Grand News Asia Close

ក្រសួងអប់រំថា និស្សិតកម្ពុជាស្ទើរតែទាំងអស់បានវិលពីថៃវិញ មុនពេលសមាជិកព្រឹទ្ធសភាថៃស្នើផ្អាកជំនួយអប់រំដល់កម្ពុជា

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 1016
ក្រសួងអប់រំថា និស្សិតកម្ពុជាស្ទើរតែទាំងអស់បានវិលពីថៃវិញ មុនពេលសមាជិកព្រឹទ្ធសភាថៃស្នើផ្អាកជំនួយអប់រំដល់កម្ពុជា Cambodian students return as Thais mull freeze of education exchanges

#ព័ត៌មានជាតិ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា មកដល់ពេលនេះខ្លួននៅមិនទាន់ទទួលបានការបញ្ជាក់ជាផ្លូវការណាមួយពីរាជរដ្ឋាភិបាលថៃ ពាក់ព័ន្ធនឹងសំណើរបស់សមាជិកព្រឹទ្ធសភាថៃមួយរូប ដែលបានអំពាវនាវឱ្យផ្អាកជំនួយអប់រំ អាហារូបករណ៍ និងកម្មវិធីផ្លាស់ប្តូរសិស្សនិស្សិតជាមួយកម្ពុជា ដោយសារភាពតានតឹងតាមព្រំដែនរវាងប្រទេសទាំងពីរ។

ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីសារព័ត៌មានថៃបានរាយការណ៍ថា លោក Parinya Wongcherdkwan សមាជិកព្រឹទ្ធសភាថៃ បានស្នើឱ្យរដ្ឋាភិបាលថៃផ្អាកកម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរសិស្សនិស្សិតជាមួយកម្ពុជា ព្រមទាំងពិនិត្យឡើងវិញនូវជំនួយអភិវឌ្ឍន៍ជាច្រើនដែលផ្តល់ឱ្យកម្ពុជា រហូតដល់ស្ថានភាពព្រំដែនវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា: “មុនពេលមានការឈ្លានពានពីភាគីថៃ និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសថៃមានប្រមាណ ១,៧០០ នាក់ ក្នុងនោះមាននិស្សិតអាហារូបករណ៍ជាង ៤០០ នាក់”។

លោកស្រីបានឱ្យដឹងថា: “ក្នុងអំឡុងពេលកន្លងមក និស្សិតកម្ពុជាស្ទើរតែទាំងអស់បានវិលត្រឡប់មកប្រទេសកម្ពុជាវិញរួចហើយ ខណៈក្រសួងបានសម្របសម្រួលផ្តល់អាហារូបករណ៍ជំនួសដល់ពួកគេចំនួន ៩ លើក ដើម្បីឱ្យអាចបន្តការសិក្សាដោយមិនមានការរំខាន”។

លោកស្រីបន្ថែមថា និស្សិតមួយចំនួនតូចដែលនៅសល់ក្នុងប្រទេសថៃ គឺភាគច្រើនជានិស្សិតឆ្នាំចុងក្រោយ ដែលត្រូវបញ្ចប់ការសិក្សា ហើយក្រសួងកំពុងបន្តតាមដានស្ថានភាពរបស់ពួកគេយកចិត្តទុកដាក់។

លោកស្រីថ្លែងថា: «មកដល់ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា នៅមិនទាន់បានទទួលការបញ្ជាក់ជាផ្លូវការណាមួយពីរាជរដ្ឋាភិបាលថៃនៅឡើយ។ ដោយឡែក យើងនៅតែបន្តធ្វើការជិតស្និទ្ធដើម្បីតាមដានពីសុខទុក្ខ និងសុវត្ថិភាពរបស់ប្អូនៗនិស្សិត»។

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃ លោក Parinya បានស្នើឱ្យលុបចោលក្រុមមិត្តភាពសភាថៃ-កម្ពុជា ដែលមានតួនាទីជំរុញទំនាក់ទំនង និងការផ្លាស់ប្តូររវាងសមាជិកសភានៃប្រទេសទាំងពីរ។ លោកក៏បានអំពាវនាវឱ្យសមាជិកទាំង ៩ រូបរបស់ក្រុមនេះលាលែងពីតំណែងផងដែរ។

ក្រៅពីនេះ លោកបានស្នើឱ្យបញ្ឈប់ការឧបត្ថម្ភសម្រាប់និស្សិតកម្ពុជានៅប្រទេសថៃ ផ្អាកគម្រោងកិច្ចសហប្រតិបត្តិការអប់រំថ្មីៗ និងលុបចោលការចូលរួមរបស់កម្ពុជាក្នុងកម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរសិស្សនិស្សិត ដែលរៀបចំដោយភាគីថៃ។

សំណើនេះកើតឡើងស្របពេលដែលទំនាក់ទំនងកម្ពុជា-ថៃកំពុងស្ថិតក្នុងដំណាក់កាលតានតឹង បន្ទាប់ពីជម្លោះព្រំដែន និងការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការអន្តរជាតិក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាតំបន់សមុទ្រត្រួតស៊ីគ្នា។

-Phnom Penh Post-

អត្ថបទទាក់ទង