Grand News Asia Close

សារសម្លេង សម្ដេចតេជោ ហ៊ុន សែន ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ថ្ងៃ ២៣ កក្កដា ២០២៣

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 786

CNV:

សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ,
បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់,

ថ្ងៃនេះ យើងបានដំណើរការបោះឆ្នោតនៅក្របខណ្ឌទូទាំងប្រទេស (ស្របគ្នានឹងមាន)ការរារាំងនៃក្រុមជ្រុលនិ​យម (បំផុស)ប្រជាជនកុំឱ្យទៅធ្វើការបោះឆ្នោត ឬទៅ(បោះឆ្នោតតែ)គូសបំផ្លាញសន្លឹកឆ្នោតចោល។ ប៉ុន្តែ មកដល់ពេលនេះ លទ្ធផលដែលខ្ញុំព្រះករុណាខ្ញុំទទួលបានពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាបណ្ដោះ​អាសន្ន គឺចំនួនប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតមានរហូតដល់ ៨៤,២១% ហើយអាចនឹងមានការកើនឡើងថែមទៀត។ បើប្រៀបធៀបទៅនឹងការបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ ២០២២ ដែលមានប្រជាជនចេញទៅបោះឆ្នោត ៨០,៣២% ក្នុងពេលដែលពេលនោះ(គណបក្ស)ភ្លើងទៀនចូលរួមបោះឆ្នោត និងពេលនេះខាងភ្លើងទៀននិងមេអ្នកបង្កើតភ្លើងទៀនអំពាវនាវកុំឱ្យប្រជាជនទៅបោះឆ្នោត ឃើញថាអត្រាមានការខុសគ្នា។ពីមុន (គណៈបក្ស)ភ្លើងទៀនចូលរួមបោះឆ្នោត ដោយមានការលើកទឹកចិត្តពីសំណាក់(បក្ស)ភ្លើងទៀនផង ប៉ុន្តែប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតត្រឹមតែ ៨០,៣២%។ ឥឡូវនេះ ទោះបីជាមានការដឹកនាំពីខាងក្រៅជា(អ្នក)បង្កើត(គណ​បក្ស)ភ្លើង​ទៀនអំពាវនាវឱ្យប្រជាជនកុំទៅបោះឆ្នោតនិងទៅគូសសន្លឹកឆ្នោតចោល(ក៏ដោយ) ប៉ុន្តែបែរជាមានប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត រហូតទៅដល់ជាង ៨៤% ទៅវិញ។

ចំណុចទាំងនេះ យើងអាចសន្និដ្ឋានបានថា​ ប្រជាពលរដ្ឋបានចូលរួមនៅក្នុងចលនាប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងច្បាស់។ ប្រជាពលរដ្ឋចង់ទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើនក្រោមដំបូលសន្តិភាពដែលបាននិងកំ​ពុងមាន ហើយចង់ចេញចាកឆ្ងាយពីក្រុមជ្រុលនិយមដែលតែងតែបានបំផ្លាញ(ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា)។ ឥឡូវនេះ (ជាការ)ប្រៀប(ធៀប) ចំនួនប្រជាជនដែលបានចេញទៅបោះឆ្នោតគឺមានចំនួនច្រើនលើស(ពី)ការបោះឆ្នោតដែលមាន(គណបក្ស)ភ្លើងទៀនចូលរួមទៀតផង។ យើងរង់ចាំមើលថាតើមានសន្លឹកឆ្នោតដែល​គូសខ្វែងប៉ុន្មានសន្លឹក? ព្រោះមេដឹកនាំក្រុមជ្រុលនិយមបាននិយាយយ៉ាងច្បាស់ថា សន្លឹកឆ្នោតណាដែលគូសខ្វែងគឺជាសន្លឹកឆ្នោតគាំទ្រពួកគេ។ ដូច្នេះតើមានសន្លឹកឆ្នោតគូសខ្វែងប៉ុន្មានសន្លឹក? ឯអត្រាសន្លឹកឆ្នោតមោឃៈដូចជាការគូសខុសគឺវាជារឿងធម្មតាដែលមានកម្រិតប្រមាណជា២%

នៅក្នុង Channel Telegram ដែលហៅថា Sbai សប្បាយ Telegram យើងបានឃើញគេបោះ(ឆ្នោតជា)គំរូ ហើយគេផ្ញើទៅកាន់ប្រធានរបស់គេនៅទីក្រុងប៉ារីស។ ខ្ញុំសូមជម្រាបជូនខាងក្រុមប្រឆាំងឱ្យបានជ្រាបថា យប់មិញនេះ អស់លោកបានដំណើរការ Channel Telegram លើកទឹកចិត្តឱ្យមានសេចក្ដីក្លាហានគូសសន្លឹកឆ្នោតចោល ហើយបញ្ជូនសន្លឹកឆ្នោតនោះទៅកាន់មេដឹកនាំនៅឯទីក្រុងប៉ារីស។ ខ្ញុំក៏បានចូលមើល ហើយខ្ញុំក៏បានចូលទៅខម្មិននៅក្នុង Telegram របស់អស់លោកអ្នក។ យើងបានស្គាល់មុខអ្នកទាំងនោះអស់ហើយ។ អ្នកនៅក្នុងប្រ​ទេស។ ប៉ុន្តែខ្ញុំសូមស្នើកុំឱ្យមានការភ័យខ្លាច។ អ្នកអាចចេញមកសារភាពចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាពិសេសជាមួយអាជ្ញាធរ ចលនាបំផ្លាញសន្លឹកឆ្នោតគឺជាបទល្មើសដែលត្រូវតែផ្តន្ទាទោស។ អ្នកដឹងខ្លួនសូមប្រញាប់ប្រញាល់ចេញមកសារភាពចំពោះអាជ្ញាធរនៅទីកន្លែងដែលកៀកបំផុត។ បើមិនដូច្នេះទេ វិធានការផ្លូវច្បាប់នឹងត្រូវប្រកាន់យកសម្រាប់អ្នកទាំងនោះ

Channel Telegram Sbai សប្បាយ របស់អ្នក មិនអាចបិទបាំងបានទេ។ ឥឡូវនេះមុខសញ្ញាទាំងឡាយដែលមាននៅក្នុងតេឡេក្រាមទាំងនោះ ហើយខម្មិននៅក្នុង Telegram ទាំងនោះ យើងបានចូលទៅហើយ។ អ្នកក៏អាចបានឃើញថា មានខម្មិនរបស់ខ្ញុំចំនួន ៤ ក្នុងទីនោះ។ អ្នកមិនអាចលាក់នូវអ្វីដែលជាការប៉ុនប៉ងរបស់អ្នកបំ​ផ្លាញ(ដំណើរការបោះឆ្នោត)នោះទេ ហើយសូមអ្នកទាំងឡាយដែលមានការពាក់ព័ន្ធ កុំរត់ចោលស្រុកអី។ សូមប្រញាប់ចេញមកសារភាពទទួលយកនូវកំហុសដែលខ្លួនបានប្រព្រឹត្តតាមមេដឹកនាំឧទ្ទាមក្រៅច្បាប់ ដែលបានប្រកាសថាសន្លឹកឆ្នោតណាដែលគូសខ្វែងគឺជាសន្លឹកឆ្នោតរបស់គេ។ យើងចង់បែងចែកឱ្យដាច់។

ខ្ញុំសង្ឃឹមថា គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោតនឹងបែងចែកឱ្យដាច់រវាងសន្លឹកឆ្នោតមិនបានការដែលកើតឡើងជាធម្មតាជារៀងរាល់ពេល ទៅនឹងសន្លឹកឆ្នោតគូសខ្វែង ព្រោះពួកគេកំណត់ថាសន្លឹកឆ្នោតគូសខ្វែងគឺជាសន្លឹកបោះឆ្នោតឱ្យមេដឹកនាំជ្រុលនិយម។ ឥឡូវនេះ ប្រជាពលរដ្ឋមានរហូតដល់ជាង ៨៤% ទៅបោះឆ្នោត។ យើងកំពុងរង់ចាំមើល តើសន្លឹកឆ្នោតខ្វែងមានប៉ុន្មានសន្លឹកក្នុងចំ​ណោមសន្លឹកឆ្នោត ៨ ១៧៧ ០៥៣ សន្លឹកដែលបានបោះនៅគ្រប់ទីកន្លែង សរុបជាភាគរយមាន ៨៤,២១%។ នេះជាតួលេខបណ្ដោះអាសន្នតែប៉ុណ្ណោះ។ តួលេខនេះអាចមានការផ្លាស់ប្តូរ។ ដូច្នេះ យើងដឹងពិតប្រាកដហើយនូវ(ចំនួន)អ្នកដែល(បាន)ចេញទៅបោះឆ្នោត មិនព្រមស្ដាប់(តាម)ក្រុមប្រឆាំង ហើយគាំទ្រនូវដំណើរការប្រជាធិបតេយ្យរបស់ប្រជាជន គាំទ្រនូវការអំពាវរបស់ព្រះមហាក្សត្រជាទីសក្ការៈ គាំទ្រនូវការអំពាវនាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងគាំទ្រចំពោះការអំពាវនាវរបស់រាជរដ្ឋាភិបាលសូមអោយប្រជាជនបានចេញទៅធ្វើការបោះឆ្នោត

ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះថ្លែងអំណរព្រះគុណនិងអរគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិដែលបានទៅបំពេញភារៈកិច្ចក្នុងឋានៈជាម្ចាស់ប្រទេស ម្ចាស់ទឹកដី ហើយក្នុងឋានៈជាអ្នកអនុវត្តនូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដតាមរយៈនៃការបោះឆ្នោត។ ទង្វើនេះបានធ្វើឱ្យពួកជ្រុលនិយមដែលប៉ុនប៉ងឱ្យ​មានការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា (ខុសជំហរ)ដាច់ផ្ងារតែម្ដង។ សូមពួកក្រុមជ្រុលនិយមទាំង​ឡាយសម្លឹងមើលឱ្យច្បាស់និងវិភាគឱ្យច្បាស់នូវភាពចាស់ទុំខាងនយោបាយរបស់ប្រជាជនកម្ពុជា ភាពខ្លាំងរបស់ប្រជាជនកម្ពុជា គឺ(ពួកគាត់)មិនទុកឱ្យក្រុមបោកប្រាស់ ក្រុមបំផ្លាញ អាចបំផ្លាញប្រទេសជាតិនោះទេ

ខ្ញុំព្រះករុណាខ្ញុំពិតជាមានមោទនភាព ហើយខ្ញុំព្រះករុណាខ្ញុំនឹងតាមដានបន្ត ក្នុងពេលដែលខ្ញុំព្រះករុណាខ្ញុំនឹងត្រូវទៅទទួលជួបជាមួយនាយករដ្ឋមន្ត្រី ហ្គីណេ ប៊ីសាវ ដើម្បីសន្ទនានិងទទួលទានអាហារជាមួយគាត់ក្នុងដំ​ណើរទស្សនិច្ចរបស់គាត់ចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតផងដែរ។ សូមអរព្រះគុណនិងសូមអរគុណ៕

អត្ថបទទាក់ទង