Grand News Asia Close

វិភាគអន្តរជាតិ៖ ឧត្តមសេនីយ៍ចិនដែលបានបាត់ខ្លួន

ដោយ៖ Morm Sokun ​​ | 13 ម៉ោងមុន ទស្សនៈ-Opinion 1022
វិភាគអន្តរជាតិ៖ ឧត្តមសេនីយ៍ចិនដែលបានបាត់ខ្លួន វិភាគអន្តរជាតិ៖ ឧត្តមសេនីយ៍ចិនដែលបានបាត់ខ្លួន
(​វ៉ាស៊ីនតោន)៖ ថ្នាក់ដឹកនាំយោធាចិនបានឈរនៅចំពោះមុខប្រជាជាតិចិនទាំងមូលកាលពីខែមីនា ឆ្នាំ២០២៣ ជារូបភាពមួយតំណាងឱ្យសាមគ្គីភាពឈរគាំទ្រនៅពីក្រោយលោកប្រធានាធិបតី ស៊ី ជីនពីង។ ជិតមួយទសវត្សរ៍មកនេះ លោក ស៊ី ជីនពីង បានតែងតាំងឧត្តមសេនីយ៍កំពូលៗជាច្រើននាក់ដែលលោកចង់បាន នោះគឺអ្នកដែលមានភក្ដីភាពចំពោះរូបលោកដើម្បីប្រែក្លាយកងទ័ពរំដោះប្រជាជនចិន PLA ឱ្យទៅជាកងទ័ពលំដាប់ពិភពលោក។ ក៏ប៉ុន្តែ សូម្បីតែឧត្តមសេនីយ៍ដែលលោកតែងតាំងដោយផ្ទាល់ដៃ ក៏មិនអាចគេចផុតពីការបោសសម្អាតផ្ទៃក្នុងយោធាចិន ដែលជារឿយៗផ្តោតលើការកម្ចាត់អំពើពុករលួយ តែក៏មានជាប់ពាក់ព័ន្ធនឹងភាពស្មោះត្រង់របស់ពួកគេចំពោះ លោកផងដែរ។
នៅក្នុងយុទ្ធនាការបោសសម្អាតផ្ទៃក្នុងយោធាចិន សមាជិកគណៈកម្មការយោធាមជ្ឈិមចិនម្ដងម្នាក់ៗត្រូវបានបណ្ដេញចេញពីតំណែង និងដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេត។ ឧត្តមសេនីយ៍កំពូលចុងក្រោយរបស់ លោក ស៊ី ជីនពីងដែលត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេត គឺលោក Zhang Youxia ជាអនុប្រធានគណៈកម្មការយោធាមជ្ឈិម រួមទាំងឧត្តមសេនីយ៍ម្នាក់ទៀតគឺលោក Liu Zhenli។ ការណ៍នេះធ្វើឱ្យសមាជិកគណៈកម្មការយោធាមជ្ឈិមចិនទាំង៧រូប នៅសល់តែសមាជិក២រូបប៉ុណ្ណោះ ពោលគឺលោក ស៊ី ជីនពីងផ្ទាល់ដែលជាប្រធាន និងលោកឧត្តមសេនីយ៍ Zhang Shengmin។
លោក ស៊ី ជីនពីង ក៏បានបណ្ដេញមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនសិបនាក់ផ្សេងទៀតចេញពីតំណែងដែរ ក្នុងពេល៣ឆ្នាំចុងក្រោយនេះជាកម្រិតមួយខ្ពស់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រចិនសម័យទំនើប។ ចិនមាន ឧត្តមសេនីយ៍ និងឧត្តមនាវីយ៉ាងហោច ៣០នាក់ គិតត្រឹមដើមឆ្នាំ២០២៣ ហើយពួកគេដឹកនាំអង្គភាពជំនាញផ្សេងៗគ្នានៃក្រសួងការពារជាតិ និងទីបញ្ជាការតាមភូមិភាគនីមួយៗ។ ពួកគេស្ទើរតែទាំងអស់ត្រូវបាន បណ្ដេញចេញពីតំណែង ឬបាត់ខ្លួនយ៉ាងអាថ៌កំបាំងអំឡុងយុទ្ធនាការបោសសម្អាតផ្ទៃក្នុងយោធាចិនរបស់លោក ស៊ី ជីនពីង។ នៅក្នុងករណីខ្លះ លោក ស៊ី ជីនពីង បានតែងតាំងឧត្តមសេនីយ៍ថ្មី តែពួកគេភាគច្រើន ក៏បានបាត់ខ្លួនពី ទីសាធារណៈផងដែរ។ តាមកាសែតអាមេរិក New York Times នៅមានឧត្តមសេនីយ៍ចិន៧នាក់ប៉ុណ្ណោះដែលកំពុងបន្តកាន់តំណែងយ៉ាងសកម្ម។
ការបោសសម្អាតផ្ទៃក្នុងបានបង្ហាញពីអំណាចយ៉ាងសម្បើមអស្ចារ្យរបស់លោក ស៊ី ជីនពីង។ តែព្រមពេលជាមួយគ្នា វាបានបង្កើតឱ្យមានចន្លោះទំនេរនៅក្នុងជួរថ្នាក់ដឹកនាំយោធាចិន។ ការបណ្ដេញលោក Zhang Youxia និងលោក Liu Zhenli ចេញពីគណៈកម្មការយោធាមជ្ឈិមចិនត្រូវបានក្រុមអ្នកវិភាគមើលឃើញថានឹងបង្កផលប៉ះពាល់ដល់ការត្រៀមលក្ខណៈរបស់កងទ័ព PLA ដ្បិតឧត្តមសេនីយ៍ទាំង២រូបជាមនុស្ស មានបទពិសោធន៍ឆ្អិតឆ្អៅពីសមរភូមិសង្រ្គាម និងជាអ្នករៀបចំកងទ័ពដើម្បីការប្រយុទ្ធ។ បច្ចុប្បន្ន នៅមានឧត្តមសេនីយ៍តែម្នាក់គត់នៅក្នុងគណៈកម្មការយោធាមជ្ឈិម នោះគឺលោកឧត្តមសេនីយ៍ Zhang Shengmin ជាអ្នកទទួលខុសត្រូវត្រួតពិនិត្យការបោសសម្អាតផ្ទៃក្នុងយោធាចិនរបស់លោក ស៊ី ជីនពីង និងជាអ្នកទទួលខុសត្រូវលើការថែរក្សាការពារវិន័យនយោបាយ និងភាពស្មោះត្រង់។ ឧត្តមសេនីយ៍ Zhang Shengmin បានចំណាយពេលមួយភាគធំក្នុងតួនាទីរបស់លោកជាមន្ត្រីប្រឆាំងអំពើពុករលួយ និងធ្វើអធិការកិច្ចនយោបាយក្នុងជួរកងកម្លាំងរ៉ុក្កែត Rocket Force ដែលជាអង្គភាពគ្រប់គ្រងឃ្លាំងមីស៊ីលទាំងធម្មតា និងនុយក្លេអ៊ែរ របស់ចិន។ លោក ស៊ី ជីនពីង បានដំឡើងតំណែងលោក Zhang Shengmin ជាអនុប្រធានគណៈកម្មការយោធាមជ្ឈិមកាលពីឆ្នាំ២០២៥។
ការបោសសម្អាតផ្ទៃក្នុងបានរាលដាលចូលដល់ជួរកងកម្លាំងគ្រាប់រ៉ុក្កែត រួមទាំងកងទ័ពជើងទឹក។ មិនតែប៉ុណ្ណោះ សូម្បីតែទីបញ្ជាការភូមិទាំង៥ របស់ចិនដែលលោក ស៊ី ជីនពីង បានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដើម្បីចាត់ចែងលើ កងកម្លាំងប្រដាប់អាវុធតាមភូមិភាគនីមួយៗ ក៏ត្រូវបានបោសសម្អាតដែរ ក្នុងនោះរួមមានទីបញ្ជាការភូមិភាគខាងកើតដែលជាទីបញ្ជាការទទួលខុសត្រូវលើប្រតិបត្តិការនៅជុំវិញកោះតៃវ៉ាន់។ កាលពីឆ្នាំ២០២៥ លោក ស៊ី ជីនពីង បានតែងតាំងមេបញ្ជាការថ្មីនៃទីបញ្ជាការភូមិភាគខាងកើត។ ចាប់តាំងពីការធ្លាក់ចេញពីតំណែងភ្លាមៗរបស់លោក Zhang Youxia កាសែតរបស់យោធាចិនបានជំរុញឱ្យក្រុមមន្ត្រី និងកងទ័ពទាំងអស់គាំទ្រការសម្រេចចិត្ត របស់លោក ស៊ី ជីនពីង និងបន្តដើរតាមមេដឹកនាំចិនកំពូលរូបនេះ។ កាសែតយោធាចិនបានទទួលស្គាល់ថាការបណ្ដេញឧត្តមសេនីយ៍កំពូលៗពីតំណែងនឹងបង្កផលប៉ះពាល់ និងការលំបាករយៈពេលខ្លី។ ប៉ុន្តែទីបញ្ចប់យោធាចិន ដ៏ខ្លាំងក្លាមួយនឹងលេចមុខឡើង។
លោក ស៊ី ជីនពីងត្រូវបានរំពឹងថានឹងតែងតាំងឧត្តមសេនីយ៍ថ្មីៗដែលលោកអាចជឿទុកចិត្តបាន មកជំនួសកន្លែងដែលនៅទំនេរ ខណៈមេដឹកនាំចិនមានអាយុ ៧២ឆ្នាំរូបនេះគ្រោងនឹងបន្តកាន់អំណាចសម្រាប់អាណត្តិទី៤ ជាអគ្គលេខាធិការបក្សកុម្មុយនិស្ដចិននៅឆ្នាំ២០២៧៕
-Fresh News-

អត្ថបទទាក់ទង