Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ចូលជួបសម្ដែងការគួរសម

ដោយ៖ Morm Sokun ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ 1027
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ចូលជួបសម្ដែងការគួរសម សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ចូលជួបសម្ដែងការគួរសម

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះលោក Brian D. McFeeters ដែលបានដឹកនាំនូវអ្នកវិនិយោគរបស់អាមេរិកមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបានលើកឡើងថា ជាញឹកញាប់តាំងពីសម្ដេចនៅធ្វើជានាយករដ្ឋមន្ត្រី សម្ដេចតែងតែជួបជាមួយនឹងក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន ដែលបានជជែកទៅលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសកម្ពុជា។ សម្ដេច ក៏បានលើកឡើងនៅចំពោះមុខអ្នកវិនិយោគរបស់អាមេរិកថា នៅពេលនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកកំពុងតែមានការកើនឡើងហើយសម្ដេចសង្ឃឹមថា អ្នកវិនិយោគរបស់អាមេរិក នឹងមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
នៅក្នុងឱកាសនោះ លោក Brian D. McFeeters បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យរូបលោកនិងធុរជនទាំងឡាយបានជួបសម្ដែងការគួរសមនាឱកាសនេះ។ លោក Brian D. McFeeters បានលើកឡើងថា ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន គឺមានសមាជិករហូតដល់ទៅជាង ១៨០ក្រុមហ៊ុន ហើយក្រុមហ៊ុនជាច្រើនកំពុងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសតំបន់អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជាតែម្ដង។ លោកក៏បានលើកឡើងថា នៅពេលនេះ ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក កំពុងតែដំណើរការល្អ ហើយក្នុងនាមវិស័យឯកជនតំណាងឱ្យក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន គឺចង់ចូលរួមវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកនៅក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកបានលើកឡើងថា ធុរជនអាមេរិកក៏ដូចជាដៃគូរបស់អាមេរិកដែលបានមកជួបសម្ដេចនាពេលនេះ គឺដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ និងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនធំៗដែលជួបសម្ដេចតេជោនៅក្នុងនេះ មានដូចជាក្រុមហ៊ុន Ford ក្រុមហ៊ុន SC Johnson និងក្រុមហ៊ុន កូកា-កូឡា ជាដើម និងដៃគូក្រុមហ៊ុនមួយចំនួនទៀត។
ក្នុងឱកាសនោះ សម្តេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោក Brian D. McFeeters នូវទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ដែលកំពុងតែមានភាពល្អប្រសើរជាមួយគ្នា។ សម្ដេចតេជោគាំទ្រចំពោះអ្នកវិនិយោគអាមេរិកមកកាន់ប្រទេសកម្ពុជា ដោយសម្ដេចបញ្ជាក់ថា ចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកគឺសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគនេះឯង។ សម្ដេចសង្ឃឹមថា វិនិយោគិនអាមេរិក នឹងមករកស៊ីនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន ហើយសម្ដេចកត់សម្គាល់ថា អ្នកវិនិយោគរបស់អាមេរិកភាគច្រើនបានវិនិយោគនៅក្នុងប្រទេសកម្ពុជាផ្ដោតទៅលើ ផ្នែកដឹកជញ្ជូន ផ្នែកវេជ្ជសាស្ត្រ វិស័យអប់រំ និងលើវិស័យបច្ចេកវិទ្យា ដែលទាំងអស់នេះជាចំណុចដែលកម្ពុជាចង់បាន គឺការធ្វើនវានុវត្តន៍នេះឯង។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យក្រុមធុរកិច្ច អាមេរិក-អាស៊ាន ស្នាក់នៅក្នុងប្រទេសកម្ពុជាប្រកបដោយផាសុកភាព និងទទួលបាននូវភាពជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចនេះ៕

អត្ថបទទាក់ទង