- ឯកឧត្តម ហ្សាក់ស៍ ប៉េឡេ (H.E. Jacques Pellet) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា
- សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយជាអនេក ដែលបានមកចូលរួម ពិធីសម្ពោធ “វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨” ដែលខ្ញុំបានប្រកាស ជាសាធារណៈអំពីការសម្រេចចិត្តសាងសង់វិមាននេះឡើងវិញ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅវិមានអេលីហ្សេ (Elysée) ជាមួយឯកឧត្តម អេមម៉ានូអែល ម៉ាក្រុង (H.E. Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ដើម្បីបង្ហាញនូវសាមគ្គីភាពមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងប្រទេសយើងទាំង២ បារាំង-កម្ពុជា។
ការសម្ពោធនូវវិមាននេះ ធ្វើឡើងចំថៃ្ងនៃបុណ្យជាតិបារាំង ដែលរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា សូមចូលរួមអបអរសាទរ។
ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានស្នើមកខ្ញុំ ដើម្បីសាងសង់វិមាននេះឡើងវិញនៅលើទីតាំងដដែល ដោយយកតាមលំនាំដើមរបស់លោក ប៉ូល ឌុយក្វាំង (Paul Ducuing) ដែលជាអ្នករចនាវិមាននេះ កាលពីឆ្នាំ១៩២៥។ ការសាងសង់វិមាននេះ ធ្វើឱ្យរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ច និងវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវ័យចំណាស់ ៥៨៩ ឆ្នាំ មកហើយនោះ ក្លាយជារាជធានីប្រវត្តិសា្រស្ត ប្រកបដោយមោទនភាពជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏គួរឱ្យចងចាំសម្រាប់មនុស្សគ្រប់ជំនាន់។
ជាការពិត ប្រជាជាតិខ្មែរមានប្រវត្តិដ៏យូរលង់ និងមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបារាំង និងខ្មែរតាមរយៈកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់បារាំងលើវិស័យចំនួន ៥ គឺទ័ពជើងទឹក ទ័ពជើងគោក រដ្ឋបាល ការទូត និងបញ្ញវន្ត។ សាមគ្គីភាពបារាំង-ខ្មែរកាន់តែរីកចម្រើនជាមួយនឹងការជួយគ្នាទៅវិញទៅមក ពិសេសក្នុងអំឡុងសង្គ្រាមលោកលើកទី១ ឆ្នាំ ១៩១៤។ នៅដើមឆ្នាំ១៩១៦ រាជការបារាំងបានអំពាវនាវរកអ្នកស្ម័គ្រចិត្តខ្មែរ ដើម្បីចូលរួមជាមួយកងទ័ពបារាំង ធ្វើសង្រ្គាមប្រឆាំងពួកអាល្លឺម៉ង់ ហើយបានចេញព្រះរាជប្រកាសជាច្រើន ដែលបានបិទផ្សាយនៅគ្រប់ភូមិស្រុកក្នុងប្រទេសកម្ពុជា។ ក្នុងដំណើរការជ្រើសរើសអ្នកស្ម័គ្រចិត្តប្រយុទ្ធនៅក្នុងសង្រ្គាមបារាំង-អាល្លឺម៉ង់ ព្រះសង្ឃខ្មែរក៏បាននិមន្តចូលរួមផងដែរ ចំណែកព្រះមហាក្សត្រខ្មែរ ព្រះបាទព្រះស៊ីសុវត្ថិ ព្រះអង្គបានយាងទៅជ្រើសរើសអ្នកស្ម័គ្រចិត្តជាទាហានប្រយុទ្ធ និងទាហានជាងចំនួន ២ លើក បានចំនួន ៥១៦ នាក់ ចេញពីខេត្តព្រៃវែង ខេត្តបាភ្នំ ខេត្តពារាំង ខេត្តស៊ីធរកណ្តាល ខេត្តល្វាឯម ខេត្តរំដួល ខេត្តស្វាយទាប និងខេត្តរមាសហែក។ ព្រះបាទព្រះស៊ីសុវត្ថិ ព្រះអង្គបានបញ្ចូនអ្នកអង្គម្ចាស់មួយចំនួនទៅច្បាំងនៅប្រទេសបារាំង ពេលនោះ មានអ្នកអង្គម្ចាស់ ២ អង្គ បានសុគតនៅក្នុងសង្រ្គាម ហើយបានបង្កើតជាកម្លាំងចលករ ធ្វើឱ្យប្រជារាស្ត្រខ្មែរជាច្រើននាក់បានយកតម្រាប់តាមព្រះអង្គដោយស្ម័គ្រចិត្តចូលធ្វើទាហានប្រយុទ្ធ និងទាហានជាង នៅក្នុងសង្គ្រាមនោះដែរ។ ស្មារតីកិច្ចសហប្រតិបត្តិការ បារាំង-ខ្មែរនាពេលនោះកាន់តែស្អិតរមួត កម្ពុជាបានខិតខំបង្កបង្កើនផលស្រូវ ពោត ល្ង និងភោគផលកសិកម្មផ្សេងទៀត ដើម្បីបញ្ជូនទៅជួយឧបត្ថម្ភប្រទេសបារាំង ដែលកំពុងត្រូវការស្បៀងអាហារជាបន្ទាន់ក្នុងសង្រ្គាម ៥០ ខែ រវាងបារាំង និងអាល្លឺម៉ង់។
- សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ឥទ្ធិពលនៃសុខសន្តិភាពបានធ្វើឱ្យរាជរដ្ឋាភិបាលសម្រេចបាន សមិទ្ធផលថ្មីៗជាច្រើនគួរជាទីមោទនៈ ជាពិសេសការធានាការពារ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់តាមបែបប្រជាធិបតេយ្យ តាមរយៈការអនុវត្តនយោបាយការបរទេសដោយឯករាជ្យ ផ្អែកលើច្បាប់ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន។ ពេលកន្លងទៅថ្មីៗនេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ប្រកបដោយជោគជ័យត្រចះត្រចង់ ដោយបានផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទៅទូទាំងតំបន់ និងពិភពលោក ជាពិសេសបង្ហាញអំពីសក្តានុពល និងកិត្យានុភាពកម្ពុជា ក្នុងការរៀបចំពិធីជាលក្ខណៈអន្តរជាតិបានពេញលេញ ប្រកបដោយថាមពល និងមានសុវត្ថិភាពនៅក្នុងបាវចនា “កីឡារស់ក្នុងសន្តិភាព” “សន្តិភាពដើម្បីទាំងអស់គ្នាទាំងអស់គ្នា ដើម្បីសន្តិភាព”។
ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជាបានខិតខំអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ក្នុងនោះបណ្តាញផ្លូវក្រុង សួន និងសំណង់សាធារណៈ រួមមានសំណង់បេតិកភណ្ឌ សំណង់ប្រវត្តិសាស្រ្ត និងទីតាំងបុរាណនានា ដោយបានរំលេចនូវវប្បធម៌ ប្រពៃណី និងអរិយធម៌ ជាមួយនឹងការការពារ ការអភិរក្ស និងការស្ថាបនាឡើងវិញនូវរូបសំណាកបដិមា ឬសំណង់បេតិកភណ្ឌវប្បធម៌ នៅតាមសួន និងទីតាំងសាធារណៈ។ ដោយឡែកពេលនេះ រាជរដ្ឋាភិបាលសម្រេចបានការសាងសង់ឡើងវិញនូវ “វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨” ដែលបានសាងសង់ដោយអាណាព្យាបាល បារាំងកាលពីឆ្នាំ១៩២៥ នៅសួនមុខស្ថានទូតសាធារណរដ្ឋបារាំង ក្នុងរាជធានីភ្នំពេញ ហើយដែលស្ថាបត្យកម្មនេះ ត្រូវបានបំផ្លាញចោលដោយរបបកម្ពុជាប្រជាធិបតេយ្យនៅអំឡុងឆ្នាំ១៩៧៥។
ជាមួយនេះ ការសម្ពោធវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តខ្មែរ និងបារាំងទាំង ១៩៨ នាក់ ដែលបានពលីជីវិតក្នុងសង្រ្គាមលោក ចន្លោះពីឆ្នាំ១៩១៦ ដល់ឆ្នាំ១៩១៨ គឺជាការដាស់តឿនកុលបុត្រខ្មែរ ដែលជាទំពាំងស្នងឫស្សីគ្រប់រូប ឱ្យស្គាល់តម្លៃនៃសន្តិភាព ដែលជាគុណតម្លៃសកលនៃមនុស្សជាតិ ហើយត្រូវចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់នូវគ្រប់ឧបាយកល ដែលបង្កឱ្យមានសង្រ្គាម និងអស្ថិរភាពសង្គម ជាពិសេសត្រូវសាមគ្គីគ្នា ថែរក្សាសន្តិភាពនេះឱ្យនៅស្ថិតស្ថេរយូរអង្វែងច្រើនជំនាន់តរៀងទៅ ដើម្បីភាពរីកចម្រើនរុងរឿងនៃប្រទេសជាតិយើង។
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមប្រគល់សមិទ្ធផលថ្មីដ៏មានអត្ថន័យនេះជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រង និងថែរក្សាហើយវិមាននេះ នឹងបង្កើននូវសោភណភាព និងបរិស្ថាន ទីក្រុងល្អ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងរាជធានីភ្នំពេញ។ ជាមួយនេះ ខ្ញុំក៏បានផ្តល់ការអនុញ្ញាតជូនស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងទុកជាប្រយោជន៍ ក្នុងការប្រើប្រាស់វិមាននេះ ដើម្បីរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ ថ្ងៃបញ្ចប់សង្រ្គាមលោកលើកទី១ និងពិធីផ្សេងៗទៀតផងដែរ។
[ចាប់ផ្ដើមអត្ថាធិប្បាយ]
សង្ឃឹមថា ឯកឧត្ដម ហ្សាក់ស៍ ប៉េឡេ ជួយទាក់ទាញទេសចរណ៍របស់បារាំង ហើយឲ្យពួកគេមកកាន់ទីនេះ ដើម្បីដាក់ផ្កាគោរពវិញ្ញាណក្ខន្ធចំពោះអ្នកដែលបូជាជីវិតកាលពីសង្រ្គាមលោកលើកទី១។ ហើយនេះគឺជាចំណុចល្អនៃទំនាក់ទំនងរបស់យើង ដែលជាផ្នែកមួយនៃទំនាក់ទំនងប្រជាជន និងប្រជាជន។
[បញ្ចប់អត្ថាធិប្បាយ]
មុននឹងបញ្ចប់ ខ្ញុំសុំយកឱកាសនេះ អំពាវនាវបងប្អូនជនរួមជាតិសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃអាទិត្យ ទី២៣ កក្កដា ខាងមុខនេះដើម្បីជ្រើសរើសគណបក្សនយោបាយ និងមេដឹកនាំប្រទេស ដែលបងប្អូនស្រឡាញ់ពេញចិត្ត និងជឿជាក់ ថាពិតជាគណបក្សដែលដឹកនាំធ្វើឱ្យប្រជាជនរស់នៅក្នុងសុខសន្តិភាព ភាពសុខដុមរមនាគ្រប់ជាតិសាសន៍ មានការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងភាពសម្បូរសប្បាយរុងរឿង ជូនប្រទេសជាតិ និងប្រជាជន ទាំងបច្ចុប្បន្ន និងអនាគត។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ នូវ“វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨” ខ្ញុំសូមជូនពរសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមទទួលបាននូវពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាត៕