Grand News Asia Close

ទាក់ទងនឹងការចោទប្រកាន់របស់ថៃជុំវិញបញ្ហាព្រំដែន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1146
ទាក់ទងនឹងការចោទប្រកាន់របស់ថៃជុំវិញបញ្ហាព្រំដែន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ទាក់ទងនឹងការចោទប្រកាន់របស់ថៃជុំវិញបញ្ហាព្រំដែន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់របស់ថៃជុំវិញបញ្ហាព្រំដែន
ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦


សំណួរទី១៖ តើកម្ពុជាយល់ដូចម្តេច ចំពោះការអះអាងរបស់ថៃដែលថា ខ្លួនគោរពសេចក្តីថ្លែងការណ៍រួម និងមិនបង្កើនភាពតានតឹង?

ចម្លើយ៖ កម្ពុជាយល់ថា ការគោរពសេចក្តីថ្លែងការណ៍រួម មិនមែនធ្វើឡើងត្រឹមតែការប្រកាសជំហរប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវធ្វើសកម្មភាពជាក់ស្តែង។ កម្ពុជាបានកត់សម្គាល់ថា ក្នុងរយៈពេលកន្លងមក មានសកម្មភាពជាច្រើនពីភាគីថៃដែលកម្ពុជាចាត់ទុកថាផ្ទុយនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួម ដូចជាការបន្តកាន់កាប់តំបន់មួយចំនួនដោយខុសច្បាប់ ការចុះវាស់វែងដីធ្លី និងបោះបង្គោលព្រំដីដោយឯកតោភាគីនៅតំបន់ភូមិជោគជ័យ ការសាងសង់ និងកែលម្អសំណង់ក្នុងតំបន់ដែលនៅមានការខ្វែងគំនិតគ្នា ព្រមទាំងការប្រើប្រាស់កម្លាំងយោធា ការដាក់ទូរកុងតឺន័រ និងរាយបន្លាលួសចូលក្នុងទឹកដីកម្ពុជា ដែលបណ្តាលឱ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប៉ះពាល់ដល់ប្រជាពលរដ្ឋ។ ជាពិសេសភាគីថៃតែងតែយកលេសបញ្ហាផ្ទៃក្នុង​ដើម្បីពន្យារពេលកិច្ចប្រជុំគណៈកម្មការ JBC និងមិនព្រមចាត់បញ្ជូនក្រុមការងារបច្ចេកទេសចម្រុះ​ចុះវាស់វែងលើដីជាក់ស្តែងឱ្យបានឆាប់បំផុតដូចមានចែងក្នុងចំណុច៣​នៃសេចក្តីប្រកាសរួម។
កម្ពុជាយល់ថា សកម្មភាពទាំងនេះមិនស្របទៅនឹងការអះអាងថា មិនបង្កើនភាពតានតឹង និងមិនស្របនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមនោះទេ។ ដូច្នេះ ប្រសិនបើភាគីថៃពិតជាប្តេជ្ញាគោរពកិច្ចព្រមព្រៀង និងរក្សាសន្តិភាព មែននោះ គួរតែបញ្ឈប់រាល់សកម្មភាពឯកតោភាគី និងសកម្មភាពដែលអាចបង្កការផ្លាស់ប្តូរស្ថានភាពនៅលើដីជាក់ស្តែង ហើយវិលត្រឡប់មកដោះស្រាយបញ្ហាតាមរយៈយន្តការរួមដែលភាគីទាំងពីរបានឯកភាពគ្នា ស្របតាម MOU ឆ្នាំ២០០០ បទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងច្បាប់អន្តរជាតិ។
 
សំណួរទី២៖ តើកម្ពុជាពិតជាបានរំលោភលើសេចក្តីថ្លែងការណ៍រួមជាច្រើនលើក ដូចដែលថៃបានអះអាងដែរឬទេ?


ចម្លើយ៖
មិនពិតទេ។ កម្ពុជាតែងតែប្រកាន់ខ្ជាប់ និងគោរពសេចក្តីថ្លែងការណ៍រួម ក៏ដូចជាកិច្ចព្រមព្រៀង និងយន្តការទ្វេភាគីដែលភាគីទាំងពីរបានឯកភាពគ្នាជានិច្ច។ ជំហររបស់កម្ពុជាគឺការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ការជៀសវាងសកម្មភាពដែលអាចបង្កើនភាពតានតឹង និងការមិនធ្វើសកម្មភាពឯកតោភាគីដែលអាចប៉ះពាល់ដល់បរិយាកាសនៃទំនុកចិត្តរវាងប្រទេសទាំងពីរ។ ដូច្នេះ ការលើកឡើងថា កម្ពុជាបានរំលោភលើសេចក្តីថ្លែងការណ៍រួមជាច្រើនលើក គឺមិនស្របនឹងអង្គហេតុ និងមិនបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តកិច្ចព្រមព្រៀងរួមនោះទេ។ នេះជាការបំភ្លៃដើម្បីបិទបាំង​ការបំពាន​កិច្ចព្រមព្រៀងរបស់ភាគីថៃតែប៉ុណ្ណោះ។
កម្ពុជាយល់ថា ការលើកឡើងបែបនេះមិនបានរួមចំណែកដល់ការកសាងទំនុកចិត្តទៅវិញទៅមក និងអាចបង្វែរការយកចិត្តទុកដាក់ចេញពីការខិតខំរួមក្នុងការអនុវត្តកាតព្វកិច្ចដែលភាគីទាំងពីរបានឯកភាពគ្នា។ កម្ពុជានៅតែអំពាវនាវឱ្យភាគីទាំងពីរបន្តគោរព និងអនុវត្តការប្តេជ្ញាចិត្តរួមដោយស្មោះត្រង់ និងស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់៕

អត្ថបទទាក់ទង