Grand News Asia Close

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជាយើងនៅមានសន្លឹកបៀនៅក្នុងដៃ ដើម្បីបន្តការចរចាបន្ថយអត្រាពន្ធបដិការបន្ថែមទៀត

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានជាតិ 1087
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជាយើងនៅមានសន្លឹកបៀនៅក្នុងដៃ ដើម្បីបន្តការចរចាបន្ថយអត្រាពន្ធបដិការបន្ថែមទៀត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជាយើងនៅមានសន្លឹកបៀនៅក្នុងដៃ ដើម្បីបន្តការចរចាបន្ថយអត្រាពន្ធបដិការបន្ថែមទៀត
AKP | ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥–“កម្ពុជាយើងនៅមានសន្លឹកបៀនៅក្នុងដៃជាច្រើនទៀត ដើម្បីបន្តការចរចាពន្ធបដិការជាមួយនឹងសហរដ្ឋអាម៉េរិក ហើយយើងសង្ឃឹមថាអត្រា ៣៦ភាគរយក្រោយនេះនឹងអាចចុះបន្ថែមទៀត”។ នេះជាការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “អត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក” នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
 
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា យើងមានឱកាសនឹងបន្តការចរចាជាមួយសហរដ្ឋអាម៉េរិក គិតចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី០១ ខែសីហា ដោយសារតែសន្លឹកបៀនេះសំខាន់ ដូច្នេះឯកឧត្តមមិនអាចប្រាប់ថាជាអ្វីនោះទេ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានណែនាំឱ្យថែរក្សាសន្លឹកបៀមួយចំនួន ដើម្បីបើកការចរចាជាមួយនឹងសហរដ្ឋអាម៉េរិក។
 
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ថែមផងដែរថា បន្ទាប់ពីទទួលបានការជូនដំណឹងជាផ្លូវការពីរដ្ឋបាលសហរដ្ឋអាម៉េរិក តាមរយៈលិខិតរបស់ឯកឧត្តមប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ផ្ញើជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១២ថ្ងៃត្រង់ (ម៉ោងនៅសហរដ្ឋអាម៉េរិក) ហើយតាមរយៈការជូនដំណឹងជាផ្លូវការនេះ អត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក បានធ្លាក់ចុះពី ៤៩% មកនៅត្រឹម ៣៦% ពោលគឺបានថយចុះចំនួន ១៣% (គិតជាភាគរយ ថយចុះប្រមាណ ២៦,៥% បើធៀបនឹងអត្រាពន្ធដែលបានដាក់ចេញកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥) ដែលធ្វើឱ្យកម្ពុជា គឺជាប្រទេសស្ថិតនៅលើកំពូលតារាង ដែលទទួលបានការបន្ថយអត្រាពន្ធខ្ពស់ជាងគេ ក្នុងចំណោមប្រទេសទាំង១៤ ដែលរដ្ឋបាលសហរដ្ឋអាម៉េរិកបានផ្ញើលិខិតស្រដៀងគ្នានេះទៅកាន់ថ្នាក់ដឹកនាំប្រទេសនីមួយៗ។ ការបញ្ចុះអត្រាពន្ធនេះ គឺជាលទ្ធផលវិជ្ជមានដែលកើតចេញពីការចរចាដោយស្មោះត្រង់ និងសុចរិតភាព របស់កម្ពុជា ជាមួយនឹងភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (United States Trade Representative – USTR)។
ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តចរចាជាមួយភាគីសហរដ្ឋអាម៉េរិក ដើម្បីបញ្ចុះអត្រាពន្ធគយបដិការនេះបន្ថែមទៀត ដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា បានទំនាក់ទំនងទៅភាគីសហរដ្ឋអាម៉េរិករួចហើយដើម្បីបើកការចរចាបន្ថែមទៀត ដោយបានត្រៀមខ្លួនទាំងការធ្វើដំណើរទៅចរចានៅសហរដ្ឋអាម៉េរិកដោយផ្ទាល់ និងចរចាតាមអនឡាញផងដែរ។
 
បន្ថែមពីលើនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់និយោជក និងនិយោជិតទាំងអស់ សូមជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលនយោបាយគាំពារដល់វិនិយោគិនទាំងអស់ និងការប្តេជ្ញាការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រជាជាតិកម្ពុជាទាំងមូល។ ហើយកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ដែលមានលោកជំទាវ ចម និម្មល ជារដ្ឋមន្ត្រី បាននិងកំពុងចរចាដើម្បីបើកទីផ្សារសេរីជាមួយប្រទេសជាច្រើនទៀត ដែលនឹងហុចផលដល់វិនិយោគិនទាំងអស់នៅកម្ពុជា៕
 
ដោយ ផែន រតនៈ

អត្ថបទទាក់ទង