ហេតុអ្វីបានជាការពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈ មានសារៈសំខាន់?
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា បានរួមចំណែកសំខាន់ក្នុងការរក្សាបាននូវសុខសន្ដិភាពរបស់កម្ពុជា រួមជាមួយនឹងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ ដែលប្រារព្ធនៅព្រីមៀរ សែន សុខ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ប្តេជ្ញាបន្តជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងបន្តកែទម្រង់ស្ថាប័នសាធារណៈ ដែលបម្រើដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សុខសន្តិភាពនិងការអភិវឌ្ឍ គឺជាមរតកដ៏ថ្លៃថ្លារបស់បុព្វបុរស ដែលចាំបាច់យើងត្រូវបន្តចូលរួមថែរក្សានិងការពារដើម្បីជាផលប្រយោជន៍ដល់សង្គមជាតិនិងប្រជាជន៕