Grand News Asia Close

ទាក់ទងនឹងការជំរុញដំណើរការនៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការងារខណ្ឌសីមាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 18:18 pm ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1020

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការជំរុញដំណើរការនៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការងារខណ្ឌសីមាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦


សំណួរទី១៖ តើកម្ពុជាបានខិតខំដូចម្តេចខ្លះ ដើម្បីឱ្យការងារ JBC អាចបន្តដំណើរការឡើងវិញ?
ចម្លើយ៖ កម្ពុជាបានបន្តជំរុញការប្រើប្រាស់យន្តការ JBC ដោយសន្តិវិធី និងស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ គិតចាប់ពីបទឈប់បាញ់លើកទី២ ចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន ភាគីកម្ពុជាបានស្នើទៅភាគីថៃចំនួន ៩លើក ដើម្បីបើកកិច្ចប្រជុំពិសេស JBC និងស្នើឱ្យបញ្ជូនក្រុមការងារបច្ចេកទេសវាស់វែងចម្រុះ (JSTs) ចុះធ្វើការនៅលើដីជាក់ស្តែង។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានបន្តជូនដំណឹង និងបង្ហាញជំហររបស់ខ្លួនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីធានាឱ្យដំណើរការដោះស្រាយបញ្ហាព្រំដែនមានតម្លាភាព និងផ្អែកលើយន្តការដែលភាគីទាំងពីរបានឯកភាពគ្នា។
 
សំណួរទី២៖ តើអ្វីជាឧបសគ្គសំខាន់ដែលធ្វើឱ្យការវាស់វែង និងបោះបង្គោលព្រំដែនរួមគ្នាមិនអាចបន្តបាន?
ចម្លើយ៖ ការងារវាស់វែង និងបោះបង្គោលព្រំដែនរួមគ្នាត្រូវបានអាក់ខាន បន្ទាប់ពីស្ថានការណ៍ប្រយុទ្ធ និងការកាន់កាប់តំបន់មួយចំនួននៅតាមព្រំដែនដោយខុសច្បាប់ពីសំណាក់ភាគីថៃ ដែលធ្វើឱ្យក្រុមវាស់វែងចម្រុះមិនអាចចុះអនុវត្តការងារនៅលើដីជាក់ស្តែងបាន។ ជាក់ស្តែង ការងារនៅតំបន់ភូមិជោគជ័យ ភូមិព្រៃចាន់ និងកំណាត់ព្រំដែនចន្លោះបង្គោលលេខ៥២ ដល់លេខ៥៩ ត្រូវបានផ្អាក។ ដូច្នេះ កម្ពុជាបានស្នើឱ្យមានការបន្តកិច្ចប្រជុំ JBC និងការចុះធ្វើការរបស់ JSTs ដើម្បីឱ្យការងារបច្ចេកទេសអាចដំណើរការឡើងវិញ។
 
សំណួរទី៣៖ ហេតុអ្វីបានជាកម្ពុជាចាត់ទុកការបន្តការងារ JBC ជារឿងអាទិភាព?
ចម្លើយ៖ កម្ពុជាចាត់ទុកការងារ JBC ជាមធ្យោបាយសំខាន់ និងជាអាទិភាពសម្រាប់ដោះស្រាយបញ្ហាព្រំដែនពីព្រោះនេះគឺជាយន្តការ​បច្ចេកទេសសម្រាប់ដោះស្រាយបញ្ហាព្រំដែនតាមផ្លូវសន្តិវិធី ដោយចៀសវាងការប្រើកម្លាំងយោធាដែលគ្មានមុខនាទីអ្វីមកដោះស្រាយបញ្ហាព្រំដែនទេ។ ការបន្តវាស់វែង និងខណ្ឌសីមានៅលើដីជាក់ស្តែង នឹងជួយបង្កើតភាពច្បាស់លាស់លើខ្សែព្រំដែន និងបង្កើតលក្ខខណ្ឌសម្រាប់ការកសាងទំនុកចិត្ត និងស្ថិរភាពរយៈពេលវែងពីព្រោះភាគីទាំងពីរអនុវត្តតាមច្បាប់អន្តរជាតិ​ដែលបានកំណត់។ ជាពិសេស វាក៏ជាមូលដ្ឋានសម្រាប់ការធានាឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាព ដោយគ្មានការរារាំង និងដោយសេចក្តីថ្លៃថ្នូរ៕

អត្ថបទទាក់ទង