ក្រសួងការបរទេស: កងទ័ពថៃបន្តរំលោភបំពានព្រំដែន ទោះមានការព្រមព្រៀងបន្តការងារ JBC
Photo: Thai troops erected razor wire and large-diameter box culverts barricades inside Cambodian territory on December 28, 2025. Hong Raksmey
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់លិខិតតវ៉ាជាផ្លូវការថ្មីមួយទៅកាន់ភាគីថៃ ដោយចោទប្រកាន់ថា កងកម្លាំងប្រដាប់អាវុធថៃបានបន្តសកម្មភាពសាងសង់ផ្លូវ និងដាក់លួសបន្លាក្នុងទឹកដីកម្ពុជា ដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងផ្ទុយនឹងកិច្ចព្រមព្រៀងទ្វេភាគី ដែលភាគីទាំងពីរបានឯកភាពឱ្យបន្តការងារកំណត់ និងបោះបង្គោលព្រំដែនតាមរយៈគណៈកម្មការព្រំដែនចម្រុះ (JBC)។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២២ ខែកក្កដា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា: “រាជរដ្ឋាភិបាលកម្ពុជាបានដាក់លិខិតតវ៉ាជាផ្លូវការមួយទៀត ប្រឆាំងនឹងការបន្តរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាតាមបណ្ដោយព្រំដែនដោយភាគីថៃ”។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពសាងសង់ផ្លូវថ្មីរវាងបង្គោលព្រំដែនលេខ៨ និងលេខ៩ ស្ថិតក្នុងតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយបានជ្រៀតចូលយ៉ាងជ្រៅក្នុងទឹកដីកម្ពុជា។
ក្រសួងបានបន្តថា: “ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា កងកម្លាំងថៃបានបន្តសាងសង់ផ្លូវ និងដាក់លួសបន្លារវាងបង្គោលព្រំដែនលេខ១៩ និងលេខ២០ ក្នុងតំបន់ជប់ដើមខ្នល់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ”។
ក្រសួងបានឱ្យដឹងថា កម្ពុជាបានចាត់ទុកសកម្មភាពទាំងនេះថា ជាការរំលោភបំពានយ៉ាងច្បាស់លាស់លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ដោយផែនទីខ្នាត ១៖២០០.០០០ ដែលរៀបចំឡើងតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។
កម្ពុជាក៏បានអះអាងថា សកម្មភាពរបស់ភាគីថៃបានរំលោភមាត្រា៥ នៃអនុស្សរណៈយោគយល់ឆ្នាំ២០០០ ស្ដីពីការអង្កេត និងការកំណត់ព្រំដែនគោករវាងកម្ពុជា និងថៃ ព្រមទាំងចំណុចទី១ ស្ដីពីវិធានការបន្ថយភាពតានតឹង ក្នុងសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពប្រគល់ការងារកំណត់ និងបោះបង្គោលព្រំដែនឱ្យគណៈកម្មការព្រំដែនចម្រុះ (JBC) បន្តអនុវត្តឱ្យបានឆាប់រហ័ស។
ក្នុងសេចក្ដីប្រកាសព័ត៌មាន រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ខ្លួនមិនទទួលស្គាល់បន្ទាត់ព្រំដែន ឬការទាមទារទឹកដីណាមួយដែលភាគីថៃបានកំណត់ជាឯកតោភាគីឡើយ ហើយសកម្មភាពទាំងនេះមិនអាចប៉ះពាល់ដល់សិទ្ធិស្របច្បាប់ និងជំហររបស់កម្ពុជាពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរបស់ខ្លួនបានឡើយ។
កម្ពុជាបានដាក់កំណត់ទូតតវ៉ាទៅកាន់ប្រទេសថៃ ដោយចោទប្រកាន់ថា កងកម្លាំងប្រដាប់អាវុធថៃបានបន្តសកម្មភាពវិស្វកម្មយោធាចូលក្នុងទឹកដីកម្ពុជា ដែលរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា និងផ្ទុយនឹងការប្តេជ្ញាកាត់បន្ថយភាពតានតឹងតាមព្រំដែន។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា សកម្មភាពទាំងនោះរួមមានការជីកដីសាងសង់ទំនប់ និងដាក់លួសបន្លានៅក្បែរបង្គោលព្រំដែនលេខ១៤ និងលេខ២២ ក្នុងខេត្តឧត្តរមានជ័យ ចន្លោះថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកក្កដា។
កម្ពុជាក៏បានអំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ នៅតំបន់ខាងលើ ក៏ដូចជាតំបន់ផ្សេងទៀតដែលកម្ពុជាអះអាងថា ត្រូវបានកងកម្លាំងថៃកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីឆ្នាំមុន។
ក្រសួងការបរទេសបានលើកឡើងថា ការបញ្ឈប់សកម្មភាពទាំងនេះ នឹងរួមចំណែកកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តទៅវិញទៅមក សម្រួលដល់ការដោះស្រាយវិវាទដោយសន្តិវិធី និងស្ដារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងជាអ្នកជិតខាងល្អតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។
ការដាក់លិខិតតវ៉ាលើកចុងក្រោយនេះ ធ្វើឡើងស្របពេលដែលកម្ពុជាបន្តអះអាងថា ខ្លួននៅតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃតាមមធ្យោបាយសន្តិវិធី។
ចាប់តាំងពីភាពតានតឹងតាមព្រំដែនបានកើនឡើង កម្ពុជាបានបញ្ជាក់ជាសាធារណៈថា យ៉ាងហោចណាស់មាន កំណត់ទូត (Note Verbale) ផ្លូវការចំនួនបី ដែលត្រូវបានផ្ញើទៅភាគីថៃ ដើម្បីស្នើឱ្យបន្តការងាររបស់គណៈកម្មការព្រំដែនចម្រុះ (JBC)។
កំណត់ទូតទាំងនោះ ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៥, ៧ ខែមេសា ឆ្នាំ២០២៦ និង ១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយស្នើឱ្យបើកកិច្ចប្រជុំ JBC ពិសេស ឬបន្តសកម្មភាពអង្កេត និងកំណត់ព្រំដែនរួម។
មន្ត្រីកម្ពុជាបានឱ្យដឹងថា ភាគីថៃបានពន្យារពេល ឬមិនបានអនុវត្តតាមសំណើទាំងនេះ ហើយកម្ពុជាក៏បានបន្តផ្ញើកំណត់ទូតបន្ថែមទៀតក្នុងអំឡុងពេលបន្ទាប់។
ទោះបីមានការបន្តដំណើរការផ្លូវច្បាប់ និងភាពតានតឹងនៅតាមព្រំដែនក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ខ្លួននៅតែប្តេជ្ញាដោះស្រាយរាល់វិវាទព្រំដែនជាមួយប្រទេសថៃ ដូចប្រទេសជិតខាងដទៃទៀតទាំងអស់ តាមមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ថា ព្រំដែនមិនអាចផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំងបានឡើយ។
-Phnom Penh Post-





