ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ជម្រាបជូន អគ្គលេខាធិការ OIF ភាពងាយរងគ្រោះរបស់ស្រ្តីកម្ពុជា នៅក្នុងបរិបទនៃការឈ្លានពានរបស់ថៃ មកលើអធិបតេយ្យភាពកម្ពុជា
ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦–“ស្ត្រីកម្ពុជាកំពុងស្ថិតក្នុងភាពងាយរងគ្រោះ នៅក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបណ្តាលមកពីការដាក់ទូរកុងតឺន័រ ការរាយបន្លាលួស និងការបំផ្លាញផ្ទះប្រជាជនស៊ីវិលដោយកងទ័ពថៃនៅក្នុងតំបន់ដែលពួកគេបានកាន់កាប់ ក្នុងដែនអធិបតេយ្យភាពកម្ពុជា ដែលធ្វើឱ្យជនភៀសសឹកកម្ពុជាជាង ៦០ ០០០នាក់ ក្នុងនោះក៏មានស្ត្រី និងក្មេងស្រីផងដែរ មិនអាចវិលត្រឡប់ទៅលំនៅឋាន និងប្រកបរបរចិញ្ចឹមជីវិតវិញបាន”។
ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋបារាំង បានមានប្រសាសន៍ដូច្នេះ នៅក្នុងបទអន្តរាគមន៍របស់ឯកឧត្តម ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអភិបាលកិច្ចមូលនិធិ «ហ្វ្រង់កូហ្វូនីសម្រាប់ស្ត្រី និងក្មេងស្រី» ដែលដឹកនាំដោយលោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅប្រទេសបារាំង។
ជាមួយគ្នានេះ អង្គប្រជុំក៏បានពិនិត្យមើលលទ្ធផលនៃការអនុវត្តមូលនិធិសម្រាប់ឆ្នាំទី៦ (២០២៥) ព្រមទាំងពិភាក្សាទៅលើការកំណត់ទិសដៅយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៦ ដោយកម្ពុជាបានស្នើឱ្យ OIF ផ្តល់អាទិភាពលើការបង្កើតគម្រោងជួយជនភៀសសឹកជាស្រ្តី និងក្មេងស្រី ដើម្បីពង្រឹងភាពធន់ និងស្វ័យភាពសេដ្ឋកិច្ចរបស់ពួកគេ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ នៅមានពលរដ្ឋភៀសសឹកចំនួន ៦៦ ៦២៨នាក់ ក្នុងនោះមានស្រី្ត ៣៥ ០៩៩នាក់ និងកុមារ ២១ ៩៧១នាក់ ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ បន្ទាប់ពីកងកម្លាំងថៃកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ក្នុងដែនអធិបតេយ្យកម្ពុជាដែលខ្លួនបានកាន់កាប់ដោយខុសច្បាប់ បន្ទាប់ពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
សូមបញ្ជាក់ថា បទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ហើយដែលភាគីទាំងពីរបានឯកភាពគ្នា ជាពិសេសក្នុងចំនុចទី ៤ ដែលបានចែងថា “ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិល រស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន”។ -AKP –
ដោយ ផែន រតនៈ

——————
#CambodiaWantsPeace
#JusticeForCambodia





