ទាក់ទងនឹងការពិចារណារបស់ថៃក្នុងការដកខ្លួនពីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ (MOU ២០០១) ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦
ទាក់ទងនឹងការពិចារណារបស់ថៃក្នុងការដកខ្លួនពីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ (MOU ២០០១) ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការពិចារណារបស់ថៃក្នុងការដកខ្លួនពីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ (MOU ២០០១)
ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦
សំណួរទី ១៖ តើ MOU ២០០១ មានគោលបំណងសំខាន់អ្វីខ្លះ?
ចម្លើយ៖ MOU ២០០១ មានគោលបំណងសំខាន់ក្នុងការឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយពិតប្រាកដ និងបំណងរួមរបស់ប្រទេសកម្ពុជា និងថៃ ក្នុងការរៀបចំដោយស្មោះត្រង់នូវក្របខ័ណ្ឌមួយដែលភាគីទាំងពីរអាចទទួលយកបាន ដើម្បីជាមូលដ្ឋានសម្រាប់ការទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ហើយក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមច្បាប់អន្តរជាតិផងដែរ។ អនុស្សរណៈឆ្នាំ២០០១ ក៏បង្ហាញពីសុច្ឆន្ទៈរបស់ប្រជាជាតិទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែង កំណត់ព្រំដែនសមុទ្រមួយប្រកបដោយមិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នាសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ។ តាមសេចក្តីចែងនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឯកសារនេះនៅតែមានសុពលភាពរហូតដល់គោលបំណងរបស់អនុស្សរណៈនេះត្រូវបាន សម្រេចពេញលេញ។
សំណួរទី ២៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះការពិចារណារបស់ថៃក្នុងការដកខ្លួនពី MOU ២០០១?
ចម្លើយ៖ កម្ពុជាបង្ហាញការសោកស្តាយយ៉ាងខ្លាំង ប្រសិនបើថៃសម្រេចដកខ្លួនជាឯកតោភាគី ព្រោះវាជាជំហានមួយដែលងាកចេញពីស្មារតីសហប្រតិបត្តិការ និងសុច្ឆន្ទៈដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០១។ ការដកខ្លួនបែបនេះ អាចប៉ះពាល់ដល់ការជឿទុកចិត្តរវាងភាគីទាំងពីរ និងធ្វើឱ្យដំណើរការសហប្រតិបត្តិការនៅតំបន់ដែនសមុទ្រត្រួតគ្នាមានបញ្ហា។ ទោះជាយ៉ាងណា កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះខ្លឹមសារ និងស្មារតីនៃMOU ២០០១ ដោយបន្តគាំទ្រដំណោះស្រាយដោយសន្តិវិធី និងការអនុវត្តតាមច្បាប់អន្តរជាតិ។ កម្ពុជាក៏បង្ហាញឆន្ទៈក្នុងការបន្តធ្វើការជាមួយ ភាគីថៃផងដែរក្នុងក្របខ័ណ្ឌសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីរក្សាផលប្រយោជន៍រួម និងធានាស្ថិរភាពយូរអង្វែងក្នុងតំបន់។
សំណួរទី ៣៖ ទន្ទឹមនឹងការបន្តឈ្លានពានឥតឈប់ឈររបស់យោធាថៃ តើប្រជាពលរដ្ឋកម្ពុជាកំពុងទទួលរងផលប៉ះពាល់ជាក់ស្តែងនៅតាមបណ្តោយព្រំដែនដូចម្តេចខ្លះ?
ចម្លើយ៖ ស្ថានភាពជាក់ស្តែងនៅតាមព្រំដែនបានបង្ហាញថា សកម្មភាពហ៊ុព័ទ្ធដីធ្លីដោយយោធាថៃបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋ ដោយមានគ្រួសារជាច្រើនមិនអាចចូលទៅរស់នៅលើដី និងផ្ទះសម្បែងរបស់ខ្លួនបាន។ តំបន់ដែលរងផលប៉ះពាល់មានដូចជា ភូមិជោគជ័យ ភូមិព្រៃចាន់ និងភូមិផ្សេងៗក្នុងខេត្តបន្ទាយមានជ័យ ដែលប្រជាពលរដ្ឋត្រូវបង្ខំចិត្តចាកចេញ និងក្លាយជាជនភៀសសឹក ហើយមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ដើម្បីជួយគាំទ្រផ្នែកជីវភាព សុខមាលភាព និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសាររបស់ពួកគេ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានផ្តល់ជូនពួកគេនូវជម្រកបណ្តោះអាសន្នដែលមានលក្ខណៈសមរម្យ សម្រាប់ស្នាក់នៅក្នុងអំឡុងពេលរង់ចាំដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃ។ ការរៀបចំ និងផ្តល់ជូនលំនៅដ្ឋានបណ្តោះអាសន្ននេះទៀតសោតត្រូវបានអនុវត្តតាមនីតិវិធីច្បាស់លាស់ តាមរយៈការចាប់ឆ្នោត ដើម្បីធានាភាពយុត្តិធម៌។ ក្រៅពីនោះ រាជរដ្ឋាភិបាលក៏បានគិតគូរពីការជួយផ្នែកជីវភាព និងការផ្គត់ផ្គង់សេវាកម្មនានាផងដែរដើម្បីជួយសម្រួលដល់ការរស់នៅរបស់ពួកគេ៕





