Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន បង្ហាញចំណាប់អារម្មណ៍ពីសំណេររបស់លោក Surachart Bamrunsuk ដែលផ្សាយនៅលើបណ្តាញផ្សព្វផ្សាយរបស់ថៃ

ដោយ៖ Morm Sokun ​​ | 14 ម៉ោងមុន ព័ត៌មានជាតិ 1041
សម្តេចតេជោ ហ៊ុន សែន បង្ហាញចំណាប់អារម្មណ៍ពីសំណេររបស់លោក Surachart Bamrunsuk ដែលផ្សាយនៅលើបណ្តាញផ្សព្វផ្សាយរបស់ថៃ សម្តេចតេជោ ហ៊ុន សែន បង្ហាញចំណាប់អារម្មណ៍ពីសំណេររបស់លោក Surachart Bamrunsuk ដែលផ្សាយនៅលើបណ្តាញផ្សព្វផ្សាយរបស់ថៃ

(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦នេះ​ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញចំណាប់អារម្មណ៍ពីសំណេរអត្ថបទរបស់លោក Surachart Bamrunsuk ដែលផ្សាយនៅលើបណ្តាញផ្សព្វផ្សាយរបស់ថៃក្រោមចំណងជើងថា «ពិនិត្យមើលបញ្ហាជាតិនិយម និងលាតត្រដាងបញ្ហាសំខាន់ៗដែលមិនអាចដោះស្រាយបាន ហើយក៏មិនអាចគេចផុតបាន»។

តាមរយៈបណ្តាញសង្គមផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីអានរួច សម្តេចសូមចូលរួមចែករំលែកអត្ថបទនេះតាមរយៈការបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជនកម្ពុជា និងថៃបានជ្រាប និងស្វែងយល់បន្ថែមអំពីខ្លឹមសាររបស់ អត្ថបទ។ សម្តេចសូមមិនធ្វើអត្ថាធិប្បាយបន្ថែមលើសំណេររបស់លោក Surachart Bamrunsuk ឡើយដោយទុកឱ្យប្រជាជននៃប្រទេសទាំងពីរពិចារណា និងវាយតម្លៃដោយខ្លួនឯង។

ខាងក្រោមនេះខ្លឹមសារទាំងស្រុងនៃអត្ថបទដែលបានបកប្រែក្រៅផ្លូវការ៖

«ពិនិត្យមើលបញ្ហាជាតិនិយម និងលាតត្រដាងបញ្ហាសំខាន់ៗដែលមិនអាចដោះស្រាយបាន ហើយក៏មិនអាចគេចផុតបាន» !

ខ្ញុំយល់ថា រដ្ឋាភិបាលអាចនឹងកំពុងយក កម្ពុជា ឬ «បញ្ហាកម្ពុជា» មកប្រើដើម្បីរក្សាប្រជាប្រិយភាពរបស់ខ្លួន។ ប៉ុន្តែខ្ញុំធ្លាប់ចោទជាសំណួរថា ក្នុងការបោះឆ្នោតកន្លងមក តើទីបំផុតគណបក្សភូមិចៃថៃ ឈ្នះដោយសារចរន្តប្រឆាំងកម្ពុជា ឬដោយសារកត្តាផ្សេងទៀត?

ខ្ញុំយល់ថា គណបក្សភូមិចៃថៃ មិនបានឈ្នះដោយសារចរន្តជាតិនិយមទេ ប៉ុន្តែឈ្នះដោយសារ «ចរន្តផ្ទះធំ»។ ចរន្តផ្ទះធំនេះហើយដែលជាកត្តាសម្រេចជ័យជម្នះ។

ចំណែក ចរន្តជាតិនិយម គឺជាកត្តាដែលជួយចិញ្ចឹម និងគាំទ្រចរន្តនយោបាយនេះ។ ជំហររបស់នាយករដ្ឋមន្ត្រីថៃគឺច្បាស់ មិនដោះស្រាយបញ្ហាកម្ពុជា។ ជំហររបស់រដ្ឋមន្ត្រីការបរទេសថៃក៏ច្បាស់ដែរ។ នៅថ្ងៃបើកកិច្ចប្រជុំគណៈកម្មការសម្រុះសម្រួល ជុំទី១ ជំនួសឱ្យរដ្ឋមន្ត្រីការបរទេសថៃថ្លែងការណ៍ដើម្បីបង្កើតរូបភាព វិជ្ជមានឱ្យប្រទេសថៃ រដ្ឋមន្ត្រីការបរទេសថៃវិញ បែរជាប្រើអ្វីដែលខ្ញុំហៅថា «ការទូតបែបមាត់ផ្សារ» គឺផ្តោតលើការរិះគន់ និងជេរប្រមាថជាចម្បង។
ប្រសិនបើរដ្ឋថៃនៅតែប្រើ ការទូតបែបមាត់ផ្សារ នោះយើងគ្មានផ្លូវឈ្នះកម្ពុជាបានទេ។

តើអ្នកសង្កេតឃើញឬទេថា សព្វថ្ងៃនេះ កម្ពុជាមិនបានយក លោកស្រីឧត្តមសេនីយ៍ទោ ម៉ាលី សុជាតា ចេញមកប្រឈមមុខនោះទេ? កម្ពុជាកំពុងរក្សា «កាត» នេះទុក មិនយកមកលេងក្នុងតួនាទីប្រើពាក្យសម្តីវាយប្រហារទេ ប៉ុន្តែទុកឱ្យថៃបន្តដើរតួជាអ្នករិះគន់ និងវាយប្រហារទៅវិញ។

ហើយសួរថា នៅលើឆាកអន្តរជាតិ សព្វថ្ងៃគេនឹងមើលមកយើងយ៉ាងដូចម្តេច? យើងពិតជាជឿថា យុទ្ធសាស្ត្រដែលយកការរិះគន់ និងការវាយប្រហារដោយពាក្យសម្តី ជាអ្នកនាំមុខការទូត នឹងធ្វើឱ្យយើងឈ្នះមែនឬ?

តើយើងមានអារម្មណ៍ឬទេថា «ជេរ» ច្រើន កាន់តែបង្ហាញឱ្យឃើញនូវលក្ខណៈនៃការលេងនយោបាយក្នុងគោលនយោបាយការបរទេស ដែលរំពឹងថា ការលេងនយោបាយក្នុងស្រុក នឹងជួយឱ្យរដ្ឋាភិបាលទទួលបានសំឡេងគាំទ្រពីក្រុមជាតិនិយម? ប៉ុន្តែវាមិនបានដោះស្រាយបញ្ហាធំរបស់ប្រទេសឡើយ។

យើងកំពុងធ្វើឱ្យរូបភាពដែលកម្ពុជាលើកឡើងកាន់តែមានទម្ងន់ថា យើងនេះហើយជាអ្នកគំរាមកំហែងដល់ពួកគេ ជាអ្នកឈ្លានពានពួកគេ។ ហើយដោយអ្វី? ដោយសារទង្វើ និងជំហរដែលភាគីថៃកំពុងបង្ហាញចេញមក។

ចេញផ្សាយដោយ៖ សារព័ត៌មានថៃ Matichorn weekly នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ ខ្លឹមសារដោយ៖
លោកសាស្ត្រាចារ្យ បណ្ឌិត ស៊ូរ៉ាឆាត បំរុងសុខ (Surachart Bamrunsuk) អ្នកវិទ្យាសាស្ត្រនយោបាយថៃ ផ្នែកសន្តិសុខជាតិ យុទ្ធសាស្ត្រយោធា កងទ័ព និងនយោបាយការបរទេសទំនាក់ទំនងអន្តរជាតិ៕


https://www.facebook.com/photo?fbid=1497951559033705&set=a.627369302758606

អត្ថបទទាក់ទង