Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងពាក់ព័ន្ធនឹងបញ្ហាព្រំដែន ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦
Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងពាក់ព័ន្ធនឹងបញ្ហាព្រំដែន ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងពាក់ព័ន្ធនឹងបញ្ហាព្រំដែន
ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦
សំណួរទី១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់ចំពោះកងទ័ព និងគ្រួសារយុទ្ធជន គឺជាការពិតដែរឬទេ?
ចម្លើយ៖ មិនពិតទេ។ ជាក់ស្តែង ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទាំង សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្រួសារយុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅជួរមុខ គ្រួសារយុទ្ធជនពលី និងអតីតយុទ្ធជន។ ថ្នាក់ដឹកនាំបានធ្វើសកម្មភាពជាក់ស្តែងជាច្រើនដើម្បីជួយដល់គ្រួសារយុទ្ធជនពលី យុទ្ធជនរងរបួស និងអតីតយុទ្ធជន ដោយធ្វើយ៉ាងណាទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគេឱ្យមានលំនឹង និងភាពកក់ក្តៅ ពិសេសកូនៗរបស់ពួកគេបានបន្តការសិក្សាទៅដល់ថ្នាក់ខ្ពស់។
លើសពីនេះ សម្តេចតេជោ តែងតែលើកបង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់យុទ្ធជនដែលបានលះបង់កម្លាំងកាយចិត្ត និងហ៊ានប្រឈមគ្រោះថ្នាក់ដើម្បីការពារទឹកដី អធិបតេយ្យភាព និងសុវត្ថិភាពរបស់ប្រជាជន។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានអនុវត្តគោលនយោបាយ «ខឿនការពារជាតិរបស់ប្រជាជន» ដែលផ្តោតលើការចូលរួមរបស់ប្រជាជន និងការគាំទ្រកងកម្លាំងការពារជាតិ ដោយចាត់ទុកសុខុមាលភាពរបស់យុទ្ធជន និងគ្រួសាររបស់ពួកគេជាផ្នែកមួយនៃការពង្រឹងសមត្ថភាពការពារជាតិទាំងមូល។
សំណួរទី២៖ ថ្នាក់ដឹកនាំកម្ពុជាបានធ្វើអ្វីខ្លះ ដើម្បីបង្ហាញទៅពិភពលោកឱ្យបានដឹងអំពីការឈ្លានពានរបស់ថៃមកលើកម្ពុជា?
ចម្លើយ៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់យន្តការការទូតយ៉ាងសកម្ម ដើម្បីជម្រាបជូនសហគមន៍អន្តរជាតិអំពីស្ថានភាពជាក់ស្តែងនៅតាមព្រំដែនកម្ពុជា-ថៃ និងក្តីបារម្ភរបស់កម្ពុជាចំពោះសកម្មភាពដែលប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ ជាក់ស្តែងថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីបញ្ហានេះនៅក្នុងវេទិកាអនាគតអាស៊ានលើកទី៣ នៅទីក្រុងហាណូយ ដោយបញ្ជាក់ជូនថ្នាក់ដឹកនាំ និងសហគមន៍តំបន់ និងអន្តរជាតិអំពីស្ថានភាពនៅតាមព្រំដែន ក្តីបារម្ភរបស់កម្ពុជាចំពោះសកម្មភាពនៅលើដីជាក់ស្តែង និងភាពផុយស្រួយនៃបទឈប់បាញ់រវាងប្រទេសទាំងពីរ។
ក្រៅពីវេទិកាពហុភាគី សម្តេចធិបតី ក៏បានលើកបញ្ហានេះជាបន្តបន្ទាប់នៅក្នុងជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់អន្តរជាតិ រួមមានថ្នាក់ដឹកនាំវៀតណាម មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក និងមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ជាដើម។ តាមរយៈជំនួបទាំងនេះ កម្ពុជាបានពន្យល់អំពីស្ថានការណ៍ជាក់ស្តែងនៅតាមព្រំដែន ជំហររបស់ខ្លួន និងការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ និងស្វែងរកការគាំទ្រចំពោះដំណោះស្រាយដោយសន្តិវិធី។
សំណួរទី៣៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលមិនធ្វើអ្វីសោះដើម្បីការពារអធិបតេយ្យភាពជាតិ គឺជាការពិតដែរឬទេ?
ចម្លើយ៖ មិនពិតទេ។ ក្រៅពីការពង្រឹងការការពារនៅតាមព្រំដែន កម្ពុជាក៏បានប្រើប្រាស់យន្តការច្បាប់ និងការទូតយ៉ាងសកម្ម ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ កម្ពុជាបានបញ្ជាក់ជាបន្តបន្ទាប់ទៅកាន់ដៃគូអន្តរជាតិ អង្គការអន្តរជាតិ និងបណ្តាប្រទេសពាក់ព័ន្ធថា កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនដែលកើតចេញពីការប្រើកម្លាំងឡើយ ហើយបន្តប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងឯកសារព្រំដែនដែលមានសុពលភាពជាមូលដ្ឋានសម្រាប់ការដោះស្រាយបញ្ហា។ ទាំងនេះគឺជាការការពារផលប្រយោជន៍ជាតិប្រកបដោយការទទួលខុសត្រូវ និងមានភាពចីរភាព ដោយមធ្យោបាយការទូតចាស់ទុំ និងសន្តិវិធី៕





