ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងតំណាងសមាគមឧកញ៉ាកម្ពុជា ចុះជួបសំណេះសំណាល និងចែកអំណោយសប្បុរិធម៌ឆ្នាំ២០២៥ ជូនដល់សិស្សានុសិស្ស

ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងឯកឧត្តម សេង សាវន អនុប្រធាន ព្រមទាំងឯកឧត្តម ជា លីសែ ឯកឧត្តម ទេពកេន វណ្ណកន អនុប្រធានក្រុមការងារ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៥ បានចុះជួបសំណេះសំណាល និងចែកអំណោយសប្បុរិសធម៌ឆ្នាំ២០២៥របស់សមាគមឧកញ៉ាកម្ពុជា ជូនដល់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាចំនួន២កន្លែងក្នុងស្រុកកំពង់ ស្វាយ នៃខេត្តកំពង់ធំ។
ក្នុងកម្មវិធីសំណេះសំណាលនិងចែកអំណោយសប្បុរិសធម៌នាឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ញឹក បានខេង អភិបាលរង តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងវត្តមានដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា ហ៊ុន ឡាក់ និងលោកឧកញ៉ា ព្រមទាំងអ្នកឧកញ៉ាមួយចំនួនទៀត តំណាងឱ្យលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ ថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរ ការិល័យអប់រំ រដ្ឋបាលស្រុក ឃុំ លោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សចូលរួមទាំងពីរកន្លែង សរុបជាង៣០០នាក់។
ការចុះចែកអំណោយសប្បុរិសធម៌ឆ្នាំ២០២៥របស់សមាគមឧកញ៉ាកម្ពុជាក្នុងទឹកដីខេត្តកំពង់ធំ ដែលមានថវិកាសរុបជាង១លានដុល្លារ ចំណាយលើការសាងសង់សាលារៀន និងឧបត្ថម្ភដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ធ្វើឡើងក្រោមប្រធានបទ « ទាំងអស់គ្នាដើម្បីអប់រំ »។ ក្នុងរយៈពេល២ថ្ងៃ តំណាងសមាគមឧកញ៉ាកម្ពុជា បានចុះទៅតាមសាលាបឋមសិក្សាជាច្រើនកន្លែងនៅក្នុងខេត្តកំពង់ធំ ក្នុងនោះ គ្រាន់តែនៅស្រុកកំពង់ស្វាយ មានសាលាបឋមសិក្សាចំនួន២កន្លែង គឺបឋមសិក្សាអូរសំបួរ ស្ថិតនៅក្នុងឃុំក្តីដូង និងបឋមសិក្សាត្រពាំងអារក្ស ស្ថិតនៅឃុំជ័យ ដែលសាលាបឋមសិក្សាអូរសំបួរ ត្រូវបានប្រគល់នូវអំណោយឧបត្ថម្ភពីសមាគមឧកញ៉ាកម្ពុជា រួមមាន ៖ ការសាងសង់សាលាបឋមសិក្សា១ខ្នង ៥បន្ទប់ ជាថ្មីឡើងវិញ សាងសង់ខ្លោងទ្វា១ និងឧបត្តម្ភម៉ូ១គ្រឿង កង់១៣៨គ្រឿង ឯកសណ្ឋានសិស្ស សំលៀកបំពាក់ កាតាប សម្ភារៈសិក្សា និងថវិកាក្នុងម្នាក់ៗពី៤ម៉ឺនរៀល ទៅ៦ម៉ឺនរៀល។ ចំណែកឯ នៅសាលាបឋមសិក្សាត្រពាំងអារក្ស ក្រុមការងារររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងតំណាងសមាគមឧកញ៉ាកម្ពុជា បានប្រគល់អំណោយ ម៉ូតូចំនួន៦គ្រឿង ជូនលោកគ្រូអ្នកគ្រូ និងកញ្ចប់ឃីត ជាសំលៀកបំពាក់ និងសម្ភារៈសិក្សាចំនួន២៦១សម្រាប់ និងថវិកាជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សដូចនៅតាមបណ្តាសាលាផ្សេងៗទៀតក្នុងខេត្តកំពង់ធំផងដែរ។
ឯកឧត្តម ទិត សុធា និងឯកឧត្តម សេង សាវន ប្រធាននិងអនុប្រធានក្រុមការងារររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ តំណាងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួកបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងនូវអំណរអរគុណដ៏ជ្រាលជ្រៅដល់សមាគមឧកញ៉ាកម្ពុជាចំពោះការផ្តល់ជូននូវអំណោយសប្បុរិធម៌ទាំងនេះ និងបានចាត់ទុកថា ជាសកម្មភាពនៃការចូលរួមជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការជួយសម្រាលដល់ជីវភាពរស់នៅរបស់ប្រជាជននៅតាមទីជនបទ សម្រួលដល់មធ្យោបាយធ្វើដំណើរទៅសាលារៀនរបស់ក្មួយៗសិក្សានុសិស្សដែលកំពុងខ្វះខាត ក៏ដូចជាលោកគ្រូអ្នកគ្រូដែលបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតីសព្វបែបយ៉ាងក្នុងការជួយអប់រំ និងការបង្រៀនដល់សិស្សគ្រប់រូប។
ជាការផ្តាំផ្ញើនាឱកាសនោះ ថ្នាក់ដឹកនាំទាំងពីររូប នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានក្រើនរំលឹកដល់ក្មួយៗ ចៅៗ ឱ្យខិតខំរៀនសូត្រឱ្យបានក្លាយសិស្សពូកែ ជាកូនល្អ សិស្សល្អ និងត្រូវជួយធ្វើកិច្ចការងារក្នុងក្រុមគ្រួសារ សម្រាលការលំបាកជាមួយឪពុកម្តាយ អាណាព្យាបាល ហើយត្រូវខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព និងការក្រេមយកចំណេះវិជ្ជាឱ្យពិតប្រាកដ និងក៏ត្រូវមានការចូលរួមដ៏ល្អពី កត្តាសាលារៀន គ្រូបង្រៀន មាតាបិតា ដៃគូសហការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការគិតគូរបស់រាជរដ្ឋាភិបាលផងដែរ ដើម្បីប្រែក្លាយអនាគតឱ្យក្មួយៗ និងចៅៗ បានប្រសើររុងរឿង និងក្លាយជាធនធានមនុស្សសម្រាប់ការកសាងអភិវឌ្ឍសង្កមជាតិ និងគ្រួសារឱ្យកាន់តែរីកចម្រើនថែមទៀត៕