Grand News Asia Close

តើវិមានរំឭក​វិញ្ញាណក្ខន្ធ​កងទ័ពនិង​នគរបាល​ពលី គួរ​សាងសង់​នៅកន្លែងណា និង​មាន​រូបរាង​ដូចម្ដេច?

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 1023
តើវិមានរំឭក​វិញ្ញាណក្ខន្ធ​កងទ័ពនិង​នគរបាល​ពលី គួរ​សាងសង់​នៅកន្លែងណា និង​មាន​រូបរាង​ដូចម្ដេច? A memorial is planned for the men and women who lost their lives during last year’s border clashes. Supplied

#ព័ត៌មានជាតិ

អ្នកជំនាញ​ផ្ដល់​គំនិត​សាងសង់​ស្តូប​រំឭក​ដល់​វីរកងទ័ព​ដែល​ពលី​នៅ​ឆ្នាំ​២០២៥ នៅ​អតីត​ព្រលាន​យន្តហោះពោធិ៍ចិនតុង ខណៈដែល​រដ្ឋាភិបាល​កំពុង​ពិចារណា​លើ​ទីតាំង​ និង​ដំណើរ​ការ​សាងសង់​វិមាន​ចងចាំ​ដល់​វីរកងទ័ពនិង​នគរបាល​ជាតិការពារ​ព្រំដែន ដែល​បាត់​បង់​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ទឹកដីកាលពីឆ្នាំមុន។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បានថ្លែងកាលពីថ្ងៃទី១៥ ឧសភា​ថា លោក​បាន​ឲ្យ​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ សីហា និង​លោក ណឹម សុវត្តិ អគ្គនាយកនយោបាយនិងកិច្ចការបរទេស​នៃ​ក្រសួងការពារជាតិ ពិភាក្សា​លើ​ទីតាំងសម្រាប់​ការ​សាងសង់​ស្តូប​រំឭក​ដល់​វិញ្ញាណក្ខន្ធ​កងទ័ព​ និង នគរបាល​ការពារ​ព្រំដែន ដែល​ពលី​ការពារ​ព្រំដែន។

លោក​ថ្លែង​ថា ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​ការ​ឈ្លានពាន​របស់ថៃ នឹង​ត្រូវ​ចារ​នៅ​ឯ​វិមាន​ឈ្នះ-ឈ្នះ ប៉ុន្តែ​ស្ដូប​សម្រាប់​រំឭក​វិញ្ញាណក្ខន្ធ នឹង​ត្រូវ​សាង​សង់​ដាច់​ដោយឡែក ដើម្បី​ជា​ការ​រំឭក​ដល់​កូនចៅជំនាន់​ក្រោយ​ជា​ប្រចាំ។

លោក ឆាំង យុ ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ និង​ជា​នាយកមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​បាន​ធ្វើកិច្ច​ការ​ជា​ច្រើនលើ​ការ​ចងចាំ​ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ការ​សាងសង់​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​កងទ័ព​នេះ គួរ​តែ​ធ្វើ​នៅ​ទីតាំង​ព្រលានយន្តហោះ​ចាស់ គឺ​ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង។ លោក​ថា ទីតាំង​នេះ មិនត្រឹមតែ​នៅជិត​ក្រុង​ប៉ុណ្ណោះទេ វាក៏ស្ថិតនៅលើទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលមិនអាចខ្វះបានសម្រាប់ប្រវត្តិសាស្ត្រនៃការអភិវឌ្ឍជាតិ និងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា។

លោក​ថ្លែង​ដូច្នេះ​ថា៖ «អាកាសយានដ្ឋាននេះ ត្រូវបានសាងសង់ឡើងនៅលើទីតាំងនៃវាលយន្តហោះដែលធ្លាប់ប្រើប្រាស់ដោយកងទ័ពជប៉ុន ក្នុងអំឡុងនៃការកាន់កាប់របស់ពួកគេលើកម្ពុជា នាសម័យសង្គ្រាមលោកលើកទីពីរ ហើយវាក៏ធ្លាប់​ត្រូវ​បាន​ប្រើប្រាស់​ជាមជ្ឈមណ្ឌលដ៏សំខាន់មួយរបស់ព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ជាពិសេសបន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៥៣»។

Youk Chhnag, director of the Documentation Centre of Cambodia (DC-Cam), has offered this suggestion. Supplied

លោក​បន្ត​ថា៖ «ទីតាំងនេះគឺជាទីតាំងសម្គាល់ដ៏សំខាន់ខាងប្រវត្តិសាស្ត្រ វប្បធម៌ និងនយោបាយ ហើយគ្មានកន្លែងណាដែលស័ក្តិសមសម្រាប់សាងសង់វិមានអនុស្សាវរីយ៍ប្រភេទនេះ ជាងទីតាំងនេះឡើយ»។

ពាក់​ព័ន្ធ​នឹង​រចនាបថ​​វិញ លោក ឆាំង យុ ថ្លែង​ថា វាចាំបាច់ត្រូវឆ្លុះបញ្ចាំងយ៉ាងហោចណាស់នូវធាតុផ្សំ ឬប្រធានបទសំខាន់ៗចំនួនបី។ ទីមួយ សំណង់ត្រូវតែជានិមិត្តរូប ឬ ផ្សារភ្ជាប់ទៅនឹងធាតុផ្សំ ឬរចនាសម្ព័ន្ធនៃប្រាសាទព្រះវិហារ ដែលជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងជានិមិត្តរូបនៃការតស៊ូជាប្រវត្តិសាស្ត្ររបស់កម្ពុជាប្រឆាំងនឹងប្រទេសថៃ។

ទីពីរ លោក​ថា ទីតាំងនេះត្រូវតែបង្ហាញពីការលះបង់របស់កងកម្លាំងប្រដាប់អាវុធ នគរបាល មន្ត្រីរាជការ និងក្រុមគ្រួសាររបស់ពួកគេ ដែលបានបូជាជីវិតដើម្បីការពារជាតិ និងការរក្សាសន្តិភាព។

ធាតុ​ផ្សំ​ទី៣ លោក​ថា ទីតាំងនេះមិនត្រឹមតែមានការ​​ចងចាំ និងការគោរពចំពោះអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែជំរុញឱ្យមានកិច្ចសន្ទនាអំពីអនាគត និងអ្វីដែលចាំបាច់ដើម្បីស្វែងរកសន្តិភាពយូរអង្វែងផងដែរ។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​ថ្លែង​ថា លោក​ពិត​ជា​គាំទ្រ​គំនិត​នៃ​ការ​បង្កើត​ស្តូប​ឬវិមាន​រំឭក​វិញ្ញាណក្ខន្ធ​សម្រាប់​កងទ័ព​ពលី ពីព្រោះ​ស្តូប​នេះ​គឺជា​ការ​ដាស់​តឿនក្រើន​រំឭក​​ឲ្យ​ខ្មែរ​ចងចាំ​និង​ដឹង​គុណ​ដល់​វីរភាព​របស់​ពួក​គេ ដាស់​តឿន​កូន​ខ្មែរ​​មិន​ត្រូវ​ភ្លេច​ខ្លួន​ ហើយ​ត្រូវ​ត្រៀម​ខ្លួន​ជានិច្ច​កុំ​ឲ្យ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​តទៅ​ទៀត។

លោក​ថា វា​មិនត្រឹមតែ​ជាស្ដូបទេ ប៉ុន្តែ​​ជាសារមន្ទីរ​សង្គ្រាម​តែ​ម្ដង​ ដែល​មាន​ដាក់​តាំង​​រូបភាព​វីរកងទ័ព វីរនគរបាល ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​បុព្វហេតុការពារ​អធិបតេយ្យ ​និង​បូរណភាពទឹកដី​កម្ពុជា មរតក​ដូនតា និង​អាយុជីវិត​របស់ប្រជាពលរដ្ឋ។

លោក​បន្ត​ថា៖ «ក្រៅពីនេះ យើងត្រូវ​ប្រមែប្រមូល​សំណល់​សព្វាវុធ​របស់​ខ្មាំង​សត្រូវដែល​បាន​ប្រើប្រាស់​នៅ​ក្នុង​សង្គ្រាម​ឈ្លានពាន​ បូករួម​មានទាំង​រថយន្ត រថក្រោះ​ដែល​ប្រមូល​បាន។ បន្ថែម​ពីលើ​នេះ យើង​ត្រូវ​ប្រមែប្រមូល​រូបថត​ វីដេអូ បទសម្ភាសន៍ ឬ បំណែក​ផ្សេងៗ​ ដូចជា​មន្ទីរពេទ្យ ផ្ទះសម្បែង វត្ត​អារាម រូបភាព​សោកនាដកម្ម រូបភាពទីតាំង​ទម្លាក់គ្រាប់បែក​ជា​ដើម»។

បន្ថែមពីលើ​នេះ ត្រូវ​មាន​ការ​ចងក្រង​ឯកសារ​ច្បាស់​លាស់​អំពី​ការ​រំលោភ​បំពាន និង​ត្រូវ​មាន​ការ​បណ្ដុះ​បណ្ដាល​មគ្គុទ្ទេសក៍​សម្រាប់​ណែនាំ​ដល់​អ្នក​ដែល​ទៅ​ទស្សនា​សារមន្ទីរ​នេះ។

ចំពោះ​រចនាបថ លោក គិន ភា ថ្លែង​​ថា វា​ត្រូវ​តែ​បង្ហាញ​ពីអត្ត​សញ្ញាណ​នៃ​សិល្បៈ​វប្បធម៌ខ្មែរ ដែលមាន​ខ្លឹមសារ​ដាស់​តឿន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​មូល​ឲ្យ​ចងចាំ និង​រៀបចំខ្លួន​កុំឲ្យដើរជាន់​ដាន​ប្រវត្តិសាស្ត្រ៕

-Phnom Penh Post-


រូបភាព:
1- រូបភាពតំណាងឲ្យកងទ័ពកម្ពុជាដែលបានពលីជីវិតនៅក្នុងសង្គ្រាមការពារព្រំដែន ឆ្នាំ២០២៥។ សហការី
2- មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា ស្នើ​រចនា​បថ​នេះឡើង​ ហើយ​គួរ​សាងសង់​នៅ​ព្រលានយន្តហោះពោធិ៍ចិនតុង។ មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា

អត្ថបទទាក់ទង