Grand News Asia Close

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរ ខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) 

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 245
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរ ខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣)  សម្ដេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរ ខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) 

 

នៅព្រឹកថ្ងៃអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញអបអរសាទរខួប៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលពិធីអបអរសាទរនេះប្រារព្ធធ្វើឡើងនៅក្រសួងការពារជាតិ។

គួររំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជាខួបគម្រប់ ៤៦ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត  មិថុនា ១៩៧៧-២០ មិថុនា ២០២៣ នេះ។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកទឹកចិត្តឲ្យអាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់សាងសង់វិមានអនុស្សាវរីយ៍ ឈ្នះ ឈ្នះ ដើម្បីជាការរំលឹកអតីតកាលរបស់កម្ពុជា និងអាចជាកន្លែងកម្សាន្តរបស់ប្រជាពលរដ្ឋផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានចោទជាសំនួរថា កាលពី៤៦ឆ្នាំមុន បើសមមិត្តហ៊ុន សែន មិនសម្រេចចិត្តយកជីវិតធ្វើជាដើមទុនក្នុងការរំដោះជាតិ ក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេ តើអាចនឹងមានអ្វីកើតឡើងសម្រាប់ប្រទេសកម្ពុជាបន្តទៀត? ខណៈដែលជីវិតប្រជាពលរដ្ឋខ្មែរទាំងអស់ស្ថិតនៅក្រោមកណ្តាប់ដៃរបស់ពួកខ្មែរក្រហម។

នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញសៀវភៅប្រវត្តិសាស្រ្ដរបស់កម្ពុជា ដែលជាការដកស្រង់ប្រសាសន៍សំខាន់ៗរបស់សម្ដេចរយ:ពេលជាង៤០ ម៉ោង ប៉ុន្ដែសៀវភៅទាំងអស់នេះ នឹងត្រូវមានការត្រួតពិនិត្យ និងកែតម្រូវពីសម្ដេចបន្ថែមទៀតទើបឈានទៅដល់ការបោះពុម្ពផ្សាយ។ សម្ដេចតេជោបានណែនាំឲ្យមានការសិក្សាជាមួយអ្នកច្បាប់ ចំពោះការរៀបចំបង្កើតច្បាប់ស្ដីពីប្រវត្តិសាស្រ្ដយោធា បន្ទាប់ពីមានការស្នើសុំគោលការណ៍ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រម្លឹកពីការឈឺចាប់អំឡុងពេលសម្ដេច និងយុទ្ធមិត្តបានធ្វើដំណើរទៅដល់ប្រទេសវៀតណាម នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលពេលនោះ វៀតណាមបានទទួលបាយដល់យុទ្ធមិត្តកម្ពុជាដែលពេលនោះ ធ្វើឱ្យសម្ដេចពិសាបាយទាំងស្រក់ទឹកភ្នែក ព្រោះដោយសារតែការនឹករលឹកដល់ប្រពន្ធ កូន និងប្រជាពលរដ្ឋខ្មែរដែលកំពុងរងគ្រោះពីការកាប់សម្លាប់របស់ខ្មែរក្រហម។

ផ្តើមចេញពីការលះបង់ដ៏ធំធេងរបស់យុទ្ធជន ហ៊ុន សែន និងយុទ្ធមិត្តកាលពី៤៦ឆ្នាំមុននោះ ដែលជាបុព្វហេតុដ៏ធំធេងបំផុតក្នុងការនាំជាតិ និងប្រជាជនកម្ពុជាឲ្យទទួលបានពន្លឺនៃភាពរីកចម្រើន និងស្រស់បំព្រងដូចពេលបច្ចុប្បន្ន៕

អត្ថបទទាក់ទង