Grand News Asia Close

«គោរពច្បាប់អន្តរជាតិ» ឬគ្រាន់តែពាក្យដែលថៃទន្ទិញជាប់មាត់?

ដោយ៖ Morm Sokun ​​ | ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ទស្សនៈ-Opinion ព័ត៌មានជាតិ 1004
«គោរពច្បាប់អន្តរជាតិ» ឬគ្រាន់តែពាក្យដែលថៃទន្ទិញជាប់មាត់? «គោរពច្បាប់អន្តរជាតិ» ឬគ្រាន់តែពាក្យដែលថៃទន្ទិញជាប់មាត់?

សេចក្តីថ្លែងការណ៍របស់លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃក្នុងកិច្ចប្រជុំគណៈកម្មការផ្សះផ្សា​ស្តីពីការ​កំណត់​ព្រំដែនសមុទ្រកម្ពុជា-ថៃ ហាក់មិនខុសពីការលើកយកស្គ្រីបដែលបានត្រៀមទុកមកអានឡើងវិញ ដោយខ្លឹមសារសំខាន់ៗត្រូវបានរំលឹកដដែលៗ ដូចជាពាក្យដែលបានចាំមាត់រួចជាស្រេច គឺប្រកាន់យក «សន្តិ​ភាព»​ «ការសន្ទនា» «ការកសាង​ទំនុកចិត្ត» និងជាពិសេស «ការគោរពច្បាប់អន្តរជាតិ» ដែលពាក្យសម្តី​នេះ​ស្តាប់​ទៅពិរោះណាស់ ស្ទើរតែធ្វើឱ្យអ្នកស្តាប់ចង់ជឿតាមភ្លាមៗ។ ប៉ុន្តែបញ្ហាគឺ ពាក្យសម្តីអាចរៀបចំ​និយាយ​ឱ្យល្អបាន តែជំហរនិងសកម្មភាពជាក់ស្តែងមិនអាចលាក់បានទេ។ ​

ថៃអះអាងថា ខ្លួនគោរពច្បាប់អន្តរជាតិ និងការពារសិទ្ធិអធិបតេយ្យរបស់ខ្លួន ប៉ុន្តែការគោរពច្បាប់អន្តរ​ជាតិ មិនមែនមានន័យថា អាចជ្រើសរើសយកតែផ្នែកណាដែលត្រូវនឹងជំហររបស់ខ្លួន ហើយបដិសេធផ្នែក​ដែល​មិនស្របនឹងផលប្រយោជន៍របស់ខ្លួនបានឡើយ។

បញ្ហាសំខាន់មួយ ចំពោះ MoU ឆ្នាំ២០០១ ដែលភាគីថៃព្យាយាមពន្យល់ថា កិច្ចព្រមព្រៀងនេះ​មិនបាន​នាំមកនូវលទ្ធផលក្នុងរយៈពេលជាច្រើនឆ្នាំ ហើយយន្តការនេះបានប្រជុំតែពីរលើកតែប៉ុណ្ណោះ។ ហេតុ​ផលដែលលើកឡើងដោយខ្វះភាពស៊ីជម្រៅបែបនេះ បែរជាត្រូវបានយកមកធ្វើជាមូលដ្ឋានសម្រាប់ការ​សម្រេច​លុប​ចោល MoU ឆ្នាំ២០០១ ដែលជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រដ៏សំខាន់រវាងប្រទេសទាំងពីរទៅ​វិញ។

ត្រង់ចំណុចនេះ ភាគីថៃគួរតែឆ្លើយឱ្យបានច្បាស់ថា ប្រសិនបើយន្តការមួយមិនទាន់អាចនាំមក​នូវដំណោះ​ស្រាយ តើហេតុអ្វីបានជាត្រូវលុបចោលយន្តការនោះទៅវិញ? តើការដែលមិនទាន់រកឃើញ​ដំណោះ​ស្រាយមានន័យថា យន្តការនោះបរាជ័យរហូតដល់ថ្នាក់ត្រូវបោះចោលឬ? ឬផ្ទុយទៅវិញ វាគួរតែជាហេតុ​ផលឱ្យភាគីទាំងពីរព្យាយាមចរចាបន្ថែម ពង្រឹងយន្តការ និងកែលម្អវិធីសាស្ត្រអនុវត្ត ដើម្បីធ្វើឱ្យវាកាន់តែ​មានប្រសិទ្ធភាព?

បើគោលដៅពិតប្រាកដគឺចង់រកដំណោះស្រាយដោយការចរចា នោះហេតុអ្វីត្រូវបិទទ្វារយន្តការចរចា មុន​ពេលដែលយន្តការនោះបានបញ្ចប់បេសកកម្មរបស់ខ្លួន?

បើថៃជឿជាក់លើមូលដ្ឋានច្បាប់របស់ខ្លួនពិតប្រាកដ មិនគួរគ្រាន់តែជំទាស់ថា ផែនទីព្រំដែនសមុទ្រ​ឆ្នាំ ១៩៧២ គ្មានមូលដ្ឋានតាមផ្លូវច្បាប់ ឬគ្រាន់តែលើកខ្សែបន្ទាត់ព្រំដែនសមុទ្រឆ្នាំ១៩៧៣ របស់ខ្លួន​មកអះអាងនោះទេ។ សំណួរគឺ៖ បើជំហររបស់ខ្លួនមានភស្តុតាងរឹងមាំមែន ហេតុអ្វីមិនយកផែនទី ឯកសារ និងភស្តុតាងប្រវត្តិសាស្ត្រមកដាក់លើតុ ដើម្បីពិនិត្យតាមច្បាប់ និងផ្ទៀងផ្ទាត់គ្នាឱ្យបានច្បាស់លាស់?

ការនិយាយថា «ការទាមទាររបស់កម្ពុជាគ្មានមូលដ្ឋានផ្លូវច្បាប់» មិនមែនជាភស្តុតាងទេ។ វាគ្រាន់តែជាការអះអាងរបស់ភាគីថៃខ្លួនឯងប៉ុណ្ណោះ ក្នុងវិវាទអន្តរជាតិ អ្វីដែលត្រូវការគឺ ភស្តុតាង និងហេតុផលផ្នែកច្បាប់ មិនមែនជាការចោទប្រកាន់និងដាក់បន្ទុកចោទលើកម្ពុជានោះទេ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ គឺថៃនិយាយថា ខ្លួនគោរព UNCLOS និងគាំទ្រដំណើរការផ្សះផ្សា ប៉ុន្តែក្នុងពេលដំណាលគ្នាក៏ព្យាយាមកំណត់ជាមុនថា ដំណើរការនេះត្រូវពាក់ព័ន្ធតែព្រំដែនសមុទ្រ ដោយអះអាងថា កោះគុតមិនមែនជាព្រំដែនទឹកនិងមិនពាក់ព័ន្ធនឹងបញ្ហាផ្សេងៗទៀតនោះទេ។
ការផ្សះផ្សាមិនគួរក្លាយជាវេទិកាដែលភាគីមួយកំណត់លក្ខខណ្ឌជាមុន ហើយភាគីម្ខាងទៀតត្រូវដើរតាម​នោះទេ ប្រសិនបើពិតជាគោរពច្បាប់អន្តរជាតិ ភាគីទាំងពីរត្រូវមានសិទ្ធិស្មើគ្នាក្នុងការបង្ហាញទស្សនៈ លើកភស្តុតាង និងការពារជំហររបស់ខ្លួន។

ថៃអាចនិយាយពាក្យ «គោរពច្បាប់អន្តរជាតិ» ចេញពីមាត់ដដែលៗរបស់ខ្លួនតាមដែលខ្លួនចង់បាន ប៉ុន្តែការវិនិច្ឆ័យមិនត្រូវស្ថិតនៅត្រឹមតែពាក្យសម្តីទេ គឺត្រូវមើលទៅលើសកម្មភាពជាក់ស្តែងផងដែរ។

សំណួរមួយទៀតគឺ តើថៃព្រមគោរពច្បាប់អន្តរជាតិទាំងអស់ដោយទទួលយកទាំងសិទ្ធិ និងកាតព្វកិច្ច​របស់​​ខ្លួន ឬក៏ជ្រើសរើសយកតែផ្នែកណាមួយដែលខ្លួនចង់បាន?

ព្រោះការគោរពច្បាប់ពិតប្រាកដ មិនមែនជាការជ្រើសយកតែអ្វីដែលខ្លួនទទួលបាន​ផលប្រយោជន៍​នោះ​ទេ។ ការគោរពច្បាប់ គឺត្រូវទទួលយកទាំងសិទ្ធិដែលខ្លួនទទួលបាន និងកាតព្វកិច្ចដែលខ្លួនត្រូវចូលរួម​អនុវត្ត។

ដំណើរការផ្សះផ្សាពេលនេះ នឹងជាកញ្ចក់បង្ហាញឱ្យឃើញថា «ការគោរពច្បាប់អន្តរជាតិ» ដែលថៃតែងតែទន្ទិញជាប់មាត់នោះ គឺជាគោលការណ៍ពិតដែលនឹងត្រូវយកអនុវត្ត ឬគ្រាន់តែជាពាក្យសម្តីការទូតដ៏ពិរោះ សម្រាប់លាក់បាំងយុទ្ធសាស្ត្រអូសបន្លាយពេល និងស្វែងរកប្រជាប្រិយភាពក្នុងស្រុក។ បើជាគោលការណ៍ពិត នោះភស្តុតាង និងសកម្មភាពជាក់ស្តែង គួរតែជាអ្នកឆ្លើយជំនួសពាក្យសម្តីនេះហើយ៕

ដោយ៖ ពិន វិជ័យ

អត្ថបទទាក់ទង