តើសម្ដេចតេជោ ហ៊ុន សែន លើកឡើងពីអ្វីខ្លះពីការព្យាយាមបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាពីសំណាក់ក្រុមប្រឆាំង រឿង«ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥»?

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានលើកឡើងថា ក្រោយពេលដែលព្រះករុណាព្រះបាទ សម្ដេចព្រះមរនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានផ្ដល់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្រុមប្រឆាំងបានចូលទៅខមិនសួរថា ហេតុអ្វីបានជាបាត់សម្ដេចក្រឡាហោម ស ខេង។
សម្រាប់សំណួរបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជននេះ សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយពន្យល់ថា សម្ដេចក្រឡាហោម ស ខេង លោកជា ស៊ីវិល លោកមិនចង់ពាក់សក្ដិដូចជាទាហាននោះទេ។
ថ្លែងនៅក្នុងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្ដថា សម្ដេចក្រឡាហោម ស ខេង ធ្លាប់លើកឡើងថា ប្រសិនបើលោកពាក់សក្ដិ គឺពាក់ត្រឹមសក្ដិ៥ប៉ុណ្ណោះ មិនពាក់សក្ដិធំជាងនេះនោះទេ។
ស្ថិតនៅក្នុងស្ថានភាពនេះ សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកដែលសួរសំណួរនេះ «សូមកុំមកបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជន។ អ្នកត្រូវចាំថា អ្នកឯងកាន់តែមកបំបែកបំបាក់ផ្ទៃក្នុងខ្ញុំ អ្នកកាន់តែបែកបក្សខ្លួនឯង។ សូមកុំបំបែកគណបក្សប្រជាជនឱ្យសោះ!»
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កន្លងមកអ្នកដែលមានបំណងបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា គឺបានបែកបាក់ផ្ទៃក្នុងខ្លួនឯងអស់ហើយ។ ហើយសម្ដេចតេជោ ក៏នៅតែបន្ដធ្វើកិច្ចការងារនេះដោយមិនទុកឱ្យក្រុមទាំងនោះរួចខ្លួននោះទេ៕