Grand News Asia Close

ព្រះមហាក្សត្រតែងតាំង កឹម មនោវិទ្យា ជាប្រេសិតពិសេសនាយករដ្ឋមន្ត្រី ក្រោយជំនួបជាមួយថ្នាក់ដឹកនាំកំពូល

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ 1012
ព្រះមហាក្សត្រតែងតាំង កឹម មនោវិទ្យា ជាប្រេសិតពិសេសនាយករដ្ឋមន្ត្រី ក្រោយជំនួបជាមួយថ្នាក់ដឹកនាំកំពូល លោក ហ៊ុន ម៉ាណែត បានបង្ហាញជាសាធារណៈថា លោកបានជួបពិភាក្សាជាមួយលោកស្រី មនោវិទ្យា កាលពីថ្ងៃទី១៤ ខែសីហា។ រូបថត សហការី

ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បានតែងតាំងលោកស្រី កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង ជា ប្រេសិតពិសេសនាយករដ្ឋមន្ត្រី បន្ទាប់ពីលោកស្រីបានជួបជាបន្តបន្ទាប់ជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភា ហ៊ុន សែន។

ការតែងតាំងនេះធ្វើឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៧ ខែសីហា តាមសំណើរបស់លោក ហ៊ុន ម៉ាណែត។

មាត្រា១ នៃព្រះរាជក្រឹត្យបានកំណត់ពីការតែងតាំង និងផ្តល់ឋានៈដល់លោកស្រី កឹម មនោវិទ្យា ជា «ប្រេសិតពិសេសនាយករដ្ឋមន្ត្រី» ខណៈមាត្រា២ ប្រគល់ភារកិច្ចជូននាយករដ្ឋមន្ត្រីទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះតាមភារកិច្ចរៀងខ្លួន។ ព្រះរាជក្រឹត្យមានប្រសិទ្ធភាពចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ការតែងតាំងនេះកើតឡើងត្រឹមបីថ្ងៃបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានបង្ហាញជាសាធារណៈថា លោកបានជួបពិភាក្សាជាមួយលោកស្រី មនោវិទ្យា កាលពីថ្ងៃទី១៤ ខែសីហា ដោយបានលើកឡើងពីលទ្ធភាពនៃការធ្វើការរួមគ្នា ជាពិសេសលើឆាកអន្តរជាតិ។

លោក ហ៊ុន ម៉ាណែត បានសរសេរថា៖ «ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មី មានកិច្ចការមួយចំនួនដែលយើងអាចសហការ និងធ្វើការជាមួយគ្នា ដើម្បីឧត្តមប្រយោជន៍ជាតិរបស់យើង ជាពិសេសលើឆាកអន្តរជាតិ»។

ទោះយ៉ាងណា នៅពេលនោះ នាយករដ្ឋមន្ត្រីមិនបានបញ្ជាក់ថា លោកស្រី មនោវិទ្យា នឹងទទួលតួនាទីជាផ្លូវការណាមួយនៅក្នុងរាជរដ្ឋាភិបាលឡើយ។

ពីរថ្ងៃក្រោយជំនួបនោះ លោកស្រី មនោវិទ្យា បានអមដំណើរឪពុក និងម្ដាយទៅជួបលោក ហ៊ុន សែន នៅគេហដ្ឋានរបស់លោក កាលពីថ្ងៃទី១៦ ខែសីហា។

លោក ហ៊ុន សែន បានឱ្យដឹងថា កិច្ចសន្ទនានោះមានរយៈពេលប្រមាណបីម៉ោង ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ ហើយលោកបាននិយាយច្រើនជាមួយលោកស្រី មនោវិទ្យា ដោយបានវាយតម្លៃលោកស្រីថាជា «ធនធានមនុស្សដ៏ល្អមួយសម្រាប់ជាតិ»។

មួយថ្ងៃក្រោយជំនួបនេះ ព្រះរាជក្រឹត្យតែងតាំងលោកស្រីជាប្រេសិតពិសេសនាយករដ្ឋមន្ត្រីត្រូវបានចេញ។

ទោះជាយ៉ាងណា ព្រះរាជក្រឹត្យមិនបានបញ្ជាក់ថា ការតែងតាំងនេះជាលទ្ធផលនៃជំនួបរបស់លោកស្រីជាមួយលោក ហ៊ុន ម៉ាណែត ឬជំនួបរបស់គ្រួសារលោក កឹម សុខា ជាមួយលោក ហ៊ុន សែន នោះទេ។

ព្រះរាជក្រឹត្យក៏មិនបានបញ្ជាក់លម្អិតអំពីភារកិច្ច ឬវិស័យដែលលោកស្រី មនោវិទ្យា នឹងទទួលបន្ទុកក្នុងតួនាទីថ្មីនេះដែរ។

ប៉ុន្តែការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត អំពីការសហការគ្នា «ជាពិសេសលើឆាកអន្តរជាតិ» អាចធ្វើឱ្យតួនាទីថ្មីនេះទទួលបានការចាប់អារម្មណ៍ ដោយសារលោកស្រី មនោវិទ្យា ធ្លាប់មានបទពិសោធន៍ធ្វើការជាមួយរដ្ឋាភិបាលបរទេស ស្ថាប័នអន្តរជាតិ និងបណ្ដាញនយោបាយនៅក្រៅប្រទេស ក្នុងអំឡុងពេលលោកស្រីមានតួនាទីជាន់ខ្ពស់ក្នុងអតីតគណបក្សសង្គ្រោះជាតិ។

លោកស្រី មនោវិទ្យា ធ្លាប់ជាអគ្គនាយករងកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ (CNRP) ដែលមានលោក កឹម សុខា ជាប្រធាន មុនពេលគណបក្សនេះត្រូវបានរំលាយដោយតុលាការកំពូលនៅឆ្នាំ២០១៧។

ការតែងតាំងនេះជាការវិវត្តដ៏គួរឱ្យកត់សម្គាល់មួយសម្រាប់លោកស្រី មនោវិទ្យា ពីបុគ្គលដែលធ្លាប់មានតួនាទីជាន់ខ្ពស់ពាក់ព័ន្ធនឹងអតីតគណបក្សប្រឆាំងធំបំផុតរបស់កម្ពុជា មកកាន់តួនាទីផ្លូវការដែលភ្ជាប់ដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រី។

ទោះបីជាជំនួបជាមួយលោក ហ៊ុន ម៉ាណែត ការជួបរវាងលោក ហ៊ុន សែន និងគ្រួសារលោក កឹម សុខា ព្រមទាំងការតែងតាំងថ្មីនេះកើតឡើងក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃជាប់គ្នាក៏ដោយ ក៏មិនទាន់មានការបញ្ជាក់ជាផ្លូវការថា ការវិវត្តទាំងនេះជាផ្នែកនៃការរៀបចំនយោបាយ ឬដំណើរការផ្សះផ្សានយោបាយទូលំទូលាយណាមួយនោះទេ។

-Post Khmer-

 

អត្ថបទទាក់ទង