Grand News Asia Close

នៅ​ថ្ងៃទិវាសន្តិភាពអន្តរជាតិ លោក ហ៊ុន ម៉ាណែត ស្នើ​ឱ្យ​ថៃគោរពកិច្ចព្រមព្រៀង ​ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយ​ផ្អែកលើច្បាប់អន្តរជាតិ

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ ព័ត៌មានជាតិ 1055

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល( Anutin Charnvirakul) បានចាប់ដៃគ្នា បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី កាលពីខែតុលា ឆ្នាំ ២០២៥។ រូបថត STPM


ស្របពេល​ដែល​ប្រទេស​នានា នៅលើពិភពលោក បាន​នាំគ្នា​អបអរសាទរ ខួបលើកទី ២៣ ទិវាសន្តិភាពអន្តរជាតិ (២១ កញ្ញា ២០០៣ – ២១ កញ្ញា ២០២៦) លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​​ស្នើ​ទៅ​កាន់​ភាគីថៃ​ឱ្យ​គោរពកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នា ​ចូលរួមដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃតាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្ត និងឈានទៅរកការស្ដារសន្តិភាពនៅតាមព្រំដែន។

នៅក្នុងសារលិខិត​អបអរសាទរ ខួបលើកទី ២៣ ទិវាសន្តិភាពអន្តរជាតិ​នេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា នៅ​ថ្ងៃទី២១ កញ្ញា រៀងរាល់ឆ្នាំ បណ្តាប្រទេសនានា​នៅ​ទូទាំងសកលលោក រួមទាំងកម្ពុជាផងដែរ គូសបញ្ជាក់ជាថ្មីអំពីការប្តេជ្ញា​ចិត្ត​រួមគ្នា​លើក​កម្ពស់​​គុណតម្លៃ​ដ៏​ថ្លៃថ្លា​​នៃ​សន្តិភាព និង​សម្តែង​នូវ​កតញ្ញុតា​ធម៌​ដល់​វីរជន​គ្រប់រូប ដែល​បានធ្វើ​ពលិកម្ម ដើម្បីបុព្វហេតុសន្តិភាព។លោក ម៉ាណែត បានអះអាង​ថា បទពិសោធ​ន៍​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់ និង​ស្ថានភាពជាក់​ស្តែង​នៃ​ពិភពលោក​នាពេលបច្ចុប្បន្ន បានបង្ហាញ​យ៉ាង​ច្បាស់ថា ច្បាប់​អន្តរជាតិ​មិន​អាចធានា​សន្តិភាព​បាន​ឡើយ ប្រសិន​បើខ្វះ​ឆន្ទៈ​នយោបាយ​ពិតប្រាកដ និង​ការ​អនុវត្ត​ជាក់​ស្ដែងប្រកប​ដោយ​ការ​ប្ដេជ្ញាចិត្តខ្ពស់។

ដើម្បីឱ្យ​សន្តិភាព​អាច​ចាក់​ឫស​យ៉ាង​ជ្រៅ រឹងមាំ និង​មានចីរភាព កម្ពុជា​តែងតែប្រកាន់​ខ្ជាប់​យ៉ាង ម៉ឺងម៉ាត់​នូវ​ជំហរ​គោរព​អធិបតេយ្យ និង​សមភាព​រវាង​រដ្ឋ ការលុប​បំបាត់​វប្បធម៌​ប្រើប្រាស់​កម្លាំង ការ​អនុវត្ត កាតព្វ​កិច្ច​អន្តរជាតិ​ដោយ​ស្មោះត្រង់ ព្រម​ទាំង​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ និង​យន្ត​ការ​ពហុភាគី ជាពិសេស​ការ​ជ្រើស​រើស​យក​វិធីសាស្ត្រដោះស្រាយវិវាទ​ដោយ​សន្តិវិធី និងអនុលោមតាម​ច្បាប់អន្តរជាតិ។

ក្នុងន័យនេះ លោក ម៉ាណែត បានចាត់​ទុក «សន្តិភាពជា​ដង្ហើម​រស់​សម្រាប់កម្ពុជា» ព្រោះ​​សន្តិភាពនេះហើយ ដែលបាន​ផ្ដល់​​ឱកាស​​មាស​​ឱ្យ​ប្រទេស​​​កម្ពុជា​​អាច​ស្តារ និង​កសាង​ជាតិ​ឡើង​វិញ ជំរុញ​ការ​​កាត់​បន្ថយ​​ភាពក្រីក្រ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម និងធ្វើសមាហរណកម្មកាន់​តែ​ស៊ីជម្រៅ​ទៅ​ក្នុង​តំបន់ និង​សកលលោក។

លោកបញ្ជាក់​ថា៖​ «សន្តិភាព បាន​អនុញ្ញាតឱ្យ​​យើង​​​មាន​លទ្ធភាព​ផ្ដោត​ធនធាន​ទាំងអស់​លើ​ការ​អភិវឌ្ឍគ្រប់​វិស័យ ដើម្បីប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជា​តួអង្គដ៏សកម្ម និងមានការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុ​ងកិច្ចការអន្តរជាតិ។ ​ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ កម្ពុជាបាន​និងកំពុងចូលរួមចំណែកប្រកបដោយមោទនភាពក្នុងបេសកកម្មរក្សាសន្តិភាពពិភពលោក»។

ជាមួយហេតុផលនេះ កម្ពុជា​ចាប់តាំងពីឆ្នាំ២០០៦ មកទល់បច្ចុប្បន្ន បានបញ្ចូន​កងកម្លាំងថែរក្សាសន្តិភាពសរុបចំនួន ១០.៩១២នាក់ (ក្នុងនោះមានស្ត្រី ចំនួន ១.០៨២នាក់) ទៅ​បំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន១០ រួមមាន ឆាដ ស៊ូដង់ ស៊ូដង់ ខាងត្បូង អាហ្វ្រិកកណ្ដាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុងហ្គោ។

យ៉ាងណាក៏​ដោយ លោក ហ៊ុន ម៉ាណែត បាន​លើក​ឡើងពី​ប្រវត្តិដ៏​ឈឺចាប់​​នៃ​ភ្លើងសង្រ្គាម ដែល​កម្ពុជា បាន​ឆ្លង​កាត់ជាច្រើនដំណាក់កាល ហើយនៅតែ​បន្ត​ទទួល​រងផលប៉ះពាល់​ពី​​ការ​ឈ្លាន​ពានអធិបតេយ្យជាតិ​ពីប្រទេសជិត​ខាង ដោយ​សំដៅ​ទៅ​ដល់​យោធាថៃ ដែលនៅតែ​បន្ត​រំលោភ​បំពាន​កាន់​កាប់​​ទឹក​ដី​កម្ពុជា ហើយ​លោក​ស្នើ​ឱ្យភាគី​ថៃ មានការ​គោរព​ទៅលើ​កិច្ច​ព្រមព្រៀង ដែល​បាន​ឯក​ភាព​គ្នា។

លោក​បញ្ជាក់​ថា៖ «ឆ្លងកាត់​ការ​ឈឺចាប់ និង​ផល​វិបាក​ដ៏​ខ្លោចផ្សា​នៃ​សង្គ្រាម ព្រម​ទាំង​​ផល​ប៉ះពាល់​​ពី​ការ​​ឈ្លានពាន អធិបតេយ្យជាតិ​​នា​ពេលថ្មីៗនេះ យើង​រឹត​តែ​​យល់​ច្បាស់​ពី​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​នៃ​សន្តិភាព កាលានុវត្តភាព ដ៏​ទូលំទូលាយ​​ដែល​​សន្តិភាព​​បាន​​បង្កើតឡើង និង​ភាព​​ផុយស្រួយ​​នៃ​​សន្តិភាព ដែល​​យើង​ត្រូវ​តែ​រួមគ្នា ថែរក្សា និង​ការពារឱ្យ​បាន​ដាច់ខាត»។

លោក​បន្ថែម​ថា៖ ​«​ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា សូម​អំពាវនាវ​ជាថ្មី​ម្តង​ទៀត​​ឱ្យភាគីថៃ​គោរព​កិច្ច​ព្រមព្រៀង ដែល​បាន​ឯកភាពគ្នា ចូលរួ​ម​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ​តាមសន្តិវិធី ដោយ​ផ្អែក​លើ​ច្បាប់អន្តរជាតិ ដើម្បីកាត់​បន្ថយ​ភាពតាន​តឹង កសាង​ទំនុកចិត្ត និង​ឈាន​ទៅ​រក​ការ​ស្ដារសន្តិភាពនៅតាមព្រំដែន ក៏ដូចជា ការរួមរស់​ប្រកបដោយភាពសុខដុម​នៃ​ប្រជាជន​ប្រទេស​ទាំងពីរ ក្នុង​នាម​ជាអ្នកជិត​ខាងល្អ»។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា នឹង​នៅតែ​បន្ត​ប្រកាន់​ខ្ជាប់​គោលការណ៍​គ្រឹះ​នៃ​សន្តិភាព ការ​គោរពអធិបតេយ្យ ស្មើភាព ដោះស្រាយ​វិវាទ​ដោយ​សន្តិ​វិធី​ដោយ​អនុលោម​តាម​ច្បាប់​អន្តរជាតិ ដោយ​មិន​ប្រើ​កម្លាំង ដើម្បី​ភាពសុ​ខសាន្ត​របស់​ប្រជាជន និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមដោយ​ចីរភាព និង​ប្រកប​ដោយ​បរិយាប័ន្ន។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់​បន្ថែម៕
–Post Khmer–

អត្ថបទទាក់ទង