កម្ពុជា នឹងបន្តនីតិវិធីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)

កិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែន យុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) មានគោលបំណងបាធានា ដល់ការអភិរក្ស និងការប្រើប្រាស់ប្រកបដោយចីរភាពនូវជីវៈចម្រុះសមុទ្រនៅក្រៅដែនយុត្ថាធិការជាតិសម្រាប់ពេលបច្ចុប្បន្ននិងអនាគត។ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង BBNJ នៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ហើយកម្ពុជានឹងបន្តនីតិវិធីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ឱ្យបានមុនសម័យប្រជុំមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៨០ នៅខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះដែរ បានឱ្យដឹងថា ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងខាងលើនេះ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន៖
ទី១. ការលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិតាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការស្មើមុខស្មើមាត់ក្នុងការចូលរួមគ្រប់គ្រង អភិរក្សធនធាន សមុទ្រនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅផែនយុត្តាធិការជាតិ សម្រាប់បច្ចុប្បន្ននិងអនាគត
ទី២. ការបែងចែកផលប្រយោជន៍ពីធនធានពន្ធុសមុទ្រនិងព័ត៌មានឌីជីថលតំណលំដាប់ពិន្ទុ ដែលបានរកឃើញ និងមាននៅក្នុងតំបន់ក្រៅដែនយុត្តាធិការជាតិសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រនិងអត្ថប្រយោជន៍សេដ្ឋកិច្ច
ទី៣. ការការពារនិងការអភិរក្សបរិស្ថានសមុទ្រក្នុងក្របខ័ណ្ឌនៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ
ទី៤. កិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលក្នុងការគ្រប់គ្រងតំបន់ក្រៅដែនយុត្តាធិការជាតិ រួមទាំងតំបន់ការពារធម្មជាតិសមុទ្រដោយមានភាគីពាក់ព័ន្ធនានាចូលរួមរួមទាំងក្រុមអន្តរវិស័យថ្នាក់ជាតិ ថ្នាក់តំបន់ និងសកល
ទី៥. ការកសាងនិងពង្រឹងសមត្ថភាព ដើម្បីរៀបចំ អនុវត្ត និងវាយតម្លៃហេតុប៉ះពាល់បរិស្ថានស្របតាមមាត្រា៨១២ នៃក្រមបរិស្ថាននិងធនធានធម្មជាតិស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្លងដែននិងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ
ទី៦. កិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេសនិងការផ្ទេរបច្ចេកវិទ្យាក្នុងការការពារ និងអភិរក្សបរិស្ថានសមុទ្រ
ទី៧. ធនធានថវិកាពីមូលនិធិពិសេសដែលមានប្រភពមកពីប្រទេសអភិវឌ្ឍន៍ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍និងរដ្ឋដែនកោះតូចៗសម្រាប់ការគ្រប់គ្រងនិងអភិរក្សធនធានសមុទ្រ៕