ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងពន្យល់ពីមូលហេតុដែលប្រធានាធិបតីកូរ៉េសរសេរសារជាអក្សរខ្មែរ ប៉ុន្តែត្រូវបានលុបវិញ
Kim Chang Yong, ambassador of the Republic of Korea to Cambodia, on February 23 Inset, the now-deleted social media post. Sous Yamy
#ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានថ្លែងថា សារជាភាសាខ្មែរដែលប្រធានាធិបតីកូរ៉េខាងត្បូង បានបង្ហោះកាលពីថ្ងៃទី៣០ ខែមករា ដែលបង្កការបកស្រាយនានា គឺធ្វើឡើងក្នុងន័យចង់បង្ហាញពីលទ្ធផលល្អនៃកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចកូរ៉េ និង សមត្ថកិច្ចកម្ពុជា ដែលរួមគ្នាបង្ក្រាបក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញយ៉ាងមានប្រសិទ្ធភាព។
ក្នុងកិច្ចសម្ភាសជាមួយភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៣ ខែកុម្ភៈនេះ លោក គីម ឆាងយ៉ូង (Kim Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានថ្លែងថា ចាប់តាំងពីសមត្ថកិច្ចកូរ៉េនិងភាគីកម្ពុជាធ្វើការរួមគ្នាចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥មក មានការបង្ក្រាបទៅលើការឆបោក ១២លើក ឃាត់ខ្លួនជនសង្ស័យកូរ៉េជាង ១៤០នាក់។ ប៉ុន្តែ បើរាប់ទាំងការបង្ក្រាបដោយសមត្ថកិច្ចកម្ពុជក្រៅកិច្ចសហប្រតិបត្តិការនេះ ជនសង្ស័យកូរ៉េប្រមាណ ៣០០ត្រូវបានចាប់ខ្លួន។ ចំណែកជនរងគ្រោះជាជនជាតិកូរ៉េ លោកសុំមិនបញ្ចេញតួលេខ។
លោកបន្តថា លទ្ធផលល្អលើសពីការរំពឹងទុកនេះ ទទួលបានការកោតសរសើរពីប្រធានាធិបតីកូរ៉េ លោក Lee Jae Myung រហូតដល់លោកបានសរសេរសារជាភាសាខ្មែរនៅថ្ងៃទី៣០ ខែមករា បង្ហោះលើបណ្ដាញ X ក្នុងន័យកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងនេះ។
យ៉ាងណាក៏ដោយ សាររបស់ប្រធានាធិបតីកូរ៉េ សរសេរជាភាសាខ្មែរមានខ្លឹមសារព្រមានថា «នឹងកម្ទេចអ្នកប៉ះពាល់ជនជាតិកូរ៉េ» នោះ ត្រូវបានកាសែតយកទៅបកស្រាយថា ជាការព្រមានដល់កម្ពុជា ដូចដែលកាសែតថៃមួយចំនួន បានចុះផ្សាយរហូតដល់លោក Lee Jae Myung លុបសារនោះចេញវិញនៅថ្ងៃដដែល។
លោក គីម ឆាងយ៉ូង បានលើកឡើងតាមរយៈអ្នកបកប្រែថា៖ «ទាក់ទងនឹងសាររបស់ឯកឧត្តមប្រធានាធិបតី តាមពិតដើមឡើយ ឯកឧត្តមមានបំណងផ្សព្វផ្សាយកិច្ចខិតខំប្រឹងប្រែងធ្វើការរបស់ក្រុមការងាររួមកម្ពុជាកូរ៉េ គឺដូចទៅនឹងសារដែលលោកបានផ្សព្វផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ។ តាមពិតឯកឧត្តមប្រធានាធិបតីចង់បង្ហាញថា ក្រុមការងារយើងធ្វើការងារបានល្អលើសពីការរំពឹងទុក ព្រោះថ្នាក់ដឹកនាំបានឯកភាពគ្នាបង្កើតក្រុមការងារនេះឡើងមក ហើយក្រុមការងារនេះពិតជាបានធ្វើការបានល្អពិតមែន»។
លោកបន្តថា៖ «ដូច្នេះ លោកគ្រាន់តែចង់បង្ហាញថា ក្រុមការងារនេះពិតជាធ្វើការបានល្អពិតមែន ឃាត់ខ្លួនបានជនល្មើសច្រើន ហើយលោកចង់កោតសរសើរពីទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសអនឡាញនេះតែប៉ុណ្ណោះ។ សម្រាប់កូរ៉េ គឺកូរ៉េតែងចង់សហការជាមួយកម្ពុជាលើគ្រប់វិស័យទៅមុខទៀត ហើយទៅអនាគត គឺចង់សហការជាមួយគ្នាបង្ក្រាបបទល្មើសឆបោកនៅក្នុងតំបន់»។
ក្រោយការយល់ច្រឡំនេះ ប្រធានាធិបតី Lee Jae Myung និងលោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារឆ្លើយឆ្លងតាមបណ្ដាញសង្គម ដោយលោក Lee បានលើកឡើងថា រដ្ឋាភិបាលកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរួមគ្នាឈានទៅរកការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែននេះ។ ចំណែកលោក ហ៊ុន ម៉ាណែត បានស្វាគមន៍ការលើកឡើងរបស់លោក Lee ហើយថា កម្ពុជាប្ដេជ្ញាបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស។
យោងតាមលោក គីម ឆាងយ៉ូង ការឆបោកលើជនជាតិកូរ៉េ ចេញពីកម្ពុជា ត្រូវបានរកឃើញថាមានចំនួនច្រើនករណីនៅខែតុលា ឆ្នាំ២០២៥ ប៉ុន្តែក្រោយមានការបង្កើតក្រុមការងាររួមនៅខែវិច្ឆិកាមក ករណីឆបោកបានថយចុះ អាចមកនៅក្នុងកម្រិត១លើ១០ ប៉ុណ្ណោះនៅក្នុងខែមករា។
លោកបន្តថា កិច្ចសហការនេះក៏ពន្លឿនដល់ការនាំខ្លួនឧក្រិដ្ឋជនជនជាតិកូរ៉េ បានកាន់តែលឿនចេញពីកម្ពុជា ដែលគិតចាប់ពីខែវិច្ឆិកាមក គឺត្រូវបានបញ្ជូនតាមជើងយន្តហោះពិសេសចំនួន២លើករួចហើយ។ នៅពេលទៅដល់កូរ៉េ ពួកគេនឹងត្រូវប្រឈមមុខនឹងច្បាប់របស់កូរ៉េភ្លាមៗ មិនបង្អង់យូរ។
ទំនុកចិត្តរបស់ពលរដ្ឋកូរ៉េលើសុវត្ថិភាពនៅកម្ពុជា

ជនសង្ស័យជនជាតិកូរ៉េពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ត្រូវបានបញ្ជូនត្រឡប់ទៅប្រឈមមុខច្បាប់នៅប្រទេសកូរ៉េ កាលពីពេលថ្មីៗនេះ។ X
លោកឯកអគ្គរដ្ឋទូតថ្លែងថា នៅពេលមានព័ត៌មានអំពីការស្លាប់របស់និស្សិតកូរ៉េកាលពីពាក់កណ្ដាលឆ្នាំ២០២៥ ធ្វើឲ្យទេសចរកូរ៉េមានការរារែកក្នុងការមកកម្ពុជា ប៉ុន្តែ វាមិនបានប៉ះពាល់ដល់ការវិនិយោគនៃក្រុមហ៊ុនកូរ៉េនៅកម្ពុជានោះទេ ដែលបច្ចុប្បន្ននេះ មានប្រមាណ ២០០ក្រុមហ៊ុន និងរោងចក្រកាត់ដេរជាច្រើន។ លោករំពឹងថា ទំនុកចិត្តពីភ្ញៀវទេសចរកូរ៉េលើកម្ពុជានឹងកើនឡើងវិញ ជាពិសេសក្រោយពេលដែលកម្ពុជានិងកូរ៉េ កំពុងរួមគ្នាធ្វើការបង្ក្រាបលើការឆបោកតាមអនឡាញនេះ និងកំពុងរកវិធីសងប្រាក់ដែលត្រូវបានឆបោកទៅជនរងគ្រោះវិញ។
លោកថ្លែងដូច្នេះថា៖ «យើងប្រហែលជាត្រូវការពេលវេលាខ្លះ ដើម្បីផ្ដល់ទំនុកចិត្តដល់ជនជាតិកូរ៉េ។ ឥឡូវយើងមានក្រុមការងារពិសេសហើយ ហើយពួកគាត់ចេញធ្វើការមានប្រសិទ្ធភាពពិតមែន គឺយើងបង្ក្រាបបទល្មើស យើងចាប់បានជនល្មើស ចាប់បានទាំងភ័ស្តុតាង ហើយយើងកំពុងតែស្វែងរកលុយកាក់ដែលពួកគេបានបាត់បង់ជូនពួកគាត់វិញ។ អីចឹង ប្រហែលបន្តិចទៀតពួកគាត់ចាប់ផើមគិតល្អពីកម្ពុជាឡើងវិញ»។
យោងតាមលោកឯកអគ្គរដ្ឋទូត ការរួមគ្នាបង្ក្រាបបទល្មើសឆបោកនេះ ក៏បានរួមចំណែកដល់កំណើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរផងដែរ ដោយនៅខែមករា ឆ្នាំ២០២៦នេះ ការនាំចេញពីកម្ពុជាទៅកូរ៉េកើនឡើង ២៣ភាគរយ ធៀបនឹងខែមករា ឆ្នាំមុន។
លោកថ្លែងថា៖ «ស្ថានទូតនឹងខិតខំធ្វើយ៉ាងឲ្យកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងកូរ៉េ កើនឡើង និងជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ កាន់តែកើនឡើង។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ក្នុងឆ្នាំ២០២៥ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុបជាង ៩២៣ លានដុល្លារ កើនឡើង ៩,៨% ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅកូរ៉េ៣២៦,៧៨ លានដុល្លារ កើន ២,៣% ចំណែកកូរ៉េ នាំចូល ៥៩៦ លានដុល្លារ កើនឡើង ១៤,៤%។
ដោយឡែកសម្រាប់ភ្ញៀវជនជាតិកូរ៉េ ដែលធ្វើដំណើរមកកម្ពុជាក្នុងឆ្នាំ២០២៥ មានចំនួនសរុប ១៥២ ៥៩៨នាក់ ធ្លាក់ចុះ ២០,៦% ធៀបឆ្នាំ២០២៤ ដែលមានចំនួន ១៩២ ៣០៥នាក់៕
-Phnom Penh Post-
———————
រូបភាព៖
១- លោក គីម ឆាងយ៉ូង (Kim Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ថ្ងៃទី២៣ កុម្ភៈ ២០២៦។ សួស យ៉ាមី
២- ជនសង្ស័យជនជាតិកូរ៉េពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ត្រូវបានបញ្ជូនត្រឡប់ទៅប្រឈមមុខច្បាប់នៅប្រទេសកូរ៉េ កាលពីពេលថ្មីៗនេះ។ X





