ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន
ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦
សំណួរទី១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលបណ្តោយឱ្យថៃសាងសង់របងព្រំដែនរំលោភចូលដីខ្មែរតាមចិត្ត គឺជាការពិតដែរឬទេ?
ចម្លើយ៖ មិនមែនជាការពិតទេ។ រាជរដ្ឋាភិបាលមិនបានបណ្តោយឱ្យមានការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឡើយ។ ជាក់ស្តែង នៅពេលមានសកម្មភាពសាងសង់របង ឬសំណង់ដែលកម្ពុជាចាត់ទុកថា រំលោភចូលទឹកដីកម្ពុជា រាជរដ្ឋាភិបាលបានធ្វើការតវ៉ាជាផ្លូវការ និងបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនទទួលស្គាល់ការកាន់កាប់ ឬការកំណត់ព្រំដែនដោយឯកតោភាគីរបស់ថៃឡើយ។ ការឈ្លានពានគឺជាការគិតទុកមុន ដែលទាមទារឱ្យប្រទេសរងគ្រោះមានភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហា។
ការដោះស្រាយបញ្ហាព្រំដែន មិនមែនត្រូវប្រើកម្លាំងទៅប្រឈមមុខដាក់គ្នានោះទេព្រោះនេះមិនមែនជាដំណោះស្រាយឡើយ។ រាជរដ្ឋាភិបាលកំពុងប្រើប្រាស់មធ្យោបាយការទូត ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដើម្បីការពារសិទ្ធិ និងបូរណភាពទឹកដីរបស់កម្ពុជា។ ជំហរបែបនេះមានសារៈសំខាន់ណាស់ពីព្រោះម្យ៉ាងវាការពារបាននូវសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃសេចក្តីសុខរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍ និងម្យ៉ាងទៀត វាដើរស្របជាមួយជំហររបស់សហគមន៍អន្តរជាតិ។ នេះជាការប្រកាន់ជំហរត្រឹមត្រូវណាស់ ដែលមិនអាចបកស្រាយថាជាការបណ្តែតបណ្តោយនោះឡើយ។
សំណួរទី២៖ តើការមិនប្រើកម្លាំងយោធាឆ្លើយតបភ្លាមៗ មានន័យថាកម្ពុជាទន់ខ្សោយ ឬខ្លាចថៃដូចដែលក្រុមប្រឆាំងចោទប្រកាន់ដែរឬទេ?
ចម្លើយ៖ មិនមែនទេ។ ភាពរឹងមាំរបស់រដ្ឋមួយមិនមែនវាស់វែងត្រឹមតែសមត្ថភាពប្រើអាវុធប៉ុណ្ណោះទេ ប៉ុន្តែត្រូវ វាស់វែងតាមរយៈសមត្ថភាពក្នុងការគ្រប់គ្រងវិបត្តិ ការពារផលប្រយោជន៍ជាតិ និងរក្សាការគាំទ្រពីសហគមន៍អន្តរជាតិ។ កម្ពុជាបានបង្ហាញរួចមកហើយថា ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងការទូតអាចទទួលបានលទ្ធផលជាក់ស្តែង ដូចករណីប្រាសាទព្រះវិហារនៅឆ្នាំ១៩៦២ និងសាលដីកាបកស្រាយឆ្នាំ២០១៣។ ដូច្នេះ ការអត់ធ្មត់ និងការប្រើប្រាស់ច្បាប់អន្តរជាតិ មិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ ប៉ុន្តែ ជាការគ្រប់គ្រងស្ថានការណ៍ដោយការទទួលខុសត្រូវ ដោយភាពចាស់ទុំ ឆ្លាតវៀងវៃ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។





