ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦
ថ្ងៃនេះ ក្រុមការងារអ្នកនាំពាក្យសូមធ្វើបច្ចុប្បន្នភាពជូនបងប្អូនជនរួមជាតិជ្រាបអំពីព័ត៌មានដែលមានសារសំខាន់ពីរាជរដ្ឋាភិបាលក្នុងបុព្វហេតុជាតិនិងប្រជាជន ជាពិសេសក្នុងកិច្ចការពារបូរណភាពទឹកដី និងពលរដ្ឋភៀសសឹក៖
ទី១៖ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅឯប្រទេសបារាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) នៅទីក្រុងលីយ៉ុង និងកិច្ចប្រជុំក៏ដូចជាជំនួបសំខាន់ៗមួយចំនួនទៀតដូចជា កិច្ចប្រជុំជាន់ខ្ពស់ស្តីពី «និម្មាបនកម្មសុខភាពសាកល» កិច្ចពិភាក្សាស្តីពីអភិបាលកិច្ចនិងវិទ្យាសាស្ត្រ, ជំងឺឆ្លង និងជំងឺមិនឆ្លង, និងក៏មានជំនួបក្រៅផ្លូវការជាមួយអនុប្រធានធនាគារពិភពលោក ទទួលបន្ទុកការអភិវឌ្ឍន៍ហិរញ្ញវត្ថុ, អគ្គនាយកអង្គការយូណេស្កូ និងប្រធានាធិបតីបុតស្វាណា ជាដើម។
សូមបញ្ជាក់ជូនថា សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏នឹងជួបពិភាក្សាការងារជាមួយឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីពិភាក្សាអំពីការពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលកំពុងរីកចម្រើនក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំងពីរក៏គ្រោងនឹងផ្លាស់ប្តូរទស្សនៈជុំវិញកិច្ចសហប្រតិបត្តិការពហុភាគី រួមទាំងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅខែវិច្ឆិកាឆ្នាំនេះ ព្រមទាំងការវិវត្តនៅក្នុងតំបន់ និងពិភពលោក។
ទី២៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលជាតំណាងឱ្យគណៈកម្មការ JBC ភាគីកម្ពុជា បានស្នើសារជាថ្មីទៅគណៈកម្មការ JBC ភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC និងជំរុញឱ្យបន្តអនុវត្តការងារនៅលើដីជាក់ស្តែង ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ក្នុងខ្លឹមសារដូចខាងក្រោម៖
១-ស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ស្របតាមស្មារតីនៃកំណត់ហេតុ កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី។
២-ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដើម្បីបន្តអនុវត្តការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 ស្ថិតក្នុងភូមិសាស្ត្រ ភូមិជោគជ័យនិងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ស្របតាមការព្រមព្រៀងគ្នានាពេលកន្លងមក។
៣-ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នា។
៤-ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 33-37 (តំបន់បឹងត្រកួន), កំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 14-17 (តំបន់អូរស្មាច់), តំបន់អានសេះ, តំបន់ថ្មដា និងតំបន់ព្រំដែនផ្សេងទៀត ស្របតាមស្មារតីនៃកថាខណ្ឌទី៣ និងកថាខណ្ឌទី៤ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
៥-ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរដើម្បីចុះវាស់វែងនិងខណ្ឌសីមាលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ដែលបានឯកភាពគ្នា (ខ្សែព្រំដែនដើរតាមផ្លូវទឹកនិងខ្សែព្រំដែនជាបន្ទាត់ត្រង់) នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
៦-ស្នើរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំអនុគណៈកម្មការ បច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីមួយ ខែឧសភា ឆ្នាំ២០២៦។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានបញ្ជាក់ជំហរជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់របស់យោធាថៃ និងការបន្តធ្វើសកម្មភាពរំលោភបំពានលើបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជា។ គណៈកម្មការ JBC ភាគីកម្ពុជា ប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ទាំងពេលកន្លងមក ទាំងបច្ចុប្បន្ន និងអនាគត។
ទន្ទឹមនឹងនេះ គណៈកម្មការ JBC ភាគីកម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញា បារាំង-សៀម ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០, TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក៕
សូមអរគុណ!





