Grand News Asia Close

កម្ពុជាតវ៉ាជំទាស់​នឹង​ការ​ដំឡើង​រូប​ចម្លាក់​ព្រះពុទ្ធ​ស៊ីម៉ងត៍​នៅ​ស្រុក​អន្លង់វែង

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 17:07 pm ព័ត៌មានជាតិ 1061

កងកម្លាំងប្រដាប់អាវុធថៃ និងព្រះសង្ឃថៃ បានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយនេះជាករណីមួយទៀត ដែលប្រទេសថៃបន្តប្រើប្រាស់សំណង់ និងនិមិត្តរូបសាសនា ដើម្បីពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ រូបថត សហការី

 

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងបន្ថែមទៀត ចំពោះការបន្តរំលោភបំពានជា បន្តបន្ទាប់របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្ដោយព្រំដែន ដែល​ចុង​ក្រោយ​នេះ​ធ្វើឡើង​តាម​រយៈ​យក​ចម្លាក់​ព្រះពុទ្ធ​ស៊ីម៉ងត៍​មកដាក់​នៅ​ភូមិសាស្ត្រ​ស្រុក​អន្លង​វែង​ ដើម្បី​បង្កើត​ស្ថានភាពថ្មី។

តាម​សេចក្តីប្រកាសព័ត៌មាន​​របស់​ក្រសួង​ការបរទស និងសហប្រតិបត្តិការអន្តរជាតិ កាលពី​ថ្ងៃទី២១ ខែកញ្ញា​នេះ បាន​ឱ្យ​ដឹង​ថា កាលពីថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបានធ្វើសកម្មភាពឈូសឆាយដី កងកម្លាំងប្រដាប់អាវុធថៃ អម​ដោយព្រះសង្ឃថៃ បានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ​នៅ​ភ្នំបេង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅចន្លោះបង្គោលព្រំដែនលេខ២ និងលេខ៣។

ក្រសួង​ថ្លែង​ថា៖ «នេះ​​​ជា​​ករណី​​មួយទៀត​​នៃ​​ការ​​ដែល​​ប្រទេស​ថៃ​​បន្ត​​ប្រើ​​ប្រាស់​​សំណង់ និង​និមិត្ត​រូប​សាសនា ដើម្បីពង្រឹង​ការ​កាន់​កាប់​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់»។

ក្រសួង​បញ្ជាក់​ជា​ថ្មី​ថា ​សកម្មភាព​ខាងលើ​​បំពាន​យ៉ាង​ច្បាស់​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់កម្ពុជា ដូច​ដែល​បាន​កំណត់ និង​ខណ្ឌសីមា ដោយផែនទីខ្នាត ១:២០០.០០០ ផលិតដោយគណៈកម្មការ​កំណត់​ព្រំដែន​រវាង​ឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញ បារាំង-សៀម ឆ្នាំ១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ១៩០៧។

សកម្មភាពនេះក៏រំលោភផងដែរលើមាត្រា៥ នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់គ្នា​រវាង​រាជរដ្ឋាភិបាលកម្ពុជា និង​រាជរដ្ឋាភិបាលថៃ ស្ដីពីការវាស់វែង និងខណ្ឌសីមា ព្រំដែនគោក ដែលបានចុះហត្ថលេខាកាល​ពីថ្ងៃ​ទី ១៤ ខែមិថុនា ឆ្នាំ២០០០ និង ចំណុចទី១ នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើកទី ៣ របស់​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ (GBC) ចុះថ្ងៃ​ទី ២៧ ខែ​ធ្នូ ឆ្នាំ២០២៥។

ក្រសួងការបរទេស​​ថ្លែង​ដូច្នេះ៖ «កម្ពុជា​មិន​ទទួល​ស្គាល់ជា​ដាច់ខាត​នូវ​ខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដី​ជាឯកតោ​ភាគី​ដោយ​ប្រទេសថៃ​នោះឡើយ ហើយ​សកម្មភាព (រំលោភបំពាន​របស់ថៃ) ​ដែល​បានរៀបរាប់ខាង​លើ មិន​ប៉ះ​ពាល់​ដល់​សិទ្ធិ​ស្របច្បាប់ ឬ​ជំហរ​របស់​កម្ពុជា​ទាក់ទង​នឹង​ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ»។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា «​ទាមទារ​ឱ្យ​​ប្រទេស​ថៃ​បញ្ឈប់​​ជា​បន្ទាន់​​នូវ​​រាល់​​សកម្ម​ភាព​ខុស​ច្បាប់​ទាំងនេះ បញ្ឈប់​​រាល់​​សកម្មភាព​​​ជាឯកតោភាគី ហើយ​​ត្រូវ​​ធ្វើការ​​ដើម្បី​បន្ធូរ​​ភាព​តានតឹង លើក​​កម្ពស់​​ទំនុក​​ចិត្ត​​ទៅ​​វិញ​​ទៅមក ព្រមទាំ​ង​​រក្សា​សន្តិភាព​ និង​​ភាព​​ជា​អ្នក​​ជិត​ខាង​​ល្អ តាមបណ្តោយ​​ព្រំ​ដែន​​​រវាង​​ប្រទេស​​ទាំង​២»៕

-post khmer-

អត្ថបទទាក់ទង