កម្ពុជាបង្ហាញជំហរដាច់ខាតដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ជូនដល់តំណាងអង្គទូតបរទេសចំនួន ២៦ និងតំណាងសហភាពអឺរ៉ុប (EU)នៅកម្ពុជា
កម្ពុជាបង្ហាញជំហរដាច់ខាតដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ជូនដល់តំណាងអង្គទូតបរទេសចំនួន ២៦ និងតំណាងសហភាពអឺរ៉ុប (EU)នៅកម្ពុជា
ភ្នំពេញ៖ កម្ពុជាបានបង្កើនការបង្រ្កាបលើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងក្របខណ្ឌនៃយុទ្ធនាការទូទាំងប្រទេស ដើម្បីបោសម្អាត និងឈានទៅលុបបំបាត់ការឆបោកអនឡាញ ដែលប្រភេទឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ពីប្រទេសកម្ពុជា។ នេះជាប្រសាសន៍បញ្ជាក់ជំហររបស់កម្ពុជាទាក់ទងនឹងការប្រឆាំងការឆបោកអនឡាញ ដែលឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានថ្លែងក្នុងឱកាសឯកឧត្តមបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមួយ នាព្រឹកថ្ងៃទី១៨ ខែកម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី បានធ្វើបទបង្ហាញដើម្បីផ្តល់បច្ចុប្បន្នភាពស្តីពី “យុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា” ជូនដល់បណ្តាឯកអគ្គរដ្ឋទូត និងតំណាងទូតប្រចាំកម្ពុជាចំនួន២៦ និងតំណាងសហភាពអឺរ៉ុប (EU)នៅកម្ពុជា។
ដើម្បីបង្ហាញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ជាសេនាធិការក្នុងការប្រតិបត្តិយុទ្ធនាការនៅទូទាំងប្រទេស ឯកឧត្តមសន្តិបណ្ឌិតទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំថា ការប្រយុទ្ធប្រឆាំងការឆបោកអនឡាញត្រូវបានអនុវត្តពីមុនមកហើយ និងត្រូវបានបង្កើនការប្រតិបត្តិបន្ថែមទៀតក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ពិសេសតាមរយៈការបង្កើតគ.ប.ឆ.ប. ដែលជាយន្តការជាតិដឹកនាំដោយសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីដោយផ្ទាល់។ ជាលទ្ធផល ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ រហូតដល់ដើមឆ្នាំ២០២៦ នេះ សមត្ថកិច្ចចម្រុះបានបង្ក្រាបការឆបោកអនឡាញចំនួន ២០០ករណី ពាក់ព័ន្ធទីតាំងសរុបចំនួនប្រមាណ ២.៥០០ កន្លែង ដោយបានរឹបអូសវត្ថុតាងរួមមានកំព្យូទ័រចំនួន ១០.៤៤៤ គ្រឿង និងទូរស័ព្ទស្មាតហ្វូនចំនួន ៣៦.៤៧៦ គ្រឿង ព្រមទាំងសម្ភារៈជាវត្ថុតាងផ្សេងទៀត។ ក្នុងការអនុវត្តវិធានការ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសសរុបចំនួនជាង ៨.០០០ នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ខណៈទីតាំងដែលបានបង្រ្កាបចំនួនជាង ២០០កន្លែង រួមទាំងកាស៊ីណូផងដែរ ត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពទៀតឡើយ។ យុទ្ធនាការអនុវត្តច្បាប់នៅទូទាំងប្រទេស បានបំបែកសំបុកឧក្រិដ្ឋជននៃការឆបោកអនឡាញ ហើយតាមការសង្កេតរបស់សមត្ថកិច្ច ការបិទខ្ទប់ទីតាំងខាងលើបានធ្វើឱ្យក្រុមមេខ្លោងមួយចំនួនបានរត់គេចខ្លួន ដែលក្រុមសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ រីឯជនបរទេសចំនួនប្រមាណជាង២១ម៉ឺននាក់បានចាកចេញដោយខ្លួនឯងទៅកាន់ប្រទេសពួកគេវិញ។ សមត្ថកិច្ចកម្ពុជាក៏បានសហការជាមួយដៃគូ ក្នុងការជួយសង្រ្គោះជនបរទេស ដែលជាអ្នករងគ្រោះដោយការចាញ់បោកមេខ្លោងនៃឧក្រិដ្ឋកម្មឆ្លងដែននេះ ឱ្យបានរួចផុតពីការកេងប្រវ័ញ្ញឱ្យធ្វើសកម្មភាពឆបោកអនឡាញដើម្បីបម្រើដល់ផលប្រយោជន៍បណ្តាញឧក្រិដ្ឋកម្មខ្លួន បានជាច្រើននាក់ផងដែរ។
តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួនជាង៥០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។ សមត្ថកិច្ចបានបន្តសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យលើវត្ថុតាង និងស៊ើបអង្កេតប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន ដើម្បីឈានទៅវែកមុខក្រុមអង្គការចាត់ដែលបានយកកម្ពុជាធ្វើជាទីតាំងឆបោកទៅក្រៅប្រទេស។
ជាមួយនឹងលទ្ធផលដែលទទួលបានក្នុងរយៈពេលប្រមាណ ៨ខែកន្លងមកនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណបណ្តាអង្គទូត និងដៃគូពាក់ព័ន្ធរួមមានសហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង ហ្វីលីពីន ប៉ូលីសអន្តរជាតិ អង្គការ UNODC និងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងជាដើម ដែលបានគាំទ្រ និងចូលរួមក្នុងកិច្ចខិតខំប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមកនេះ ក្នុងក្របខណ្ឌនៃយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មនៅកម្ពុជា។ ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើដល់បណ្តាប្រទេស និងដៃគូទាំងអស់ ឱ្យបន្តសហការជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់ការគាំទ្រទាំងផ្នែកពង្រឹងសមត្ថភាពក្នុងជំនាញបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន និងការផ្តល់ជាសម្ភារៈ បច្ចេកទេស និងការសហការស្រាវជ្រាវ ធ្វើកោសល្យវិច័យ ដើម្បីឱ្យការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅចាត់វិធានការដល់ឫសគល់នៃបញ្ហា និងធានាថាសកម្មភាពឧក្រិដ្ឋកម្មនេះនឹងមិនកើតឡើងទៀតឡើយទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។
ឯកឧត្តមប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប.បានប្រាប់ទៅអង្គទូតទាំងអស់ទៀតថា ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្រាប់រួមចំណែកដល់ការធានាបរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាព ដោយមានកំណត់អំពីទោសទណ្ឌ និងវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការទប់ស្កាត់រាល់អំពើខុសច្បាប់តាមប្រព័ន្ធបច្ចេកវិទ្យា។ បច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះកំពុងស្ថិតក្នុងដំណើរការពិនិត្យរបស់អន្តរក្រសួងមុននឹងឈានដល់ដំណាក់កាលនីតិវិធីជាបន្តបន្ទាប់ រហូតដល់ការអនុម័តជាផ្លូវការ។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕
***
ប្រភព៖
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)







