេ។

(៣៣) “ថ្នាក់រៀនរបៀបឌីជីថល សិស្សរៀនគ្មានសៀវភៅទេ … តែបើលឿនពេក ប្រយ័ត្នបាត់បង់មូលដ្ឋាន”

សម័យនេះ យើងត្រូវបង្រៀនឌីជីថល ប៉ុន្តែរៀនកម្រិតណាត្រូវដាក់ទិសដៅឱ្យច្បាស់។ កុំឱ្យតែឌីជីថល បានន័យថា រៀនថ្នាក់ឌីជីថល ខុសពីរៀនក្នុងថ្នាក់រៀនឌីជីថល។ ពាក្យពីរហ្នឹងខុសគ្នា។ បើអង់គ្លេសថា Digital class ខុសពី Digital classroom។ ថ្នាក់រៀនអំពីឌីជីថល រៀនពីកុំព្យូទ័រ បានន័យថា ចូលទៅ គេបង្រៀនមេរៀនសំខាន់ៗ ប្រើកុំព្យូទ័រ Microsoft Excel អីហ្នឹង។ តែបើថ្នាក់រៀនៗ របៀបឌីជីថល នៅក្នុងហ្នឹងសិស្សមិនបាច់រៀនមានសៀវភៅទៀតទេ គឺចូលទៅប្រើ tablet … ក្នុងកម្រិតនេះ ខ្ញុំសូមឱ្យវាយតម្លៃឱ្យច្បាស់។ ខ្ញុំបានប្រាប់ទៅ ឯកឧត្តម ហង់ជួន ណារ៉ុន ឯកឧត្តម ជា វ៉ាន់ដេត ថាបើលឿនពេក ប្រយ័ត្នបាត់បង់មូលដ្ឋាន។ ល្អហើយ ប៉ុន្តែត្រូវមានពេលវេលា និងកម្រិតណា ដាក់ឱ្យស្រប។ តើថ្នាក់បឋម ចាំបាច់ត្រូវប្រើ tablet ប្រើស្អីរៀនឬទេ? មិនអញ្ចឹងទេ។

(៣៤) “ជាគោលនយោបាយរាជរដ្ឋាភិបាល … សិស្សត្រូវរៀនដោយប្រើសៀវភៅ ជាពិសេសថ្នាក់បឋមសិក្សា”

ការរៀន មិនត្រូវចោលការអានសៀវភៅទេ … ខ្ញុំសូមឱ្យយកចិត្តទុកដាក់លើសៀវភៅក្រដាស កុំយកសៀវភៅឌីជីថល ជាពិសេសថ្នាក់បឋមសិក្សាហ្នឹង។ រៀនឌីជីថល រៀនត្រឹមមួយកម្រិតណាបានហើយ រៀនឱ្យចេះប្រើកុំព្យូទ័រ Microsoft បម្រើឱ្យការរៀនបន្ត ចេះស្រាវជ្រាវ តែ​កុំយកសៀវភៅឌីជីថល ឱ្យសិស្សរៀនតាំងពីថ្នាក់ទី១ រហូតថ្នាក់ទី៦។ ហ្នឹងសម្រាប់ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ខ្ញុំថា ត្រូវតែឱ្យសិស្សរៀន(ដោយប្រើ)សៀវភៅ។ កុំចោលសៀវភៅឱ្យសោះ។ ថាអញ្ចឹងអត់ទំនើបទេ? ខ្ញុំថាទំនើប វាមានពេលវេលារបស់វា។ “នឹងលើរង្គើក្រោម” ប្រយ័ត្នថ្ងៃណាមួយ អ៊ីនធឺណិតគាំង អត់ភ្លើង អត់មានអីទាំងអស់ ឃើញសៀវភៅអត់ដឹងថាប្រើ យ៉ាងម៉េច។ ត្រូវឱ្យច្បាស់។ រឿងនេះមិនមែនចេះតែយើងគិតទេ។ មានបទពិសោធពីបរទេស។ ឥឡូវហ្នឹងប្រទេសកាន់តែច្រើនងាកមក(ការប្រើប្រាស់សៀវភៅវិញហើយ)។

(៣៥) “ប្រទេសដំបូងគេដែលធ្វើ Digital classroom … បកមកបោះពុម្ពសៀវភៅឱ្យសិស្សអានវិញ”

ម្សិលមិញ ខ្ញុំបញ្ជូនឱ្យឯកឧត្តម ហង់ជួន ណារ៉ុន (នូវតំណព័ត៌មានមួយស្តីពី)ប្រទេសស៊ុយអែត។ ប្រទេសហ្នឹង លេខ១ មុនគេបំផុត ដែលឱ្យថ្នាក់រៀនទាំងអស់ ក្លាយជាថ្នាក់រៀនឌីជីថល។ Digital classroom គឺគាត់ដូរសៀវភៅចេញទាំងអស់ ឱ្យសិស្សរៀនពី tablet ទាំងអស់។ ឥឡូវគាត់ឈប់ឱ្យប្រើក្នុង Classroom។ គាត់ចំណាយរាប់លានអឺរ៉ូបោះពុម្ពសៀវភៅយកឱ្យសិស្សអានវិញ។ មើលបទពិសោធគេផង។ ប្រទេសគេលឿន។ មិនមែនឌីជីថលអត់ប្រយោជន៍ទេ។ ប៉ុន្តែត្រូវមានពេលវេលារបស់វា។ ហេតុអី? ទី១ គាត់ឃើញថាការដែលស្អីៗ ប្រើឌីជីថលទាំងអស់ សិស្សខ្សោយក្នុងការអាន។ បើប្រៀបធៀបរវាងអ្នកអានសៀវភៅ និងអានលើអ៊ីនធឺណិត អ្នកអានលើសៀវភៅផ្ចិតផ្ចង់ជាង។ អ្នកអានកាសែតក៏ដូចគ្នា។ យើងផ្ចិតផ្ចង់។

(៣៦) មានការកត់សម្គាល់ថា ការប្រើអ៊ីនធឺណិតយូរ ធ្វើឱ្យសមត្ថភាពអាន និងកម្រិតការស្រាវជ្រាវធ្លាក់ចុះ

តែលើអ៊ីនធឺណិត យើងមើលបន្តិច ក៏ស្ក្រូល(រុញទៅលើឬទៅក្រោម ជាមូលហេតុ)ទី១ មានរំលងច្រើន។ ទី២ ការអានលើអ៊ីនធឺណិត វាប៉ះពាល់ភ្នែកផង វាប៉ះពាល់ការចងចាំផង។ គេឃើញថា ពេលដែលប្រើអ៊ីនធឺណិត យូរទៅ (សមត្ថភាព)អំណានធ្លាក់ចុះ កម្រិតការស្រាវជ្រាវក៏ធ្លាក់ចុះ។ ប្រើឌីជីថល សិស្សអត់ចាប់អារម្មណ៍។ បើអានសៀវភៅឱ្យមួយម៉ោងអាន ១០សន្លឹកគឺយើងផ្ដោតទៅលើអាន ១០សន្លឹក។ តែបើឱ្យក្មេងកាន់ស្មាតហ្វូន​មួយ អានអត្ថបទ ១០សន្លឹក មួយម៉ោងហ្នឹង មើលបានមួយសន្លឹក តែបើកលេងអីផ្សេង។ ជួនកាលមើល តែដល់ពេលឃើញពាក្យហ្នឹង ចាប់ផ្ដើមចូល Google វាយ search បន្ត។ អញ្ចឹង អត់ចប់ទេ អំណាន ១០សន្លឹកហ្នឹង។ ការផ្ដោតអារម្មណ៍ទៅលើកិច្ចការ/task ថយ។ ​ទី២ សិស្សចាប់ផ្ដើមខ្សោយ ខាងស្រាវជ្រាវ។ គេមើលសៀវភៅ គេស្រាវជ្រាវ។ ឥឡូវ AI ស្រាវជ្រាវទាំងអស់។ បន្តិចទៀត ខ្ញុំចាក់ AI ឱ្យស្តាប់។

(៣៧) អំណាន ធ្វើឱ្យបែកគំនិត មើលឃើញទិដ្ឋភាពនានា …

ល្ងាចមិញ ខ្ញុំសួរជំនួយការយូរពេក ខ្ញុំសួរ AI។ AI ឆ្លើយមកបានផ្ទៀងផ្ទាត់ជា​មួយជំនួយការ។ ចុងក្រោយ មួយទៀតមិនដឹងថាត្រូវមិនត្រូវទេ មើលតែបន្តិច ហៅនាយកសាលា ហៅគ្រូឡើងមក។ តើ AI ត្រូវអត់? និយាយអញ្ចឹង មិនមែនថាឱ្យប្រើ AI ក្នុងសាលាទេ។ ដោយសារអី? ពេលដែលយើងអានសៀវភៅ អានស្រាវជ្រាវ។ ឧ. ប្រធានបទមួយ យើងស្រាវជ្រាវ យើងវាយអក្សរ អានសៀវភៅ ១០ ហ្នឹង កម្រិតឧត្តមសិក្សា។ ដូចសាកលវិទ្យាល័យ Harvard នៅអាមេរិក ថ្ងៃមុនចាប់ផ្ដើមបន្ថយឡើងវិញ។ គ្រូលែងឱ្យយកការស្រាវជ្រាវ ដែលប្រើ(បញ្ញាសិប្បនិម្មិត (AI) ក្នុងការសិក្សានិងការធ្វើសារណាស្រាវជ្រាវ(Thesis) របស់និស្សិត) … ព្រោះអី? ពេលដែលយើងស្រាវជ្រាវប្រធានបទមួយ យើងអានសៀវភៅ១០។ ពេលដែលយើងអាន យើងបែកគំនិត។ យើងឃើញទិដ្ឋភាពផ្សេងៗ ជួនកាលដូរទាំងប្រធានបទ។ តែបើស្រាវជ្រាវ AI វាយតែអ្វីចង់រកទៅ វាអត់យកអីផ្សេងឱ្យមើលទេ គឺវាដាក់តែរបស់ដែលយើងយកហ្នឹង។ អញ្ចឹងស្រួល ខ្លី លឿន ប៉ុន្តែការស្រាវជ្រាវថយ។ ហ្នឹងកម្រិតខ្ពស់។ ក្មេងៗ ក៏ដូចគ្នា។ ក្មេងៗ ឥឡូវលែងសូវបារម្ភហើយ។ គ្រូបង្រៀនលែងស្តាប់។ គាត់ចុច record យកតែម្ដង។ កម្មវិធីខ្លះ ជួយសរសេរឱ្យទៀត។ ជាមួយ AI ឥឡូវ កាលមុនត្រឹម record យកទៅ។

(៣៨) ប្រើ AI ជាជំនួយ កុំប្រើជំនួសគ្រូនិងឯកសារ/សៀវភៅ

កាលខ្ញុំរៀននៅអាមេរិក មុនចូលសាលាទាហាន។ ដោយសារ(កម្រិត)ភាសា(អង់គ្លេសមិនទាន់គ្រប់) ទៅរៀនមួយម៉ោង ៤០នាទី ខ្ញុំថតអាត់សម្លេង។ ចេញមកត្រូវអង្គុយ ៣ម៉ោងដើម្បីសរសេរឡើងវិញ។ យើងតាមមិនទាន់។ ឥឡូវអត់អញ្ចឹងទេ។ សិស្សមិនបាច់ធ្វើអីទេ។ ចុចតែកម្មវិធីហ្នឹងទៅ គ្រូនិយាយមក វា summarize ឱ្យតែម្ដង។ បានន័យថា លែងរៀនខ្លួនឯងហើយ។ ពឹងឱ្យកុំព្យូទ័ររៀនជំនួស។ ពឹងទៅលើកុំព្យូទ័រ។ អញ្ចឹង សមត្ថភាពនៃការរៀនសូត្រថយ។ សិស្សថ្នាក់បឋមសិក្សា ថ្នាក់អនុវិទ្យាល័យ ឬវិទ្យាល័យ ក៏ប្រហែលគ្នាដែរ។ ខ្ញុំសូមឱ្យគិតគូរ ការប្រើប្រាស់ឌីជីថល រៀបចំជាជំហានៗ ថ្នាក់អនុវិទ្យាល័យ ប្រើកម្រិតណា ថ្នាក់បឋមសិក្សា ប្រើកម្រិតណា បឋមថ្នាក់ទី១ ដល់ទី៤ ប្រើកម្រិតណា ទី៥ ទី៦ កម្រិតណា?​ គួរប្រើ AI ជាជំនួយឲ្យគ្រូនិងសិស្ស កុំប្រើវាជំនួសគ្រូនិងឯកសារសៀវភៅ។ បានន័យថា ប្រើវាជាជំនួយឲ្យគ្រូនិងសៀវភៅ កុំប្រើវាជំនួសគ្រូនិងសៀវភៅ ​វានាំឱ្យគ្រោះថ្នាក់។ បានន័យថា លែងចាំបាច់មានគ្រូហើយ … សិស្សរៀនដូចជំនាន់ Covid-19 តាមតែវីដេអូ តាមតែទូរទស្សន៍។ អញ្ចឹង សិស្សចង់រៀន មិនចង់រៀន វាទៅយកតែម៉ោងឲ្យបានគ្រប់កុំឲ្យធ្លាក់។ ម៉ែឪថា ឲ្យតែបានមករៀនដែរ។ ក្មួយៗរវល់តែចុច TikTok អីណា ចុះឡើង។ អញ្ចឹងគុណភាពយើងធ្វើស្អី?

(៣៩) “វិនិយោគពង្រីកចំនួនគ្រូ និងបោះពុម្ពសៀវភៅសិក្សា ជាជាងវិនិយោគតែលើស្គ្រីនដោយ AI ធ្វើជា Tutor”

ឆែក(មើលថាមក)រៀន(ឬទេ?)។ សិស្សអត់ដែលអវត្តមានទេ។ ដឹងតែពេលព្រឹកមកមុនគេជាគំរូ។ ល្ងាច ចេញទៅដល់ផ្ទះ អត់មានលួចហក់តាមរបងទេ … ដល់ពេលនៅក្នុងថ្នាក់ ម៉ោងរៀនរវល់តែ ទី១ អត់គ្រូ។ រវល់តែឌីជីថល។ យើងឌីជីថលច្រើនពេក ឌីជីថលូបនីយកម្ម ឈប់មានគ្រូ។ ដាក់អ៊ីនធឺណិតមកទាំងអស់។ មិនកើតទេ។ អញ្ចឹងថា ក្រៅពីមេរៀនគោល ត្រូវតែមានគ្រូ មានសៀវភៅ។ ក្រៅពីហ្នឹង បន្ទាប់បន្សំ ស្រាវជ្រាវ ប្រើបាន តែកុំឲ្យយកជាជំនួស។ វាគ្រោះថ្នាក់។ យើងបាត់គ្រូ។ យើងថា (ធ្វើអញ្ចឹង)យើងសន្សំគ្រូ … អត់ទេ។ សុខចិត្តវិនិយោគលើការពង្រីកចំនួនគ្រូ និងវិនិយោគទៅលើការបោះពុម្ពសៀវភៅឲ្យរៀន។ ហ្នឹងវិនិយោគចំគោលដៅ ជាជាងវិនិយោគត្រឹមតែស្គ្រីន ដែលឲ្យ AI ធ្វើជា Tutor គ្រូ។ AI មកបង្រៀនជំនួសទៀត។ អត់កើតទេ។ ដល់មហាវិទ្យាល័យជារឿងមួយ ប៉ុន្តែថ្នាក់រៀន ១២ឆ្នាំរបស់យើង បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ។

[សម្តេចសន្ទនាជាមួយលោក/អ្នកគ្រូ]

មើល! លោក/អ្នកគ្រូណាអាចឆ្លើយជាមួយខ្ញុំមួយបានទេ? ចង់ឲ្យសិស្សរៀនផ្ទាល់ជាមួយលោក/អ្នកគ្រូ សុខចិត្តហត់ ឲ្យសិស្សអានសៀវភៅ ឬមួយក៏លោក/អ្នកគ្រូថាចង់ទំនើបកម្ម? មាននរណាឡើងទេមើល។ ក្រែង​លោខ្ញុំនិយាយ អត់យល់ដូចលោកគ្រូ អ្នកគ្រូ អ្នកបង្រៀនផ្ទាល់? មួយណាប្រសើរជាង។ មានទេ? លើកមីក្រូទៅឲ្យគាត់និយាយទៅ។ ចង់សួរលោក/អ្នកគ្រូបន្តិច។ អ្នកគ្រូនៅខាងនោះ … សិស្សប្រាកដជាចង់បានទូរ​ស័ព្ទក្នុងថ្នាក់ហើយ … សូមអ្នកគ្រូមកនេះ ទាញជើង(មីក្រូហ្វូន)ដាក់នៅម្លប់ឲ្យអ្នកគ្រូបន្តិចទៅ … យើងចង់ដើរទៅមុខ ចង់ឲ្យថ្នាក់រៀននីមួយៗ ប្រើប្រាស់ឌីជីថលហ្នឹងច្រើនជាង ឬមួយក៏នៅគួរតែថែរក្សាតុល្យភាពគ្រូនិងសៀវ​ភៅ​សរសេរ សៀវភៅអាន ជាក្រដាស?

អ្នកគ្រូ៖ ចាស! ជាបឋមនាងខ្ញុំជាគ្រូបង្រៀនម្នាក់។ នាងខ្ញុំចង់ឲ្យសិស្សអានសៀវភៅល្អជាងការប្រើឌីជីថល តាមប្រសាសន៍របស់ សម្តេច …

សម្តេច៖ ចុះឥឡូវ នៅសាលាអ្នកគ្រូ សិស្សប្រើឌីជីថល ឬប្រើសៀវភៅ?

អ្នកគ្រូ៖ នៅសាលាខ្ញុំគឺប្រើទាំងពីរ។ សម្រាប់សិស្សតូចៗ ពួកថ្នាក់ទី៧ ទី៨ ទី៩ គឺលោក/អ្នកគ្រូដើរតាមការអានផង និងការប្រើឌីជីថលផង។ ប៉ុន្តែកម្រិតទាបជាងថ្នាក់ទី១០ ទី១១ និងទី១២។

សម្តេច៖ អញ្ចឹង អ្នកគ្រូអាចវាយតម្លៃបានទេអំពីគុណភាពនៃការអានលើឌីជីថលនិងអានលើសៀវភៅ ថាតើមួយណា(ល្អជាង)?

អ្នកគ្រូ៖ សម្រាប់គុណភាពវិញ ការអានទៅលើក្រដាសសន្លឹកកិច្ចការ ឃើញថា លោក/អ្នកគ្រូអាចត្រួតពិនិត្យសិស្សបានល្អជាងលើឌីជីថល។

សម្តេច៖ ប្រើម៉ោងឌីជីថល សិស្សមានមើលហ្គេម មើលអីអត់?

អ្នកគ្រូ៖ ម៉ោងឌីជីថល មានសិស្សលួចមើលដែរ ប៉ុន្តែគ្រូហ្នឹងក៏អត់នៅស្ងៀមដែរ។ គាត់ត្រូវតែមើលតាមក្រុមនីមួយៗ។ កន្លែងហ្នឹងគឺយើងអត់អាចប្រហែសបានទេ។

សម្តេច៖ អញ្ចឹង លោក/អ្នកគ្រូ តស៊ូហត់បន្តិចហើយ តែបើសៀវភៅ អត់បានទេ ព្រោះលេងហ្គេមលើសៀវភៅអត់បាន។

អ្នកគ្រូ៖ អត់បានទេ ព្រោះដល់ពេលអានសៀវភៅចប់ លោក/អ្នកគ្រូចែកសិស្សជាក្រុម ហើយឡើងឆ្លើយសំណួរតាមកិច្ចការដែលគាត់បានដាក់។ អញ្ចឹង កូនសិស្សអត់ហ៊ានធ្វេសប្រហែសទេ។

សម្តេច៖ អញ្ចឹងវិធីសាស្ត្របែបប្រពៃណីត្រូវកម្រិតក្នុងសាលានេះ។ អានបែបប្រពៃណីលើសៀវភៅក្រដាស បានសិស្សអាចចាប់បានច្រើនជាងមើលនៅលើអ៊ីនធឺណិត ហើយផ្ដោតអារម្មណ៍បានច្រើនជាងផងដែរ។ អញ្ចឹង អ្វីដែលកើតមាននៅអឺរ៉ុបក៏កើតនៅកម្ពុជាដែរ។ អរគុណ អ្នកគ្រូ។ មើល លោក/អ្នកគ្រូណាមានយោបល់ខុសពីហ្នឹងទេ? ដូចគ្នាទាំងអស់? ការប្រើឌីជីថលនៅក្នុងថ្នាក់។ មើលលោកគ្រូបន្ថែមបន្តិចមើល!

លោកគ្រូ៖ ជាបឋមសូមគោរព សម្តេច ឯកឧត្តម  លោកឧកញ៉ាទាំងអស់ ជាទីគោរព។ ខ្ញុំជានាយកនៅក្នុងវិទ្យាល័យ ខ្ញុំគិតថាការមើលសៀវភៅនិងការរៀនតាមឌីជីថល គឺការមើលសៀវភៅមានសមត្ថភាពល្អជាង ចាំបានច្រើន។ ឌីជីថលគឺយើងមើលទៅច្រើនតែរំលង។ ការមើលឌីជីថលហ្នឹងជារឿងមួយដែលយើងស្រាវជ្រាវបន្តទេ តែបើយើងមើលតាមសៀវភៅគឺយើងនៅចាំច្រើន ចាំបានយូរជាង។ សូមអរគុណ។

សម្តេច៖ ឮតែប៉ុណ្ណឹង សិស្សបែកញើសហើយ ជាពិសេសអ្នកលេងហ្គេម Free Fire, Mobile Legend។ កាលមុនគេមាន Candy Crush គេមានស្អីៗ នោះ។ មើលប៉ុន្មាននាក់ លេង Free Fire? ឃើញតែម្នាក់ទេ? អញ្ចឹង ថ្នាក់រៀនឌីជីថលនេះសូមឲ្យក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍ យើងធ្វើការ … ឥឡូវ យើងរៀបចំកុំព្យូទ័រ Lab នៅតាមសាលាបឋមសិក្សាមួយចំនួន។ ហ្នឹងបានន័យថាថ្នាក់ឌីជីថល។ ដល់ម៉ោងគាត់ទៅរៀនកុំព្យូទ័រ … Search ទៅ។ ក្រៅពីម៉ោងកុំព្យូទ័រហ្នឹង គាត់ទៅរៀននៅកន្លែងផ្សេង។ នៅថ្នាក់ គាត់រៀនលើក្រដាសធម្មតា។ លើកលែងតែម៉ោងខ្លះពាក់ព័ន្ធនឹងការ Research តាមអនឡាញ បានគ្រូឲ្យប្រើក្នុងគោលបំណងជួយដល់ការរៀនសូត្រ។

(៤០) គ្រូនិងសៀវភៅ ជាមូលដ្ឋាននៅក្នុងការសិក្សា … ឌីជីថល មិនជំនួសគ្រូ មិនជំនួសសៀវភៅទេ

អំពីការបំពាក់ឌីជីថលយើងទៅថ្ងៃក្រោយ (ត្រូវពិនិត្យពីកម្រិតនិងថ្នាក់អោយបានត្រឹមត្រូវ) … មានទស្សនៈ​ខុសគ្នា។ ខ្ញុំបានជួបថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាលមួយចំនួន ហើយអ្នកខ្លះក៏មកពីក្រៅប្រទេសនានា រួមជាមួយអ្នកសិក្សាមួយចំនួនដែលលើកយោបល់ថា គួរតែធ្វើឌីជីថលូបនីយកម្មថ្នាក់រៀននីមួយៗ មិនបាច់មានក្រ​ដាសរៀនទេ។ គេដើរដល់ហ្នឹងហើយ។ ប៉ុន្តែ ហ្នឹងជាទស្សនៈ ការស្រាវជ្រាវ វាមាន មិនអត់ប្រយោជន៍សោះទេ ប៉ុន្តែត្រូវគិតគូរ។ ខ្ញុំអត់និយាយរឿងថ្លៃទិញសម្ភារៈ ថ្លៃភ្លើងទេ … សូម្បីតែ(សាលា)នៅក្នុងរាជធានីភ្នំពេញ ក៏ត្រូវធ្វើម៉េចធានានូវការអានសៀវភៅឲ្យចប់។ ​រៀនសៀវភៅក្រដាស និងសង្ខេប តាមវិធីសាស្ត្រ កន្លែងណាដែលល្អក្នុងទំនើបកម្មថ្មីនេះ យើងយកទៅ កន្លែងណាដែលមានបញ្ហា សិក្សាពីបណ្តាប្រទេស។ មិនមែនមានតែប្រទេសដាណឺម៉ាកមួយទេ ដែលមានបញ្ហាហ្នឹង។ ឥឡូវ ស៊ុយអែត ន័រវែស បារាំង ហ្វាំងឡង់ ហូឡង់ ដាណឺម៉ាក និងប្រទេសជាច្រើនទៀតសុទ្ធតែដកថយពីរឿងឌីជីថល ហើយ(ទុក)ឌីជីថល(ជាការជួយ)បន្ថែម។ គ្រូនិងសៀវភៅគឺជារឿងមូលដ្ឋាននៅក្នុងការរៀន។ ឌីជីថល មិនជំនួសគ្រូ មិនជំនួសសៀវភៅ តែបន្ថែមបង្កើនឲ្យ … មួយជំនួស Digital Classroom បានន័យថា ថ្នាក់ឌីជីថលទាំងអស់ ជំនួសលែងមានគ្រូហើយ មើលតែតាមទូរទស្សន៍ លែងមានសៀវភៅក្រដាស … យើងបង្កើនបន្ថែម តែមូលដ្ឋានគ្រឹះ អានជាមួយគ្រូត្រូវតែមាន។

(៤១) “រៀនបទពិសោធន៍ឌីជីថល ពីប្រទេសប្រទេសដែលបានដើរមុន .. ចងក្រងចំណុចខ្លាំងជាវិធីសាស្ត្រ …”

យើងខិតខំបំពេញចំនួនគ្រូ។ បន្ថែមជាជំហាន។ ក្នុងដំណាក់កាលអន្តរកាល អាចប្រើឌីជីថល ជាទិសដៅ មិនមែនជំនួសគ្រូទេ តែថែមទាំងពង្រឹងគ្រូ ហើយពង្រាយគ្រូឲ្យបានច្រើន។ សាលារៀន ថ្នាក់រៀន សៀវភៅអានអីហ្នឹង ឥឡូវយើងផ្តល់ឲ្យ … ជំនាន់ក្មួយៗ សំណាងហើយ រដ្ឋចេញលុយទិញ Textbooks ឲ្យ។ ជំនាន់ពូអត់មានទេ … រៀនអានសៀវភៅ បង្កើតភាពអំណត់។ ទូរស័ព្ទនេះ អានបន្តិចចប់ហើយ។ ក្នុងអត្ថបទតាម Facebook អ្នកណាសរសេរលើសពី ៣ទំព័រ គ្មានអ្នកណាមើលទេ។ គេសង្ខេបខ្លី។ អ្នកដែលមើលហ្នឹង គេមើលប្រហែលជា ៥វិនាទី។ ទាំងវីដេអូទាំងអី តែលើស ៥វិនាទី បើថាដាក់អី ដាក់ឲ្យហើយ បានគេចាប់អារម្មណ៍មើល។ បើវែងទាល់តែជាកុន។ ​សូមយកឱកាសនេះ ដើម្បីផ្ដោតទៅលើការអប់រំ យើងតម្រង់ទិសទៅមុខ។ យើងកាន់តែមានលទ្ធភាព បំពាក់​កុំព្យូទ័រ … គ្រូយើងសុទ្ធតែទំនើបកម្ម ប៉ុន្តែប្រយ័ត្នលឿនពេក យើងភ្លាត់។ អត់ដឹងថា គ្រោះថ្នាក់កន្លែងណា។ រៀនពីប្រទេសដែលគេបានដើរមុនយើង។ ឃើញចំណុចខ្សោយ កុំដើរទៅ។ យកចំណុចខ្លាំងរបស់គេ ដើម្បីចងក្រងជាវិធីសាស្ត្ររបស់យើង។ សូមឲ្យក្រសួងអប់រំ យកចិត្តទុកដាក់ពង្រឹងអំណាននៅថ្នាក់បឋម  និងថ្នាក់មធ្យម  … ក៏ត្រូវតែមានដែរ គ្រាន់តែផ្អែកលើមូលដ្ឋានឯកសារដើម … កុំឲ្យសិស្សចាប់ផ្តើមប្រើតែ Smartphone​ ប្រើតែ Tablet ប្រើតែអីឮជំនួសទាំងអស់។

(៤២) ដាក់ចេញគោលការណ៍មិនឲ្យប្រើទូរស័ព្ទដៃក្នុងម៉ោងសិក្សាមួយជិត ២ឆ្នាំហើយ

អម្បាញ់មិញលោក/អ្នកគ្រូ ២នាក់ បានលើកហើយទាំងនាយកទាំងគ្រូបង្រៀនផ្ទាល់។ ហ្នឹងនិយាយដល់រឿងមួយទៀត។ រឿងទូរស័ព្ទដៃក្នុងថ្នាក់។ មើល! សាលាណាខ្លះ ដែលហាមមិនឲ្យ(ប្រើ)ទូរស័ព្ទដៃក្នុងម៉ោងសិក្សា។ លោក/អ្នកគ្រូ? លើកដៃមើល។ មានតែប៉ុណ្ណឹង? តំណាងសាលា? ខ្ញុំសួរ ឯកឧត្តម ហង់ជួន ណារ៉ុន​… ក្រសួងបានដាក់ចេញគោលការណ៍មួយឆ្នាំជាងជិត ២ ឆ្នាំហើយ។ ក្នុងការអនុវត្ត សាលាជាច្រើន ក៏បានដាក់ចេញនូវបទបញ្ជាផ្ទៃក្នុងរបស់សាលា។ ប៉ុន្តែ ការអនុវត្តជាក់ស្តែង វាជាគម្លាតមួយ។ ការអនុវត្តក្នុងសាលា រវាងសិស្សដែលរៀនក្នុងម៉ោងសាលា ប្រទេសច្រើននៅលើពិភពលោក ដែលមានជិត ២០០ប្រទេស ក្នុងនោះជាង ១០០ប្រទេស បានមានបទបញ្ជាពាក់ព័ន្ធនឹងការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងសាលារៀន ឬម៉ោងរៀន។ ប្រទេសខ្លះតឹងគឺហាមមិនឲ្យយកទូរស័ព្ទដៃចូលសាលា។ ខ្លះឲ្យយកចូលសាលា តែបិទពេញម៉ោងចាក់សោរ ទាល់តែម៉ោងចេញបានឲ្យប្រើ។ មានការអាសន្នអន់ក្រ បើម៉ែឪមានការអី ទាក់ទងមកគ្រូ ឬមួយទាក់ទងសាលា គេទៅហៅឲ្យ។ ​ប្រទេសខ្លះ បិទក្នុងម៉ោងរៀន។

(៤៣) សិស្សប្រើទូរស័ព្ទដៃក្នុងម៉ោងសិក្សា មានផលប៉ះពាល់៣ ចំពោះការសិក្សានិងទំនាក់ទំនង

នៅយើង ក្រសួងអប់រំដាក់គោលការណ៍ឲ្យបិទក្នុងម៉ោងរៀន។ ចេញពីម៉ោងរៀន ចន្លោះម៉ោងហ្នឹង ៥-១០ នាទីអីហ្នឹងប្រើទៅ។ លើកលែងតែម៉ោងដែលពាក់ព័ន្ធជាមួយការត្រូវប្រើប្រាស់ រៀន Research រៀនអីតាមទូរស័ព្ទ។ ល្ងាចមិញ ខ្ញុំសួរ AI ទាក់ទងរឿងហ្នឹង … ខ្ញុំចាក់ឲ្យស្តាប់។ សុំ ២នាទី … សំឡេងAI … តើការប្រើប្រាស់ទូរស័ព្ទដៃរបស់សិស្សនៅក្នុងសាលារដ្ឋនៅកម្ពុជា … បង្កជាបញ្ហាអ្វីខ្លះ? សំឡេង AI (ក្នុងទូរស័ព្ទ)៖ “ការប្រើប្រាស់ទូរស័ព្ទដៃរបស់សិស្សនៅក្នុងសាលារៀនរដ្ឋនៅកម្ពុជា គឺជាប្រធានបទក្តៅគគុកមួយ ដែលបង្កើតឲ្យមានបញ្ហាប្រឈមជាច្រើនទាំងលើផ្នែកសមត្ថភាពសិក្សា វិន័យ និងសុខភាពផ្លូវចិត្តរបស់សិស្ស។ បញ្ហាទាំងនោះអាចបែងចែកជាចំណុចសំខាន់ៗដូចខាងក្រោម៖

១. ផលប៉ះពាល់លើការសិក្សានិងការផ្ដោតអារម្មណ៍៖ ការបាត់បង់អារម្មណ៍ (Distraction) សិស្សភាគច្រើនងាយនឹងរំខានលោក/អ្នកគ្រូពន្យល់មេរៀន ដោយសារតែរវល់មើលការជូនដំណឹង(Notification) ផ្ញើសារ មើលវីដេអូកម្សាន្ត TikTok រៀន ឬលេងហ្គេមក្នុងម៉ោងរៀន។ ការធ្លាក់ចុះនៃលទ្ធផលសិក្សា … ឥឡូវខ្ញុំសង្ខេបឲ្យវិញ។ អត់មានអីច្រើនទេ។ ដូចខ្ញុំលើកបទពិសោធពីប្រទេសផ្សេងៗ​ ដែលយកមកនិយាយអម្បាញ់មិញទេ … ទី១ ការផ្ដោតអារម្មណ៍របស់សិស្ស កំពុងតែធ្លាក់ចុះ … ហ្គេមអីនោះ ខ្លះ TikTok ខ្លះអីអញ្ចឹងទៅ។ ហើយមិនត្រឹមតែគាត់ទេ គឺសិស្សជុំវិញហ្នឹងក៏មានពិបាកដែរ។ ​ទី២ រឿងសិស្សលែងជជែកគ្នាលេង។ សូម្បីតែចេញលេងឥឡូវលែងលេងជាមួយគ្នា។ កាលខ្ញុំ មាន ១៥នាទីរត់ទៅលេងពួកម៉ាក។ ឥឡូវ ចាប់ផ្តើមទូរស័ព្ទរៀងៗខ្លួន អង្គុយក្បែរគ្នា មិនជជែករាប់គ្នាមួយម៉ាត់។ ​ទី៣ ពេលធ្វើតេស្តធ្វើអីហ្នឹង ពេលខ្លះចុចសួរចម្លើយគ្នាទៅវិញទៅមក។ ហ្នឹងគឺមួយ ជួនកាលស្រាវជ្រាវទៅលើហ្នឹង។

(៤៤) ដាក់ចេញគោលនយោបាយ បទបញ្ជាអប់រំមនុស្សបង្កើតទម្លាប់ និងមានវិន័យផ្ដោតលើការសិក្សា

កត្តា​អ្វីដែលសំខាន់ សម្រាប់ក្មួយៗ គឺវិន័យនៅក្នុងថ្នាក់រៀន និងការផ្ដោតអារម្មណ៍។ ខ្ញុំនិយាយនោះ គ្រូ ឪពុកម្តាយ រាជរដ្ឋាភិបាល ក្រសួង មន្ទីរអប់រំ បានត្រឹមតែផ្តល់ឱកាសទេ។ អ្វីដែលសំខាន់គឺក្មួយៗសិស្សានុ​សិស្ស។ អញ្ចឹង យើងត្រូវបង្កើតទម្លាប់ និងវិន័យឲ្យគាត់ផ្ដោតការសិក្សាអប់រំ ការដាក់ចេញនូវគោលនយោបាយ បទបញ្ជាយ៉ាងណាគឺត្រូវអប់រំមនុស្សឲ្យមានវិន័យ។ ​មិនបាច់វិន័យក្នុងកងទ័ពទេ។ វិន័យក្នុងថ្នាក់រៀនចាំបាច់។ លោក/អ្នកគ្រូ ខំត្រៀមមេរៀនមកបង្រៀនក្មួយៗ។នៅពេលដែលគ្រូនិយាយ សិស្សរវល់តែជជែកគ្នាមើល TikTok ថតបង្ហោះ (ឬមួយ)គាត់(អត់)ចាប់អារម្មណ៍ លោកគ្រូក៏បាក់ទឹកចិត្តដែរ។ យូរៗ គាត់លែងឈឺក្បាលហើយ។ ដំបូងរៀងខំប្រឹង យូរៗ ទៅ ទៅណាក៏ទៅៗ។ ​ឪពុកម្តាយខំលះបង់ បែកញើសហូរញើស ដើម្បីរកលុយមកឲ្យកូនរៀន។ សង្ឃឹមថាពេលចប់ ថ្នាក់បឋម អនុវិទ្យាល័យ វិទ្យាល័យ មានសមត្ថភាព ចេញទៅរកការងារ រៀនបន្តអីកាន់តែរឹងមាំ។ ទាំងឪពុកម្តាយទី១ ឪពុកម្តាយទី២ គ្រូ និងឪពុកម្តាយបង្កើត អាណាព្យាបាល គឺសុទ្ធតែចង់ សុទ្ធតែខិតខំពុះពារលំបាកទាំងអស់ឲ្យរៀន រាជរដ្ឋាភិបាលបង្កលក្ខណៈបែបនេះ។

(៤៥) “បើថែមការមិនយកចិត្តទុកដាក់របស់សិស្សទៀត គឺជារឿងគ្រោះថ្នាក់នៃវិស័យអប់រំរបស់ជាតិ …”

​ក្រសួងអប់រំបានដាក់ចេញនូវវិន័យ នូវការកំណត់ហើយ ប្រហែលជា១ឆ្នាំ ២ឆ្នាំនេះ។ អញ្ចឹង ខ្ញុំសូមឲ្យរួមគ្នាអនុវត្ត និងឪពុកម្តាយ មានការយោគយល់ និងសូមឲ្យចូលរួមការអនុវត្តជាមួយលោកគ្រូ អ្នកគ្រូ។ ​លំបាកមុន ស្រណុកក្រោយ ប្រសើរជាងស្រណុកមុន លំបាកក្រោយ។ នៅក្នុងសាលារៀនមិនខុសពីក្នុងបន្ទាយទាហានទេ … ចេះទាំងឥរិយាបថល្អ ចេះទាំងចំណេះដឹងរឹងមាំ។ ក្នុងមួយថ្ងៃៗហ្នឹង បើរៀនតែ៤ម៉ោង ហើយ ៤ម៉ោងហ្នឹងអត់ចាប់អារម្មណ៍ទៀត អត់ផ្ដោតអារម្មណ៍ទៀត តើក្មួយៗអនា​គតយ៉ាងណា? ទោះបីជាយើងថែម ៨ម៉ោងក៏ដោយ បើសិនជាអត់វិន័យ ចាយម៉ោងអត់ប្រយោជន៍គឺអត់(បានផល)ដដែល។ ​ខ្ញុំអត់ដឹងថានៅសាលានេះ(រៀបចំ)យ៉ាងម៉េចទេ ប៉ុន្តែជាទូទៅ ដែលខ្ញុំឃើញ វាពាក់ព័ន្ធជាមួយការធ្លាក់ចុះនៃសមត្ថភាពរបស់សិស្ស។ ថាយើងខ្វះអគារ(វាជាមូលហេតុ)មួយហើយ។ ថាខ្វះគ្រូចុះ(ជាមូលហេតុ)មួយ(ទៀត)ហើយ ដែលយើងបង្ខំចិត្តត្រូវបង្រៀនតែ ៤ម៉ោង ដែលកន្លែងខ្លះត្រូវបង្ខំចិត្តរៀនមួយថ្នាក់ ៨០នាក់ ឬ១០០នាក់ ឬលើសពីហ្នឹង។ ​ប៉ុន្តែ ប៉ុណ្ណឹងហើយ បើថែមការមិនខិតខំ យកចិត្តទុកដាក់របស់ក្មួយៗទៀត នេះគឺជារឿងគ្រោះថ្នាក់នៃការអប់រំរបស់ជាតិយើង។ យើងត្រូវហ៊ាននិយាយការពិត។

(៤៦) ​សា​លាតឹង ដើម្បីសិស្សមានវិន័យ សណ្តាប់ធ្នាប់ រៀនពូកែ ស្តាប់គ្រូរៀន …

ខ្ញុំជឿថា ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ប្រាកដណាស់ ចង់ឲ្យសាលាតឹង តែកូនបានរៀនល្អ។ មែនឬទេ? ឪពុកម្តាយណាខ្លះ ដែលថាចង់ឲ្យ​សា​លាតឹង ហើយឲ្យកូនរៀនមានវិន័យ សណ្តាប់ធ្នាប់ល្អ រៀនចេះពូកែ ចូលរៀនអត់មើលទូរស័ព្ទរញ៉េរញ៉ៃ ខំប្រឹងស្តាប់គ្រូរៀន? មើល! តើមានឪពុកម្តាយប៉ុន្មាននាក់នៅទីនេះ។ សូមលើកដៃមើល។ ​មើល! លោក/អ្នកគ្រូ តើចង់បានមួយណា រវាងសាលាធូរហើយសិស្សអត់ចេះ ឬមួយសាលាដែលតឹងវិន័យ ស្តាប់លោក/អ្នកគ្រូ យកចិត្តទុកដាក់អានសៀវភៅ ហើយរៀនចេះ។ តឹងបន្តិចទៅចុះ ជាជាងធូរ។ លោកគ្រូមួយណា យកសាលាតឹង? ទាំងអស់ដែរ។ មើល! សិស្ស។ ហ្នឹងពូសួរ។ សុខចិត្តដាក់វិន័យកុំប្រើទូរស័ព្ទនៅក្នុងម៉ោងរៀន កាត់បន្ថយ ចូលរៀន ផ្ដោតទៅលើការអានសៀវភៅ មិនបាច់លើឌីជីថល។ តើចង់ឲ្យសាលាតឹងបន្តិច យើងរៀនបានពូកែ ឬមួយចង់ឲ្យសាលាធូរ? មើល នរណាខ្លះចង់ឲ្យសាលាតឹង លើកដៃ? ដូចបាន ៤០%ទេ? មើល! ប៉ុន្មាននាក់ចង់ឲ្យសាលាធូរ? អត់ហ៊ាននៅមុខឪម៉ែ ហើយមុខគ្រូ។ ពូក៏ធ្លាប់ជាសិស្សដែរ។ តែចូលរួមមិនតឹងហួសទេ។ មិនហាមមិនឲ្យប្រើទូរស័ព្ទទេ ប៉ុន្តែក្នុងម៉ោងរៀនគួរតែចូលរួមអនុវត្ត។

(៤៧) ការអប់រំសិស្សក៏ជាបន្ទុករបស់ខេត្ត … អភិបាលខេត្តគប្បីចូលរួមជាមួយមន្ទីរអប់រំ សាលា យកចិត្តទុកដាក់  

ខ្ញុំសូមឲ្យសាលា មន្ទីរអប់រំជាមួយខេត្តយកចិត្តទុកដាក់ផង។ សិស្សក៏ជាកូនរបស់យើងដែរ។ មែនទេ? (មិនមែនថាខ្ញុំខាង)រដ្ឋបាល ខាងនោះរបស់ក្រសួងអប់រំទេ។ ប្រជាពលរដ្ឋក្នុងខេត្តរបស់យើង សមត្ថភាពខេត្ត ជាបន្ទុករបស់ចៅហ្វាយខេត្ត។ ប្រជាពលរដ្ឋ កសិករ ជីវភាពរស់នៅរបស់គាត់ជាបន្ទុក ជាការទទួលខុសត្រូវ(របស់ខេត្ត)។ អញ្ចឹងការអប់រំសិស្សជាបន្ទុក(របស់ខេត្ត)។ ទាំងមន្ទីរទាំងអីសហការគ្នាជាមួយយុវជន ជួយ។ ​អត់លំបាកទេ។ បង ណារ៉ុន ថាបន្តិចទៀតចាត់ខាងសមាគមយុវជនចុះមកត្រួតពិនិត្យ។ អត់គ្រប់ទេ។ ទាល់តែទាំងអស់គ្នា(ចូលរួមគោរពវិន័យ)។ លោក/អ្នកគ្រូ នាយកសាលា កុំប្រណី។ មានន័យថា កុំចិត្តធម៌ពេកក្នុងថ្នាក់រៀន (ត្រូវ)តឹង(រ៉ឹង)បន្តិច។ ដូចជំនាន់លោកគ្រូខ្ញុំ សុទ្ធតែផ្តៅ។ ជំនាន់នេះអត់មានផ្តៅទេ ហើយក៏អត់ចាំបាច់ចាំមានផ្តៅដែរ។ ក៏មិនបាច់ដាក់ពិន័យខោកតុទេ។ មាននរណាពិន័យខោកតុទេឥឡូវ? … ​ទី១ លោក/អ្នកគ្រូ ឪពុកម្តាយ សូមជួយជំរុញក្មួយៗឲ្យរៀន។ មានការអីសហការជាមួយគ្រូ ខ្លាចកូនសិស្ស កូនទៅរៀន តែងតែខ្លាចពីសុវត្ថិភាពហើយ យើងមិនមែនបិទច្រកទេ ប៉ុន្តែអត់ចាំបាច់មានឪពុកម្តាយ Call ទៅកូនមួយម៉ោងម្តងសួរនៅក្នុងថ្នាក់ម៉េចហើយទេ? មានការទុកចិត្តទៅលើសាលា។ បើមានអាសន្ន ទំនាក់ទំនងទៅគ្រូប្រចាំថ្នាក់ឬទំនាក់ទំនងទៅនាយកឲ្យគេទៅហៅសិស្ស។ ផ្តល់ការទុកចិត្តទៅលើការរៀនសូត្រ។

(៤៨) គប្បីបង្កើតមិត្តភាពនៅសាលា បង្កើនគុណភាពសិក្សា និងបន្ថយគម្លាតសង្គម

​ក្មួយៗ ក៏ដូចគ្នា។ យកទូរស័ព្ទមករៀនចុះ ប៉ុន្តែបិទដាក់នៅក្នុងប្រអប់ ឬមួយអីទៅ។ កុំប្រើវាមុនចូលរៀន។ ដល់ម៉ោងចេញលេងទៅយកទៅ ឬមួយក៏សាលាខ្លះថា ម៉ោងចូលដល់ម៉ោងចេញ មិនបាច់ប្រើ។ ម៉ោងចេញលេង មិនបាច់ប្រើ។ ទុកឲ្យសិស្សលេងជាមួយគ្នាដូចកាលពីមុនទៅ។ ឥឡូវចេញប្រើទូរស័ព្ទ អត់និយាយគ្នាទេ មិនបាច់តែក្មេងៗទេ។ សូម្បីទៅពិធីរាល់ដង ពិធីស្អីក៏ដោយ មិនបាច់ទេ (ម្នាក់ៗ រៀងៗខ្លួនជាមួយទូរស័ព្ទ)។ អម្បាញ់មិញនេះ ឧប(នាយករដ្ឋន្ដ្រី)ពីរនាក់អង្គុយចុចទូរស័ព្ទរៀងៗ ខ្លួន។ មានអារម្មណ៍ណា ទៅផ្ដោតរៀន (ឬ) លេងជាមួយមិត្តភក្តិ។ នេះគឺជាការពិត។ កន្លែងបុណ្យខ្លះ ហៅគ្នាទៅជួបជុំ បែកគ្នាយូរ។ ទៅដល់អង្គុយចុចទូរស័ព្ទមួយយប់(អត់និយាយគ្នា) … ​ការបង្កើតមិត្តភាពនៅសាលា គុណភាព(សិក្សា) និងចំណុចមួយទៀតដែល AI ប្រាប់ គឺបង្ហាញពីគម្លាតសង្គម។ សម្ភារៈនិយមធ្វើឲ្យសិស្សខ្លះចាប់ផ្តើមមានអារម្មណ៍(ថា) ទាល់តែមាន iPhone ប៉ុណ្ណេះ (ព្រោះ) គេប្រើសុទ្ធតែម៉ូតូអញ្ចុះ ប៉ុន្តែទូរស័ព្ទអីៗ ផ្សេងៗ វាបង្កើតរឿង។ អញ្ចឹង(ដើម្បី)ស្មើគ្នាទាំងអស់ទៅ មិនបាច់ប្រើ មិនបាច់ TikTok អីចង់បាន Like, Share ម៉ោងរៀនទេ។ មិនបាច់ ក្នុងការប្រឡងអី ថត(វិញ្ញាសាផ្ញើ)ឲ្យគេធ្វើនៅក្រៅ (ធ្វើហើយ)បាញ់មកឲ្យ។ មិនបាច់ទេ។ រៀនខ្លួនឯង ធ្វើខ្លួនឯង។

(៤៩) គោលការណ៍មួយក្នុងការអភិវឌ្ឍធនធានមនុស្សនិងការអប់រំ គឺប្រើឲ្យចំគោលដៅ ឲ្យត្រូវពេលវេលា

ថ្ងៃនេះ ខ្ញុំសូមយកឱកាសលើកពីរចំណុចទាក់ទងការអប់រំ។ ខ្វះសាលាស្អីៗ យើងធ្វើ/បង្កើតបន្ថែម ខ្វះគ្រូកដូចគ្នា ប៉ុន្តែពង្រឹងស្អីមានស្រាប់។ បើយើងនិយាយថាខ្វះថ្នាក់ ប៉ុន្តែដល់មានថ្នាក់ តែបង្រៀនអត់គុណភាព ថាខ្វះសម្ភារៈ។ នេះមិនមែនទេ។ មានសម្ភារៈច្រើនពេក មិនដឹងរើសយកមួយណា ព្រោះមានទាំងក្រដាស(និង)ឌីជីថល។ ឥឡូវរើសមួយណា? (បើ)រើសខុស គុណភាពធ្លាក់ចុះ។ អញ្ចឹង បើកាលមុន ម៉ែទៅដណ្តឹងឲ្យ (យើង)អត់ជម្រើសគឺស្រួល មិនបាច់ចាំអាណិតអ្នកណាស្រឡាញ់អ្នកណា។ (ប៉ុន្ដែ)ឥឡូវដល់ទាក់ទងតាម Facebook ច្រើនពេកទៅ មិនដឹងយកអ្នកណាអីអ្នកណា។ (តើ)មក(ឬ)អត់ ឧកញ៉ា សំអាង វឌ្ឍនៈ? អត់ព្រមយកប្រ​ពន្ធ ហើយមីង(ម្ដាយ)គាត់ចេះតែឲ្យខ្ញុំជួយ។ ខ្ញុំថា “មីងអើយ! ស្អីៗផ្សេងជួយបាន តែជួយរកប្រពន្ធ ខ្ញុំជួយមិនបានទេ”។ នេះជាការពិត។ ប្រើឲ្យចំគោលដៅ។ ប្រើឲ្យត្រូវពេលវេលា។ ជាគោលការណ៍មួយ ដែលសំខាន់នៅក្នុងការអភិវឌ្ឍធនធានមនុស្ស និងការអប់រំ។

(៥០) “កត្តាក្រៅខ្លួនគ្រាន់តែជាការបំពេញបន្ថែមឲ្យស្ងប់ចិត្តប៉ុណ្ណោះ ត្រូវរៀនឲ្យចេះពីខាងក្នុង …”

​សូមឯកឧត្តម ហង់ជួន ណារ៉ុន រៀបចំគិតគូរ ជាមួយខេត្ត មិនមែនតែខេត្តកំពង់ធំទេ គ្រប់ខេត្តទាំងអស់(ត្រូវ) រៀបចំ ព្រោះ(សុទ្ធតែ)កូនរបស់យើង។ យើងចង់ឲ្យមួយឆ្នាំៗ ខេត្តរបស់យើងមាននិទ្ទេស A B កាន់តែច្រើន។ អត្រាជាប់កាន់តែច្រើន។ មែនទេ? អញ្ចឹងទាល់តែបង្រៀនគាត់។ រៀននៅក្នុងថ្នាក់ហ្នឹងឲ្យកាន់តែច្រើន។ កុំចាំដល់ថ្ងៃប្រឡងទៅទន្ទេញមេរៀន ឬទៅរកគ្រូទាយ។ ឥឡូវ គេលែងរកគ្រូទាយហើយ។ ឆ្នាំនេះ នៅតាមសាលាមួយៗ មានអ្នកសែន។ (បើ)គេសែននិទ្ទេស A (សែន)ជ្រូកខ្វៃ។ (សែន) មាន់ ជ្រូក (បើ) និទ្ទេស B ហើយសែនស្អីនោះ និទ្ទេស C សែនមួយជាប់ៗ ក្រូចមួយ។ ខ្ញុំឃើញអញ្ចឹងមែន។ មិនបាច់លាក់ទេ ព្រោះគេបង្ហោះពេញហ្នឹង។ កាលមុន គេរកគ្រូទាយ ឥឡូវគេសែន។ ​ឥឡូវ កុំពឹង(កត្ដា)ក្រៅខ្លួន។ កត្តាក្រៅខ្លួនគ្រាន់បំពេញបន្ថែមឲ្យយើងស្ងប់ចិត្តទេ។ ប៉ុន្ដែ រៀន(ឲ្យចេះពី)ខាងក្នុង។ ខ្ញុំសូមឲ្យការអប់រំរបស់យើងកាន់តែរឹងមាំ ពង្រឹងអ្វីដែលមានស្រាប់ ច្នៃប្រឌិត ដាក់ចេញគោលការណ៍។ កន្លែងណាដែលអាចជួយក្នុងការបង្កើនសមត្ថភាព ប្រើប្រាស់បច្ចេកវិទ្យា យើងប្រើ។ អ្វីខ្លះដែល(ត្រូវ)ត្រៀមរយ:ពេលវែង។

(៥១) ការសិក្សា ១២ឆ្នាំ ពិសេស ៦ឆ្នាំដំបូង ជាមូលដ្ឋានមួយជីវិត

រៀន១២ឆ្នាំ គឺមូលដ្ឋានសម្រាប់មួយជីវិត។ ១២ឆ្នាំដំបូង ជាពិសេស ៦ឆ្នាំដំបូងគឺដូចក្រដាសសអញ្ចឹង។ បង្រៀនទាំងចេះចំណេះរឹងទាំងរបៀបរៀន ព្រោះរបៀបរៀនហ្នឹងហើយនឹងបន្ត(ទំលាប់)យើងទៅថ្ងៃក្រោយ។ បើបង្រៀនឲ្យក្មេងចេះអានសៀវភៅ កាលដែលគាត់រៀន ៦ឆ្នាំហ្នឹង ទៅដល់ថ្នាក់លើក៏គាត់នៅតែអានដែរ។ ប៉ុន្ដែ បើបង្រៀនគាត់ឲ្យចេះ ប្រើទូរស័ព្ទតាំងពីថ្នាក់ទី១ ថ្ងៃក្រោយ គាត់លែងចេះស្រាវជ្រាវហើយ។ ម៉ាស៊ីនគិតលេខដូចគ្នា។ ឥឡូវចេះគិតដៃ។ អ្នកខ្លះអត់ចេះគិតដៃទេ។ វឹបឡើង រកទូរស័ព្ទ នាឡិកា យកមកគុណបូកលេខ។ ហ្នឹងគ្រោះថ្នាក់។ ​មូលដ្ឋានគ្រឹះស្អីខ្លះ សូមថែរក្សា។ ការអាននេះ សូមឲ្យលើកទឹកចិត្តជំរុញឲ្យមែនទែន។ វិនិយោគក្នុងមួយសា​លាគួរមានបណ្ណាល័យ ហើយមានម៉ោងអាន។ ក្នុងថ្នាក់ក៏មានម៉ោងអានរបស់យើង។

(៥២) “បង្កើតទម្លាប់ ព្រោះទម្លាប់នឹងនៅជាមួយយើងមួយជីវិត …”

(យើង)បង្កើតទម្លាប់។ អ្វីដែលសំខាន់ (បើ)យើងអាន យើងចេះមួយចំនួនហើយ ប៉ុន្តែអ្វីដែលសំខាន់ គឺ(បង្កើត)ទម្លាប់នេះ ដែលវានៅជាមួយយើងមួយជីវិត។ ចេះអាន ចេះអំណត់ ចេះផ្ដោតអារម្មណ៍។ អានសៀវភៅត្រូវការអំណត់ ខុសពីអាន(វិធី)តាមផ្សេងៗ … ក្មួយៗ លោកគ្រូ អ្នកគ្រូ បានស្ដាប់ហើយ ឃើញហើយ ចង់ឲ្យលោកគ្រូតឹង។ ស្ងាត់ច្រៀប ។ អញ្ចឹង ឪពុកម្ដាយម្ដងទៀត ឲ្យលោកគ្រូតឹង ដើម្បីកូនសិស្ស កូនយើងរៀនពូកែមែនទេ? លោក/អ្នកគ្រូ ហើយសិស្សៗ ក៏ទះដៃដែរ។ អូខេ? ក្មួយៗ ឥឡូវពូកែ។ ពូសរសើរ។ ចេះដឹងច្រើន។ យើងមានដឹងចំណេះទូទៅច្រើន។ ប្រើប្រាស់អីៗ ផ្សេងៗ។ កុំភ្លេចបន្តរៀនសូត្រ។ ឥឡូវបានសាលាថ្មីៗ។ សាលាសុទ្ធតែស្តង់ដា។ ឥឡូវមានសាលាណានៅទូទាំងប្រទេស មានក្រាលម៉ាបអញ្ចឹងទេ។ សាលានេះមុនគេ។ ថែមក្រាលម៉ាប។ តិចទៀតចេញ A កាន់តែច្រើន។ មើលថ្នាក់ទី ១២ប៉ុន្មាននាក់? មើលប៉ុន្មាននាក់យកនិទ្ទេស Aឆ្នាំនេះ? អត់មានយកទេ? ប៉ុន្មាន​នាក់​យក​និទ្ទេស B? C? D? ប៉ុន្មាននាក់យកតែជាប់ៗ? អត់ទាំងអស់? ប៉ុន្តែ ប្រាកដជាមិនធ្លាក់ទេ។ ត្រូវទេ? ព្រោះអត់លើកដៃ ជាប់ពី A ដល់ D អត់មានលើក។ មើលប៉ុន្មាននាក់ទុកចិត្តខ្លួនឯងថាជាប់? … ពូនិយាយរឿងសែនអីសែនចុះ តែរៀនផង …។

(៥៣) “រៀបចំកម្មវិធី កសាងអាគារ ពង្រីកចំនួនគ្រូ វិធីសាស្ត្របង្រៀន រួមទាំងការបំពាក់/ប្រើប្រាស់បច្ចេកវិទ្យា ការគ្រប់គ្រងទូរស័ព្ទដៃក្នុងថ្នាក់រៀន …”

ថ្ងៃនេះ និយាយសម្រាប់អ្នកនៅកំពង់ធំ តែក៏និយាយសម្រាប់ការអប់រំទូទៅ។ អបអរសាទរចំពោះសមិទ្ធផលថ្មី ដល់អ្នកតាំងគោក អ្នកកំពង់ធំ។ អបអរសាទលោកគ្រូ អ្នកគ្រូទាំង ៥សាលា និងក្មួយៗ ដែលរៀននៅសាលាទាំង ៥នេះ ដែលបានទទួលសមិទ្ធផលថ្មី។ អរគុណសម្រាប់ការចូលរួមរបស់សប្បុរសជនសមាគមអ្នកឧកញ៉ាកម្ពុជា។ អរគុណទៅដល់សប្បុរសជននានា ដែលបានចូលរួមក្នុងការកសាង(ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យវិស័យ)អប់រំ។ សូមអរគុណចំពោះ ឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំ ចូលរួមជំនះការលំបាក ដើម្បីឲ្យកូន ចិញ្ចឹមកូនបានប៉ុណ្ណេះ ផ្គត់ផ្គង់កូនឲ្យមានលទ្ធភាពមករៀន ហើយលោកគ្រូ អ្នកគ្រូ ខំបង្រៀនឲ្យបានល្អ។ ពូនិយាយម្ដងទៀត ចំណុច ២អម្បាញ់មិញ ពូគ្រាន់តែលើកជាឧទាហរណ៍ តែជាទិដ្ឋភាពជាក់ស្ដែងពាក់ព័ន្ធទៅនឹងការអប់រំ ទាក់ទងទៅនឹងអនាគតរបស់ក្មួយៗ ដែរ។ ចុងក្រោយពេលក្មួយរៀនចប់ ក្មួយប្រឡងជាប់ ចេញធ្វើការ អត់មាននរណា សួរថាក្មួយរៀនចប់ថ្នាក់ទី១២ ទេ។ គេគិតថាក្មួយរៀនចប់ហើយ ក្មួយរៀនចេះ ធ្វើការ ចេះស្អីតែប៉ុណ្ណឹងទេ។ ក្មួយមានមូលដ្ឋានទៅរៀនបន្ថែមទៀត យកស្អីតែប៉ុណ្ណឹង … សូមមើលការរៀបចំកម្មវិធី ការកសាងអាគារ ការពង្រីកគ្រូ ក៏ដូចជាការរៀបចំកម្មវិធី វិធីសាស្ត្ររៀនសូត្របន្ថែម រួមទាំងការបំពាក់បច្ចេកវិទ្យា ប្រើប្រាស់បច្ចេកវិទ្យា រួមទាំងការគ្រប់គ្រងទូរស័ព្ទដៃក្នុងថ្នាក់រៀន។ នៅគ្រប់ប្រទេស នៅសឹង្ហបុរី នៅអីគេហាមតែម្តង។ ទាល់តែចេញពីសាលាបានគេឲ្យវិញ។ នៅចិន នៅអាមេរិកមួយចំនួន បារាំង នៅប្រទេសផ្សេងៗ និយាយរួមជាង ១០០ប្រទេស អូស្ត្រាលី ទើបដាក់ថ្មីៗ នេះ។

(៥៤) ដាក់ទិសដៅសាលារដ្ឋគ្មានការប្រើទូរស័ព្ទក្នុងម៉ោងរៀន លើកលែងតែម៉ោងរៀនដែលគ្រូអនុញ្ញាត

ក្រសួងយើងបាន(ណែនាំអោយអនុវត្ត)២ឆ្នាំហើយប៉ុន្តែការអនុវត្តនៅមិនទាន់បាន(ទូលំទូលាយ)នៅឡើយ។ ខ្ញុំសង្ឃឹមថាឆ្នាំ(សិក្សា)២០២៦-២៧ នេះ យើងនឹងឈានដល់សាលាទូទាំងប្រទេស សា​លា​ឯកជនជារឿងមួយ តែពិសេសសាលារដ្ឋគ្មានថ្នាក់រៀនណាដែលសិស្សប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងរៀន ដោយគ្មានការអនុញ្ញាត​ពីគ្រូ។ ខ្ញុំសូមឲ្យដាក់ទិសដៅហ្នឹងតែម្ដង។ លើកលែងតែម៉ោងរៀនដែលទាក់ទងនឹងគ្រូអនុញ្ញាតឲ្យរៀន ប្រើស្រាវ​ជ្រាវ។ ក្រៅពីហ្នឹងគឺសូមឲ្យដាច់(ខាតកុំឱ្យប្រើ)។ ដូចមិនអស់អីច្រើនទេ។ ធ្វើតែទូរដាក់ទូរស័ព្ទនៅខាងមុខបន្តិចរឺមួយក៏អីទៅ។ ប៉ុន្តែ ក្មួយខ្លះទូរស័ព្ទ ២-៣ ម្នាក់ឯង ដាក់មួយសល់២។ ខ្ញុំសួរអញ្ចឹង នរណាខ្លះមាន ហ្វេសប៊ុក។ អត់មានទេ។ ដល់ចេញទៅថត មកគ្រប់គ្នា អ្នកខ្លះ២។ ទូរស័ព្ទមួយចុចទៅ memory ពេញបាត់។ ក្មួយៗ ថ្នាក់ទី១២ សូមជូនពរឲ្យរៀនបានប្រឡងជាប់។ ប៉ុន្តែខំប្រឹងរៀនផងណា។ ជូនពរឲ្យប្រឡងជាប់ ហើយប្រឡងឲ្យបាននិទ្ទេស A ឲ្យច្រើនពីសាលានេះ។ ក្មួយៗថ្នាក់ទី១១ ទី១០ រហូតទៅដល់ថ្នាក់ក្រោម សូមប្រឹងប្រែងរៀនដើម្បីឈានទៅឡើងថ្នាក់បន្តទៀត ឲ្យឪពុកម្ដាយ គ្រូរបស់យើង មានមោទនភាព។

(៥៥) ពីអ្នកចេះតិច បង្រៀនអ្នកមិនចេះ អ្នកចេះច្រើនបង្រៀនអ្នកចេះតិច មកអ្នកមានលទ្ធភាពច្រើន ចែករំលែកទៅអ្នកមានលទ្ធភាពតិចដើម្បីរីកចម្រើន …

ថ្ងៃនេះ ខ្ញុំមានតែប៉ុណ្ណេះទេ … ជូនពរហើយអរគុណ។ តែប៉ុណ្ណេះទេ។ ចុងក្រោយនេះ សូមអរគុណដល់ឧកញ៉ា​ លី យ៉ុងផាត់ និងសមាគមដែលជួយ ៥សាលា។ សង្ឃឹមថា បន្តជួយថែមទៀតនៅកំពង់ធំ ព្រោះឯកឧត្ដម លោកឧកញ៉ា ដូចចុះនៅជួយនៅហ្នឹងផង។ សូមបន្តជួយទៀត នៅគ្រប់កន្លែងទាំងអស់ មិនមែនតែ កំពង់ធំទេ។ សូមបន្តជួយ តាមលទ្ធភាពដែលអាចធ្វើទៅបាន។ សមាគមឧកញ៉ា និងឧកញ៉ារបស់យើង ក៏បានធ្វើសកម្មភាពច្រើន មិនមែនតែខេត្តកំពង់ធំទេ ហើយក៏មិនមែនតែសាលារៀនទេ ច្រើនវិស័យទៀតផង។ អញ្ចឹងការចូលរួមចែករំលែកនេះគឺក្នុងនាមជាខ្មែរតែមួយដើម្បីជួយគ្នា។ ពីមុន យើងចែកចំណេះ ពីអ្នកចេះតិច បង្រៀនអ្នកអត់ចេះ អ្នកចេះច្រើន បង្រៀនអ្នកចេះតិច។ ឥឡូវអ្នកដែលមានលទ្ធភាពច្រើន ចែករំលែកទៅអ្នកដែលមានលទ្ធភាពតិច ដើម្បីរស់ដើម្បីរីកចម្រើនទាំងអស់គ្នា។

…

ក្នុងថ្ងៃនេះ យើងមានយុវជនកាយប្ញទ្ធិ កាកបាទក្រហម ស.ស.យ.ក. យុវជនថ្នាល យុវជនកម្ពុជា យុវជនគណបក្ស យុវជនរាជសីហ៍ យុវជន អ.ម.ត. យុវជន ១៥៧ យុវជនក្មេងវត្ត សមាគមនារីកម្ពុជា ខេត្តកំពង់ធំ សមាគមកាយរិទ្ធនារីកម្ពុជា ខេត្តកំពង់ធំ សរុប ៣៧០ នាក់ ម្នាក់ៗថវិកា ២ ម៉ឺនរៀល។ ក្មួយៗ សិស្សានុសិស្ស ២១៥៥ នាក់ ម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។ ម៉េចដែរ? មានកម្មវិធីជប់លៀងក្រោយនេះទេ? ជូនលោក/អ្នកគ្រូ ទូទាំងស្រុកតាំងគោក ថវិកា ៥ម៉ឺនរៀល។ សាលាបឋមសិក្សាជន្លែងភូមិថ្មី សាលាបឋមសិក្សាអូរសំបួរ សាលាបឋមសិក្សាកកោះ សាលាបឋមសិក្សា ហ៊ុន សែន ឈូកជីព្រះ ថវិកាក្នុងមួយសាលាបឋមសិក្សា ១ លានរៀល។ ជូនវិទ្យាល័យទ្រៀល ថវិកា ២ លានរៀល។ វិទ្យាល័យទ្រៀល បានស្នើសុំឧបករណ៍ភ្លេងកាយប្ញទ្ធិ ១វង់។ សមាគមឧកញ៉ាកម្ពុជា ផ្ដល់ជូនបន្ថែម។ សូមអរគុណបន្ថែម។ មណ្ឌលសុខភាពទ្រៀល ថវិកា ៣លានរៀល។ សាលាស្រុកតាំងគោក ២លានរៀល។ ក្រុមគ្រូពេទ្យប្រចាំការ ក្នុងអង្គពិធី ៣លានរៀល។ ជូនក្រុមតន្ត្រីសម័យ ថវិកា ១០ លានរៀល ផងដែរ អរគុណ។

(សម្តេចហៅឈ្មោះអ្នកចម្រៀង) ​ហើយក្មួយៗ នោះ មាន idol យើងមក។ កុំភ្លេចស្ទាក់គាត់កុំឲ្យចេញ។ ថតរូបឲ្យអស់ចិត្តទៅទាន់គាត់មក។​ អរគុណដល់អង្គភាពប្រឆាំងភេរវកម្ម មានក្រុមតន្ត្រី តារាចម្រៀងក៏ចូលរួម។ សូមអរគុណណាស់។ សូមជូនពរ ហើយឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ាទាំងអស់ លោកគ្រូ អ្នកគ្រូ អ៊ំ ពូ មីង បងប្អូន ក្មួយៗ ទទួលបាននូវពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕


សុន្ទរកថា​លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ថ្លែងក្នុង​ពិធី​សម្ពោធ​​ដាក់​​ឱ្យ​​ប្រើ​ប្រាស់​​ជាផ្លូវ​ការ​អគារ​សិក្សា​ថ្មី​ចំនួន ៥ខ្នង សរុប ៥៥បន្ទប់ ​វិទ្យា​ល័យ​ទ្រៀល នៅស្រុកតាំងគោក ខេត្តកំពង់ធំ
សុន្ទរកថា​លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ថ្លែងក្នុង​ពិធី​សម្ពោធ​​ដាក់​​ឱ្យ​​ប្រើ​ប្រាស់​​ជាផ្លូវ​ការ​អគារ​សិក្សា​ថ្មី​ចំនួន ៥ខ្នង សរុប ៥៥បន្ទប់ ​វិទ្យា​ល័យ​ទ្រៀល នៅស្រុកតាំងគោក ខេត្តកំពង់ធំ

អត្ថបទទាក់ទង