កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រួចចំណែកដ៏សំខាន់ជួយកម្ពុជាកាត់បន្ថយបាននូវភាពក្រីក្រ និងជំរុញការអភិវឌ្ឍន៍កាន់តែប្រសើរ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លង តាមរយៈការកែទម្រង់ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលសមិទ្ធផលទាំងនោះ ពិតជាបានកើតឡើងដោយសារម្លប់សុខសន្តិភាព និងឆន្ទៈនយោបាយដ៏មោះមុតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងទស្សនៈវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន និងក្នុងការអនុវត្តរបស់សម្តេចក្រឡាហោម ស ខេង។
នៅក្នុងពិធីបើកវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្ដីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអនុវត្តការកែទម្រង់ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានជំរុញឱ្យការរៀបចំប្រព័ន្ធអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យមានភាពធន់ សមត្ថភាព តម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវក្នុងការផ្តល់សេវាសាធារណៈនូវការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដោយបានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាត និងគម្រោងផ្តល់សេវាសង្គម ដែលមានចំនួនរាប់ពាន់គម្រោងក្នុងមួយឆ្នាំៗ ដើម្បីដោះស្រាយបញ្ហាប្រឈមនិងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋប្រកបដោយភាពម្ចាស់ការ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការអនុវត្តការកែទម្រង់ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើង ព្រមទាំងចូលរួមកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងទីក្រុងនិងជនបទផងដែរ៕