Grand News Asia Close

គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសេប៊ូស្តីពីវិសោធនកម្មធម្មនុញ្ញអាស៊ាន

ដោយ៖ Morm Sokun ​​ | ថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ ព័ត៌មានជាតិ 1012
គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសេប៊ូស្តីពីវិសោធនកម្មធម្មនុញ្ញអាស៊ាន គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសេប៊ូស្តីពីវិសោធនកម្មធម្មនុញ្ញអាស៊ាន

សេចក្តីព្រាងច្បាប់នេះ មាន ៣មាត្រា បង្កើតឡើងដើម្បីអនុម័តយល់ព្រមលើពិធីសារសេប៊ូស្តីពីវិសោធនកម្មធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលត្រូវបានអនុម័តដោយប្រទេសសមាជិកអាស៊ាន នៅក្រុងសេប៊ូនៃសាធារណរដ្ឋហ្វីលីពីន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅក្រុងសេប៊ូ នៃសាធារណរដ្ឋហ្វីលីពីន បានអនុម័តពិធីសារសេប៊ូធ្វើវិសោធនកម្មធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីឆ្លុះបញ្ចាំងអំពីសមាជិកភាពរបស់ទីម័រឡេស្តេ នៅក្នុងអាស៊ាន ដោយអនុលោមតាមមាត្រា៤៨ នៃធម្មនុញ្ញអាស៊ាន។ ក្នុងន័យនេះ ដើម្បីអនុញ្ញាតឱ្យសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេចូលជារដ្ឋភាគីនៃធម្មនុញ្ញអាស៊ាន ប្រទេសសមាជិកអាស៊ានទាំង១១ បានឯកភាពនឹងដាក់តម្កល់លិខិតុបករណ៍នៃការយល់ព្រមលើពិធីសារសេប៊ូជាមួយអគ្គលេខាធិការអាស៊ានយ៉ាងយូរត្រឹម៣០ថ្ងៃ នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីម៉ានីល នៃសាធារណរដ្ឋហ្វីលីពីន។ ទន្ទឹមនេះ ពាក់ព័ន្ធនឹងការគាំទ្ររបស់កម្ពុជាចំពោះទីម័រឡេស្តេ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានទទួលស្គាល់ដោយប្រធានាធិបតីទីម័រឡេស្តេ ថា សម្តេចតេជោ ជា «រដ្ឋបុរស» ប្រកបដោយគំរូវីរភាពថ្លៃថ្លា គតិបណ្ឌិត និងទេពកោសល្យនយោបាយដ៏ខ្ពង់ខ្ពស់ ជា «បិតាសន្តិភាព» និងជា «អគ្គមគ្គុទេសក៍ឯក» ដឹកនាំកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន សម្បូររុងរឿង និងសុខដុមរមនា។

តាមរយៈការផ្តល់សច្ចាប័នលើពិធីសារសេប៊ូនេះ កម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍រួមមាន ការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈការបង្ហាញអំពីការប្តេជ្ញាចិត្តមុតមាំរបស់កម្ពុជា ក្នុងនាមជាសមាជិកដ៏សកម្មមួយរបស់អាស៊ាន ក្នុងការធ្វើសមាហរណកម្មតំបន់អាស៊ីអាគ្នេយ៍ឱ្យកាន់តែពេញលេញ ដោយការបញ្ចូលទីម័រឡេស្តេជារដ្ឋសមាជិកពេញសិទ្ធិនៃអាស៊ាន អនុលោមតាមគោលបំណង គោលការណ៍ សិទ្ធិ និងកាតព្វកិច្ចដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន ការចូលរួមចំណែករបស់កម្ពុជា ក្នុងគោលដៅសម្រេចបាននូវការកសាងសហគមន៍អាស៊ានមួយដែលផ្អែកលើច្បាប់ជាមូលដ្ឋាន ការបញ្ជាក់ពីសុឆន្ទៈរួមរបស់កម្ពុជា ក្នុងការលើកកម្ពស់ឯកភាព មជ្ឈភាពអាស៊ាន ការរួបរួមបញ្ចូលគ្នា និងសាមគ្គីភាពសម្រាប់ការរួមរស់ជាមួយគ្នានៃប្រជាជាតិអាស៊ីអាគ្នេយ៍ដែលប្រកបដោយសន្តិភាព សន្តិសុខ ស្ថិរភាពយូរអង្វែង កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងភាពប្រកួតប្រជែង វិបុលភាព និងវឌ្ឍនភាពសង្គម។

អត្ថបទទាក់ទង