Grand News Asia Close

ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីឋានៈឈ្លើយសឹក

ដោយ៖ Morm Sokun ​​ | ថ្ងៃសុក្រ ទី២ ខែមករា ឆ្នាំ២០២៦ ចំណេះដឹងទូទៅ បច្ចេកវិទ្យា & ប្លែកៗ 1055
ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីឋានៈឈ្លើយសឹក ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីឋានៈឈ្លើយសឹក

(ភ្នំពេញ)៖ ឋានៈជាជនឈ្លើយសឹក មានចែងក្នុងអនុសញ្ញាហ្សឺណែវទី៣ (GC III) និង ពិធីសារបន្ថែម ទី១ (API) (មាត្រា ៤៣-៤៧)។ ឋានៈនេះផ្តល់ជូនយុទ្ធជន ដែលគោរពតាមលក្ខខណ្ឌអប្បបរមា ចែងក្នុងមាត្រាទាំងនោះ។ នេះសម្តៅដល់យុទ្ធជនស្របច្បាប់ ទោះបីក្នុងលក្ខណៈទៀងទាត់ ឬមិនទៀងទាត់ក្តី ក៏នឹងទទួលបានឋានៈជាឈ្លើយសឹក។

ច្បាប់ បានប្រគល់ឋានៈជាឈ្លើយសឹក ដល់ជនស៉ីវិលផងដែរ ដែលគ្មានសិទ្ធិកាន់អាវុធ ក៏ប៉ុន្តែបានអមដំណើរជាមួយកងកម្លាំង។ នោះដូចជា សមាជិកក្នុងកប៉ាល់ រាប់បញ្ចូលទាំងនាវិក។ មានក្រុមមនុស្សផ្សេងទៀត ដែលមិនមានឋានៈជាឈ្លើយសឹក ដូចជា ចារកម្ម។

ឈ្លើយសឹក ទទួលបានការគោរព សេចក្តីថ្លៃថ្នូរគ្រប់កាលៈទេសៈ និងត្រូវបានប្រព្រឹត្តក្នុងលក្ខណៈមនុស្សធម៌ (មាត្រា១៣ និង១៤ នៃអនុសញ្ញាហ្សឺណែវ ទី៣)។ ឈ្លើយសឹក មានកាតព្វកិច្ចផ្តល់នូវឈ្មោះ អាចត្រូវបានសួរចម្លើយ ក៏ប៉ុន្តែ មិនត្រូវបានជាកម្មវត្ថុនៃការសងសឹក។ ពួកគេត្រូវបានឃុំនៅឆ្ងាយពីទីតាំងប្រយុទ្ធ។

ឈ្លើយសឹក មិនត្រូវបានបង្ខំឲ្យបោះបង់សិទ្ធិចែងក្នុងមាត្រា៧ នៃអនុសញ្ញាហ្សឺណែវទី៣ទេ ហើយវិធានទាំងនេះ មិនត្រូវផ្អាកអនុវត្តឡើយ។ ក្នុងករណី ដែលការជម្លៀសមិនអាចទៅរួច ហើយការដោះលែងជាជម្រើសនោះ លក្ខខណ្ឌសុវត្ថិភាពរបស់ពួកគេត្រូវបានធានា។

ការបំពាន សិទ្ធិចម្បងរបស់ឈ្លើយសឹក ដូចជាការសម្លាប់ដោយចេតនា ទារុណកម្ម ឬទង្វើអមនុស្សធម៌ គឺជាបទឧក្រិដ្ឋកម្មសង្គ្រាម។

បើតាម លោ កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បើទោះជាឈ្លើយសឹក ក៏ត្រូវបានការពារដោយអនុសញ្ញាហ្សឺណែវ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ រួមបញ្ចូលទាំង៖

*សិទ្ធិរស់រានមានជីវិត
*សិទ្ធិមិនត្រូវបានធ្វើទារុណកម្ម ហិង្សា ការប្រមាថ ឬការរើសអើង
*សិទ្ធិទទួលបានសុខភាពល្អ កន្លែងស្នាក់នៅ និងអាហារ
*សិទ្ធិក្នុងការទំនាក់ទំនងជាមួយគ្រួសារ
*សិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់៕

-Fresh News-

អត្ថបទទាក់ទង