Grand News Asia Close

សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជប់លៀងអបអរសាទរខួបលើកទី ៨០ ទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ដោយ៖ Morm Sokun ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ សម្រង់ប្រសាសន៍ 1147


សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជប់លៀងអបអរសាទរខួបលើកទី ៨០ ទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

CNV:

  • ឯកឧត្តម ង្វៀន មិញវ៉ូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា
  • សម្តេច ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភានិងរាជរដ្ឋាភិបាល
  • ឯកឧត្តម លោកជំទាវនិងតំណាងអង្គទូត នៃប្រទេសជាមិត្តប្រចាំកម្ពុជា
  • លោក លោកស្រី ភ្ញៀវជាតិនិងអន្តរជាតិ ជាទីមេត្រី!

ជាដំបូង ក្នុងនាមអង្គការនីតិបញ្ញត្តិ នីតិប្រតិបត្តិនិងប្រជាជនកម្ពុជានិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីរីករាយជាអនេក​ដែលបានមកចូលរួម ពិធីជប់លៀងអបអរសាទរខួបអនុស្សារវីយ៍លើកទី ៨០ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម  (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥)។​   ក្នុងឱកាស​ដ៏វិសេសវិសាលនេះ ខ្ញុំសូមសំដែងអំណរសាទរនិងសូមជូនពរបវរមហាប្រសើរ ជូនថ្នាក់ដឹកនាំរដ្ឋ បក្សនិងប្រជាជនវៀតណាមជាបងប្អូន សូមទទួលបានសុខភាពល្អ សុភមង្គល  វិបុលភាពនិងជោគជ័យធំធេងថែមទៀតក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ខណៈដែលទិវាឯករាជ្យថ្ងៃទី២ ខែកញ្ញា ជិតមកដល់ ប្រជាជនវៀតណាមមានអារម្មណ៍រីករាយនៃការរំឭកព្រឹត្តិការណ៍ដ៏សំខាន់នេះ រួមជាមួយនឹងការចងចាំអំពីវីរភាពក្លាហានរបស់យុទ្ធជន ដែលបាន តស៊ូប្រយុទ្ធដើម្បីបុព្វហេតុយុត្តិធម៌។ ទឹកចិត្តស្នេហាជាតិនិងពលីកម្មរបស់ពួកគេ ដើម្បីឆ្ពោះទៅទទួលបានសិទ្ធិស្វ័យសម្រេច  តែងតែត្រូវបានចងចាំនិងដឹងគុណជានិច្ច។ ទិវាឯករាជ្យ គឺជាថ្ងៃចាប់ផ្តើមនៃយុគសម័យថ្មី ដែលកំណត់ដោយភាពធន់, ការរួបរួមនិងក្តីសង្ឃឹម។ ថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី៨០ឆ្នាំមុន មិនគ្រាន់តែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងជំរុញសម្រាប់    បណ្តាប្រជាជាតិក្នុងតំបន់អាស៊ីអគ្នេយ៍រួមទាំងកម្ពុជាផងដែរ ងើបឈរឡើងតស៊ូដើម្បីឯករាជ្យពីអាណានិគមនិយម។

ខ្ញុំសូមអបអរសាទរចំពោះមិត្តវៀតណាម ដែលបានធ្វើដំណើរយ៉ាងស្វាហាប់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច  ជាពិសេស ការទទួលបានកំណើនសេដ្ឋកិច្ចជាង ៧% ក្នុងឆ្នាំ ២០២៤។ ខ្ញុំជឿជាក់ថា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​បក្ស​កុម្មុយនីស្តវៀតណាម ​ ដែលមាន ឯកឧត្តម  តូ ឡឹម អគ្គលេខាធិការជាប្រមុខដឹកនាំ  រដ្ឋាភិបាលនិងប្រជាជនវៀតណាម ​នឹងសម្រេចបានទិសដៅសហស្សវត្សរ៍ចំនួនពីរ៖​

ទី១. ជាប្រទេសកំពុងអភិវឌ្ឍ ដែលមានឧស្សាហកម្មទំនើបនិងមានប្រាក់ចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ ២០៣០ ក្នុងឱកាសខួប​ ១០០ ​ឆ្នាំ នៃ​ការ​បង្កើត​បក្សកុម្មុយនីស្ត​វៀតណាម​  និង

ទី២. ជាប្រទេសសង្គមនិយម ដែលមានការអភិវឌ្ឍនិងមានប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៤៥ ស្របពេលខួបលើកទី ១០០ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ក៏ដូចជា ការលើកស្ទួយកិត្យានុភាពនិងតួនាទីរបស់វៀតណាមនៅលើឆាកតំបន់និងអន្តរជាតិ។

–             សម្តេច ឯកឧត្តម លោកជំទាវ,

–             លោក លោកស្រី ភ្ញៀវជាតិនិងអន្តរជាតិ ជាទីមេត្រី !

កម្ពុជាផ្តល់សារៈសំខាន់ ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ និង​កិច្ច​សហប្រតិបត្តិការ​គ្រប់ជ្រុង​ជ្រោយ​របស់ប្រទេសយើងទាំងពីរ​ដែលបាននិង​កំពុង​រីកចម្រើន​លើ​គ្រប់វិស័យ​ និង​គ្រប់កម្រិត​ ដោយ​ឈរលើស្មារតី​ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»

ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតរបស់ប្រទេសយើងទាំងពីរជាផ្លូវការ នៅឆ្នាំ១៩៦៧ ប្រជាជនកម្ពុជានិងប្រជាជនវៀតណាម រក្សាបានទំនាក់ទំនងមិត្តភាពកក់ក្តៅនិងភាពជាដៃគូដ៏ល្អប្រសើរ។   ចំណងមិត្តភាពជាប្រពៃណីនេះ ត្រូវបានបន្តពូនជ្រុំ​ដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ  ចាប់តាំងពីសម័យ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយអតីតថ្នាក់ដឹកនាំ​បក្សនិង​រដ្ឋាភិបាលវៀតណាម រហូតមកដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន។​

ស្របពេលដែល​ទំនាក់ទំនង​ដ៏ជិតស្និទ្ធ​ និង​កិច្ច​សហប្រតិបតិ្តការ​គ្រប់ជ្រុងជ្រោយ​របស់​យើង​មាន​ការ​រីកចម្រើន​ជាលំដាប់ យើងនៅតែចងចាំជានិច្ចនូវការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងអតីតកាល  គឺក្នុងគ្រាដែលប្រជាជនកម្ពុជា​បានលះបង់និងគាំទ្រវៀតណាមក្នុងការតស៊ូដើម្បីបុព្វហេតុនៃការបង្រួបបង្រួមទឹកដីនិងឯករាជ្យរបស់វៀតណាមនិង​ការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ក្នុងការផ្តួលរំលំនិងជួយរំដោះប្រជាជនកម្ពុជា ​ចេញពីរបបប្រល័យពូជសាសន៍ ជួយទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ និងជួយកម្ពុជាកសាងប្រទេសឡើងវិញ។ នេះ គឺជាសច្ចភាពប្រវត្តិសាស្រ្តដែល​គ្មានកម្លាំងប្រតិកិរិយាណាមួយអាចប្រែក្រឡាស់បានឡើយ។

ទំនាក់ទំនងកម្ពុជា-វៀតណាម ដែលបានកសាងឡើង ឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ជួយគ្នាទៅវិញទៅមក បានផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ ក៏ដូចជាបានចូលរួមចំណែក​យ៉ាងសំខាន់ ដល់ការថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយ ចីរភាពនិងវិបុលភាពនៅក្នុងតំបន់។

ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះការរក្សាបាននូវទំនាក់ទំនងកក់ក្តៅ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការប្រាស្រ័យទាក់ទងគ្នាគ្រប់កម្រិត ទាំងក្នុងក្របខ័ណ្ឌអង្គការនីតិបញ្ញត្តិ នីតិប្រតិបត្តិនិងប្រជាជននៃប្រទេសទាំងពីរ។ ខ្ញុំមានសេចក្តីរីករាយដោយបានកត់សម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់យើងមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។ ទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនឡើងគួរឱ្យកត់សម្គាល់។ នៅឆ្នាំ ២០២៤ វៀតណាម គឺជាដៃគូពាណិជ្ជកម្មលំដាប់ទី ៣ របស់កម្ពុជាដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាង ១០ ពាន់លានដុល្លារអាមេរិកនិងមានការកើនឡើងជាង ១៨%  ធៀបនឹងឆ្នាំ ២០២៣។

ស្របតាមនិន្នាការកំណើនជាលំដាប់នេះ  ប្រទេសទាំងពីរ ក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចឱ្យបានគោលដៅ ២០ ពាន់លានដុល្លារអាមេរិក នាពេលខាងមុខ។ វៀតណាមឈរនៅលំដាប់ទី ៥ នៃការវិនិយោគបរទេសនៅកម្ពុជា ហើយលំដាប់ទី ២ (បន្ទាប់ពីប្រទេសសិង្ហបុរី) ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។ ចំនួនទេសចរវៀតណាមមកកម្ពុជា បានកើនឡើងជិត ៣២%  ឈរនៅលំដាប់ទី២។ មកដល់ពេលនេះ  យើងមានជើងហោះហើរត្រង់សរុប ១០០ជើង ក្នុងមួយសប្ដាហ៍ ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួន ២ និងកម្ពុជាចំនួន២។

ខ្ញុំក៏សូមកត់សម្គាល់ដោយពេញចិត្ត ចំពោះការប្តេជ្ញារបស់ប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងវិស័យគន្លឹះមួយចំនួន រួមមាន៖ ការពារជាតិនិងសន្តិសុខ  អប់រំ សុខាភិបាល ថាមពល ទេសចរណ៍ វប្បធម៌ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ។

កម្ពុជានិងវៀតណាម បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នានិងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ  រួមទាំងអង្គការសហប្រជាជាតិ  អាស៊ាន និងក្របខ័ណ្ឌអនុតំបន់ផ្សេងទៀត ដែលមិនត្រឹមតែបម្រើផលប្រយោជន៍​រួមរបស់ប្រទេសយើងទាំងពីរប៉ុណ្ណោះទេ  ប៉ុន្តែថែមទាំងរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅទូទាំងពិភពលោក។

  • សម្តេច ឯកឧត្តម លោកជំទាវ,
  • លោក លោកស្រី ភ្ញៀវជាតិនិងអន្តរជាតិ ជាទីមេត្រី !

នៅក្នុងឱកាសដ៏រីករាយ ប្រកបដោយភាពស្និទ្ធស្នាល, ពោរពេញដោយស្នាមញញឹម និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅនេះ, ខ្ញុំសូម សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លើកកែវឡើង ដើម្បី ៖

  • សុខភាពល្អបរិបូរណ៍របស់ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងលោកជំទាវ
  • សុខភាពល្អបរិបូរណ៍របស់ឯកឧត្តម លឿង គឿង ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយម
    វៀតណាមនិងលោកជំទាវ
  • ព្រះរាជសុខភាពល្អបរិបូរណ៍និងព្រះជន្មយឺនយូររបស់ ព្រះករុណា ព្រះបាទសម្តេច
    ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិង
    របស់ សម្តេចមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ។
  • ទំនាក់ទំនងមិត្តភាពដ៏ល្អប្រពៃ យូរអង្វែងនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងព្រះរាជាណា-ចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម ! 

ខ្ញុំសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានវត្តមាននៅទីនេះ, សូមទទួលបានសុខភាពល្អ, មានវិបុលសុខគ្រប់ប្រការនិងទទួលបានជោគជ័យធំធេងថែមទៀត។

សូមអរគុណ!

អត្ថបទទាក់ទង