Grand News Asia Close

ទាក់ទងនឹងសកម្មភាពឈ្លានពានរបស់ភាគីថៃនៅតាម ទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1022
ទាក់ទងនឹងសកម្មភាពឈ្លានពានរបស់ភាគីថៃនៅតាម ទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ទាក់ទងនឹងសកម្មភាពឈ្លានពានរបស់ភាគីថៃនៅតាម ទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងសកម្មភាពឈ្លានពានរបស់ភាគីថៃនៅតាម ទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦



សំណួរទី១៖ តើកម្ពុជាបានឆ្លើយតបយ៉ាងដូចម្តេច ចំពោះការចោទប្រកាន់របស់កងទ័ពជើងគោកថៃដែលថា កម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា?

ចម្លើយ៖ កម្ពុជាបានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងបំភ្លៃការពិតនេះ។ កម្ពុជាបញ្ជាក់ថា ប្រាសាទព្រះវិហារ និងប្រាសាទបុរាណផ្សេងទៀត ជាទីតាំងដែលមានតម្លៃផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនា ព្រមទាំងមានសារៈសំខាន់សម្រាប់ការអភិរក្ស ស្រាវជ្រាវ អប់រំ និងទេសចរណ៍ មិនមែនជាមូលដ្ឋានយោធាឡើយ។ កម្ពុជាយល់ថា ភាគីថៃចោទប្រកាន់បែបនេះ គឺដើម្បីបង្វែរការយកចិត្តទុកដាក់ពីការខូចខាតដែលបេតិកភណ្ឌវប្បធម៌របស់កម្ពុជាបានរងគ្រោះដោយសារការវាយប្រហាររបស់ថៃ។
 
សំណួរទី២៖ តើការវាយប្រហារប្រាសាទព្រះវិហារពីសំណាក់ភាគីថៃ គឺជាការប្រើប្រាស់សិទ្ធិការពារខ្លួន ដូចដែលថៃអះអាងដែរឬទេ?

ចម្លើយ៖ ការអះអាងរបស់ថៃបែបនេះ មិនអាចលុបបំបាត់កាតព្វកិច្ចក្នុងការគោរពច្បាប់អន្តរជាតិ និងការពារបេតិកភណ្ឌវប្បធម៌បានឡើយ។ កម្ពុជាបានរំឭកថា ការប៉ះទង្គិចប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារ និងទីតាំងបេតិកភណ្ឌវប្បធម៌ផ្សេងទៀត ដែលមានឯកសារកត់ត្រាច្បាស់លាស់។ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២ កម្ពុជាទាមទារឱ្យមានការគោរពកាតព្វកិច្ចអន្តរជាតិ ការទប់ស្កាត់ការខូចខាតបន្ថែម និងការទទួលខុសត្រូវចំពោះសកម្មភាពដែលបង្កការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌។
 
សំណួរទី៣៖ តើកម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិ និងអង្គការយូណេស្កូធ្វើអ្វីខ្លះ ដើម្បីធានាការការពារប្រាសាទព្រះវិហារ?

ចម្លើយ៖ កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិ និងអង្គការយូណេស្កូបន្តគាំទ្រការការពារ និងអភិរក្សប្រាសាទព្រះវិហារ ព្រមទាំងទាមទារឱ្យភាគីថៃគោរពអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ។ កម្ពុជាសង្កត់ធ្ងន់លើភាពចាំបាច់នៃការទប់ស្កាត់សកម្មភាពដែលអាចបង្កការខូចខាតដល់ប្រាសាទ និងការពារបេតិកភណ្ឌវប្បធម៌ពីការយកទៅធ្វើជាឧបករណ៍នយោបាយ ឬទីតាំងប្រឈមមុខដាក់គ្នាដោយកម្លាំងយោធា។ កម្ពុជាប្តេជ្ញាបន្តអភិរក្សបេតិកភណ្ឌដ៏មានតម្លៃនេះសម្រាប់មនុស្សជំនាន់ក្រោយ និងអំពាវនាវឱ្យគ្រប់ភាគីដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ៕

អត្ថបទទាក់ទង