Grand News Asia Close

ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1045
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន
ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦


 
សំណួរទី១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលព្យាយាមលាក់បាំងព័ត៌មានអំពីការឈ្លានពានរបស់ថៃ គឺជាការពិតដែរឬទេ?

ចម្លើយ៖ មិនពិតទេ។ រាជរដ្ឋាភិបាលតែងតែបង្ហាញជំហរ និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃជាបន្តបន្ទាប់ តាមរយៈការតវ៉ា សេចក្តីថ្លែងការណ៍ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជំរាបជូនប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ព្រមទាំងអង្គទូត អង្គការអន្តរជាតិនានា និងប្រជាពលរដ្ឋឱ្យ​បានដឹងយ៉ាងទូលំទូលាយ។ ជាក់ស្តែង ជារៀងរាល់លើក ឱ្យតែមានការរំលោភបំពាន រាជរដ្ឋាភិបាលកម្ពុជាតែងតែចេញកំណត់ទូតតវ៉ា សេចក្តីប្រកាសព័ត៌មាន និងលើកយកបញ្ហានៃការរំលោភអធិបតេយ្យភាពទៅកាន់ភាគីពាក់ព័ន្ធជាបន្តបន្ទាប់ដើម្បីឱ្យបានដឹងលឺ និងជួយធ្វើជាសាសក្សី​។
ដូច្នេះ ការចោទប្រកាន់ថា រាជរដ្ឋាភិបាលព្យាយាមលាក់បាំងព័ត៌មាន គឺខុសទាំងស្រុងពីការពិតដែលរាជរដ្ឋាភិបាលបាននិងកំពុងបន្តធ្វើ។ រាជរដ្ឋាភិបាលបានជ្រើសរើសការផ្សព្វផ្សាយព័ត៌មានដោយមានការផ្ទៀងផ្ទាត់ច្បាស់លាស់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារផលប្រយោជន៍ជាតិ សន្តិសុខ និងជៀសវាងការបង្កភាពច្របូកច្របល់ ឬការយល់ច្រឡំនៅក្នុងសង្គម។

សំណួរទី២៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលព្រងើយកន្តើយ និងមិនខ្វល់ពីសកម្មភាពឈ្លានពានរបស់ថៃ គឺជាការពិតដែរឬទេ?

ចម្លើយ៖ រាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយ និងមិនខ្វល់ពីសកម្មភាពឈ្លានពានរបស់ថៃនោះទេ។ ចាប់តាំងពីមានការឈ្លានពានទឹកដី និងសកម្មភាពដែលកម្ពុជាចាត់ទុកថាប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាបន្តបន្ទាប់ និងទាន់ពេលវេលា ទាំងផ្នែកការទូត ច្បាប់ និងយន្តការទ្វេភាគី ដើម្បីការពារផលប្រយោជន៍ជាតិ។ ជាក់ស្តែង កម្ពុជាបានធ្វើកំណត់ទូតតវ៉ា បដិសេធសកម្មភាពឯកតោភាគីរបស់ភាគីថៃ ជំរុញឱ្យមានការគោរព MOU ឆ្នាំ២០០០ បទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងបន្តអំពាវនាវឱ្យដោះស្រាយបញ្ហាតាមរយៈគណៈកម្មការ JBC និងក្រុមវាស់វែងចម្រុះ (JSTs)។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានបន្តនាំយកបញ្ហាទាំងនេះចូលទៅក្នុងយន្តការការទូត និងវេទិកាពាក់ព័ន្ធទាំងថ្នាក់ជាតិនិងអន្តរជាតិ ដើម្បីការពារជំហររបស់កម្ពុជា។ ទាំងនេះបង្ហាញថា រាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយនោះទេ ប៉ុន្តែបានចាត់វិធានការដោះស្រាយបញ្ហាដោយមានការទទួលខុសត្រូវខ្ពស់បំផុត ស្របតាមច្បាប់អន្តរជាតិ និងដោយផ្តល់អាទិភាពដល់ការការពារអធិបតេយ្យភាពជាតិ គួបផ្សំនឹងការរក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន។

សំណួរទី៣៖ តើអ្វីជាចេតនារបស់ក្រុមប្រឆាំង ដែលតែងតែចោទប្រកាន់ឥតឈប់ឈរពាក់ព័ន្ធនឹងបញ្ហាព្រំដែន?

ចម្លើយ៖ ចេតនារបស់ក្រុមប្រឆាំងជ្រុលនិយមគ្មានអ្វីថ្មីនិងប្លែកទេពោលគឺពួកគេប្រើយុទ្ធសាស្ត្រដដែល​គឺការមួលបង្កាច់ ញុះញង់ ឱ្យប្រជាពលរដ្ឋ​ខឹងសម្បារជាមួយរាជរដ្ឋាភិបាល។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ក្រុមប្រឆាំង មិនបានរួមចំណែកដល់ការការពារផលប្រយោជន៍ជាតិ ឬការដោះស្រាយបញ្ហាព្រំដែននោះទេ។ ផ្ទុយទៅវិញ ការផ្សព្វផ្សាយព័ត៌មានដែលមិនឆ្លុះបញ្ចាំងពីអង្គហេតុ ឬការបំភ្លៃស្ថានការណ៍ អាចធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ និងធ្វើឱ្យភាគីខាងក្រៅយកទៅប្រើប្រាស់ដើម្បីវាយប្រហារ ឬយកប្រៀបលើកម្ពុជា។ ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរ​បានដឹងពីល្បិចកលដ៏ពិសពុលរបស់ក្រុមនេះនិងបានចូលរួមជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្មដើម្បី​ការពារបូរណភាពទឹកដី និងឈប់ជឿ ឈប់គាំទ្រក្រុមជ្រុលនិយមនេះទៀតហើយ។
ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យគ្រប់ភាគីប្រើប្រាស់ព័ត៌មានដែលមានការផ្ទៀងផ្ទាត់ ចៀសវាងការយកបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដីធ្វើជាឧបករណ៍នយោបាយ និងរួមគ្នាគាំទ្រការការពារផលប្រយោជន៍ជាតិដោយស្មារតីទទួលខុសត្រូវ៕

អត្ថបទទាក់ទង