កម្ពុជា ប្រកាសរក្សាជំហ មិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចដែលបានប៉ះទង្គិចគ្នា
ភាគីកម្ពុជា បានប្រកាសរក្សាជំហរ មិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅចំណុចដែលបានប៉ះ ទង្គិចគ្នា ព្រោះទីតាំងនោះ ភាគីកម្ពុជា បានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា-ថៃ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អគ្គបញ្ជាការដ្ឋាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។
នៅក្នុងសចក្តីថ្លែងការណ៍ដដែលនោះ បានឱ្យដឹងថា ភាគីទាំងពីរបន្តដោះស្រាយស្ថានការណ៍តាម គ្រប់យន្តការដែលមានស្រាប់ដូចជា គណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) និងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា-ថៃដើម្បីឱ្យព្រំដែនប្រទេសយើងទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ភាគីទាំងពីរ បន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និងដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល២ឬ៣សប្តាហ៍ខាងមុខដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ហើយភាគីកម្ពុជា ស្នើឱ្យមានការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមកធ្វើ យ៉ាងណាកុំឱ្យមានអរិភាពដូចព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
ពាក់ព័ន្ធបញ្ហាការប៉ះទង្គិចនេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានអំពាវនាវឱ្យ ភាគីទាំងពីរស្វែងរកដំណោះស្រាយតាមរយៈការចរចា ព្រោះការប៉ះទង្គិចប្រដាប់អាវុធមិនបានផ្តល់ ផលចំណេញអ្វីនោះឡើយសម្រាប់កម្ពុជានិងថៃ ប៉ុន្តែកម្ពុជា ក៏មានសិទ្ធិការពារខ្លួន បើសិនជាមាន ការរំលោភបំពានណាមួយកើតឡើង៕