Grand News Asia Close

វត្តមានកងទ័ពថៃកៀកប្រាសាទព្រះវិហារ ដាក់សម្ពាធលើទេសចរណ៍ ការគ្រប់គ្រង និងការអភិរក្ស

ដោយ៖ Morm Sokun ​​ | 16 ម៉ោងមុន ព័ត៌មានជាតិ 1044
វត្តមានកងទ័ពថៃកៀកប្រាសាទព្រះវិហារ ដាក់សម្ពាធលើទេសចរណ៍ ការគ្រប់គ្រង និងការអភិរក្ស កងកម្លាំងយោធាថៃ​ឈរជើងនៅក្បែរទ្វារ​ដែក​កៀកនឹង​ប្រាសាទ​ព្រះវិហារ​ ដែល​បង្ក​ផលប៉ះពាល់​ដល់​សន្ដិសុខ​យ៉ាង​ខ្លាំង។ រូបថត បណ្ដាញសង្គម​

ព្រះវិហារៈ វត្តមានកងទ័ពថៃនៅកៀកតំបន់ប្រាសាទព្រះវិហារ កំពុងបង្កផលប៉ះពាល់ច្រើនផ្នែក រាប់ចាប់ពីការធ្លាក់ចុះនៃវិស័យទេសចរណ៍ ការរាំងស្ទះដល់ការគ្រប់គ្រង និងអភិរក្សបេតិកភណ្ឌពិភពលោក រហូតដល់ការដាក់សម្ពាធផ្នែកសន្តិសុខលើមន្ត្រីជំនាញដែលបំពេញការងារនៅទីនោះ។

លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានថ្លែងថា កងទ័ពថៃបានចូលមកកៀកតំបន់ប្រាសាទ និងក្បែរទឹកដីកម្ពុជាជាច្រើនកន្លែង ប៉ុន្តែលោកមិនអាចកំណត់ដោយខ្លួនឯងថា កងទ័ពទាំងនោះស្ថិតក្នុងទឹកដីកម្ពុជា ឬថៃនោះទេ ដោយត្រូវរង់ចាំការកំណត់ខ្សែព្រំដែនពីគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC)។

លោកបានថ្លែងក្នុងកម្មវិធីពិភាក្សាតុមូលស្ដីពីស្ថានភាពគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងភូមិសាស្ត្រខេត្តព្រះវិហារថា៖ «ចំពោះវត្តមានកងទ័ពថៃបច្ចុប្បន្ននេះ អ្វីដែលយើងអាចសង្កេតបាន គឺមកកៀកនឹងតំបន់ប្រាសាទព្រះវិហារ ក្បែរនឹង​របង​ដែក​នៃ​ប្រាសាទ​»។

លោកបន្តថា៖ «ចំពោះថាតើពួកគេ​នៅក្នុងទឹកដីកម្ពុជា ឬក៏នៅក្នុងទឹកដីថៃ ខ្ញុំមិនអាចវាយតម្លៃបានទេ ទាល់តែគណៈកម្មការព្រំដែន JBC ទៅកំណត់ថា ព្រំដែននៅឯណាសិន ទើបដឹងថា អ្នកណាចូល អ្នកណាមិនចូល»។

លោកបានបញ្ជាក់ថា អាជ្ញាធរជាតិព្រះវិហារនៅរង់ចាំក្រុមបច្ចេកទេសរបស់អាជ្ញាធរទទួលបន្ទុកកិច្ចការព្រំដែនបន្តធ្វើការលើការកំណត់ទីតាំង និងខ្សែព្រំដែនជាក់លាក់។

ទោះជាយ៉ាងណា លោកថា ដោយមិនទាន់គិតពីការកំណត់ថា កងទ័ពទាំងនោះស្ថិតនៅម្ខាងណានៃខ្សែព្រំដែនក៏ដោយ វត្តមានយោធានៅកៀកប្រាសាទបានបង្កផលប៉ះពាល់ជាក់ស្ដែងរួចទៅហើយ។

លោកថា៖ «ការនៅកៀកនឹងប្រាសាទព្រះវិហារនេះ មិនត្រឹមតែប៉ះពាល់ទៅដល់វិស័យទេសចរណ៍ទេ សូម្បីតែការងារគ្រប់គ្រងប្រាសាទព្រះវិហារ និងការងារអភិរក្សប្រាសាទព្រះវិហារ ក៏ត្រូវបានបង្ខាំង និងរងសម្ពាធផ្នែកសន្តិសុខដែរ»។

ទេសចរណ៍រងផលប៉ះពាល់

វិស័យទេសចរណ៍ជាផ្នែកមួយដែលរងផលប៉ះពាល់ដោយផ្ទាល់ ព្រោះស្ថានភាពសន្តិសុខបានធ្វើឱ្យភ្ញៀវទេសចរមិនអាចឡើងទៅទស្សនាប្រាសាទព្រះវិហារបានជាធម្មតា។

ប្រាសាទព្រះវិហារជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រ សាសនា និងវប្បធម៌ដ៏សំខាន់មួយរបស់កម្ពុជា និងត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨។

ការរឹតត្បិតការចូលទៅកាន់ប្រាសាទមិនត្រឹមតែប៉ះពាល់ដល់ចំនួនភ្ញៀវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់អាជីវកម្ម សេវាកម្ម និងប្រភពចំណូលរបស់សហគមន៍ដែលរស់នៅជុំវិញតំបន់បេតិកភណ្ឌផងដែរ។

ស្ថានភាពនេះបានធ្វើឱ្យរដ្ឋបាលខេត្តងាកទៅផ្សព្វផ្សាយគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពផ្សេងទៀត ដូចជាប្រាសាទកោះកេរ និងតំបន់ទេសចរណ៍នៅផ្នែកខាងក្នុងនៃខេត្ត។

ការគ្រប់គ្រង និងអភិរក្សត្រូវបានរាំងស្ទះ

ក្រៅពីទេសចរណ៍ វត្តមានកងទ័ពនៅកៀកប្រាសាទបានរារាំងដល់ការងារប្រចាំថ្ងៃរបស់អាជ្ញាធរជាតិព្រះវិហារ រួមមានការចុះពិនិត្យសំណង់ ការវាយតម្លៃការខូចខាត ការប្រមូលបំណែកថ្ម និងការជួសជុលតាមបច្ចេកទេស។

លោក ពុទ្ធិការ បានឱ្យដឹងថា ការងារជួសជុល និងអភិរក្សទាំងរបស់អាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ រួមមានឥណ្ឌា ចិន និងសហរដ្ឋអាមេរិក ត្រូវបានផ្អាកដោយសារស្ថានភាពសន្តិសុខ។

ក្រុមការងារបច្ចុប្បន្នអាចអនុវត្តតែវិធានការសង្គ្រោះបន្ទាន់ ដូចជាការទល់ទ្រសំណង់ដែលប្រឈមនឹងការបាក់រលំ ការបិទភ្ជាប់ផ្នែកប្រេះបែក ការប្រមូល និងការពារបំណែកថ្ម និងការថតរូបបែប 3D សម្រាប់រក្សាទុកជាឯកសារវិទ្យាសាស្ត្រ។

លោកបានបញ្ជាក់ថា ការងារទាំងនេះគ្រាន់តែជាវិធានការបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់កុំឱ្យការខូចខាតកាន់តែធ្ងន់ធ្ងរ មិនមែនជាការជួសជុលពេញលេញនោះទេ។

លោកថា៖ «អ្វីដែលយើងធ្វើបានសព្វថ្ងៃនេះ គឺជាការងារសង្គ្រោះប្រាសាទព្រះវិហារ មិនមែនជាការងារជួសជុលទេ»។

បញ្ហាសន្តិសុខក៏ធ្វើឱ្យអាជ្ញាធរមិនទាន់អាចវាយតម្លៃទំហំការខូចខាតទាំងមូល កំណត់ថវិកាដែលត្រូវការ ឬប៉ាន់ប្រមាណរយៈពេលសម្រាប់ការស្ដារឡើងវិញបាន។

សន្តិសុខមន្ត្រីជំនាញរងសម្ពាធ

កងកម្លាំង​អាជ្ញាធរ​កំចាត់មីន​កម្ពុជា (ស៊ីម៉ាក់) ដើរកាត់​ជញ្ជាំង​ប្រាសាទ​ព្រះវិហារ​នៅ​គោបុរៈទី១ ដែលរង​ការ​ធ្លុះធ្លាយពី​គ្រាប់​យុទ្ធភណ្ឌ​យោធាថៃ​អំឡុង​សង្គ្រាម​ឈ្លានពាន​ឆ្នាំ​២០២៥។ រូបថត ហុង រស្មី

លោក ពុទ្ធិការ បានឱ្យដឹងថា មន្ត្រីអភិរក្សដែលឡើងទៅបំពេញការងារនៅប្រាសាទនៅតែប្រឈមនឹងសម្ពាធផ្នែកសន្តិសុខ ដោយសារវត្តមានកងទ័ព និងភាពតានតឹងនៅតាមតំបន់ជាប់ព្រំដែន។

ក្នុងបទបង្ហាញរបស់លោក លោកបានរៀបរាប់ថា មន្ត្រីមួយចំនួនត្រូវផ្ដាំផ្ញើក្រុមគ្រួសារមុនឡើងទៅបំពេញការងារ ព្រោះពួកគេមិនអាចដឹងច្បាស់ថា ស្ថានភាពនឹងប្រែប្រួលយ៉ាងដូចម្ដេច។

ទោះជាប្រឈមនឹងហានិភ័យក៏ដោយ លោកថា មន្ត្រីនៅតែបន្តការងារសង្គ្រោះបន្ទាន់ ដោយសារពួកគេចាត់ទុកការការពារប្រាសាទព្រះវិហារជាភារកិច្ចរបស់ខ្មែរ និងជាការទទួលខុសត្រូវចំពោះបេតិកភណ្ឌពិភពលោក។

ការខូចខាតរាប់រយទីតាំង

តាមការរាយការណ៍របស់អាជ្ញាធរជាតិព្រះវិហារ ការបាញ់ផ្លោងក្នុងជម្លោះកាលពីខែកក្កដាបានបង្កការខូចខាតចំនួន១៤២ទីតាំង ខណៈការបាញ់ផ្លោងក្នុងខែធ្នូបានបង្កការខូចខាតបន្ថែមចំនួន៤២០ទីតាំង។

ការខូចខាតសរុបចំនួន៥៦២ទីតាំងបានប៉ះពាល់ដល់សំណង់ស្ថាបត្យកម្ម គោបុរៈ ក្បាច់ចម្លាក់ សសរថ្ម ជញ្ជាំង គោបុរៈ​ ទីសក្ការៈ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។

ការដ្ឋានអភិរក្សគោបុរៈទី៥ ដែលគាំទ្រដោយរដ្ឋាភិបាលឥណ្ឌា រួមមានការិយាល័យ រោងកាត់ថ្ម ឧបករណ៍ស្ទូចថ្ម និងសម្ភារៈបច្ចេកទេស ក៏ត្រូវបានបំផ្លាញ។

ចំណែកគម្រោងជួសជុលជណ្ដើរខាងជើង ដែលទទួលបានការគាំទ្រពីមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងអនុវត្តពីឆ្នាំ២០១៨ ដល់ខែកក្កដា ឆ្នាំ២០២៥ ក៏ត្រូវបានផ្អាក ហើយផ្នែកដែលបានជួសជុលបានរងការខូចខាតបន្ថែម។

គម្រោងរបស់អ្នកជំនាញចិន ដែលបានសិក្សា និងគ្រោងជួយជួសជុលផ្នែកមួយចំនួននៃគោបុរៈទី១ ទី២ និងទី៣ ក៏មិនអាចបន្តបានដោយសារស្ថានភាពសន្តិសុខ។

មិនទាន់សម្រេចដាក់ក្នុងបញ្ជីប្រឈមគ្រោះថ្នាក់

អគារ​លក់សំបុត្រ​សម្រាប់​ភ្ញៀវ​ទេសចរ​ឡើង​ប្រាសាទ​ព្រះវិហារត្រូវបាន​យោធា​ថៃ​ផ្លោង​កម្ទេច​កាលពី​សង្គ្រាម​ឈ្លានពាន​ខែកក្កដា និងខែ​ធ្នូ ឆ្នាំ​២០២៥។ រូបថត ហុង រស្មី

ពាក់ព័ន្ធនឹងលទ្ធភាពដាក់ប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប្រឈមគ្រោះថ្នាក់ លោក ពុទ្ធិការ បានបញ្ជាក់ថា អាជ្ញាធរមិនទាន់សម្រេចចិត្តនៅឡើយទេ ព្រោះបញ្ហានេះត្រូវការការសិក្សាបច្ចេកទេសច្បាស់លាស់។

លោកបានចាត់ទុកការដាក់ប្រាសាទក្នុងបញ្ជីប្រឈមគ្រោះថ្នាក់ថា ជាការផ្លាស់ប្ដូរស្ថានភាពពីបេតិកភណ្ឌពិភពលោកទៅជាបេតិកភណ្ឌពិភពលោកប្រឈមគ្រោះថ្នាក់ ដែលលោកប្រដូចទៅនឹងការបន្ទាបកម្រិត។

លោកថា៖ «ការសន្មតថាស្ថានភាពប្រឈមគ្រោះថ្នាក់ គឺបានន័យថាប្រាសាទព្រះវិហារធ្លាក់កម្រិតពីបេតិកភណ្ឌពិភពលោកមកបេតិកភណ្ឌប្រឈមគ្រោះថ្នាក់។ អ៊ីចឹងបានន័យថា យើងដើរ​ថយក្រោយ​ខ្លួនឯង»។

លោកបន្តថា៖ «ការងារនេះទាមទារឱ្យមានការសិក្សាផ្នែកបច្ចេកទេសច្បាស់លាស់ ទើបយើងអាចសម្រេចចិត្តបាន»។

ការបញ្ជាក់នេះមានន័យថា ប្រាសាទព្រះវិហារមិនទាន់ត្រូវបានស្នើ ឬដាក់បញ្ចូលជាផ្លូវការក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប្រឈមគ្រោះថ្នាក់នៅឡើយទេ។

លោក ពុទ្ធិការ បានបញ្ជាក់ថា ការវិលត្រឡប់ទៅរកការគ្រប់គ្រង ការអភិរក្ស និងការបើកទទួលភ្ញៀវទេសចរជាប្រក្រតី អាស្រ័យលើការធូរស្រាលនៃស្ថានភាពសន្តិសុខ និងវឌ្ឍនភាពក្នុងការដោះស្រាយបញ្ហាព្រំដែនតាមយន្តការដែលភាគីទាំងពីរបានកំណត់៕

-Phnom Penh Post-

 

អត្ថបទទាក់ទង