តើការទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនបង្កើតថាមពលអគ្គិសនីនៅកម្ពុជា នាំប្រយោជន៍អ្វីខ្លះដល់ជាតិ?
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា ការទាក់ទាញវិនិយោគិនចិនមកបង្កើតថាមពលអគ្គិសនីនៅកម្ពុជា របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បានបង្ហាញពីចក្ខុវិស័យជាក់ស្ដែងរបស់សម្ដេចតេជោ ដែលខិតខំធ្វើគ្រប់វិធីសាស្រ្ដ រួមទាំងការទាក់ទាញវិនិយោគពីបរទេសដើម្បីឱ្យកម្ពុជាខ្លាំង ម្ចាស់ការដោយខ្លួនឯង នៅពេលដែលមានការចាំបាច់។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ «មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា» នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «មានយុវជនម្នាក់បានលើកឡើងហួសចិត្ដថា កន្លងមកមានការចោទប្រកាន់សម្ដេចតេជោ ថា ក្បត់ជាតិ យកតែចិនមកវិនិយោគ, ឱ្យចិនធ្វើវារីអគ្គិសនីទៅចិនអស់ហើយ ប៉ុន្ដែក្រោយពេលដែលយើងផ្ដាច់ភ្លើងពីប្រទេសថៃ យើងមានភ្លើងប្រើប្រាស់គ្រប់គ្រាន់នៅក្នុងប្រទេស»។
ក្នុងរឿងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ការណ៍នេះជាអ្វីដែលសម្ដេចតេជោខិតខំធ្វើរាប់សិបឆ្នាំ ដើម្បីកម្ពុជាអាចមានភាពម្ចាស់ការនៅក្នុងប្រទេសរបស់យើង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទោះបីជាវិនិយោគិនចិនជាច្រើនមកបណ្ដាក់ទុនបង្កើតវារីអគ្គិសនីនៅកម្ពុជាក៏ដោយ ក៏ចិនមិនបានយកភ្លើងនេះប្រើដាច់ដោយឡែក ឬផ្ដាច់មុខទៅចិនដែរ ពោលគឺប្រើសម្រាប់ធានានៅកម្ពុជាតែម្ដង។ អ៊ីចឹងការទាក់ទាញវិនិយោគិនមិនថា ចិន ជប៉ុន ឬប្រទេសផ្សេងទៀតនោះទេ ពេលខ្លះយើងត្រូវខ្ចីនៅឥណទានរបស់ប្រទេសមួយចំនួន ដើម្បីមកធ្វើវារីអគ្គិសនីនៅកម្ពុជា។
សម្ដេចធិបតី បន្ថែមថា ការធានាបាននូវអគ្គិសនី អ៊ីនធើណេតទូទាំងប្រទេស ដោយមិនពឹងផ្អែកពីប្រទេសថៃនាពេលនេះ បានសរបញ្ជាក់ពីចក្ខុវិស័យជាក់ស្ដែងរបស់សម្ដេចតេជោ ខិតខំធ្វើគ្រប់វិធីសាស្រ្ដ រួមទាំងការទាក់ទាញវិនិយោគពីបរទេសដើម្បីឱ្យកម្ពុជាខ្លាំង ម្ចាស់ការដោយខ្លួនឯង នៅពេលដែលមានការចាំបាច់ដូចពេលនេះ៕