Grand News Asia Close

ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1070
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦



សំណួរទី១៖ តើកម្ពុជាមានជំហរយ៉ាងដូចម្តេច ចំពោះសកម្មភាពសាងសង់ផ្លូវ និងលេណដ្ឋានយោធារបស់ថៃនៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យកាលពីពេលថ្មីៗនេះ?

ចម្លើយ៖ កម្ពុជាចាត់ទុកសកម្មភាពសាងសង់ផ្លូវ និងលេណដ្ឋានយោធារបស់កងកម្លាំងថៃនៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ​ ជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការ និងទាមទារឱ្យថៃបញ្ឈប់សកម្មភាពទាំងនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងជំរុញការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។

សំណួរទី២៖ តើសកម្មភាពទាំង​នេះរបស់ថៃអាចធ្វើឱ្យប៉ះពាល់ដល់យន្តការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃដែរឬទេ?

ចម្លើយ៖ សកម្មភាពឯកតោភាគីបែបនេះ មិនស្របនឹងការឯកភាពរបស់ភាគីទាំងពីរដែលបានប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នូវការការងារវាស់វែង និងបោះបង្គោលព្រំដែនឡើយ ហើយអាចធ្វើឱ្យ​ការដោះស្រាយបញ្ហាព្រំដែនជួប​បញ្ហាស្មុគស្មាញ។ តែសកម្មភាពនេះមិនប៉ះពាល់ដល់សិទ្ធិអធិបតេយ្យរបស់កម្ពុជាក្នុងការទាមទារទឹកដីរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិឡើយ។ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការដែលមានស្រាប់ កិច្ចព្រមព្រៀងទ្វេភាគី និងច្បាប់អន្តរជាតិ និងការពារដាច់ខាតនូវខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរដែលមានការទទួលស្គាល់រួចហើយ។
 
សំណួរទី៣៖ តើភាគីថៃត្រូវអនុវត្តវិធានការអ្វីខ្លះ ដើម្បីបញ្ចៀសការកើនឡើងនៃភាពតានតឹងនៅតាមព្រំដែន?

ចម្លើយ៖ កម្ពុជាជំរុញឱ្យភាគីថៃបញ្ឈប់សកម្មភាពឯកតោភាគីដែលអាចបង្កឱ្យមានភាពតានតឹង និងគោរពតាមការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ភាគីថៃត្រូវបន្តប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីពង្រឹងទំនុកចិត្ត និងស្វែងរកដំណោះស្រាយចំពោះបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ៕

អត្ថបទទាក់ទង