សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការផ្ទុះការតវ៉ារបស់ពលរដ្ឋប្រឆាំងនឹងសមត្ថកិច្ច គឺជាព័ត៌មានចាស់
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការផ្ទុះការតវ៉ារបស់ពលរដ្ឋប្រឆាំងនឹងសមត្ថកិច្ច ដែលត្រូវបានចែករំលែកនៅក្នុងបណ្ដាញសង្គមនាពេលថ្មីៗនេះ គឺជាព័ត៌មានចាស់ដែលបានកើតឡើងតាំងពីឆ្នាំ 2020 មកម្ល៉េះ ហើយដែលបញ្ហានេះ ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរហើយ។
នៅក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥ នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានក្លែងថា ការផ្សព្វផ្សាយឡើងវិញពីរឿងប្រជាពលរដ្ឋប្រឆាំងសមត្ថកិច្ច គឺបានបង្កឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ គិតខុស និងទម្លាក់កំហុសទៅលើអាជ្ញាធរមានសមត្ថកិច្ច ហើយការផ្សាយបែបនោះគឺបង្កប់ទៅដោយគំនិតមួយក្នុងគោលបំណងកេងចំណេញនយោបាយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់កុំយកអាជីពអ្នកកាសែតទៅចុះផ្សាយនិយាយអាក្រក់ពីអ្នកដទៃ ដើម្បីតែផលប្រយោជន៍ខ្លួនឯងឲ្យសោះ ដោយត្រូវប្រកាន់ខ្ជាប់នូវសុក្រិត្យភាព និងក្រមសីលធម៌របស់អ្នកសារព័ត៌មាន៕