តើការដកសញ្ជាតិពលរដ្ឋពីបទប្រឆាំងនឹងផលប្រយោជន៍ជាតិ មានតែនៅកម្ពុជា ឬយ៉ាងណា?
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅក្រុមប្រឆាំងជ្រុលនិយមថា បើអ្នកពិតជាស្នេហាជាតិប្រាកដមែន សូមកុំភិតភ័យនឹងការដែលរាជរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរពីជនទាំងឡាយណាដែលគប់គិតជាមួយបរទេសប្រឆាំងនឹងផលប្រយោជន៍ជាតិខ្មែរ។
នៅក្នុងឱកាស «អញ្ជើញបើកការដ្ឋានសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ» នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅលើពិភពលោកនេះ ក្នុងចំណោម ១៩៥ ប្រទេសនៅក្នុងអង្គការសហប្រជាតិ មាន ១៥០ ប្រទេសហើយដែលគេមានច្បាប់ដកសញ្ជាតិនេះ។ សម្ដេចធិបតីបានគូសរំលេចថា សហរដ្ឋអាមេរិកក៏មានច្បាប់នេះដែរ ហើយក្នុងចំណោម ១៥០ ប្រទេស មាន ១៣៤ ប្រទេសដែលមានច្បាប់ដកសញ្ជាតិពីបទក្បត់ជាតិ ពោលគឺមិនមែនមានតែកម្ពុជាមួយនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា អ្នកដែលមិនគប់គិតជាមួយបរទេសដើម្បីបំផ្លាញផលប្រយោជន៍ជាតិធ្ងន់ធ្ងរ សូមកុំទៅព្រួយបារម្ភអ្វី។ ហើយអ្នកដែលស្នេហាជាតិពិប្រាកដ ស្រលាញ់ជាតិខ្មែរពិតប្រាកដ ទោះក្នុងដំណាក់កាលណាក៏ដោយ ទោះនៅបក្សណា ឬនិន្នាការណាក៏ដោយ ឲ្យតែមិនទៅគប់គិតជាមួយបរទេសដើម្បីបំផ្លាញជាតិខ្លួនឯងនោះ គឺមិនត្រូវបានប្ដឹងដកសញ្ជាតិឡើយ៕