សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Konstantin Kosachev អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្ស៊ី
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Konstantin Kosachev អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្ស៊ី
នៅអគារពន្ធដារជាតិ នារសៀលថ្ងៃព្រហស្បតិ៍ ទី ២៧ ខែសីហា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Konstantin Kosachev អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្សី ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបពិភាក្សានោះ អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្សី បានសម្ដែងនូវការកោតសរសើរចំពោះកម្ពុជា ដែលមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកឧត្តមក៏បានកោតសរសើរកម្ពុជាចំពោះកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ។ ឯកឧត្តមក៏បានសម្ដែងនូវការពេញចិត្ត ចំពោះសម្ដេចតេជោដែលជាមេដឹកនាំដ៏ឆ្នើមមួយរូបរបស់កម្ពុជា ហើយកន្លងមក កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ។
នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ដែលបានកោតសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា និងចំពោះតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ សម្ដេចតេជោក៏បានអរគុណចំពោះឯកឧត្តម អនុប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ដែលបានចំណាយពេលវេលាអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។
ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោអំពីការត្រៀមលក្ខណៈទទួលស្វាគមន៍សម្ដេចតេជោក្នុងការអញ្ជើញបំពេញទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ីនៅពេលខាងមុខផងដែរ ដែលក្នុងនោះថ្នាក់ដឹកនាំនៃសហព័ន្ធរុស្ស៊ី នឹងរង់ចាំទទួលស្វាគមន៍វត្តមានរបស់សម្ដេចតេជោ នៅពេលខាងមុខ ដើម្បីបន្តរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី ទាំងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការទៅលើវិស័យសំខាន់ៗជាច្រើនទៀត៕






