Grand News Asia Close

ហេតុអ្វី៥០ឆ្នាំក្រោយមរណភាពលោក ម៉ៅ សេទុង និមិត្តរូបនិងស្នាដៃរបស់លោក បន្តចម្រូងចម្រាស?

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 18:51 pm ព័ត៌មានជាតិ 1059
ហេតុអ្វី៥០ឆ្នាំក្រោយមរណភាពលោក ម៉ៅ សេទុង និមិត្តរូបនិងស្នាដៃរបស់លោក បន្តចម្រូងចម្រាស? លោក ម៉ៅ សេទុង ថតក្បែរជើង​ភ្នំ Lushan ឆ្នាំ១៩៦១។ — AFP - -

៩ កញ្ញា ១៩៧៦ – ៩ កញ្ញា ២០២៦ ថ្ងៃនេះ ជាខួប៥០ឆ្នាំនៃមរណភាពលោក ម៉ៅ សេទុង បិតាស្ថាបនិកសាធារណរដ្ឋចិន។ ក្នុងឱកាសខួប កន្លះសតវត្សរ៍​នៃមរណភាពអតីតប្រធានគណបក្សកុម្មុយនិស្តចិនរូបនេះ រដ្ឋអំណាចចិនបានធ្វើពិធីប្រារព្ធយ៉ាងអធិកអធមនៅតាមបណ្តាស្ថាប័នរដ្ឋ និងទីលានសាធារណៈសំខាន់ៗដោយតម្រូវឲ្យដាក់តាំងលម្អរូបថត និងរូបសំណាករបស់លោក ម៉ៅ សេទុង។ ក៏ប៉ុន្តែ និមិត្តរូបនិងមត៌កស្នាដៃរបស់បិតាស្ថាបនិកសាធារណរដ្ឋចិនរូបនេះ នៅចោទជាបញ្ហាចម្រូងចម្រាស។ ចម្រូងចម្រាសក៏ព្រោះតែកំណែទម្រង់ «បដិវត្តន៍វប្បធម៌» របស់លោក ម៉ៅ សេទុងបានបណ្តាលឲ្យស្លាប់មនុស្សជាច្រើនលាននាក់។ ​

ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៦ នេះ ជាខួបគម្រប់កន្លះសតវត្សរ៍នៃមរណភាពលោក ម៉ៅ សេទុង។ តែនិមិត្តរូបនិងស្នាដៃរបស់គាត់នៅតែបន្តចោទជាបញ្ហា និងបង្កឲ្យមានភាពចម្រូងចម្រាស។ ចម្រូងចម្រាស ព្រោះម្ខាង លោកជាវីរបុរសជាតិ និងម្ខាងទៀត លោកតំណាងឲ្យរូបភាពដ៏ខ្មៅងងឹតនៃការស្លាប់ប្រជាជនយ៉ាងរង្គាលក្នុង «បដិវត្តន៍វប្បធម៌» ដ៏មហាលោតផ្លោះ។ លោក ម៉ៅ សេទុង ជាបិតាស្ថាបនិកប្រទេសជាតិ ដោយបានប្រកាសឯករាជ្យឲ្យមានអធិបតីភាព និងបង្កើតសាធារណរដ្ឋប្រមានិតចិននៅឆ្នាំ១៩៤៩។ ប្រជាជន និងបណ្តាថ្នាក់ដឹកនាំចិនគ្រប់ជំនាន់ក្រោយមកតែងកោតសរសើរ និងរំឭកគុណរបស់លោក ម៉ៅ សេទុង ហើយបានចាត់ទុកលោកជាវីរបុរសជាតិ។ ជាផ្លូវការ លោក ម៉ៅ សេទុង ជានិមិត្តរូបអ្នករំដោះប្រទេសជាតិចេញពីការជិះជាន់នៃនឹមអាណានិគមបរទេស ដូចជា ជប៉ុន និងបស្ចិមលោក។

ក៏ប៉ុន្តែ ភាពចម្រូងសម្រាសមួយទៀតមកពី «បដិវត្តន៍វប្បធម៌» ដែលលោក ម៉ៅ សេទុង ប្រកាសឲ្យអនុវត្តចាប់ពីឆ្នាំ១៩៦៦ និងបិទបញ្ចប់ទៅវិញនៅ ១០ឆ្នាំក្រោយមក ពោលនៅពេលដែលលោកស្លាប់ក្នុងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៦។ អំឡុងមួយទសវត្សរ៍នៃបដិវត្តន៍វប្បធម៌ ការបដិបត្តិសាសនា និងគម្ពីរសៀវភៅសិក្សាត្រូវបានដុតកម្ទេចចោល ហើយគ្រូបង្រៀនត្រូវបានសម្លាប់យ៉ាងហិង្សា។ ឥស្សរជន និងប្រជាជនចិនត្រូវបញ្ជូនទៅធ្វើស្រែ ហ្វឹកហាត់លត់ដំខ្លួន ដោយត្រូវបោសសម្អាតគំនិតសួនតួនិយម ជម្រុះគំនិតមូលធននិយម និងបែរទៅសម្រួចរបបទីផ្សារសង្គមនិយម និងពង្រឹងប្រព័ន្ធ​សហករណ៍។

ការអនុវត្តមនោគមន៍វិជ្ជាកុម្មុយនិស្តតាមបែបចិននេះបានបណ្តាលឲ្យស្លាប់មនុស្សជាច្រើនលាននាក់។ ​អ្នកជំនាញខ្លះទៀតវាយតម្លៃថា មានមនុស្សស្លាប់ចន្លោះពី៣០ ទៅ ៤០លាននាក់ដោយសារគ្រោះទុរភិក្សបណ្តាលមកពី «បដិវត្តន៍វប្បធម៌» របស់លោក ម៉ៅ សេទុងដែលធ្វើឲ្យបរាជ័យគោលនយោបាយសេដ្ឋកិច្ច។ តែរដ្ឋអំណាច​ចិនមិនដែលបង្ហាញតួលេខចំនួនអ្នកស្លាប់ឲ្យច្បាស់នោះទេ។ រហូតមកដល់បច្ចុប្បន្ន គណបក្សកុម្មុយនិស្តចិនបានត្រឹមតែនិយាយពាក្យ «ខុស» មួយម៉ាត់យ៉ាងខ្លី ដោយមិនដែលពន្យល់លម្អិត ឬបកស្រាយឲ្យច្បាស់ថា កំហុសនោះជារឿងអ្វីទេ។

លើសពីនេះ តួអង្គ ម៉ៅ សេទុង ថែមទាំងត្រូវ​រដ្ឋអំណាចចិនសព្វថ្ងៃលើកតម្កើងយ៉ាងខ្លាំងទៀតផង​។ ភូមិណាន ជៀរ (南街村) ជានិមិត្តរូបភូមិដ្ឋានចុងក្រោយដែលអនុវត្តរបបសហការណ៍របស់ ម៉ៅ សេទុង ដោយមានដាក់តាំងរូបសំណាក ម៉ៅ សេទុង កម្ពស់ច្រើនម៉ែត្រ និងជាទីកន្លែងទេសចរណ៍ដ៏ពេញនិយម។ មិនតែប៉ុណ្ណោះ រាល់ការបន្ទោសបង្អាប់ ដូចជា ការគូររូបបែបសិល្បៈដោយច្នៃប្រឌិតថា លោក ម៉ៅ សេទុង កំពុងអង្គុយលុតជង្គុង និងសំពះសុំទោស ត្រូវមានទោសព្រហ្មទណ្ឌ ជាប់ពន្ធនាគារច្រើនឆ្នាំ៕

ដោយ៖ ហេង ឧត្តម/RFI ខេមរភាសា

អត្ថបទទាក់ទង