សម្តេចធិបតី ហ៊ុន ម៉ាណែត ពន្យល់បកស្រាយអំពីការជំរុញឱ្យរាជរដ្ឋាភិបាលប្តឹងទៅតុលាការអន្តរជាតិរឿងព្រំដែនជាមួយប្រទេសជិតខាង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មានបុគ្គលមួយចំនួននៅក្រៅប្រទេស តែងតែជំរុញឱ្យរាជរដ្ឋាភិបាល ប្តឹងទៅអន្តរជាតិរឿងព្រំដែន ទឹកជាមួយប្រទេសជិតខាង ដែលការលើកឡើងបែបនេះ គឺជារឿងមិនត្រឹមត្រូវនោះឡើយ ដោយសារបញ្ហានេះ កំពុងស្ថិតនៅក្នុងដំណាក់កាលចរចានៅឡើយ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី បានថ្លែងថា បញ្ហាកោះគុត ក៏កំពុងស្ថិតនៅក្នុងដំណាក់កាលចរចា មិនទាន់ឯកភាពនៅឡើយទេ ហើយការអះអាងរបស់ភាគីណាមួយ មិនទាន់អាចយកជាការបាននោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដោះស្រាយតាមរយៈការចរចាដោយសន្តិវិធី ទើបផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ និងផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋទាំងអស់ ហើយរាជរដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាព្រំដែនដោយការទទួលខុស ត្រូវខ្ពស់បំផុត៕