Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល  សម្រាប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ 1084
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល  សម្រាប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល  សម្រាប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦

ក្រោមអភិក្រម «ការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល» ប្រមុខរាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំកម្ពុជា​មិនដែលភ្លេចឡើយ​ក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍តំបន់ និងអន្តរជាតិមកលើ​ទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះ ដោយសារការបំពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់​ពីសំណាក់កងកម្លាំងថៃ។
 
ជាក់ស្តែង ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរវាង​រដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ (SEANWFZ) កាលពីថ្ងៃទី​២០ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានគូសរំលេចប្រាប់អង្គប្រជុំ​អំពីផលវិបាកនៃស្ថានភាពមនុស្សធម៌ និងសិទ្ធិមនុស្សដែលជនភៀសសឹកកម្ពុជាកំពុងរងគ្រោះនៅតាមព្រំដែន។
 
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំថា នៅមានជនស៊ីវិលកម្ពុជាច្រើនជាង ២០.០០០នាក់ កំពុងបន្តរស់នៅក្នុងជម្រកបណ្តោះអាសន្ន ក្នុងនោះមានកុមារជាច្រើនមិនអាចវិលចូលសាលារៀនរបស់ពួកគេបាននៅឡើយ ខណៈដែលជនចាស់ជរានិងជនងាយរងគ្រោះផ្សេងទៀតជួបការលំបាកក្នុងការទទួលបានការថែទាំចាំបាច់ឱ្យបានគ្រប់គ្រាន់ បើទោះបីជារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយការលំបាករបស់ពួកគេយ៉ាងណាក៏ដោយ។ ក្នុងន័យនេះ ប្រមុខការទូតកម្ពុជា បានអំពាវនាវដល់សហការីអាស៊ានឱ្យគាំទ្រចំពោះការអំពាវនាវឱ្យពួកគាត់វិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

 
ការទូតសកម្មរបស់រាជរដ្ឋាភិបាល​ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន​នៅលើឆាកតំបន់ និងអន្តរជាតិ បានធ្វើឱ្យ​ពិភពលោកបានដឹងលឺពី​ភាពរងគ្រោះរបស់កម្ពុជាពីការរំលោភបំពានលើបូរណភាពទឹកដី និងផលប៉ះពាល់លើជនស៊ីវិល​កម្ពុជា។ ជាក់ស្តែង សភានៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង (APF) កាលពីថ្ងៃទី១១ ខែកក្កដា បាន​ចេញសេចក្តីសម្រេច​មួយដោយបញ្ជាក់ឡើងវិញពីការគាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
 
សភាប្រើភាសាបារាំង (APF) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតមនុស្ស ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋស៊ីវិល និងរបាយការណ៍នានាស្តីពីការរំលោភលើបទឈប់បាញ់ និងការប៉ះពាល់ដល់បូរណភាពទឹកដីនៃប្រទេសកម្ពុជា រួមទាំងការខូចខាតដល់ទីតាំងវប្បធម៌ និងសាសនា ដែលក្នុងនោះទីតាំងមួយចំនួនត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)​។ សេចក្តីសម្រេចចិត្តនេះបានកត់សម្គាល់ជាពិសេសនូវ «ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងយោធា ការរៀប​ចំពិធីសាសនានៅក្នុងទីតាំងវប្បធម៌ និងជំនឿសាសនាព្រមទាំង​គំនិតផ្តួចផ្តើមក្នុងការបែងចែកដីធ្លីនៅក្នុងតំបន់ទាំងនោះ»
 
សភាប្រើភាសាបារាំង (APF) អំពាវនាវឱ្យមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពរបស់កម្ពុជា ការចៀសវាងរាល់សកម្មភាពឯកតោភាគីណាមួយដែលបណ្តាលឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង និងការអនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមដែល​បានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ សភាប្រើភាសាបារាំង (APF) ក៏បានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះទុក្ខវេទនាដែលប្រជាពលរដ្ឋស៊ីវិលបានរងគ្រោះ ដោយរំលឹកថា រាល់ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ដែលជា «កេរដំណែលរួមរបស់មនុស្សជាតិ»  ជះឥទ្ធិពលអវិជ្ជមានដល់ការរំពឹងទុកនៃសន្តិភាពប្រកបដោយចីរភាព និងការផ្សះផ្សាគ្នា។
 
អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​សូមបញ្ជាក់ជូនថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់​ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន​-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់​ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយ​តាមរយៈ​ការប្រើកម្លាំងនោះឡើយ និងសូមបញ្ជាក់ថា បន្លាលួស និងទូរកុងតឺន័រ ឬសំណង់ខុសច្បាប់ផ្សេងទៀតមិនអាចជំនួសខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរបានជាដាច់ខាត៕

សូមអរគុណ!

អត្ថបទទាក់ទង