តើមានវិធានគន្លឺះអ្វីខ្លះ ក្នុងការធានា និងលើកកម្ពស់សុខុមាលភាពប្រជាជន?
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន តាមរយៈការពង្រឹងសមត្ថភាពផ្តល់សេវាសុខដុមរមនាដល់មូលដ្ឋាន គឺត្រូវមានវិធានគន្លឺះសំខាន់ៗ ចំនួន៥ រួមមាន៖ វិស័យអាទិភាព ទី១. រដ្ឋបាលសាធារណៈ ទី២. វិស័យអប់រំយុវជន និងកីឡា ទី៣. វិស័យសុខាភិបាល ទី៤. ការរក្សាយន្តការពង្រឹងដោះស្រាយ ថែរក្សាសុខសុវត្ថិភាព ភូមិ/ឃុំ/សង្កាត់ ជាពិសេសផ្តោតលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទី៥. ការអនុវត្តចូលរួមពង្រឹងប្រព័ន្ធយុត្តិធម៌ តាមរយៈការរៀបចំនូវប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
សម្តេចធិបតី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ ដែលប្រារព្ធនៅព្រីមៀរ សែន សុខ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា វិធានគន្លឺះ ទី៤ និងទី៥ គឺមានក្រសួងមហាផ្ទៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបន្ទុកដឹកនាំ ចំណែកវិធានគន្លឹះទី៥ គឺក្រសួងយុត្តិធម៌ជាអ្នកទទួលបន្ទុកកិច្ចការងារនេះ។ ប៉ុន្តែដោយឡែកវិធានគន្លឹះទី៣ ដំបូងគឺនាយករដ្ឋមន្ត្រីដឹកនាំដោយផ្ទាល់ តាមរយៈការបង្កើតគណៈកម្មាធិការជាតិ ព្រោះកំណែទម្រង់មុខងារសាធារណៈគឺជាការងារធំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តឲ្យដឹងថា កំណែទម្រង់វិស័យអប់រំក៏ជាការងារធំ និងវិស័យសុខាភិបាលក៏ជាការងារធំ ប៉ុន្តែនៅក្នុងនោះគឺឱ្យអនុគណៈកម្មាធិការដែលបង្កើតនេះ ផ្តោតតែទៅលើកិច្ចការសំខាន់ៗ មួយចំនួនតែប៉ុណ្ណោះ ជាពិសេស គឺថ្នាក់មូលដ្ឋាន។ ជាក់ស្តែងការពង្រឹងមុខងារសាធារណៈ រដ្ឋបាលសាធារណៈមានច្រើន ប៉ុន្តែជ្រើសរើសតែ ៣ចំណុច ជាភារៈកិច្ចសំខាន់រួមមាន ៖ ទី១ ការជ្រើសរើសមន្ត្រីថ្មី ទី២ ការវិភាគមុខងារ និងទី៣ ការរៀបជាប្រព័ន្ធលើកទឹកចិត្ត៕