ចក្រភពអង់គ្លេស បន្តអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីកសាងផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជាឡើងវិញ
ចក្រភពអង់គ្លេស បន្តអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីកសាងផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជាឡើងវិញ
(បន្ទាយមានជ័យ)៖ លោក ដូមីនីក វិលលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ចក្រភពអង់គ្លេសនឹងបន្តអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីនៅតាមព្រំដែនកម្ពុជា-ថៃ ដែលនេះគឺជាមធ្យោបាយប្រកបដោយនិរន្តរភាពតែមួយគត់សម្រាប់សហគមន៍នៅក្នុងប្រទេសទាំងពីរ ដើម្បីកសាងផ្ទះសម្បែង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរឡើងវិញ។
ការលើកឡើងបែបនេះរបស់លោក ដូមីនីក វិលលៀមស៍ បានធ្វើឡើងតាមបណ្តាញសង្គមផ្លូវការ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បន្ទាប់ពីលោករួមជាមួយបណ្តាអង្គទូត និងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា បានចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពនៅតាមព្រំដែន ដែលយោធាថៃបានរាយបន្លាលួស ដាក់ទូកុងតឺន័រព័ទ្ធយកដី និងផ្ទះសម្បែង។ លោកក៏បានមើលឃើញពីទិដ្ឋភាពពលរដ្ឋខ្មែរស្លូតត្រង់ ដែលកំពុងរស់នៅក្នុងជំរំភៀសសឹក ក្រោមតង់កៅស៊ូ ក្នុងវត្តចាន់សី និងវត្តកណ្តោល ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។
លោក ដូមីនីក វិលលៀមស៍ បានរៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំបានមកដល់ខេត្តបន្ទាយមានជ័យ ជាមួយក្រុមអង្គទូត និងតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះជាដំណើរទស្សនកិច្ចលើកទីពីររបស់ខ្ញុំមកកាន់ខេត្តបន្ទាយមានជ័យ ក្នុងខែកុម្ភៈនេះ។
យើងបានទៅទស្សនាមជ្ឈមណ្ឌលសុវត្ថិភាពសម្រាប់ជនភៀសខ្លួន និងបានទៅមើលផ្ទះរបស់ពួកគាត់នៅភូមិព្រៃចាន់ ភូមិជោគជ័យ និងភូមិបឹងត្រកួន។ ខ្ញុំមានអារម្មណ៍អាណិតអាសូរចំពោះប្រជាជនសាមញ្ញដែលរងផលប៉ះពាល់។
ចក្រភពអង់គ្លេសនឹងបន្តអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីនៅតាមព្រំដែន។ នេះគឺជាមធ្យោបាយប្រកបដោយនិរន្តរភាពតែមួយគត់សម្រាប់សហគមន៍នៅក្នុងប្រទេសទាំងពីរ ដើម្បីកសាងផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពួកគាត់ឡើងវិញ»៕






