Grand News Asia Close

ក្រសួងការបរទេសថៃ បញ្ជាក់ថា ថៃនៅតែបន្តជួលពលករបរទេស ដោយស្ថិតក្រោមអនុស្សរណៈកម្ពុជា-ឡាវ មានសិទ្ធទទួលសេវាកម្មសុខភាព និងសិទ្ធការពារការជួញដូរមនុស្ស

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 254
ក្រសួងការបរទេសថៃ បញ្ជាក់ថា ថៃនៅតែបន្តជួលពលករបរទេស ដោយស្ថិតក្រោមអនុស្សរណៈកម្ពុជា-ឡាវ មានសិទ្ធទទួលសេវាកម្មសុខភាព និងសិទ្ធការពារការជួញដូរមនុស្ស ក្រសួងការបរទេសថៃ បញ្ជាក់ថា ថៃនៅតែបន្តជួលពលករបរទេស ដោយស្ថិតក្រោមអនុស្សរណៈកម្ពុជា-ឡាវ មានសិទ្ធទទួលសេវាកម្មសុខភាព និងសិទ្ធការពារការជួញដូរមនុស្ស

(ថៃ)៖ អ្នកស្រី កាញ្ចនា ផ័ត្រឆូក អគ្គនាយក នៃអគ្គនាយកដ្ឋានសារព័ត៌មាន និងអ្នកនាំពាក្យ នៃក្រសួងការបរទេសរបស់ថៃ បានលើកយកករណីមានការទទួលបានព័ត៌មានភាន់ច្រឡំពីការពិត នៅលើបណ្តាញសង្គមអនឡាញ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដែលមានការលេចឮថា នឹងមិនមានការជួលពលករពីកម្ពុជា និងឡាវបន្តទៀតឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ khaosod។

លោកស្រីបានបញ្ជាក់ថា នេះមិនមែនជារឿងពិតទេ ដោយអគ្គនាយកដ្ឋានស្វែងរកការងារ នៃក្រសួងការងាររបស់ថៃ បានចេញមកបកស្រាយហើយថា យើងគ្រាន់តែកែប្រែដំណាក់កាលជួលពលករខ្មែរ និងឡាវបែបស្របច្បាប់ ដែលចូលមកធ្វើការតាមរយៈអនុស្សរណៈប៉ុណ្ណោះ ដើម្បីឲ្យម្ចាស់សហគ្រាស ឬថៅកែ អាចដាក់សំណើតម្រូវការពលករបរទេសទៅកាន់មន្ទីរស្វែងរកការងារខេត្ត ឬមន្ទីស្វែងរកការងារទីក្រុងបាងកក តំបន់1-10 ដោយមិនចាំបាច់មកកាន់ទីស្នាក់ការកណ្តាល (អគ្គនាយកដ្ឋានស្វែងរកការងារ) ដើម្បីភាពងាយស្រួល និងឆាប់រហ័ស។ ប៉ុន្តែសម្រាប់ពលករពីប្រទេសមីយ៉ាន់ម៉ា តម្រូវឲ្យទាក់ទងតាមរយៈទីស្នាក់ការកណ្តាល (អគ្គនាយកដ្ឋានស្វែងរកការងារ) ដដែល។

អគ្គនាយក នៃអគ្គនាយកដ្ឋានសារព័ត៌មាន និងអ្នកនាំពាក្យ បានបន្ថែមអំពីរឿងផលប្រយោជន៍បន្ថែមផ្សេងៗ របស់ពលករបរទេសនៅក្នុងប្រទេសថៃថា ថៃថែមទាំងបានព្យាយាមអនុវត្តន៍វិធានការថែទាំពលករបរទេស ដោយមិនមានការរើសអើងផងដែរ នាពេលកន្លងមក។ ពលករបរទេសអាចប្រើប្រាស់សេវាកម្មសុខភាព នៅក្នុងប្រទេសថៃបាន ជាពិសេសពលករបរទេសស្របច្បាប់ នឹងមានសិទ្ធប្រើប្រាស់សេវាកម្មបេឡាសន្តិសុខសង្គម និងបេឡាសុខភាពថែមទៀតផង។

លើសពីនេះទៅទៀត ថៃថែមទាំងបានជួយសង្គ្រោះពលករបរទេស និងការពារពួកគេកុំឲ្យក្លាយជាជនរងគ្រោះ ដោយសារអំពើជួញដូរមនុស្ស ឬការបង្ខិតបង្ខំធ្វើពលកម្ម ឬការប្រើប្រាស់ពលកម្មកុមារទៀតផងដែរ តាមរយៈការបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មជួយសង្គ្រោះពលករបរទេស នៅតាមបណ្តាខេត្តផ្សេងៗ ព្រមទាំងមានការចុះធ្វើអធិការកិច្ចជាប្រចាំ។ លើសពីនេះទៅទៀត ក៏មានការធ្វើវសោធនកម្មច្បាប់ការពារពលករ ខាងវិស័យនេសាទ តាមសមុទ្រ ឆ្នាំ២០២២ ឲ្យស្របតាមស្តង់ដារអន្តរជាតិមួយកម្រិតទៀតផងដែរ។

សូម្បីតែក្នុងដំណាក់កាល នៃការរាតត្បាល នៃជំងឺកូវីដ១៩ កន្លងមក ថៃក៏បានជួយលើកទឹកចិត្តពលករបរទេស ឲ្យទទួលយកថ្នាំបង្ការ និងការត្រួតពិនិត្យប្រកបដោយសមភាពជាមួយជនជាតិថៃផងដែរ។

តាមរបាយការណ៍របស់ក្រសួងការងាររបស់ថៃ បានបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ មានពលករបរទេសនៅក្នុងប្រទេសថៃ ចំនួន២,៧៤៣,៦៧៣នាក់ ស្មើនឹង៦.៩២% នៃចំនួនពលករសរុបនៅក្នុងប្រទេសថៃ។ ពួកគេដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ ជាពិសេសខាងវិស័យសំណង់ កសិកម្ម និងបសុសត្វ រួមទាំងអាជីវកម្មផ្តល់សេវាកម្មផ្សេងទៀតផងដែរ។

លោកស្រីអគ្គនាយកបានបញ្ជាក់ថា ថៃផ្តល់ការយកចិត្តទុកដាក់ទៅលើពលករបរទេស នៅក្នុងប្រទេសថៃ ជាពិសេសពលករដែលមកពីប្រទេសភូមិផងរបងជាមួយ ព្រោះពួកគេជាកម្លាំងចលករសំខាន់ ក្នុងការរួមចំណែកជំរុញ សេដ្ឋកិច្ចថៃ ជារៀងរហូតមក ដោយកន្លងមក ថៃតែងតែបានផ្តោតទៅលើការអភិវឌ្ឍស្តង់ដារ និងបទបញ្ញត្តិស្វែងរកការងារដើម្បីជួយសម្រួលភាពងាយស្រួលដល់ម្ចាស់សហគ្រាស ឬថៅកែរួមទាំងពលករជាបន្តបន្ទាប់ផងដែរ៕ FN

អត្ថបទទាក់ទង